កំពង់ចាម: ជាមួយ​ឈើ​ដោត​ជា​ចន្ទល់ ទីងមោង​ពាក់អាវ​ផ្កា ក្បាល​ពាក់​ឆ្នាំង​ការពារ​ត្រូវ​បាន​ដាក់ឱ្យ​ឈរ​យាម​មុខផ្ទះ​ប្រជាពលរដ្ឋ​នៅតាម​ទីជនបទ​។

ក្នុង​សម័យ​កូរ៉ូណា អ្នក​ភូមិ​ដែល​នៅ​បន្ត​ជំនឿ​ពី​បរមបុរាណ​បាន​ដំឡើង​ទីងមោង​ទាំងនេះ​ឡើង​ដោយ​ជឿថា ពួកវា​អាច​បណ្ដេញ​ជំងឺ​តម្កាត់​នានា​បាន​។

ទីងមោង រមែង​ត្រូវ​បាន​គេ​ដំឡើង​នៅតាម​ភូមិឋាន ដែល​រងគ្រោះ​ដោយ​ជំងឺ​រាតត្បាត ដូចជា គ្រុនឈាម ឬ​អាសន្នរោគ​ជាដើម​។

ទីងមោង​បញ្ឈរ​នៅតាម​របង​ផ្ទះ​ត្រូវ​បាន​តុបតែង​ស្លៀកពាក់​ឯកសណ្ឋាន​ខុសៗ​គ្នា​។ រូបថត AFP

អ្នកស្រី សុខ ចាន់នី ជា​ប្រជាកសិករ​អាយុ ៤៥ ​ឆ្នាំ​បាន​និយាយថា​៖ «​លើក​នេះ ខ្ញុំ​ធ្វើ​ទីងមោង​ដើម្បី​ការពារ​ជំងឺ​កូវីដ​ពី​ការគំរាមកំហែង​ដល់​ក្រុមគ្រួសារ​របស់ខ្ញុំ​»​។

អ្នកស្រី​បាន​ដំឡើង​ទីងមោង​ចំនួន​ ២ ​នៅមុខ​ផ្ទះ​ឈើ​របស់​ខ្លួន​ក្នុង​ខេត្ដ​កំពង់ចាម​ចម្ងាយ​ប្រមាណ​ ១១០ ​គីឡូម៉ែត្រ​ភាគឦសាន​នៃ​រាជធានី​ភ្នំពេញ​។

ទីងមោង​មួយទៀត​គ្រងឈុត​ប៉ារ៉ា និង​ដៃ​កាន់​ឈើ​តំណាង​ឱ្យ​កាំភ្លើង​ពាក់ឆៀង​លើ​ដើមទ្រូង​។

អ្នកស្រី​បាន​ប្រាប់​ទីភ្នាក់ងារ AFP ថា​៖ «​វា​ជា​ទំនៀមទម្លាប់​អបិយ​ជំនឿ​របស់​យើង​ពី​បរមបុរាណ ដែល​ធ្វើ​ទីងមោង​នៅពេល​មាន​ជួប​គ្រោះ​ជំងឺឆ្លង ឬ​ដើម្បី​បណ្ដេញ​ខ្មោច​ព្រាយបិសាច​ជាដើម​»​។

អ្នកភូមិ​វ័យ​ចំណាស់​រៀបចំ​សម្លៀក​ពាក់ ដំឡើង​ទីងមោង​នៅមុខ​ផ្ទះ​របស់លោក​ក្បែរ​ថ្នល់​។ រូបថត AFP

រាជាណាចក្រ​ដែល​ប្រណិបតន៍​ព្រះពុទ្ធសាសនា​មាន​ជំនឿ​លើ​ដួងព្រលឹង អារុក្ខអារក្ស​អ្នកតា ផ្សារភ្ជាប់​នឹង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ និង​ក្បួនតម្រា​ដែល​ត្រូវបាន​គេ​ជឿថា វិញ្ញាណ​ស្ថិត​នៅ​នឹង​វត្ថុ​ផ្សេងៗ សត្វ និង​ទីកន្លែង​នានា​។

ទីងមោង ត្រូវ​បាន​ធ្វើឡើង​ក្នុង​បំណង​បណ្ដេញ​ខ្មោច​ព្រាយបិសាច​ដែល​អាចមក​ញាំញី​អ្នកភូមិ​តាមរយៈ​ជំងឺឆ្លង​។

នៅក្នុង​ភូមិ​ត្រពាំងស្លា​ជា​ទី​ដែល​អ្នកស្រី ចាន់នី រស់នៅ ទីងមោង ត្រូវបាន​ចងភ្ជាប់​នឹង​បង្គោលរបង​ស្ទើរតែ​គ្រប់​ផ្ទះ​ហើយ​ពលរដ្ឋ​បាន​ស្លៀកពាក់​តុបតែង​ឱ្យ​ទីងមោង​អ្នក​ការពារ​ក្នុង​សណ្ឋាន​ប្លែកៗ​ពីគ្នា​។

អ្នកការពារ​សុវត្ថិភាព​តាមផ្លូវ​ងងឹត​ខ្លះ​ត្រូវបាន​បំពាក់​ឯកសណ្ឋាន​យោធា ឬ​អាវ​ផ្កា ខណៈ​ខ្លះទៀត​ស្ពាយ​កាបូប ពាក់វ៉ែន​តាខ្មៅ​នៅលើ​ក្បាល​។

ទីងមោង ពាក់​ម៉ាស់​ការពារ​វីរុស​សម័យ​កូរ៉ូណា​។ រូបថត សំ រិទ្ធ

កសិករ តុន ភៀង បាន​ញាត់​ក្រណាត់​ចាស់ៗ​ចូលក្នុង​ដៃ​ទីងមោង ដែល​គ្រង​អាវ​ពណ៌​ផ្កាឈូក​ខ្ចី និង​ពាក់មួក​សុវត្ថិភាព​ផងដែរ​។

លោក ភៀង អាយុ ៥៥ ​ឆ្នាំ​បាន​និយាយថា​៖ «​នេះ​ជា​ទីងមោង​ទី ២ របស់​ខ្ញុំ ដោយសារ​អា​ទី​ ១ ​បាន​ខូច​ទៅ​»​។

លោក​បន្ថែមថា ទីងមោង​នេះ​ឈរ​ការពារ​សុវត្ថិភាព​ក្រុម​គ្រួសារ​លោក​ទាំង​កណ្ដាល​ថ្ងៃ និង​កណ្ដាល​ភ្លៀង​តាំងពី​ខែមេសា នៅពេល​ផ្ទុះ​ការរីករាលដាល​វីរុស​កូរ៉ូណា​ខ្លាំង​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។

លោក​បាន​ប្រាប់ AFP ថា​៖ «​យើង​ទទួលបាន​សេចក្ដី​សប្បាយរីករាយ​តាំងពី​ពេលនោះ​មក​។ ខ្ញុំ​នឹង​បន្ដ​ដាក់​ទីងមោង​ការពារ​ផ្ទះ​របស់ខ្ញុំ​រហូតដល់​កូវីដ​រលត់រលាយ​»​។

កម្ពុជា​បានទទួល​ជោគជ័យ​ចំពោះ​ការទប់ស្កាត់​ជំងឺ​កូវីដ ១៩ ដោយ​មាន​អ្នកជំងឺ​ឆ្លង​ត្រឹម ២៨៣ ​នាក់ និង​គ្មាន​អ្នកស្លាប់ ទោះ​អ្នកមាន​មន្ទិល​ខ្លះ​លើកឡើង​ថា អត្រា​ទាប​ព្រោះ​កង្វះ​ការធ្វើ​តេស្ដ​៕ HR