ក្រុង​ហូជីមិញ៖ ផ្សារ​បុរាណ​របស់​ប្រជាជន​កម្ពុជា​អាយុ​កាល ៥០ ឆ្នាំ ឬ​ហៅ​​ថា ផ្សារ​ឡេហុងផុង ស្ថិត​ក្នុង​ទីក្រុង​ហូជីមិញ បាន​ទាក់​ទាញ​ភ្ញៀវ​ជា​ច្រើន​រៀង​រាល់​ថ្ងៃ ​ដោយសារ​តែ​រសជាតិ​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់​។

ផ្សារ​ខ្មែរ​ក្នុង​ទឹក​ដី​វៀតណាម ស្ថិត​នៅ​កប់​ជ្រៅ​លើវិថី​តូចៗ​ឡេហុងផុង ៣៧៤/៥១ ក្នុង​ខណ្ឌ​ទី ១០។ អ្នក​ដំណើរ​អាច​រុក​រក​គ្រប់​ច្រក​ល្ហក​នៃ​ផ្សារ​ដោយ​ថ្មើរ​ជើង ឬ​ជិះ​កង់​ ម៉ូតូ​។ ចំណត​ទោចក្រ​យាន​នៅ​ក្បែរ​របង​ផ្សារ​។

តាំង​ពី​ទសវត្សរ៍​ឆ្នាំ ​១៩៨០ មាន​អាជីវករ​​លក់​ដូរ​តែ ១០ នាក់​ប៉ុណ្ណោះ​នៅ​ក្នុង​ផ្សារ​នេះ តែ​រហូត​ដល់​ឆ្នាំ​ ១៩៨៨ ចំនួន​អ្នក​លក់ដូរ​បាន​កើន​ឡើង​ជាង ៩០ ផ្ទះ​ ដោយ​ពួក​គេ​លក់​ផ្កា។ ចំនួន​អាជីវករ​បាន​បន្ដ​កើន​ឡើង​ដល់​ជាង ១០០ នាក់​នា​ពេល​នេះ​។

ផ្សារ​កម្ពុជា​មួយ​នេះ​បាន​ពង្រីក​ខ្លួន​លាយ​ឡំ​ជាមួយ​អាជីវករ​វៀតណាម​ តែ​ប្រពៃណី​បែប​ខ្មែរ​ពិតៗ​នៅ​តែ​ត្រូវ​បាន​​អភិរក្ស​ដោយ​អាជីវករ​ប្រមាណ ១៥ តូប​ដែល​បើក​លក់​ដូរ​ដោយ​កូនៗ និង​ចៅៗ​នៃ​ក្រុម​គ្រួសារ​ខ្មែរ ដែល​បាន​រត់​ភៀស​ខ្លួន​កាល​ពី​ជាង ៤០​ឆ្នាំ​មុន ​គឺ​ក្នុង​សម័យ​សង្គ្រាម​។

ត្រាន់ ធីហាញ ជា​អាជីវករ​ម្នាក់​នៅ​ផ្សារ​​ឡេហុងផុង​បាន​និយាយ​ថា រៀងរាល់​ខែ អំឡុង​ពេល​ព្រះ​ចន្ទ​ពេញ​វង់ ឬ​វិស្សមកាល​បុណ្យ​ចូល​ឆ្នាំ​ថ្មី មនុស្ស​ជា​ច្រើន​នាំ​គ្នា​មក​ផ្សារ​នេះ ​ដើម្បី​ទិញ​ផ្កា​តម្លៃ​ថោក​។

អ្នក​ដើរ​ផ្សារ​ជា​ច្រើន​ក៏​អាច​ស្វែង​រក​ទិញ​ត្រី​ងៀត​បែប​ខ្មែរ ងៀត​គោ ក៏​ដូចជា​ នំបញ្ចុក​ ស្ដៅ ចេក​ចៀន បង្អែម​គ្រប់មុខ​បែប​ខ្មែរ​នៅ​ផ្សារ​ក្នុង​ទីក្រុង​ហូជីមិញ​នេះ​ផង​ដែរ​។

គុយទាវ​បែប​ខ្មែរ ​គឺ​ជា​ភាព​ទាក់​ទាញ​អ្នក​ដើរ​ផ្សារ​ឲ្យ​ឆៀង​ចូល​ភ្លក្ស​រសជាតិ​ស្នាដៃ​ប្រពៃណី​បំផុត​មួយ​។

វេលា​ដើរ​ផ្សារ​សម្រាប់​អ្នក​មាន​បំណង​ចង់​​ភ្លក្ស​អាហារ​ខ្មែរ​ដ៏​ស័ក្ដិសម​បំផុត ​គឺ​ពី​ម៉ោង ៦ ដល់​ម៉ោង ១០ ព្រឹក​៕ VNS/HR