ក្រុង​បាងកក៖ ដើរ​ត្រេតត្រត​ជុំវិញ​ផ្ទះ​នៃ​សំណង់​អនាធិបតេយ្យ​របស់​ខ្លួន ដែល​តូច​ចង្អៀត​ស្ទើរ​តែ​រក​កន្លែង​ឈរ​មិន​​បាន លោក ថាណាផាត ណូយឌី និង​ភរិយា ផាផាសន បាន​ចែក​រំលែក​មី​សប្បុរសធម៌​ជាមួយ​កូន​ប្រុស និង​បារម្ភ​ពី​ការ​ចំណាយ​ខ្ពស់ ខណៈ​កូរ៉ូណា​បន្ដ​រុញ​ច្រាន​កំណើន​នៃ​ភាព​ក្រីក្រ​​ថៃ​កាន់​តែ​ជ្រៅ​។

ក្រោម​ពិតាន​កម្ពស់​ ១ ​ម៉ែត្រ ២ តឹក​​ មនុស្ស​ធំ​ត្រូវ​លុត​ជង្គង់​ដើរ​​​ក្នុង​បន្ទប់​​ផ្ទះ​ ដែល​​កន្លែង​​ដេក កន្លែង​ទទួល​ភ្ញៀវ​ និង​ផ្ទះ​​បាយ​រួម​គ្នា​តែ ​១​។

បរិវេណ​ផ្នែក​ខាង​ក្រោម មាន​បំពង់​ទុយោ​សម្រាប់​ផ្កត់ផ្គង់​ទឹក​ និង​កម្រាល​បេតុង​រាប​ស្មើ​ជា​កន្លែង​ដាំ​បាយ ជា​បរិវេណ​វាយ​​លុក​ដោយ​កណ្ដុរ​​រក​ចំណី​។

អ្នកស្រី ផាផាសន បាន​បាត់បង់​​អាជីព​ជា​អ្នក​ម៉ាស្សា​ ខណៈ​ថៃ​បិទ​ដើម្បី​គ្រប់គ្រង​ការ​រីក​រាល​ដាល​នៃ​ជំងឹ​ឆ្លង​កូវីដ ​១៩ នៅ​ចុង​ខែ​មីនា ​កន្លង​ទៅ​។

អ្នកស្រី​បាន​និយាយ​ថា​៖ «​ខ្ញុំ​​ត្រូវ​ខ្ចី​ប្រាក់​​ឪពុក និង​ជីតា​របស់​​ខ្ញុំ ​ដើម្បី​បង់​ថ្លៃ​អគ្គិសនី​។ សាលា​រៀន​បើក​ទ្វារ​ឆាប់ៗ​អំឡុង​​ថ្ងៃទី ១ ខែ​កក្កដា ហើយ​ខ្ញុំ​ត្រូវ​រក​ប្រាក់​សម្រាប់​ការ​ចំណាយ​ផ្សេងៗ​ផង​ដែរ​»។

បន្ទប់​រស់នៅ​គ្នា​ ៤​នាក់ ដែលមាន​​កម្ពស់​ត្រឹមជាង ១ម៉ែត្រ មិនអាច​សូម្បី​តែ​ក្រោក​ឈរ​ដើរ​​​។ រូបថត AFP

ថៃ​បាន​កាត់​បន្ថយ​អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​ឲ្យ​ទាប​បំផុត​ ដែល​ជា​សញ្ញា​ជោគជ័យ​ផ្នែក​សេដ្ឋកិច្ច​ជាតិ​។ ប៉ុន្ដែ​មនុស្ស​រាប់​​លាន​នាក់​ ដូចជា​ក្រុម​គ្រួសារ​លោក ណូយឌី ពឹង​អាស្រ័យ​លើ​ការងារ​ក្រៅ​ផ្លូវ​ការ ឬ​ប្រាក់​ឈ្នួល​ប្រចាំ​ដើម្បី​រស់​។

រដ្ឋសភា​ថៃ​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​អនុម័ត​កញ្ចប់​ថវិការ​ជិត ៦០ ពាន់​លាន​ដុល្លារ ​ដើម្បី​ស្រោច​​ស្រង់​សេដ្ឋកិច្ច​ និង​ប្រមាណ ១៧,៣ ពាន់​លាន​ដុល្លារ ជួយ​ដល់​ប្រជា​កសិករ និង​កម្មករ​ក្រៅ​ប្រព័ន្ធ​។

២ ខែ​ក្រោយ​ការ​បិទ​ប្រទេស និង​ជាមួយ​ការ​គ្រប់គ្រង​កម្រិត​នៃ​ការ​រីករាល​ដាល​ជំងឺ ក្រុង​បាងកក​កំពុង​វិល​ទៅកាន់​សភាព​​ដើម​វិញ​បន្ដិច​ម្ដង​ៗ​។

ប៉ុន្ដែ​​ការងារ​របស់​អ្នកស្រី ផាផាសន នៅ​តែ​បាត់​ឈឹង​ ខណៈ​ស្វាមី​អាច​រក​ចំណូល​បាន ​១ ថ្ងៃ ១ ០០០ បាត (១២ ​ម៉ឺន​រៀល​) ជា​អ្នក​រត់​ម៉ូតូឌុប​ ដែល​បាន​ធ្លាក់​ភ្ញៀវ​ជាង​ពាក់​កណ្ដាល​ទៅ​ហើយ​។

គ្រួសារ​ក្រីក្រ​រស់នៅ​ក្នុង​សំណង់អនាធិបតេយ្យ។ រូបថត AFP

អ្នកស្រី​ក៏​នៅ​មាន​មន្ទិល​ថា សំណង​​លើ​បញ្ហា​អត់​ការងារ​ធ្វើ​ពី​កញ្ចប់​សង្គ្រោះ​នឹង​ធ្លាក់​ដល់​ដៃ​គ្រួសារ​អ្នក​ស្រី​ពេល​ណា។

អ្នកស្រី​បាន​អះអាង​ថា​៖ «​វា​អាច​ត្រូវ​ការ​ពេល​យូរ​បន្ដិច​សម្រាប់​​ពួក​គេ (រដ្ឋាភិបាល​) ដើម្បី​ដោះ​ស្រាយ​ការ​បែង​ចែក​ប្រាក់​នេះ​»។

បច្ចុប្បន្ន ក្រុម​គ្រួសារ​នេះ​ពឹង​អាស្រ័យ​លើ​ព្រះវិហារ​ Holy Redeemer Church ជិត​ខាង​​សម្រាប់​អាហារ​ចម្អែត​ក្រពះ​​ប្រចាំ​ថ្ងៃ​ ជា​សេវាកម្ម​សប្បុរសធម៌ ដែល​បិទ​ដំណើរការ​នៅ​ពេល​ទីក្រុង​ត្រូវ​បាន​បើក​ឡើង​វិញ​។

អំឡុង​ពេល​ដើរ​ដោយ​ជង្គង់​ក្នុង​​​ផ្ទះ លោក ថាណាផាត ​និយាយ​ថា​៖ «​បើ​គ្មាន​អាហារ​សប្បុរស​​ទាំង​នេះ​ទេ ខ្ញុំ​ត្រូវ​ជួប​ការ​​លំបាក​​ខ្លាំង​ក្នុង​ការ​ទ្រទ្រង់​ក្រុម​គ្រួសារ​មួយ​នេះ​»៕ AFP/HR