ផាត់តាយ៉ា: ទេសចរមួយចំនួនចាប់ផ្ដើមវិលទៅកាន់តំបន់ឆ្នេរល្បីល្បាញបំផុតមួយថៃកាលពីថ្ងៃចន្ទ ដោយពួកគេព្យាយាមរក្សាគម្លាតសុវត្ថិភាព។ អ្វីដែលសំខាន់ គឺពួកគេរីករាយនឹងឱកាសលម្ហែកាយស្រូបខ្យល់ខាងក្រៅផ្ទះ ខណៈអាជ្ញាធរបន្ធូរបន្ថយការរឹតបន្តឹងជាលើកដំបូងក្នុងរយៈពេលជាង ២ ខែមកនេះ។
នៅក្រុងផាត់តាយ៉ា ភ្ញៀវទេសចររីករាយនឹងឆ្នេរខ្យាច់ជាមួយផ្ទៃទឹកសមុទ្រថ្លាដូចមរកតនៃឈូកសមុទ្រថៃ ហើយជនចាស់ជរាអន្ទះសាចង់ធ្វើលំហាត់ប្រាណនៅតាមតំបន់ឆ្នេរ។
គោលការណ៍រក្សាគម្លាតសុវត្ថិភាពសង្គមនៅតែបន្ដមានសុពលភាព ដោយអាជ្ញាធរក្នុងតំបន់បានណែនាំភ្ញៀវទេសចរនៅឲ្យឆ្ងាយពីគ្នាយ៉ាងតិច ១ ម៉ែត្រ។
ពលរដ្ឋអាល្លឺម៉ង់ Heidi Glemeau គឺជាជនបរទេសដំបូងម្នាក់បានមកងូតទឹកតាំងពីព្រលឹម និងមិនជឿខ្លួនឯងថា អត់មានមនុស្សទាល់តែសោះ។
អ្នកស្រី បានប្រាប់ AFP ថា៖ «ខ្ញុំមិនអាចទប់ចិត្ដមិនឲ្យមកបានឡើយ។ វាជាឋានសួគ៌ មិនខុសពីទិដ្ឋភាពកាលពី ៣០ ឆ្នាំមុនឡើយ»។
មិនមែនឆ្នេរទាំងអស់ត្រូវបានអនុញ្ញាតឲ្យបើកនោះទេ ហើយក៏មិនបើកស្របពេលនៅថ្ងៃចន្ទដែរ។ ភូកេត ស្ថិតនៅភាគខាងត្បូង ត្រូវបានបើកដោយមានកំហិត ខណៈ ហ៊ួហ៊ីន នៅតែបើកដូចប្រក្រតី។
ថៃស្ថិតក្រោមការរឹងបន្តឹងជាច្រើនប្រភេទ តាំងពីពាក់កណ្ដាលខែមីនា នោពេលអាជ្ញាធរបានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ដើម្បីប្រឆាំងនឹងកូរ៉ូណា ដោយការបិទផ្សារទំនើប មជ្ឈមណ្ឌលកម្សាន្ដ និងបរិវេណសាធារណៈ រួមទាំងឆ្នេរសមុទ្រផងដែរ។
ប៉ុន្ដែចំពោះអ្នកឆ្លងជំងឺថ្មីៗបានធ្លាក់ចុះក្នុងខែឧសភា ហើយកាលពីថ្ងៃចន្ទ រោងភាពយន្ដ ព្រមទាំង ហាងសាក់ និងម៉ាស្សាទូទៅប្រទេស ត្រូវបានផ្ដល់ភ្លើងបៃតងក្នុងការបើកទ្វារជំនួញឡើងវិញ។
នុតថាវុត កាណាស៊ុប អាយុ ២៩ ឆ្នាំ ដែលរង់ចាំម៉ាស្សាជើងនៅហាងស្ប៉ាក្រុងបាងកកមួយ បាននិយាយថា៖ «ខ្ញុំគិតថា វាយូរក្រែលដែរហើយ»។
កំណត់ត្រាផ្លូវការបានបង្ហាញថា ប្រទេសថៃបានងើបផុតពីហានិភ័យជាមួយកំណត់ត្រាអ្នកឆ្លងជាង ៣០០០ នាក់ និងស្លាប់ ៥៧ នាក់។
យ៉ាងណាមិញ អ្នកជំនាញមួយចំនួនបាននិយាយថា កង្វះការធ្វើតេស្ដអាចបិតបាំងអំពីតួលេខពិតប្រាកដ។ គោលដៅទេសចរណ៍សំខាន់ជាមួយក្លិបរាត្រីដ៏អាសោច និងតំបន់ផ្ទះបន ក្រុងផាត់តាយ៉ា បានប្រែក្លាយជាទីក្រុងខ្មោចមួយរយៈ។
បារ៍ និងក្លិបកម្សាន្ដនៅបន្ដបិទទ្វារ ហើយមិនច្បាស់ថា តើពេលណាសកម្មភាពប្រក្រតីនឹងវិលមកវិញឡើយ៕ AFP/HR