ក្រុង​សិង្ហបុរី៖ ចាប់​ពី​គ្រឿង​សមុទ្រ​ចិញ្ចឹម​ក្នុង​កែវ​រហូត​ដល់​​ស៊ីវម៉ៃ​ធ្វើ​ពី​ផ្លែ​ឈើ​​ជំនួស​សាច់​ជ្រូក ដែល​មាន​តម្រូវ​ការ​កើន​ឡើង​នូវ​ជម្រើស​រុក្ខជាតិ​ជំនួស​​​សាច់​​​ក្នុង​តំបន់​អាស៊ី បាន​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​ផលិតផល​ច្នៃ​ប្រឌិត ​ដើម្បី​ផ្គាប់​ចិត្ដ​រសនិយម​ក្នុង​ស្រុក​។

ការ​ទទួល​ទាន​សាច់ និង​គ្រឿង​សមុទ្រ​នៅ​អាស៊ី​មាន​ការ​កើន​ឡើង​ ដែល​ជា​ទី​ពេញ​និយម​សម្រាប់​មនុស្ស​វណ្ណៈ​កណ្ដាល​ តែ​ក្រុម​បរិស្ថាន​បាន​ព្រមាន​ពី​ផល​ប៉ះពាល់​បរិស្ថាន​ចំពោះ​ទំនោរ​ទទួល​ទាន​សាច់​បែប​នេះ​។

តម្រូវ​ការ​សាច់​ផលិត​ពី​រុក្ខជាតិ​ទើប​តែ​​ចាប់​ផ្ដើម​នៅ​អាស៊ី​ តែ​យ៉ាង​ណា​មិញ វា​កំពុង​តែ​កើន​ឡើង​​រហូត​ដល់​ប្រមាណ ៣០ ភាគរយ ​ប្រចាំ​ឆ្នាំ​ ព្រមទាំង​បាន​ពង្រឹង​ខ្លួន​នៅ​លើ​ទីផ្សារ​នានា ដូចជា​នៅ​ប្រទេស​ ​កូរ៉េ​ខាង​ត្បូង ក្រុង​ហុងកុង និង​សិង្ហបុរី​។

លោក ​​Andre Menezes មក​ពី Country Foods ដែល​ចែកចាយ​ផលិតផល​​របស់​​ក្រុមហ៊ុន​អាមេរិក ក្នុង​ប្រទេស ​សិង្ហបុរី បាន​និយាយ​ថា​៖ «​យើង​មើល​ឃើញ​ថា មាន​ការ​យល់​ដឹង​ច្រើន​អំពី​បរិស្ថាន ​ចំពោះ​អតិថិជន​នៅ​ជុំវិញ​ពិភព​លោក​ ហើយ​ទំនោរ​ទទួល​ទាន​បន្លែ និង​ផ្លែឈើ​នេះ​មិន​ខុស​គ្នា​នៅ​អាស៊ី​ទេ​»។

គ្រឿង​ផ្សំ​រុក្ខជាតិ​ត្រូវបាន​ប្រើ​ជំនួស​សាច់​ក្នុង​ការ​ធ្វើ​នំ​ប្រពៃណីចិន​​​។ រូបថត AFP

ក្រុម​អ្នក​បរិស្ថាន​បាន​ព្រមាន​ថា ការ​ទទួល​ទាន​សាច់ ​គឺ​ជា​ការ​គំរាម​កំហែង​ដល់​បរិស្ថាន​ ខណៈ​ពេល​ដែល​សត្វ​គោ​ផលិត​មេតាន​ ជា​ឧស្ម័ន​ស្រូប​ផ្សែង​ពុល​ ខណៈ​ការ​បំផ្លាញ​ព្រៃ​ ដែល​ស្រូប​សារធាតុ​កាបោន​ឌីអុកស៊ីត​ពី​បរិយាកាស​ ដើម្បី​ត្រួស​ត្រាយ​ផ្លូវ​ឲ្យ​សត្វ​បំផ្លាញ​រនាំង​ធម្មជាតិ​ ដោយ​មិន​បង្ក​ឲ្យ​មាន​បម្រែ​បម្រួល​អាកាសធាតុ​។

មិន​ខុស​គ្នា​ទេ ការ​ទទួល​ទាន​គ្រឿង​សមុទ្រ​បាន​កាត់​បន្ថយ​បរិមាណ​ធនធាន​សមុទ្រ​។ អ្នក​ទទួល​ទាន​ផលិតផល​រុក្ខជាតិ​របស់​អាមេរិក​មាន​ច្រើន​នៅ​អាស៊ី​ ដោយ​ Impossible Foods ស្វះស្វែង​បើក​ក្រុមហ៊ុន​របស់​ខ្លួន​នៅ​ប្រទេស ​ចិន​ ហើយ​គូ​ប្រជែង Beyond Meat ដែល​ធ្វើ​ប៊ឺហ្គ័រ​ពី​រុក្ខជាតិ គ្រោង​បើក​ទីតាំង​របស់​ខ្លួន​នៅ​ក្នុង​តំបន់​អាស៊ី​នេះ​ផង​ដែរ​។

ពួក​គេ​គ្រោង​ផលិត​ម្ហូប​អាហារ​ផ្សេងៗ​ទៀត​ចាប់​ពី​ស៊ីវម៉ៃ​​​ទម្រង់​បែប​ប្រពៃណី​​ចិន​ដោយ​​ញាត់​​សាច់​ជ្រូក​ក្លែង​​ក្លាយ​ដែល​ធ្វើ​ពី​ផ្លែ​ខ្នុរ​ ដើម្បី​រំលេច​នូវ​រូប​រាង​ដូច​សាច់​ក្ដាម​ និង​ប្រហិត​ត្រី ជា​អាហារ​គ្រឿង​សមុទ្រ​ពេញ​និយម​នៅ​តំបន់​អាស៊ី​។

មេចុងភៅ​បណ្ដា​ប្រទេស​ចាប់​ផ្ដើមស៊ីវម៉ៃ​ប្រើ​ស្នូល​បន្លែ និង​ផ្លែ​ឈើ​ដែល​ស្ទួយ​បរិស្ថាន​​។ រូបថត AFP

ក្រុមហ៊ុន​ថ្មី Karana មាន​គំនិត​ផ្ដួចផ្ដើម​ធ្វើ​នំ​ស៊ីវម៉ៃ​ស្នូល​ផ្លែ​ខ្នុរ ដែល​​​គ្រោង​ដាក់​លក់​នៅ​ឆ្នាំ​នេះ និង​ត្រៀម​ច្នៃ​ប្រឌិត​យក​នំ​ប៊ឺហ្គ័រ​ញាត់​សាច់​ជ្រូក​បាប៊ីឃ្យូ​ក្លែងក្លាយ​ដែល​ប្រើ​បន្លែ និង​ផ្លែ​ឈើ​ជំនួស​ ពី​ព្រោះ​វាជា​អាហារ​ល្បី​នៅ​តាម​ភោជនីយដ្ឋាន​អាស៊ី​នានា​។

ស្ថាបនិក​ក្រុមហ៊ុន​ Karana លោក Eugene Wang បាន​ប្រាប់​ឲ្យ​ដឹង​ថា ពលរដ្ឋ​នៅ​តំបន់​អាស៊ី​ចាត់​ទុក​អាហារ​ប្រភេទ​នេះ​ជា​ម្ហូប​ប្រពៃណី ហើយ​ការ​ផ្លាស់ប្ដូរ​ពី​របប​អាហារ​មក​បន្លែ និង​ផ្លែ​ឈើ​វា​គ្មាន​ខុស​គ្នា​នោះ​ទេ​។

លោក Eugene Wang ដែល​ក្រុមហ៊ុន​របស់​លោក​​ទទួល​បាន​​ប្រាក់​អាជីវកម្ម​ចំនួន​ ៧០ ម៉ឺន​ដុល្លារ ​ពី​មូលនិធិ​ Temasek បាន​​លើក​ឡើង​​ថា៖ «ប្រសិន​បើ​យើង​ចង់​លក់​ផលិតផល​ទាំង​នេះ​ តើ​យើង​ត្រូវ​រចនា​វា​ជា​ទម្រង់​បែប​ប៊ឺហ្គ័រ ​ឬ​យ៉ាង​ណា?»៕ AFP/HR