ក្រុង​ហុងកុង៖ ជន​ពិការ​នៅ​ក្រុង​ហុងកុង​ និង​អ្នក​មើល​ថែ​ពួក​គេ​បាន​និយាយ​ថា ពួក​គេ​មាន​អារម្មណ៍​ដូច​ត្រូវ​បាន​គេ​ឃុំឃាំង​នៅ​ក្នុង​អាផាតមិន និង​ត្រូវ​បាន​អាជ្ញាធរ​បោះបង់​ចោល​ ខណៈ​ទីក្រុង​ដែល​​វាយ​ប្រហារ​ដោយ​វីរុស​កូរ៉ូណា​ ពេញ​ទៅ​ដោយ​អ្នក​ប្រញាយ​ទិញ​ទំនិញ​ និង​​​ម៉ាស់​។

រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ការ​តម្រង់​ជួរ​​បាន​ពន្លាត​កន្ទុយ​វែង​ពាស​ពេញ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ខណៈ​ពលរដ្ឋ​ក្រុង​ហុងកុង​រង់​ចាំ​ទិញ​ម៉ាស់​ ក្រដាស​អនាម័យ និង​ផលិតផល​សម្អាត​អនាម័យ​ផ្សេងៗ​ទៀត​។

វា​ជា​ការ​ចែក​ជូន​ដោយ​ឥត​គិត​ថ្លៃ​ចំពោះ​ពលរដ្ឋ​ទាំង​អស់ ដែល​ធ្វើ​ឲ្យ​លោក ស្ដេវេន យ៉ាន មាន​ការ​បារម្ភ​យ៉ាង​ខ្លាំង​។ ដោយ​មាន​ជំងឺ​ស្វិត​សាច់​ដុំ កាល​ពី ១៤ ឆ្នាំ​មុន លោក យ៉ាន ជិះ​រទេះ​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​។

លោក​បាន​ព្យាយាម​ស្វែង​រក​ម៉ាស់​នៅ​ក្បែរ​អាផាតមិន​ និង​ទទួល​ជោគជ័យ​តែ​ម្ដង​គត់​ ១ ខែ​ចុង​ក្រោយ​នេះ ដោយ​លោក​ត្រូវ​តម្រង់​ជួរ​ ៦ ម៉ោង​ ដើម្បី​ទទួល​បាន​នូវ​ម៉ាស់​ចំនួន ៥ សន្លឹក ​ដោយ​ឥត​គិត​ថ្លៃ​។

លោក យ៉ាន បាន​ត្អូញ​ថា​៖ «​ពិត​ជា​នឿយ​ហត់​ខ្លាំង​ណាស់​។ ខ្ញុំ​មិន​ហ៊ាន​បំផ្លាស់​ទី​ចុះ​ឡើងៗ​​នោះ​ទេ ព្រោះ​​ខ្លាច​បាត់បង់​​​​កន្លែង​ពី​ជួរ​រង់ចាំ​​»។

លោក​ត្អូញ​ថា ជនពិការ​រឹត​តែ​ខ្សត់ឱកាស​​ទទួល​​បាន​ម៉ាស់​ប្រើប្រាស់​។ រូបថត AFP

ដោយ​មាន​ម៉ាស់ ៤០ សន្លឹក​នៅ​ផ្ទះ ដើម្បី​ប្រើប្រាស់​ផ្ទាល់​ខ្លួន​ ភរិយា និង​កូន​ប្រុស​ជំទង់​ម្នាក់ លោក យ៉ាន ចាប់​ផ្ដើម​បន្ថយ​ការ​​ចេញ​ក្រៅ​ រួម​ទាំង ឱកាស​ទៅ​ឆែក​សុខភាព​​ផង​ដែរ។​

មន្ទីរ​ពេទ្យ​រដ្ឋ​បាន​បញ្ឈប់​ការ​ផ្គត់ផ្គង់​ម៉ាស​ដល់​ភ្ញៀវ​មក​ពេទ្យ​ ដើម្បី​សន្សំ​សំចៃ​បរិក្ខា​សំខាន់​សម្រាប់​បុគ្គលិក​ក្នុង​ទីក្រុង ដែល​មនុស្ស​ជាង ៦០ នាក់ ​ត្រូវ​បាន​រក​ឃើញ​ផ្ទុក​វីរុស​កូរូណា។

លោក យ៉ាន ពោល​​ថា​៖ «​ខ្ញុំ​ត្រូវ​ពាក់​ម៉ាស​នៅ​ពេទ្យ តែ​​​មិន​អាច​លៃលក​​រក​ម៉ាស​បាន​ឡើយ​ពេល​នេះ​។ តម្លៃ​ម៉ាស​​បាន​​ហក់​​ឡើង​ខ្លាំង​ ខណៈ​រដ្ឋាភិបាល​មិន​ព្រម​គ្រប់គ្រង​តម្លៃ»។

ជា​ទីក្រុង​ស្ដុកស្ដម្ភ​បំផុត​មួយ​ក្នុង​លោក ហុងកុង​​មាន​គម្លាត​អ្នក​មាន និង​អ្នក​ក្រ​​យ៉ាង​សម្បើម​ ហើយ​​បញ្ហា​ជីវភាព​ចំពោះ​ជន​ពិការ និង​​​ពលរដ្ឋ​ទន់​ខ្សោយ​កាន់​តែ​​ងាយ​រងគ្រោះ​។

លោក យ៉ាន អាស្រ័យ​រទេះ​ធ្វើដំណើរ​ទៅទិញ​ទំនិញ​កំប៉ិក​កំប៉ុក។ រូបថត AFP

ទិន្នន័យ​របស់​រដ្ឋាភិបាល​​បង្ហាញ​​ថា ក្នុង​ចំណោម​​ជន​ពិការ​ប្រមាណ ៦០ ម៉ឺន​នាក់ ប្រមាណ​ ២០ ម៉ឺន​នាក់ ​រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ​។

មេ​ដឹកនាំ​ក្រុង​ហុងកុង អ្នកស្រី ខារី ឡាម ថ្មី​ៗ​នេះ​ទើប​បាន​និយាយ​ថា ម៉ាស​ប្រមាណ ១,៦ លាន​សន្លឹក ត្រូវ​បាន​ចែក​ជូន​អង្គការ​ក្នុង​ស្រុក​ដើម្បី​ចែក​បន្ដ​ដល់​ពលរដ្ឋ​ងាយ​រងគ្រោះ​។

តែ​ជន​ពិការ​លោក​ យ៉ាន បាន​​ពោល​ថា លោក​មាន​អារម្មណ៍​ជ្រួល​ច្របល់​​​ឥត​ល្ហែ​​ប៉ុន្មាន​សប្ដាហ៍​នេះ​។

លោក​បាន​ឲ្យ​ដឹង​ថា​៖ «​មនុស្ស​ដូច​ជា​រូប​ខ្ញុំ​ពិត​ជា​ងាយ​ប្រឈម​នឹង​ជំងឺ​បំផុត​។ ប្រហែល​ជា​អស់​លោក​បាន ​ឮ​សំឡេង​ខ្ញុំ​ថ្ងៃ​នេះ តែ​អាច​នឹង​​ឃើញ​សព​ខ្ញុំ​នៅ​ថ្ងៃ​ស្អែក​»៕ AFP/HR