ក្រុងម៉ានីល៖ ទំនោរ​ពេញ​និយម​ចំពោះ​​សួន​ច្បារ​ហៅ​ថា «​Plantdemic» ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​នៅ​ទូទាំង​ប្រទេស​ហ្វីលីពីន​ ក្រោយ​ពី​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ដោយសារ​វិបត្ដិ​កូវីដ​បាន​បង្កើន​តម្រូវការ​សួន​ធម្មជាតិ​ ដែល​ជំរុញ​តម្លៃ​រុក្ខជាតិ​ហក់​ឡើង​ក៏​ដូចជា​ការ​បំផ្លាញ​រុក្ខជាតិ​ពី​ឧទ្យាន​សាធារណៈ និង​ព្រៃ​អភិវឌ្ឍន៍​។

រូបភាព​បុប្ផា​ស្រស់​ស្អាត និង​រុក្ខជាតិ​បៃតង​ស្រស់​នៅ​បរិវេណ​ផ្ទះ​ និង​លើ​រាន​ហាល​នៃ​ផ្ទះ ត្រូវ​បាន​បង្ហោះ​ជោរជន់​តាម​​បណ្ដាញ​សង្គម​ ខណៈ​ពលរដ្ឋ​ហ្វីលីពីន​ជាប់​គាំង​ក្នុង​ផ្ទះ​ងាក​ទៅ​រក​ធម្មជាតិ ​ដើម្បី​ជួយ​រំងាប់​ស្ដ្រេស និង​ភាព​ធុញ​ថប់​ក្នុង​ឱរា។

អ្នក​ធ្វើ​សួន​សម្រាប់​បរិស្ថាន អាល់វីន ឈីងឃ្យូអាងកូ ដែល​ដឹង​ថា តម្លៃ​រុក្ខជាតិ​លម្អ​បាន​ហក់​ឡើង​ ៥៥ ០០០ ប៉េសូ (១ ១៤០ ​ដុល្លារ) បើ​ធៀប​នឹង​តម្លៃ​មុន​ៗ ត្រឹម ៨០០ ​ប៉េសូ​ បាន​ឱ្យ​ដឹង​ថា​៖ «​មិន​គួរ​ឱ្យ​ជឿ​សោះ​។ មនុស្ស​ម្នា​នាំ​គ្នា​ចាប់​អារម្មណ៍​នឹង​រុក្ខជាតិ​នា​ពេល​បច្ចុប្បន្ន​»។

អាឡេន ហ្គូម៉េរ៉ាប៉ាស ជា​អ្នក​​លក់​រុក្ខជាតិ​នៅ​ក្រុង​ម៉ានីល​បាន​និយាយ​ថា ការ​លក់​ដូរ​ប្រចាំ​ថ្ងៃ​របស់​អ្នកស្រី​បាន​កើន​ឡើង​ត្រី​គុណ​ ក្រោយ​ពី​អ្នក​បើក​ទ្វារ​ហាង​វិញ ​ដោយសារ​វិបត្ដិ​កូវីដ​រាប់​ខែ​មក​។

បុគ្គលិក​ថែ​សួន​ច្បារ​សាធារណៈ នៅហ្វីលីពីន។ រូបថត AFP

តម្រូវ​ការ​នៅ​តែ​កើន​ឡើង​ខ្លាំង​ ទោះបី​ជា​តម្លៃ​សម្រាប់​រុក្ខជាតិ​ដាំ​ក្នុង​ផ្ទះ​ពេញ​និយម​មួយ​ចំនួន​បាន​ឡើង​ថ្លៃ​ខ្ពស់​កប់​ពពក​យ៉ាង​ណា​ក៏​ដោយ​។

ស្ដ្រី​វ័យ ៤០ ​ឆ្នាំ​ ដែល​បាន​ទិញ​រុក្ខជាតិ​ពី​ម្ចាស់​ចម្ការ​នៅ​ខេត្ដ​ក្បែរ​ខាង បាន​ឱ្យ​ដឹង​ថា​៖ «​ពិបាក​យល់​ចិត្ដ​មនុស្ស​យើង​ណាស់​។ ពេល​រុក្ខជាតិ​មាន​តម្លៃ​ថោក គ្មាន​នរណា​ចាប់​អារម្មណ៍​ទេ​»។

ប៉ុន្ដែ​ខណៈ​តម្រូវ​ការ​រុក្ខជាតិ​កើន​ឡើង​ ក្រុម​អាជ្ញាធរ​បាន​ព្រមាន​ថា រុក្ខជាតិ​ជា​ច្រើន​នៅ​លើ​ទីផ្សារ​មិន​សុទ្ធ​តែ​ជា​វត្ថុ​ស្រប​ច្បាប់​ទាំង​អស់​នោះ​ទេ​។

ឆ្មាំ​ការពារ​ព្រៃ​បាន​ឃ្លាំ​មើល​ចោរ​លួច​រុក្ខជាតិ ក្រោយ​ពី​ក្រុម​មន្ដ្រី​បាន​កត់​សម្គាល់​​ពូជ​រុក្ខជាតិ​​ខ្លះ ​ដែល​បង្ហោះ​​លើ​បណ្ដាញ​សង្គម​អាច​មាន​ប្រភព​មក​ពី​តំបន់​ព្រៃ​ការពារ​។

វិបត្តិកូវីដធ្វើឱ្យមាន​ចោរកម្ម​លួច​រុក្ខជាតិ​ពីសួនច្បារ និង​ព្រៃ​។ រូបថត AFP

អ្នកស្រី ម៉ារីយ៉ា គ្រីស្ទីណា រ៉ូទ្រីហ្គេស ជា​នាយក​ប្រចាំ​តំបន់​ហ្សាមបួញ៉ា​នៃ​នាយកដ្ឋាន​ធនធាន​ថាមពល និង​ធម្មជាតិ​និយាយ​ថា​៖ «ទំនោរ​ដាំ​រុក្ខជាតិ​នេះ​ទើប​ពេញ​និយម​អំឡុង​បិទ​ប្រទេស​នេះ​ទេ​»។

ចោរ​លួច​រុក្ខជាតិ​ពី​ឧទ្យាន​សាធារណៈ​នៅ​ភាគ​ខាង​ជើង​ក្រុង​បាហ្គីណូ បាន​បង្ខំ​ឱ្យ​ក្រុម​អាជ្ញាធរ​រឹត​បន្តឹង​សន្ដិសុខ​​។

លោក រ៉េណាន់ ឌីវ៉ាស ជា​មន្ដ្រី​ទទួល​បន្ទុក​ការិយាល័យ​គ្រប់គ្រង​បរិស្ថាន និង​ឧទ្យាន​ក្រុង​​បាហ្គីណូ បាន​និយាយ​ថា៖ «​អ្នក​លួច​អាច​ជា​អ្នក​យក​ទៅ​ដាំ​កែ​អផ្សុក ឬ​អ្នក​ចង់​បង្កើន​ប្រាក់​ចំណូល​»៕ AFP/HR