ក្រុងវ៉ាស៊ីងតោន៖ មិន​យូរ​មិន​ឆាប់ ពលរដ្ឋ​អាមេរិក​ត្រូវ​តម​ទឹក​ប៉េង​ប៉ោះ​ជ្រលក់​ដំឡូង​ចៀន និង​ប៊ឺហ្គ័រ ដោយ​ក្រុមហ៊ុន​ជួប​ឧបសគ្គ​ក្នុង​ការ​ផ្គត់​ផ្គង់​តាម​តម្រូវការ​លើ​ទឹក​ប៉េង​ប៉ោះ​កញ្ចប់​ហែក​ប្រើ​តែ​ម្ដង ខណៈ​តាម​ភោជនីយដ្ឋាន​នានា​ត្រូវ​ប្ដូរ​សេវាកម្ម​មក​វេច​ខ្ចប់​អំឡុង​ពេល​វិបត្ដិ​កូវីដ​សក​លនេះ។

ប្រធាន​ក្រុមហ៊ុន Kraft Heinz លោក ស្ដេវ ខូរនែល បាន​ប្រាប់ AFP ថា៖ «​Heinz ដ៏​ល្បី​ល្បាញ​ចំពោះ​គ្រឿង​ជ្រលក់​ផលិត​ពី​ទឹក​ប៉េង​ប៉ោះ​ នៅ​តែ​លក់​ដាច់​បំផុត​ ប្រឈម​បញ្ហា​នៃការ​ផ្គត់​ផ្គង់​កើន​ឡើង​ចំពោះ​ទឹក​ប៉េង​ប៉ោះ​ខ្ចប់​ដោយសារ​សេវាកម្ម​ដឹក​ជញ្ជូន​ដល់​មាត់​ទ្វា​រផ្ទះ​»។

កញ្ចប់​ឯកជន​ ដែល​ប្រើ​ប្រាស់​សម្រាប់​សេវា​ដឹកជញ្ជូន កាលពី​ឆ្នាំ​មុន បាន​ក្លាយ​ជា​ទម្លាប់​ជំនួស​ការ​ដាក់​កែវ ឬ​ដប​ជ័រ​រមែង​ឃើញ​នៅតាម​ភោជនីយដ្ឋាន​ទៀត​ហើយ​ ទោះបីជា​ភ្ញៀវ​អាច​ចូល​អង្គុយ​តុ​អាហារ​ក៏ពួកគេ​មិន​ចង់​ប៉ះពាល់​វត្ថុ​ទាំង​នោះ​ដែរ។

ក្រុមហ៊ុន​ផលិត​ទឹក​ប៉េង​ប៉ោះ​យក្ស​បាន​កែ​តម្រូវ​រួច​ហើយ​ក្នុង​ការ​កែច្នៃ​ផលិត​ផល​របស់​ខ្លួន​ ដើម្បី​សម្រប​ទៅ​តាម​ស្ថានភាព​បច្ចុប្បន្ន។

ក្រុមហ៊ុន​បាន​ប្រាប់ AFP តាម​អ៊ីមែល​ថា​៖ «​ទោះ​យ៉ាង​នេះក្ដី តម្រូវ​ការ​មាន​ច្រើន​ជាង​ការ​ផ្គត់​ផ្គង់​»។

ជា​ការ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ខ្ពស់​នេះ ក្រុមហ៊ុន Kraft Heinz បាន​ឱ្យ​ដឹងថា ខ្លួន​បាន​បន្ថែមចង្វាក់​​ផលិតផល​ថ្មី​ជា​ច្រើន​ទៀត​ក្នុង​ការ​ផលិត​នៅ​រោង​ចក្រ ដែល​គួរ​តែ​អាច​បង្កើន​ការ​ផលិត​ ២៥​ ភាគរយ រហូត​ដល់ ១២​ ពាន់​លាន​កញ្ចប់​ក្នុង​មួយ​ឆ្នាំ។

ពួកគេ​បាន​អភិវឌ្ឍ «​​ការចាក់​ទឹក​ប៉េង​ប៉ោះ​ដោយ​មិន​ចាំ​បាច់​ប៉ះ​» សម្រាប់​សវាកម្ម​ម្ហូប​ក្នុង​ភោជនីយដ្ឋាន។ យោងតាម ​Wall Street Journal បាន​បង្ហាញដោយ​ដក​ស្រង់​ពី​​ក្រុមហ៊ុន​សេវាកម្ម​​ជំនួញ​ ​Plate IQ ថា​ តម្លៃ​កញ្ចប់​ទឹក​ប៉េង​ប៉ោះ​បាន​ហក់​ឡើង​ ១៣​ ភាគរយ​ តាំង​ពី​ខែ​មករា ឆ្នាំ​ ២០២០៕ AFP/HR