ក្រុងញូវយ៉ក៖ តើពេលណាមានវ៉ាក់សាំង? តើគួររត់ទៅណាដើម្បីគេចផុតរលកទី ២? តើគួរស្វែងរកការងារថ្មីធ្វើឬទេ? ជនជាតិអាមេរិកដែលមានចិត្ដអន្ទះអន្ទែងចំពោះវិបត្ដិកូវីដ នាំគ្នាទៅរកគ្រូហោរទស្សន៍ទាយពីអនាគតដ៏ស្រពេចស្រពិល។
ហោរ ឬក៏គ្រូទាយបៀរ នៅសហរដ្ឋអាមេរិកកំពុងតែកាក់កបចំពោះមុខរបរខ្លួនអំឡុងពេលវិបត្ដិកូវីដ ១៩ ខណៈមនុស្សម្នាក់ព្យាយាមស្វែងរកដំបូន្មាន និងធ្វើឲ្យស្ងប់ចិត្ដ ដែលជួនកាលត្រូវរងសម្ពាធសារបង្កចលនាចលពីថ្នាក់ដឹកនាំផងដែរ។
អ្នកស្រី មីឆែល ប៊េល អាយុ ៥៤ ឆ្នាំ បានជួលគ្រូទាយមកពីក្រុងញូវយ៉កឈ្មោះ ជេននី លីន ក្រោយពីវីរុសបានសម្លាប់អ្នកម្ដាយរបស់អ្នកស្រីកាលពីខែមេសា។
អ្នកស្រី ប៊េល បានប្រាប់ AFP ថា៖ «អារម្មណ៍វិលវល់នៅមិនសុខទេ»។
ក្រោយពីទស្សន៍ទាយតាមថ្ងៃកំណើត និងទីកន្លែងកំណើត គ្រូ លីន បានប្រាប់អ្នកស្រីថា ឆ្នាំ ២០២១ ក្លាយជាវេលាដ៏ល្អបំពេញក្ដីស្រមៃរបស់អ្នកស្រី។
អ្នកស្រី ប៊េល បាននិយាយថា៖ «គាត់ពិតជាធ្វើឲ្យខ្ញុំមានទឹកចិត្ដ និងជំនឿចិត្ដដើរទៅមុខបន្ដទៀត»។
មជ្ឈមណ្ឌលស្រាវជ្រាវ Pew Research Center ឆ្នាំ ២០១៧ បានបង្ហាញថា ជនជាតិអាមេរិកជិត ៣០ ភាគរយជឿថា ចលនារបស់តារា និងផែនដីធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់មនុស្ស។
ពលរដ្ឋអាមេរិកចំណាយប្រាក់ ២,២ ពាន់លានដុល្លារ លើសេវាកម្មផ្នែកចិត្ដសាស្ដ្រ ក្នុងឆ្នាំ ២០១៨។ នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IBISWorld។
Comscore បានឲ្យដឹងថា ការចូលឆែកវេបសាយ Astro.com វេបសាយ Cafe Astrology និង Astrology Zone មានការកើនឡើងក្នុងខែមីនា នៅពេលរោគរាតត្បាតបានផ្ទុះឡើងខ្លាំង។
អ្នកស្រី លីន អាយុ ៧០ ឆ្នាំ បានទទួលអតិថិជនថ្មី ១០ នាក់ ក្រោយពីទីក្រុងញូវយ៉កត្រូវបានរឹតបន្ដឹង កាលពីថ្ងៃទី ២២ ខែមីនា។
អ្នកស្រីបាននិយាយថា៖ «អ្នកខ្លះអស់ការងារធ្វើ និងចង់ដឹងថា នឹងមានរឿងកើតឡើងទៀត។ អ្នកខ្លះចង់ចាប់ផ្ដើមមុខជំនួញផ្ទាល់ខ្លួន ខណៈមនុស្សជាច្រើនចង់ចាកចេញពីទីក្រុងភ្លាមៗនេះ»។
អ្នកស្រីបានគិតថ្លៃសេវាកម្មមួយម៉ោង ១៥០ ដុល្លារ សម្រាប់ការទស្សន៍ទាយតាម Zoom, Skype ឬ WhatsApp តែចង់មានទម្លាប់ដូចកាលពីមុនពេលអ្នកស្រីអាចអង្គុយទល់មុខជាមួយអតិថិជនផ្ទាល់។
គ្រូទាយ លីន បានបញ្ជាក់ថា៖ «ជួបមុខផ្ទាល់ពិតជាល្អ ពីព្រោះខ្ញុំមិនបង្ហាញឲ្យឃើញពីចលនាផែនដីនៅលើអេក្រង់ទូរស័ព្ទ។ ពួកគេឃើញពីការគណនា ហើយខ្ញុំនឹងបង្ហាញឲ្យឃើញច្បាស់»៕ AFP/HR