ក្រុងគែរ: អ្នកស្រី អាឡា ហ៊ីឡាល់ កំពុងដើរផ្សារក្នុងទីក្រុងគែរពេលអ្នកស្រីរងការវាយប្រហារពីឆ្កែអនាថាមួយក្បាលទាំងកណ្ដាលថ្ងៃ។ វាជាចំណោទបញ្ហានៃការរស់នៅប្រចាំថ្ងៃនៅអេហ្ស៊ីបដែលបង្កឲ្យមានការជជែកដេញដោលខ្លាំង។
ស្ដ្រីមេផ្ទះវ័យ ៣៨ ឆ្នាំបានប្រាប់ AFP នៅផ្ទះរបស់ខ្លួនថា៖ «ខ្ញុំចេញពីរថយន្ដ ហើយឆ្កែធំ ១ ក្បាលស្រាប់តែហក់មកខាំខ្ញាំខ្ញុំ។ ដោយសារតែមានស្នាមដំបៅបង្កឡើងដោយសត្វឆ្កែនោះ ខ្ញុំមានការបារម្ភ ហើយលែងចង់ទៅកន្លែងនោះទៀត»។
ទីក្រុងដ៏ជោរជន់ដោយមនុស្សជាង ២០ លាននាក់ ក្រុងគែរ ជួបបញ្ហាចរាចរណ៍កកស្ទះខ្លាំងរួមទាំងកត្ដាកាកសំណល់ និងការបំពុលបរិស្ថានថែមទៀត។ ហ្វូងឆ្កែអនាថាគ្រាន់តែជាដើមចម ១ ផ្នែកតូចប៉ុណ្ណោះ។
យោងតាមក្រសួងកសិកម្មបានឲ្យដឹងថាមានឧប្បត្ដិហេតុឆ្កែអនាថាខាំប្រមាណ ៤០ ម៉ឺនករណីកើតឡើងក្នុងឆ្នាំ ២០១៧ បានកើនឡើងរហូតដល់ ៣០ ម៉ឺនករណីពីឆ្នាំ ២០១៤។ មនុស្ស ២៣១ នាក់បានស្លាប់រយៈពេល ៤ ឆ្នាំចុងក្រោយពីរបួសរ៉ាំរ៉ៃដែលភាគច្រើនកើតពីបញ្ហាជំងឺតេតាណូស។
គ្មានទិន្នន័យផ្លូវការពីចំនួនឆ្កែអនាថានោះទេ តែការស្ទង់មតិមួយដែលធ្វើឡើងដោយ SPCA បានបង្ហាញថា ពួកវាទំនងជាមានចំនួនជាង ១៥ លានក្បាល។ អាជ្ញាធរអេហ្ស៊ីបបាននិយាយថាពួកគមិនអាចអន្ដរាគមន៍ទៅតាមករណីនោះទេ។
អ្នកនាំពាក្យក្រសួងកសិកម្មលោក ហាមេដ អាប់ដេល ដាយេម បាននិយាយថា៖ «យើងមិនដើរល្បាតតាមដងផ្លូវស្វែងរកឆ្កែដើម្បីសម្លាប់ទេ។ យើងគ្រាន់តែចាត់វិធានការទៅតាមពាក្យបណ្ដឹងពលរដ្ឋប៉ុណ្ណោះ»។
ប្រធាន Red Sea ថែមទាំងបានផ្ដល់ប្រាក់ ១០០ ផោនអេហ្ស៊ីប (៥,៥៨ ដុល្លារ) ជាប្រាក់រង្វាន់ដល់អ្នកដែលចាប់ និងប្រគល់ឆ្កែយ៉ាងតិច ៥ ក្បាល។ ក្រុមអង្គការសិទ្ធិសត្វបានព្យាយាមស្វែងរកដំណោះស្រាយដោយការផ្លាស់លំនៅឆ្កែអនាថាពីចិញ្ចើមផ្លូវទៅផ្ទះថ្មីរបស់ពួកវា។
ដើម្បីរក្សាឆ្កែ ២៥០ ក្បាលឲ្យរស់ប្រកបដោយសុវត្ថិភាពរយៈពេល ៣ ឆ្នាំចុងក្រោយ អាមេដ អាល់សរបាហ្គី អាយុ ៣៥ ឆ្នាំបានបើកជំរំសត្វឆ្កែ ២ លើតំបន់វាលខ្សាច់ភាគខាងលិចក្រុងគែរក្បែរប្រាសាទពីរ៉ាមីត ហ្គីហ្សា។
លោកបានឲ្យដឹងថា៖ «ជំនួសឲ្យការចំណាយរាប់លានដុល្លារនាំចូលថ្នាំពុល រដ្ឋគួរតែពិចារណាលើថ្នាំបង្ការកំណើតសត្វវិញ»៕ HR