ភ្នំពេញ៖​ សមាគម​អ្នក​និពន្ធ​​ខ្មែរ​សហការ​ជាមួយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នឹង​រៀបចំការ​​ប្រកួត​ជ្រើសរើស​​ស្នាដៃ​តែង​និពន្ធ​រឿង​ខ្លី «ពាន​រង្វាន់​អក្សរ​សិល្ប៍​ស្លឹក​រឹត»​​ លើកទី ១​ នៅ​​​ឆ្នាំ ​២០២០ ​ខណៈ​បេក្ខជន​ត្រូវ​សរសេរ​​ឲ្យ​ឆ្លុះ​​​បញ្ចាំង​​ទៅ​តាម​​ប្រធានបទ​រួម ​«ជីវិត​រស់នៅ​​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​​កម្ពុជា​​ក្នុង​របប​​កម្ពុជា​ប្រជាធិបតេយ្យ ​ប៉ុល ​ពត​»​។​

បើ​យោង​​តាម​សេចក្តី​ជូន​ដំណឹង​​នៅ​លើ​គេហទំព័រ​​ផ្លូវ​ការ​របស់​សមាគម​​អ្នក​និពន្ធ​ខ្មែរ​កាល​ពី​ចុង​សប្តាហ៍​កន្លង​មក​​​​ ក្រោយ​​ពី​ធ្វើ​កិច្ច​ប្រជុំ​​​ជាមួយ​​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​រួច​មក​​នោះ​​ក៏​​បង្ហោះ​សារ​ថា៖ «​សូម​ប្រគេន​ ជម្រាប​ជូន​ដំណឹង​ដល់​សមាជិក​​ សមាជិកា​នៃ​សមាគម​អ្នក​និពន្ធ​ខ្មែរ​ និង​​សាធារណជន​ទូទៅ​​មេត្តា​ជ្រាប​ថា​ ក្នុង​​គោល​បំណង​រួម​ចំណែក​ថែរក្សា ​ឯកសារ​ប្រវត្តិសាស្ត្រ​នៃ​ជីវិត​រស់នៅ ​របស់​​ប្រជាជន​ខ្មែរ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុល ពត តាមរយៈ​ស្នាដៃ​តែង​និពន្ធ ​និង​ដើម្បី​លើក​ស្ទួយ​តម្លៃ​អក្សរ​សាស្ត្រ​ជាតិ​ខ្មែរ​ សមាគម​អ្នក​និពន្ធ​ខ្មែរ​ បាន​​សហការ​ជា​មួយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​រៀបចំ​​ប្រកួត​​​ជ្រើសរើស​ស្នាដៃ​តែង​និពន្ធ​រឿង​ខ្លី «ពាន​រង្វាន់​អក្សរ​សិល្ប៍​ស្លឹក​រឹត»​ លើក​ទី ១ ឆ្នាំ ២០២០ នៃ​ប្រធាន​បទ​ថា ​​​«​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​​​កម្ពុជា​​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ​ប៉ុល ពត»។

លោក បណ្ឌិត​ ព្រឿង ប្រណីត​ ជា​ប្រធាន​​សមាគម​អ្នកនិពន្ធ​ខ្មែរ បាន​ថ្លែង​​ឲ្យ​ដឹង​ពី​លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើស​ស្នាដៃ​និពន្ធ​សំខាន់​ទាំង​ ៣ ចំណុច​ ​​​នៃ​ការ​​ប្រកួត​តែង​និពន្ធ​រឿង​ខ្លី ពាន​​រង្វាន់​អក្សរ​សិល្ប៍​ស្លឹក​រឹត លើក​ទី ១ នេះ​​ថា៖ «ចំណុច​ទី១ ​ខ្លឹមសារ​រឿងខ្លី​ ជា​​​ស្នាដៃ​និពន្ធ​ថ្មី​ ត្រូវ​តែ​និយាយ​​អំពី​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា​​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ​ប៉ុល ​ពត ​ ប៉ុន្តែ​មិន​សង្កត់​​ធ្ងន់​ទៅ​លើ​តែ​ប្រធានបទ​ឧក្រិដ្ឋកម្ម​យង់​ឃ្នង​កាប់​សម្លាប់​ទេ​។ ចំណុច​ទី២​​ ចំនួន​​​សំណេរ​​មាន​​​ចន្លោះ​​ពី ៥ ​​ដល់ ១៥ ទំព័រ សម្រាប់​​​​​អត្ថបទ​វាយ​ដោយ​កុំព្យូទ័រ​ ឬ​សំណេរ​​ដៃ​មាន​ចំនួន​ពី ១០ ​ដល់ ២០ ​ទំព័រ។ ចំណុច​ទី​៣ ​សំណេរ ​គឺ​សរសេរ​លើ​ក្រដាស A4 មាន​ពុម្ព​អក្សរ​ខ្មែរ​ អូ.អេស​ សៀមរាប (Khmer OS Siem​reap) មាន​ទំហំ ១២ មិន​ដាក់​ក្បាល ​ឬ​ជើង​ទំព័រ​នោះ​ឡើយ​»។

លោក ព្រឿង ប្រណីត ប្រធានសមាគមអ្នកនិពន្ធខ្មែរ​។ រូបថត KWA

លោក​បណ្ឌិត​ ក៏​​បាន​ឲ្យ​ដឹង​ពី​លក្ខណ​សម្បត្តិ​សម្រាប់​បេក្ខជន​​ចូលរួម​ប្រកួត​ដែរ​ថា៖ «បេក្ខជន​ដែល​អាច​ចូល​​រួម​ប្រកួត​​បាន​ គឺ​ទី១​​ ជា​អ្នក​និពន្ធ​ និង​សាធារណជន​ ​ជនជាតិ​ខ្មែរ​ ឬ​បរទេស (​មាន​សមត្ថភាព​​អក្សរ​សិល្ប៍​)​។ ទី២ ជា​​អ្នក​រស់រាន​មាន​ជីវិត​ពី​​សម័យ ប៉ុល ​ពត និង​ធ្លាប់​មាន​រឿង​រ៉ាវ​​នៅ​ក្នុង​​សម័យ​​នោះ។ ទី​៣ ​ជា​អ្នក​ធ្លាប់​ឮ​រឿងរ៉ាវ​ពិត ​ដែល​រៀបរាប់​ឡើង​វិញ ដោយ​អ្នក​រស់​​រាន​មាន​ជីវិត​​ពី​សម័យ ប៉ុល ​ពត។ ​ស្នាដៃ​​រឿង​ខ្លី​ចំនួន ១០ រឿង ​នឹង​ត្រូវ​ជ្រើសរើស​ផ្ដល់​ជា​​​ពាន​រង្វាន់​ រួម​​មាន ​​ពាន​​កិត្តិយស​ វិញ្ញាបនបត្រ​ និង​ថវិកា​ហើយ​​ស្នាដៃ​ ដែល​បាន​ជ្រើសរើស​​នឹង​ត្រូវ​បោះពុម្ព​ និង​ពិចារណា​ផលិត​ជា​ភាពយន្ត​ខ្លី ​ឬ​បទ​ចម្រៀង»។

សមាជិក​ សមាជិកា​នៃ​ស.អ.ខ និង​សាធារណជន​​ ​ដែល​​​មាន​បំណង​ចូលរួម​ប្រកួត​ សូម​ផ្ញើ​​ស្នាដៃ​មក​សមាគម​អ្នក​និពន្ធ​ខ្មែរ​​ ចាប់​ពី​ថ្ងៃទី​ ១​ ខែ​ តុលា​ ដល់​​ថ្ងៃ​ទី ៣០ ខែ​ វិច្ឆិកា​ ឆ្នាំ ២០១៩ ​​ត្រឹម​​ម៉ោង ១៧.​​០០ នាទី​ជា​កំណត់​។ ចំពោះ​ការ​ទទួល​នៅ​​ទីស្នាក់ការ​​សមាគម​​អ្នក​និពន្ធ​ខ្មែរ នៅ​ក្នុង​បរិវេណ​​​វត្ត​​បទុមវតី​​ ភ្នំពេញ​ ឬផ្ញើ​តាម​សារ​អេឡិចត្រូនិក Khmer​writer​kwa ​@​​g​mail​.​com​​​ ឬក៏​​តាម​​​ទូរស័ព្ទ​ ០៨៩ ៨៥៦ ៧៦៤​ ​/​០១២ ៧៩២ ៩៥៩៕​