ភ្នំពេញ៖ ថ្មីៗនេះពិធីការិនីទូរទស្សន៍ និងតារាសម្តែងស្រី ដែលរយាលពីការថតកុនសម្រស់កាន់តែផូរផង់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានបង្កើតភាពភ្ញាក់ផ្អើលខ្លាំងដល់មហាជនជាមួយការបង្ហោះរូបកៀកកិតនឹងបុរសរូបសង្ហា មានត្រេមុខដូចជាកូនកាត់ចិនតាមបណ្ដាញសង្គមហ្វេសប៊ុក។
មួយរំពេចក្រោយមកនោះ ក៏មានអ្នកគាំទ្រជាច្រើនបង្ហាញការអបអរសាទរ ដោយប្រើជាសញ្ញារូបបេះដូង បង្ហាញការស្រឡាញ់ និងចុច Like ហើយក៏មានក្រុមអ្នក Comment យ៉ាងច្រើនជាហូរហែ។
គេឃើញមានអ្នកខ្លះលើកឡើងថា៖ «អ៊ីយ៉ា! ទីបំផុតកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ហ៊ានបង្ហាញមុខមាត់គូស្នេហ៍ជាម្ចាស់បេះដូងខ្លួនហើយទេតើ!»។
ការពិតបុរសរូបសង្ហាដែលកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បណ្តើរដូចមានក្នុងហ្វេសប៊ុកនោះ ភ្នំពេញ ប៉ុស្តិ៍ ក៏មិនអាចទទួលការបញ្ជាក់ពីតារាស្រីរូបនេះបានទេ ដោយសារប្រព័ន្ធទូរស័ព្ទ ដែលធ្លាប់ទាក់ទងពីមុននាពេលនេះមិនអាចទំនាក់ទំនងបាន។
ដោយឡែករឿងសម្ព័ន្ធស្នេហាផ្ទាល់ខ្លួននេះ ទោះបីជាមិត្តរួមសិល្បៈស្រីៗស្របាលគ្នា បានរៀបការជិតទៅហើយនោះ នាពេលកន្លងមកកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ធ្លាប់បានព្រលយថា៖ «ចំពោះរឿងនេះ ខ្ញុំមិនបានយកចិត្តទុកខ្លាំងនោះទេ ហើយចាំមើលតាមពេលវេលាទៅចុះពេលណា គឺពេលណុងទៅចុះ ចំណែកឯអ្នកគេរៀបការមុននោះ សូមឱ្យគេទៅមុនចុះ»។
បើតាមកត់សម្គាល់នោះ មួយរយៈចុងក្រោយនេះ តារាសម្តែង និងពិធីការិនី កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ហាក់ដូចជាមានភាពរយាលនឹងការសម្តែងសិល្បៈបន្តិច ដោយសារមានការមមាញឹកនឹងការបើកអាជីវកម្មលក់គ្រឿងសម្អាងកាយម៉ាក U.Me និង ELMA ជាផលិតផលកំពុងល្បីនៅកម្ពុជា ដែលជាដើមចមមួយនៃអាថ៌កំបាំងសម្រស់ស្រស់ស្អាត នៅក្មេងជានិច្ចរបស់កញ្ញាទៀតផង។
អមនឹងរូបថតស្លៀកពាក់បែបប្រពៃណីមួយសន្លឹកមានទឹកមុខញញឹមស្រស់ពព្រាយនោះ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ក៏បានបង្ហោះសារ ១ ឃ្លាថា៖ «ឆ្នាំនឹងអត់ទាន់ការ ព្រោះកូវីដចាំឆ្នាំក្រោយ (kidding)»។
មានអ្នកខ្លះសរសេរថា៖ «អ៊ីចឹងហ្វេន (អ្នកគាំទ្រ) ជិតបានញ៉ាំការបងភិមានហើយ។ សុំធ្វើកូនព្នាយផងបង។ ចង់ឃើញកូនកំលោះអាយដល់ (idol) សុំប្រាប់ការផង!»។
ឯអ្នកខ្លះនិយាយថា៖ «Idol ចេះលេងសើចទៀត។ កំប្លែងស្ងួតណាស់អាយដល់ខ្ញុំ។ ឆ្នាំក្រោយក៏បាន Ok! គឺលើកទៅឆ្នាំក្រោយ ហើយបងប្អូនយើង!»៕