ភ្នំពេញៈ ខណៈ​ដែល​ក្រុម​តារា​ប្រុស​ស្រី​ភាគច្រើន​មាន​គម្រោង​នាំ​សមាជិក​គ្រួសារ ឪពុក​ម្តាយ​ជា​អ្នក​មាន​គុណ ទៅ​កម្សាន្ត​នៅ​ទី​នា​នា​ក្នុង​ប្រទេស ឬ​ចេញ​ទៅ​ក្រៅ​ប្រទេស ឬក៏​ទៅ​លេង​ស្រុក​កំណើត​ដើម្បី​បាន​ជួបជុំ​ញាតិ នា​ឱកាស​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ខាង​មុខ​នោះ បែរជា​​ពិធី​ការិនី​ទូរទស្សន៍​បាយ័ន និង​តារា​សម្តែង​ស្រី​ស្រស់​សោភា កញ្ញា កែវ ផល្លីកា បាន​ជួប​ទុក្ខ​ធំ​ដោយ​អ្នក​ម្តាយ​បង្កើត​ជា​ទី​ស្រឡាញ់​បាន​ទទួល​មរណភាព កាល​ពី​​ថ្ងៃ​អាទិត្យ នា​ចុង​សប្តាហ៍​កន្លង​មក​ក្នុង​វ័យ ៦៦ ឆ្នាំ។

ក្រោយពី​បាន​បូជាសព​ម្តាយ ដែល​ធ្វើ​នៅឯ​វត្ត​សំពៅ​មាស ហើយ​ក៏បាន​នាំយក​ធាតុ​មក​ទុក​នៅផ្ទះ និង​គ្រោង​រៀបចំ​ពិធី​បុណ្យ​ខួប ៧ ថ្ងៃ នឹង​ចូល​នា​ល្ងាច​ថ្ងៃ​ទី ១៣ ខែ​មេសា និង​បង្ហើយ​បុណ្យ​ថ្ងៃ​ទី ១៤ ខែ​មេសា ឆ្នាំ ២០១៨ គឺ​ចំ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ផង​ដែរ។

អតីត​ពិធី​ការិនី​ទូរទស្សន៍ប៉ុស្តិ៍​លេខ ៣ ដែល​ទើបតែ​ចាប់បាន​ឱកាស​ក្នុង​តំណែង​ជា​ពិធី​ការិនី​ប៉ុស្តិ៍​បាយ័ន​មាន​វ័យ ២៨ ឆ្នាំ កញ្ញា​កែវ ផល្លីកា អម​ជាមួយ​ពិធីករ​ទូរទស្សន៍​លោក អៀង វិឆ័យ និង​ពិធី​ការិនី​កញ្ញា សុភ័ក្រ កុសុម៉ា នៃ​កម្មវិធី​កម្សាន្ត​ចំនួន ២ នៅ​ប៉ុស្តិ៍​ទូរទស្សន៍​បាយ័ន​គឺ​កម្មវិធី​សំនៀង​ឯក រដូវកាល​ទី ១ និង​កម្មវិធី The Melody រដូវ​កាល​ទី ១ នោះ ក៏បាន​បង្ហើប​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ដើម​ចម​នៃ​ជំងឺ​ម្តាយ រហូត​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​អាទិត្យ​ទី ៨ ខែ​មេសា កន្លង​មក និង​ការ​ធ្វើ​ពិធី​បុណ្យ​ខួប ៧ថ្ងៃ នៃ​សព​ម្តាយ​ផង​ដែរ​ថា៖ «តាម​ពិត​ទៅ ម៉ាក់​គាត់​មាន​ជំងឺ​ក្រិន​ថ្លើម ដោយ​គាត់​ឈឺ​ប្រមាណ ៤-៥ ឆ្នាំ​មក​ហើយ​យើង​ខ្ញុំ​ជា​កូនៗ ក៏បាន​ជូន​គាត់​ដើម្បី​ទៅ​ព្យាបាល​នៅ​ឯ​ប្រទេស​វៀតណាម​ផងដែរ តែ​អាការ​ជំងឺ​គាត់​ឈឺ​ធ្ងន់​ទើប​តែ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ តែ​ប៉ុណ្ណោះ ដែល​គាត់ បាន​ទទួល​អនិច្ចកម្ម​កាល​ពី​ថ្ងៃ​អាទិត្យ​មុន​នេះ​តែ​ម្តង»។

បុប្ផា​ស្រស់​មួយទង ដែលមាន​ស្រុក​កំណើត​មក​ពី​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ នៃ​គ្រួសារ​មាន​បងប្អូន​បង្កើត ៦ នាក់ (ស្រី ៥ នាក់) ខណៈ​កញ្ញា កែវ ផល្លីកា គឺជា​កូនស្រី​ពៅ​ក្នុង​គ្រួសារ និង​បាន​ចាប់​អាជីព​ជា​អ្នក​សិល្បៈ​តែ​ម្នាក់​ឯង​គត់ ដោយ​បាន​ប្រឡូក​ចូល​សិល្បៈ​តាំង​ពី​ឆ្នាំ ២០០៧ នោះ​បន្ត​ថា៖ «កាល​ពី​ថ្ងៃ​ម៉ាក​ខូច រវល់​វក់វី​ខ្លាំង​ក៏មាន​ជូន​ដំណឹង​ដល់​មិត្ត​អ្នក​សិល្បៈ​អ្វី​ទេ ហើយ​នៅ​ថ្ងៃ​បុណ្យខួប ៧ ថ្ងៃ ដែល​នឹង​ចូល​នៅ​ល្ងាច​ថ្ងៃ​ទី ១៣ និង​បង្ហើយ​ថ្ងៃ​ទី ១៤ ខែ មេសា នៅ​ផ្ទះ​នាង​ខ្ញុំ ស្ថិត​នៅ​ក្នុង​បុរី​ពិភពថ្មី​ផ្លូវ​វេង​ស្រេង ខណ្ឌ​មានជ័យ គឺ​ចំ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​តែម្តង តែ​ប្រហែល​ជា​មិន​សូវ​បាន​អញ្ជើញ​ភ្ញៀវ​ច្រើន​ដែរ​ទេ​ព្រោះ​ខ្ញុំ​គិត​ថា ជិត​ចូល​ឆ្នាំ​ថ្មី​អ៊ីចឹង​ប្រហែល​ជា​ពួក​គាត់​រវល់​ខ្លាំង»។

ឯ​បទពិសោធ​ការងារ​សិល្បៈ​វិញ កញ្ញា កែវ ផល្លី​កា បាន​ប្រឡូក​បែប​ចម្រុះ ដោយ​មាន​ទាំង​ការ​សម្តែង​ខារ៉ាអូខេ ដើរ​បង្ហាញ​ម៉ូដ និង​ពិធីការិនី​ទូរទស្សន៍ ដោយ​បាន​ចាប់ផ្តើម​តាំង​ពី​ឆ្នាំ ២០០៧ មក ខណៈ អាជីព​សិល្បៈ​ពិធី​ការិនី ដែល​នាង​ស្រឡាញ់​ជាង​គេ​នោះ ទើប​តែ​រក​បាន​ទ្រនំ​ឈរ​ជើង​នៅ​នឹង​នាពេល​ប៉ុន្មាន​ឆ្នាំ​នេះ​តែ​ប៉ុណ្ណោះ៕