ក្រុង​ឡូសអេនជឺលេស៖ កាល​ពី​ថ្ងៃ​អង្គារ​ក្រុង​ឡូសអេនជឺលេស បាន​ដាក់​បម្រាម​នូវ​ទង្វើ​កេង​ប្រវ័ញ្ច​លើ​សត្វ​កម្រ ​ដើម្បី​បម្រើ​ការ​កម្សាន្ដ​ ដោយ​​បញ្ចប់​ពិធី​ជប់​លៀង​ហ៊ីហា​របស់​ហូលីវូដ ជា​ទី​ដែល​សត្វ​ក​វែង ខ្លា និង​ថែម​ទាំង​ដំរី​ត្រូវ​បាន​ប្រើ​សម្រាប់​ផ្ដល់​ការ​សប្បាយ​ដល់​ភ្ញៀវ​។

មន្ដ្រី​មក​ពី​ក្រុង​ប្រឹក្សា​ក្រុង លោក ដាវីដ រូ ដែល​បាន​ដឹកនាំ​កំណែ​ទម្រង់​ ដែល​ក្រុម​ការងារ​បាន​ឯកភាព​ទាំង​អស់​គ្នា​បាន​និយាយ​ថា​៖ «​បញ្ហា​សត្វ​ព្រៃ​កម្រ​ត្រូវ​បាន​រំពាន​បាន​កើត​ឡើង​នៅ​នឹង​ភ្នែក​ខ្ញុំ​កាល​ពី ៤ ឆ្នាំ​មុន​ ពេល​កូន​សត្វ​ក​វែង និង​ដំរី​ត្រូវ​បាន​បង្ខំ​ឲ្យ​ដើរ​ឡើង​ភ្នំ​ហូលីវូដ​សម្រាប់​ឱកាស​ជប់​លៀង​ផ្ទះ​មួយ​»។

លោក​បាន​បន្ដ​ថា​៖ «​មិន​អាច​ទទួល​យក​បាន​ទេ​ ហើយ​យើង​ត្រូវ​តែ​បញ្ចប់​ហើយ​​ក្រុង​ឡូសអេនជឺលេស​ត្រូវ​មាន​វិធានការ​ឲ្យ​ប្រាកដ​ថា ការ​មាក់​ងាយ​សត្វ​បែប​នេះ​មិន​ស័ក្ដិសម​នឹង​តម្លៃ​របស់​យើង​ឡើយ​»។

បទប្បញ្ញត្ដិ​ដែល​ត្រូវ​ការ​ការ​គាំទ្រ​ពី​អភិបាល​ក្រុង​ឡូសអេនជឺលេស បាន​ហាម​ឃាត់​ការ​ប្រើប្រាស់​សត្វ​ព្រៃ​ ឬ​សត្វ​កម្រ​នៅ​​ក្នុង​​ពិធី​ជប់​លៀង​​តាម​ផ្ទះ​ និង​កម្មវិធី​កម្សាន្ដ​ផ្សេង​ៗ​ទៀត។​

បទប្បញ្ញត្តិ​​​ក៏​បញ្ជាក់​ពី​​ការ​ហាម​ឃាត់​នូវ​សកម្មភាព​​ជិះ​សត្វ​កម្រ ឬ​សត្វ​ព្រៃ​សម្រាប់​ការ​សប្បាយ​ផង​ដែរ។

ច្បាប់​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​អង្គការ​គាំពារ​សិទ្ធិ​សត្វ​ PETA និង PAWS ដោយ​ស្ថាប័ន​ទាំង​នេះ​លើក​ឡើង​ថា ការ​យក​សត្វ​ភេនឃ្វីន ខ្លា និង​សត្វ​ព្រៃ​ធ្វើ​ជា​គ្រឿង​កំដរ​ពិធី​ជប់លៀង ​គឺ​ជា​ការ​រំលោភ​សិទ្ធិ​សត្វ។​

ប៉ុន្តែ​សួន​សត្វ​ក្រុង​ឡូសអេនជឺលេស​ ដែល​នៅ​តែ​អាច​បង្ហាញ​សត្វ​ព្រៃ​ ដើម្បី​ផ្ដល់​ការ​អប់រំ​ ខណៈ​ការ​ប្រើប្រាស់​សត្វ​ព្រៃ​ក្នុង​រោង​សៀក​ត្រូវ​បាន​ហាមប្រាម​៕ AFP/HR