ភ្នំពេញៈ ស្ថានទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា​រួម​សហការ​ជាមួយ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន (CJCC) និង​មជ្ឈមណ្ឌល​អាស៊ី​នៃ​មូលនិធិ​ជប៉ុន (JFAC) នឹង​រៀបចំ​នូវ​ព្រឹត្តិការណ៍​ពិធីបុណ្យ​ផ្កាយ​ឆ្នាំ​ ២០១៩ ចាប់ពី​ថ្ងៃ​ទី​ ១៣ ដល់​ថ្ងៃ​ទី​ ១៤ ខែ​ កក្កដា ឆ្នាំ​ ២០១៩ នៅឯ​សាល​មហោស្រព​អង្គរគីហ្សូណា​នៃ​ CJCC នៅ​ចុង​សប្តាហ៍​នេះ​។

ជាក់ស្តែង​ពិធីបុណ្យ​ផ្កាយ​ត្រូវ​បាន​រៀបចំ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ចាប់​តាំងពី​ឆ្នាំ​ ២០០៤ មក​ក្នុង​គោលបំណង​បន្ត​ជំរុញ​នូវ​ការផ្លាស់ប្តូរ​វប្បធម៌​រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា​បន្ថែម​។ ពិធី​បុណ្យផ្កាយ​គឺជា​កម្មវិធី​បុណ្យ​ប្រពៃណី​ជប៉ុន ដែល​តែងតែ​ប្រារព្ធ​នៅ​ថ្ងៃ​ទី​ ៧ ​ខែ ​កក្កដា​ ជា​រៀងរាល់​ឆ្នាំ​នៅ​ប្រទេស​ជប៉ុន​រំឭក​ដល់​រឿង​របស់​គូស្នេហ៍​នៅ​ឋានសួគ៌​ ១ ​គូ​ គឺ​នារី​តម្បាញ និង​បុរស​គង្វាលគោ​។ បើ​តាម​តំណាល​រឿង​គូស្នេហ៍ ១ ​គូ​នេះ​ ត្រូវ​បំបែក​ដោយ​ទន្លេ​អាមាណុហ្កាវ៉ា ហើយ​អាច​ជួប​គ្នា​បាន​តែ​ម្តងគត់​ក្នុង​ ១ ​ឆ្នាំ​ គឺ​នៅ​ថ្ងៃ​ទី​ ៧ ខែ ​កក្កដា​។ ដូច្នេះ​នៅក្នុង​ថ្ងៃ​នោះ​ប្រជាជន​ជប៉ុន​នាំ​គ្នា​សរសេរ​បំណងប្រាថ្នា​របស់​ខ្លួន​ហើយ​ចង​ព្យួរ​ទៅ​នឹង​មែក​ឫស្សី​ ដើម្បី​បួងសួង​ឲ្យ​បាន​សម្រេច​តាម​អ្វី​ដែល​ខ្លួន​ប៉ងប្រាថ្នា​។

តួកុន​រឿង​ «A tale of Samurai Cooking» នឹង​បញ្ចាំង​ឆ្នាំ​ ២០១៩​។ រូប CJCC Page

ឆ្នាំ​នេះ​នឹង​មាន​កម្មវិធី​ច្រើន​ដូចជា​សិក្ខាសាលា និង​បទបង្ហាញ​ទាក់ទង​នឹង​អានីមេខូសផ្លេ ការប្រកួត​ភាពយន្ត​ខ្លី ការ​បញ្ចាំង​ខ្សែភាពយន្ត​ជប៉ុន​ ថ្នាក់​រៀន​ចម្អិនម្ហូប​ជប៉ុន សិល្បៈ​បត់ក្រដាស «​អូរីហ្គាមី​» រៀន​សិល្បៈ​កាត់​ក្រដាស «​គីរីហ្គាមី​» ការសរសេរ​អក្សរ​ផ្ចង់ «​ស្យូដូ​» សាកល្បង​ស្លៀកពាក់​ប្រពៃណី «​ក្បិន​ខ្មែរ​» និង «​យូកាតា​ជប៉ុន​» ការសាកល្បង​ស្លៀក​សម្លៀកបំពាក់ និង​លេង​កីឡា «​កេនដូ​» និង​ «​អ៊ីអៃដូ​» ថ្នាក់​រៀន​បាញ់​ធ្នូ​មរតក​ខ្មែរ​ព្រម​ទាំង​ការតាំងពិព័រណ៍​ផ្សេងៗ​នៅក្នុង​ពិធីបុណ្យ​នេះ​។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ថានទូត​ជប៉ុន​ឲ្យ​ដឹង​ថា​៖ «​ពិធីបុណ្យ​ផ្កាយ​ឆ្នាំ​នេះ​ក៏​នឹង​ផ្តោត​ជាពិសេស​លើ​ការ​សន្សំសំចៃ​បរិស្ថាន​។ ចាប់ពី​ឆ្នាំ​នេះ​តទៅ​ស្ថាប័ន​ដៃគូ​រៀបចំ​ពិធីបុណ្យ​នេះ​នឹង​ផ្តោត​ការយក​ចិត្ត​ទុកដាក់​ទៅ​លើ​ការរៀបចំ និង​ការកាត់បន្ថយ​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ជាពិសេស​គឺ​សំណល់​ប្លាស្ទិក​។ អំឡុង​ព្រឹត្តិការណ៍​ពិធីបុណ្យ​ផ្កាយ យើង​នឹង​លើក​ទឹកចិត្ត​អ្នក​ចូលរួម​ទាំងអស់​ត្រូវ​ចោល​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​ធុង​សំរាម​ដែល​បាន​បែងចែក​រួច​ជា​ស្រេច​ចៀសវាង​ការចោល​សំរាម​លើ​ដី និង​ការកាត់បន្ថយ​សំរាម​ដោយ​ប្រើប្រាស់​ជាថ្មី​។ ឧទាហរណ៍​ជាក់ស្តែង​ដូចជា​ការប្រើប្រាស់​ដប​ទឹក និង​ថង់​បរិស្ថាន​ដែល​អាច​ប្រើប្រាស់​បាន​ម្តង​ហើយ​ម្តងទៀត​។ ការលើក​ទឹកចិត្ត​នេះ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​តាមរយៈ​ការណែនាំ​របស់​និស្សិត​ស្ម័គ្រចិត្ត​សិក្ខាសាលា​ផ្សេងៗ ការសហការ​ពី​ម្ចាស់​ស្តង់​លក់​ផលិតផល​ដូចជា ការលក់​បញ្ចុះ​តម្លៃ​ប្រសិន​បើ​ប្រើប្រាស់​ដប​ទឹក​ដែល​អាច​ប្រើប្រាស់​ឡើង​វិញ​យក​មក​ដោយ​ខ្លួនឯង ឬ​ការមិន​ផ្តល់​ឲ្យ​នូវ​ថង់ ឬ​ទុយោប្លាស្ទិក​»​។

នាឱកាស​ប្រារព្ធ​ពិធី​បុណ្យ​ផ្កាយ​ឆ្នាំ​នេះ​ក៏​មាន​កម្មវិធី​សំខាន់ៗ​មួយ​ចំនួន​ទៀត​ដែរ​ដូចជា ការប្រឡង​ចម្រៀង​ណូដូជីម៉ាន់​ឆ្នាំ​ ២០១៩ ការប្រគំ​តន្រី្ត​មេឡូឌីខ្មែរ ការសម្តែង​ដោយ​ក្រុម​ចម្រៀង និង​របាំ​ដ៏ល្បី​របស់​ជប៉ុន​ឈ្មោះ TEPURA KIDZ និង​មាន​ការ​ចាក់ខ្សែ​ភាពយន្ត​ជប៉ុន​ដ៏ល្បី​រឿង «A tale of Samurai Cooking-A True Love Story» ផង​ដែរ​៕

ឈុត​សម្តែង​ក្នុង​​រឿង​ «A tale of Samurai Cooking» នឹង​បញ្ចាំង​ឆ្នាំ​ ២០១៩​។ រូបថត CJCC Page ​