ភ្នំពេញៈ បណ្តុំស្នាដៃសិល្បៈ ២ ផ្សេងគ្នាគឺកុលាលភាជន៍ និងចម្លាក់ផ្គុំពីដែកមានចំនួនសរុប ៥៤ ស្នាដៃរបស់សិល្បករ ២ រូបគឺលោក អ៊ុក សុជាធី និងលោក អ៊ូ វណ្ណឌី នឹងបើកការតាំងពិព័រណ៍បង្ហាញអ្នកទស្សនាចាប់ពីល្ងាចថ្ងៃទី ២០ ខែមិថុនាឆ្នាំ ២០១៩ នៅវិចិត្រសាលសិល្បៈនៃវិទ្យាស្ថានបារាំង ។
ការតាំងពីពិព័រណ៍នេះលោក អ៊ូ វណ្ណឌី គឺជាជាងចម្លាក់បានបញ្ចប់ការសិក្សាសិល្បៈនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនៅរាជធានីភ្នំពេញ ហើយលោកក៏ជាសាស្ត្រាចារ្យបង្រៀនជំនាញនេះដែរ ក្រោយពីបានបញ្ចប់ការសិក្សានៅវិទ្យាស្ថានជាតិអប់រំនោះហើយចម្លាក់លោកតែងយកគំរូស្នាដៃច្នៃតាមរឿងរ៉ាវនៃទេវកថា។ ចំណែកឯលោក អ៊ុក សុជាធី ក៏បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈពីវិទ្យាស្ថានជាតិអប់រំនៅស្រុកខ្មែរ និងបញ្ចប់ថ្នាក់បណ្ឌិតសភាសិល្បៈពីក្រុងហាងចូវ ប្រទេសចិនដោយលោកគឺជាសិល្បករដ៏សំខាន់ម្នាក់ខាងសិល្បៈកុលាលភាជន៍នៅកម្ពុជា ដែលលោកត្រូវបានគេស្គាល់តាមរយៈការបង្រៀនមុខវិជ្ជានោះ។
បើតាមលោក ឆុន ប៊ុនឈឿន ជាបុគ្គលិកផ្នែកទំនាក់ទំនងព័ត៌មាននៃវិទ្យាស្ថានបារាំងនៅកម្ពុជាបានឲ្យដឹងពីស្នាដៃសិល្បករទាំង ២ មកដាក់តាំងពិព័រណ៍ថា៖ «លោក អ៊ុក សុជាធី មានវត្ថុសិល្បៈជាកុលាលភាជន៍ចំនួន ២៩ ស្នាដៃដោយវត្ថុសិល្បៈដែលនឹងត្រូវដាក់តាំងនោះសុទ្ធសឹងតែគេមិនធ្លាប់ឃើញពីមុនមក និងបង្កើតថ្មី ពិសេសសម្រាប់ពិព័រណ៍នេះ។ ចំណែកលោក អ៊ូ វណ្ណឌី ស្នាដៃស្តែងចេញពីការផ្គំសម្ភារគ្រឿងដែកដែលគេប្រើប្រាស់រួចមកធ្វើជាចម្លាក់រូបសត្វ ឬរូបផ្សេងៗតាមប្រភេទទំហំ ។ ដូចជារូបចម្លាក់គោព្រៃដែលត្រូវបានដាក់តាំងបង្ហាញលើកដំបូងក្នុងពិព័រណ៍ស្នាដៃសិល្បៈនៅស្ថានទូតបារាំង និងនៅមុខខ្លោងទ្វារចូលនៃវិទ្យាស្ថានបារាំងគឺជាសក្ខីភាពពីលក្ខណៈធំសម្បើមមួយ។ ក្នុងពិព័រណ៍លើកនេះលោកមានស្នាដៃចំនួន ២៥ វត្ថុសិល្បៈ»។
លោក អ៊ូ វណ្ណឌី ជាសិល្បករចម្លាក់ដោយលោកបានសាងរូបចម្លាក់តាមរូបនានានៅក្នុងរឿងទេវកថាដែលប្រែក្លាយជាស្នាដៃបែបសម័យបុរាណ ឬសហសម័យ។ តួយ៉ាងរូបចម្លាក់គោព្រៃធំសម្បើមរបស់លោកដែលធ្វើពីច្រវាក់ ដាក់តាំងនៅមុខវិទ្យាស្ថានបារាំងនៅក្នុងពិព័រណ៍កន្លងមកមានឈ្មោះថា «ដំណើរត្រាច់ចរសិល្បៈ» គឺបានបញ្ជាក់យ៉ាងច្បាស់ ។ រីឯសម្រាប់ពិព័រណ៍លើកនេះលោក អ៊ូ វណ្ណឌី នឹងបង្ហាញស្នាដៃថ្មីៗទៀតនៅក្នុងបរិវេណសួនច្បារនៃវិទ្យាស្ថានបារាំងដែលនឹងត្រូវប្រែក្លាយជាសួនរូបចម្លាក់ធ្វើពីគ្រឿងដែកផងដែរ។
ដោយឡែកស្នាដៃលោក អ៊ុក សុជាធី ធ្លាប់បានដាក់តាំងបង្ហាញជាញឹកញាប់នៅវិចិត្រសាលឯកជននានានៅប្រទេសកម្ពុជាក៏ដូចជា នៅសារមន្ទីរជាតិភ្នំពេញ សារមន្ទីរជាតិសៀមរាប និងនៅស្ថាប័នអន្តរជាតិធំៗផងដែរដូចជា នៅឯមជ្ឈមណ្ឌលរោងជាងសិល្បៈ (Workhouse Arts Center) នៅឯទីក្រុងឡតតុន (Lorton )សហរដ្ឋអាមេរិកនៅសារមន្ទីរកុលាលភាជន៍នៅក្នុងខេត្តយីស៊ីន (Yixing) នៃប្រទេសចិននៅក្នុងវិចិត្រសាលក្រុងស៊ាងហៃ ឬនៅមជ្ឈមណ្ឌលវប្បធម៌បារាំងក្នុងក្រុងសិនដៃ (Sendai) នៃប្រទេសជប៉ុន។ ចំពោះស្នាដៃរបស់លោកភាគច្រើននោះគឺបានរំលេចនូវលោហធាតុវិទ្យាព្រះពុទ្ធ ដែលជាប្រភពនៃគំនិតរបស់លោក។
ពិព័រណ៍ស្នាដៃរបស់សិល្បករទាំង ២ រូបនេះនឹងត្រូវដាក់តាំងបង្ហាញចាប់តាំងពីថ្ងៃទី ២០ ខែមិថុនានេះបន្តរហូតដល់ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៩ ខាងមុខនេះ៕