ខេត្ត​កណ្តាល៖ ប្រជាកសិករ​មក​ពី​កសិដ្ឋាន និង​គ្រួសារ​​ចិញ្ចឹម​សត្វ​គោ​ចំនួន​ ​៧ រស់នៅ​​ស្រុក​នានា​ នៅ​​ក្នុង​ខេត្ត​​កណ្តាល និង​ខេត្ត​កំពង់ចាម​ ​បាន​នាំ​​យក​ពូជ​គោ ៣ សណ្ឋាន ដែល​​​មាន​ប្រមាណ​ជាង ១០០ ក្បាល មក​ប្រារព្ធ​ព្រឹត្តិការណ៍​តាំង​ពិព័រណ៍​គោ ការ​ដេញ​ថ្លៃ​គោ និង​ទីផ្សារ​​​សត្វ​កម្ពុជា​លើក​ទី ៣ ប្រចាំ​ឆ្នាំ ​២០១៩​ នៅ​តំបន់​អភិវឌ្ឍន៍ ​7NG នៅ​​ភូមិ​វិហារសួគ៌ ឃុំវិហារសួគ៌ ស្រុក​ខ្សាច់​កណ្តាល ខេត្ត​​កណ្តាល កាល​ពី​ចុង​សប្តាហ៍​កន្លង​មក​​នេះ​។

ព្រឹត្តិការណ៍​តាំង​ពិព័រណ៍​គោ​កម្ពុជា​លើក​​ដំបូង​នេះ ​គឺ​ធ្លាប់​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ចំនួន​ ២ ​ដង​រួច​មក​ហើយ​​នៅ​លើ​ទឹក​ដី​អរិយក្សត្រ​​ដែល​ដឹកនាំ​ដោយ​លោក​ប្រធាន​សមាគម​បង្កាត់​ពូជ​​គោ​ប្រាម៉ាន់​កម្ពុជា​កាល​ពី​ឆ្នាំ ​២០១០​ និង ​២០១១​ កន្លង​ទៅ​ តាមរយៈ​កិច្ច​សហការ​​រវាង​សមាគម​បង្កាត់​ពូជ​សត្វ​​គោ​ប្រាម៉ាន់​របស់​​​កម្ពុជា​ ក្រុមហ៊ុន 7NG​ (Cambodia ) Co,.ltd និង​គម្រោង i-​Capitalivestock ដែល​ជា​​​កម្មវិធី របស់ i-Group បាន​កំពុង​រៀបចំ​​នូវ​​​​ព្រឹត្តិការណ៍​លើក​ទី ៣ នៅ​ឆ្នាំ​នេះ​។

លោក សួស ថានិត ​អ្នក​គ្រប់គ្រង​នៃ​​​គម្រោង i-Capitalivestock របស់​កម្មវិធី i-Group បាន​ឲ្យ​ដឹង​​​ពី​ការ​​រៀបចំ​​​​ថា៖ «​ព្រឹត្តិការណ៍​​តាំង​ពិព័រណ៍​គោ​កម្ពុជា​លើក​នេះ​ ចង់​​រួម​ចំណែក​​​ជាមួយ​នឹង​​ក្រសួង​កសិកម្ម​ និង​រាជរដ្ឋាភិបាល ​គឺ​ក្នុង​គោល​បំណង​ផ្តោត​ការ​​យក​ចិត្ត​ទុក​ដាក់​យ៉ាង​សំខាន់ៗ​ ដូច​ជា​ ថែរក្សា​ការពារ ​លើក​កម្ពស់​ពូជ​គោ​​​ក្នុង​ស្រុក ​ក៏​ដូច​ជា​ការ​ចិញ្ចឹម​សត្វ​ និង​​ការ​បង្ក​បង្កើន​ផល​កសិកម្ម ដែល​​មាន​​​​​​​តាំង​ពី​បរម​បុរាណ​​មក​ឲ្យ​មាន​​តម្លៃ បង្ហាញ​ពូជ​គោសាច់​ និង​គោ​ទឹក​ដោះ​ ដែល​​​នាំ​​​​ពី​បរទេស។​​ ពូជ​គោ​ក្នុង​ស្រុក ​ពូជ​គោ​ប្រាម៉ាន់​​ ដែល​នាំ​មក​ពី​​​អាមេរិក និង​អូស្រ្តាលី​ ឬ​​ពូជ​សត្វ​គោ ហូស្តេន​ប៊ីហ្វាម៉ាស្ទ័រ (Hotein​Beefa master) ​​មក​​ពី​​​​តំបន់​​ឥណ្ឌូ-ប្រេស៊ីល​ ជា​ដើម​»។ ​

ប្រជាកសិករ​នៅ​ខេត្ត​កណ្តាលនាំ​​ពូជគោ​ល្អៗចូល​រួម​ក្នុង​ពិព័រណ៍​​​​។សហការី

លោក​ សួស ថានិត បន្ត​ថា៖ «​យើង​ក៏​​​​បញ្ជ្រាប​បច្ចេកទេស​ និង​វិធីសាស្រ្ត​ថ្មីៗ​​​​ចិញ្ចឹម​គោ​ឲ្យ​ទទួល​​បាន​ជោគជ័យ ដើម្បី​​ស្តារ និង​លើក​កម្ពស់​ជីវភាព​​​ប្រជាកសិករ​ដែល​ប្រកបរបរ​ចិញ្ចឹម​​សត្វ​​​ជា​លក្ខណៈ​គ្រួសារ​ឲ្យ​មាន​ជីវភាព​​ធូរធារ​ដែរ​។ ​ជា​ពិសេស ការ​ផ្តោត​​លើ​សុខភាព​ប្រើប្រាស់​កសិផល​ កសិកម្ម​តែ​ម្តង​។​​

ព្រឹត្តិការណ៍​នេះ​​រៀបចំ​ឡើង​ក្នុង​ទិសដៅ​ប្រមូល​​ផ្តុំ​អ្នក​ស្រឡាញ់​សត្វ​ចិញ្ចឹម​ និង​ដាំ​បន្លែ ផ្លែ​ឈើ ​សុវត្ថិភាព​ទាំង​អស់​មក​បង្ហាញ​ដេញ​ថ្លៃ ​និង​ចែក​រំលែក​បទពិសោធ​បច្ចេកទេស​​ផ្សេងៗ​ក្នុង​វិស័យ​កសិកម្ម ដើម្បី​ឲ្យ​មាន​ភាព​ជឿនលឿន​ ដូច​ប្រទេស​ជិត​ខាង​»។​

លោក​ សួស ថានិត​ បង្ហើប​ឲ្យ​ដឹង​​ថា​៖ «​សម្រាប់​ពូជ​គោ​ យើង​មាន​បង្ហាញ​ជូន​ដល់​ប្រជាកសិករ​​នូវ​​ប្រភេទ​​​សត្វ​គោ​ ៣ សណ្ឋាន​ធំៗ​គឺ​ ទី​១ ពូជ​គោ​ប្រាម៉ាន់ ​នាំ​មក​ពី​អាមេរិក និង​​អូស្រ្តាលី ទី​២​ ជា​គោ​ចិញ្ចឹម​​​​យក​ទឹក​ដោះ​ ដែល​មេ​គោ ​១ ​អាច​​ផ្តល់​ទឹក​ដោះ​​​​​ចំណុះ​ដល់​ ២៥ លីត្រ​ ក្នុង​​មួយ​ថ្ងៃ​ និង​ទី​៣​​ គោ​ចិញ្ចឹម​សម្រាប់​កាប់​សាច់​ ដែល​​ប្រើ​បច្ចេកទេស​ចិញ្ចឹម​​​រយៈពេល ​៤ ខែ ​គោ​មួយ​ក្បាល ​អាច​​​មាន​ទម្ងន់​ជាង ​១០០ គីឡូក្រាម​ បាន​បើ​ប្រៀប​នឹង​វិធី​ចិញ្ចឹម​​តាម​របៀប​បុរាណ​នោះ គឺ​គោ​មួយ​ក្បាល​អាច​មាន​ទម្ងន់​ចន្លោះ​តែ​ត្រឹម​ ​៥០-៦០ គីឡូ​ក្រាម ប៉ុណ្ណោះ ក្នុង​រយៈពេល​ ៤​ ខែ​ដូច​គ្នា។

ខណៈ​​តម្លៃ​ខ្លួន​នៃ​សត្វ​គោ​​រស់​ប្រភេទ​ប្រាម៉ាន់ ​វិញ​ ១​ ក្បាល អាច​លក់​បាន​ក្នុង​​​​តម្លៃ​ចន្លោះ​ពី ​២ ៥​០០ ដុល្លារ ​ដល់​ខ្ទង់​ម៉ឺន​ដុល្លារ​ផង​ដែរ គឺ​អាស្រ័យ​ទៅ​លើ​​ភិន​ភាគ​នៃ​រូប​រាង​ មាឌ ឆ្អឹង និង​សាច់​ឈាម​របស់​​វា​»៕​