ភ្នំពេញ៖ កញ្ញា អាដាណា សុវណ្ណរស្មី ម៉ម ឡឺហ្គ្រោស វិចិត្រការិនី​ស្វ័យសិក្សា​បាន​ប្រែ​ក្លាយ​ពី​​ការ​ឈឺ​ចាប់​នៃ​ជំងឺ​មហារីក​បង្កើត​ជា​ស្នាដៃ​សិល្បៈ​គំនូរ​បង្កប់​ន័យ​​​រៀប​រាប់​អំពី​ការ​​ពុះពារ​នឹង​​ឆាក​ជីវិត និង​បញ្ហា​សង្គម​កំពុង​ប្រឈម​។

ពិព័រណ៍ «​Complementarity​» ដែល​រំលេច​នូវ​គំនូរ​បង្កប់​ន័យ​ ៤ ​ផ្ទាំង និង​រូបថត​ ៧ ​សន្លឹក របស់​វិចិត្រការិនី អាដាណា សុវណ្ណរស្មី ម៉ម ឡឺហ្គ្រោស និង​​កញ្ញា ទី តាអាត ជា​ជាង​ថតរូប​ចំណាន​ម្នាក់ ត្រូវ​បាន​​តាំង​បង្ហាញ​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​វឌ្ឍនៈ​កាពីតូល រ៉ូសវូដ​ នៅ​ថ្ងៃទី ៩ ខែកញ្ញា ​​​បន្ដ​ដល់​ថ្ងៃ​ទី ១០ ខែ ​មករា ឆ្នាំ ​២០២១។

ជាមួយ​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​សកម្មជន​ការពារ​ស្ដ្រី និង​កុមារ យុវតីកូន​កាត់​ខ្មែរ​-​បារាំង វ័យ ២៤ ​ឆ្នាំ​រូប​នេះ មិន​​ធ្លាប់​គិត​ប៉ង​កាន់​ជក់​គូរ​គំនូរ​អ្វី​ឡើយ​។ លុះ​ដល់​ឆ្នាំ ​២០១៦ ជា​វេលា​គ្រប់​យ៉ាង​ដែល​បាន​ផ្លាស់​ប្ដូរ​ជីវិត​ដ៏​ស្រស់​បំព្រង​ទៅ​ជា​អាប់អួ​ នៅ​ពេល​ដឹង​ថា ខ្លួន​កើត​ជំងឺ​មហារីក​។

កញ្ញា អាដាណា បាន​ប្រាប់​ភ្នំពេញ ​ប៉ុស្ដិ៍ ​ថា​៖ «​ក្នុង​វ័យ ​២១ ​ឆ្នាំ ​ដែល​ខ្ញុំ​ទើប​តែ​​ចាប់​ផ្ដើម​ជីវិត​ ខ្ញុំ​បែរ​ជា​ត្រូវ​ប្រឈម​មុខ​​នឹង​ការ​ស្លាប់​​ខ្លួន​ឯង​។ រយៈពេល ២ ​ខែ ​ខ្ញុំ​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ហើយ​ ៦ ខែ​ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញ​ក្រៅ។ សរុប​មក​​រយៈពេល​ជិត ​១ ឆ្នាំ ​ដែល​ខ្ញុំ​សឹង​តែ​នៅ​ម្នាក់​ឯង​គ្រប់​ពេល»​។

កញ្ញា​បន្ដ​ថា​៖ «​វា​បាន​បង្រៀន​ខ្ញុំ​ជា​ច្រើន​។ ខ្ញុំ​ចាប់​ផ្ដើម​ពិចារណា​ផ្លូវ​ដែល​ខ្ញុំ​ត្រូវ​​ដើរ​។ វា​ជា​ដំណើរ​ខាង​ព្រលឹង​វិញ្ញាណ​ ការ​តាំង​សមាធិ​ ដែល​បង្រៀន​ខ្ញុំ​ឱ្យ​រឹងមាំ ​និង​អត់ធ្មត់​ យល់​ពី​តួនាទី​ដែល​ខ្ញុំ​អាច​ផ្ដល់​ដល់​សង្គម​។ ចាប់​ពី​ពេល​នោះ​ ខ្ញុំ​ក៏​ចាប់​ផ្ដើម​គូរ​»។

កញ្ញា អាដាណា បង្ហាញ​គំនូរ​ដល់​រដ្ឋមន្ដ្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ។ ហ៊ាន រង្សី

បន្ទាប់​ពី​បាន​ទទួល​ការ​ព្យាបាល​ អាដាណា ​បាន​ធ្វើ​ដំណើរ​​ទៅ​ទីក្រុង​ញូវយ៉ក​ និង​​​រៀបចំ​ការ​តាំង​ពិព័រណ៍​​គំនូរ​​​​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ ​២០១៨​ ​រួច​ទៅ​ទីក្រុង​ផ្សេងទៀត ​ដូចជា​ ស៊ីដនី ​ប៉ារីស​ ប្រ៊ុចសែល​ បាងកក​ និង​វិល​មក​ភ្នំពេញ​ និង​សៀមរាប​។

ជាង ​២ ឆ្នាំ​កន្លង​មក​នេះ ស្នាដៃ​គំនូរ​ក្នុង​ពិព័រណ៍​ សុទ្ធ​តែ​ជា​ការ​ចែក​រំលែក​​ពី​ខ្សែ​ជីវិត​របស់​ខ្លួន​ផ្ទាល់ ​និង​មេរៀន​ជីវិត​ដែល​ទទួល​បាន​ពេល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក​។ ប៉ុន្ដែ​រយៈ​កាល​ក្រោយ​នេះ​ ទាំង​គំនូរ ​និង​ការ​ចែក​រំលែក​បាន​ផ្លាស់ប្ដូរ​យ៉ាង​ខ្លាំង​។

អាដាណា ដែល​មាន​ឪពុក​ម្ដាយ​ជា​ស្ថាបនិក​អង្គការ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​មួយ បាន​ឱ្យ​ដឹង​ថា​៖ «​កាល​​មុន ​ខ្ញុំ​តែង​គូរ​រូប​មនុស្ស​ស្រី​គ្មាន​មុខ​ គ្មាន​​សក់​ ពណ៌​ស្រអាប់ៗ​ ព្រោះ​វា​បញ្ចេញ​​ពី​ភាព​ឈឺ​ចាប់​​ខ្ញុំ​ជួប​ប្រទះ​។ តែ​​បន្ទាប់​ពី​ខ្ញុំ​បាន​រៀន​ចិត្ត​វិទ្យា​ ៩ ​ខែ​ វា​បាន​រំដោះ​ខ្ញុំ​ឱ្យ​មាន​សេរីភាព​ពី​អតីតកាល​របស់​ខ្ញុំ​។ ហេតុ​នេះ​គំនូរ​ហាក់​បញ្ជាក់​ពី​ផ្នែក​រីករាយ​នៃ​ជីវិត​ខ្ញុំ​។ វា​មាន​​ពណ៌​ចម្រុះ​ ស្រ្តី​មាន​សក់​ មាន​មុខ​​​ ជាពិសេស ​ប្រធានបទ​នេះ ​ជា​អ្វី​​ដែល​សង្គម​កំពុង​ប្រឈម​​»​។​

យុវតី​រូប​នេះ​អះអាង​ថា ខ្លួន​មិន​ធ្លាប់​ឆ្លង​កាត់​ការ​សិក្សា​ជំនាញ​សិល្បៈ​ផ្នែក​គំនូរ​នេះ​ឡើយ​ ហើយ​អ្វី​ដែល​កញ្ញា​ជួប​ការ​លំបាក​ ​គឺ​ផ្នែក​ទិចនិក​នៃ​គំនូរ​ និង​ភាព​ច្នៃ​ប្រឌិត​ដែល​វិចិត្រករ​នីមួយៗ​គូរ​ចេញ​ពី​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​។

កញ្ញា​និយាយ​ថា​៖ «សម្រាប់​​សិល្បៈ​នៃ​ការ​គូរ​របស់​ខ្ញុំ គឺ​​មិន​សង្កត់​ធ្ងន់​លើ​ភាព​ស្រស់​ស្អាត​ទេ​។ តាម​ពិត​ ​ខ្ញុំ​ចង់​​ផ្ដោត​លើ​គោល​ដៅ​នៃ​ការ​ចែក​រំលែក។ ហេតុ​នេះ​ខ្ញុំ​ចំណាយ​ពេល​លើ​ផ្ទាំង​គំនូរ​​នីមួយៗ​យូរ​ណាស់»​។​

យុវតី​កូន​កាត់​រាង​ខ្ពស់​ស្រឡះ​រូប​នេះ បាន​ប្រើ​វិធីសាស្ដ្រ​គំនូរ​រូប​ផ្គុំ​ពី​ធរណីមាត្រ​ ​ពី​ព្រោះ​កញ្ញា​យល់​ថា នៅ​លើ​ភព​ផែន​ដី​នេះ​សុទ្ធ​តែ​បណ្ដុំ​នៃ​ទម្រង់​ធរណីមាត្រ​។

ក្នុង​ទឹក​មុខ​ស្រស់​ញញឹម​ដ៏​រួសរាយ​រាក់​ទាក់ កញ្ញា អាដាណា បញ្ជាក់​ថា៖ «​តាម​រយៈ​សិល្បៈ​​របស់​ខ្ញុំ​ ទាំង​សុន្ទរកថា​ ទាំង​ប្រធានបទ​ និង​ទស្សនៈ​ ខ្ញុំ​សង្ឃឹម​ថា ​ពួក​គាត់​ទទួល​បាន​នូវ​សារ​ដែល​ខ្ញុំ​ចែក​រំលែក​​។ វា​ដូចជា​ការ​ដាស់​តឿន​​ទៅ​អ្នក​ជំនាន់​ក្រោយ​ឱ្យ​ដឹង​ពី​អ្វី​ដែល​កើត​ឡើង​​នៅ​ជុំវិញ​ពិភព​លោក​ និង​យល់​ពី​តួនាទី​របស់​ខ្លួន​នៅ​ក្នុង​សហគមន៍ ​និង​ប្រទេស​ជាតិ​»​។

ភ្ញៀវ​ចូល​ទស្សនា​ពិព័រណ៍​ Complementarity នៅ​ Rosewood។ ហ៊ាន រង្សី

វិចិត្រការិនី​ដែល​ព្យាយាម​សិក្សា​អំពី​គំនូរ​ដោយ​ខ្លួន​ឯង​រូប​នេះ ចាប់​ផ្ដើម​គូរ​ដោយ​មើល​ទៅ​លើ​សារ​ដែល​ខ្លះ​ចង់​ចែករំលែក​ តាមរយៈ​ការ​ស្រាវជ្រាវ​រក​ទស្សនៈវិទ្យា​ និង​អាន​ឯកសារ​ជា​ច្រើន​រហូត​ទាល់​តែ​ប្រាកដ​ថា កញ្ញា​មាន​ចំណេះ​ដឹង​គ្រប់​គ្រាន់​ ទើប​ចាប់​ផ្ដើម​កាន់​ជក់​គូរ​។ ជាក់​ស្ដែង ​កញ្ញា​ត្រូវ​ការ​ពេល​វេលា​ស្រាវជ្រាវ​ជា​ច្រើន​ខែ និង​ចំណាយ​​ពេល​ ៤ ​ថ្ងៃ​សម្រាប់​គំនូរ ​១ ​ផ្ទាំង​។

ឈរ​ក្បែរ​គំនូរ​ ​១ ​ផ្ទាំង​ធំ​​រាង​ការ៉េ​ កញ្ញា អាដាណា បាន​ប្រាប់​ថា​៖ «​រូប​ដែល​ខ្ញុំ​ពេញ​ចិត្ត​ជាង​គេ​ គឺ​រូប​​​មាន​ពណ៌​ខៀវ​ច្រើន​ និង​មនុស្ស​ស្រី​ក្នុង​នោះ​។ រូប​គំនូរ​នេះ ពេល​ដែល​ខ្ញុំ​គូរ​ ខ្ញុំ​យំ​ខ្លាំង​ណាស់​។ តែ​បើ​និយាយ​ត្រង់ ​គឺ​ខ្ញុំ​យំ​សឹង​តែ​គ្រប់​ពេល​ ​ដោយ​ខ្លះ​យំ​ទាំង​ចិត្ដ​​អំណរ​ ហើយ​ខ្លះ​យំ​ដោយ​ភាព​ឈឺ​ចាប់​»។

កញ្ញា​បន្ថែម​ថា​៖ «​​រូប​នេះ ​ខ្ញុំ​ជូន​ដល់​ម៉ាក់​ខ្ញុំ​ជា​ពិសេស​ ព្រោះ​វា​ធ្វើ​​ឱ្យ​ខ្ញុំ​នឹក​ឃើញ​​​ពេល​ដែល​ខ្ញុំ​ជា​យុវវ័យ​។ ខ្ញុំ​​ធ្វើ​​ឱ្យ​គាត់​មិន​សប្បាយ​ចិត្ត​ជាច្រើន​។ ហេតុ​នេះ​វា​ហាក់​បញ្ជាក់​ពី​ការ​អត់​ទោស​​​សម្រាប់​ខ្ញុំ​ខ្លួន​ឯង ​និង​ម៉ាក់​។ វា​ក៏​​បាន​ធ្វើ​​ឱ្យ​ខ្ញុំ​ចងចាំ​ថា ​ពេលវេលា​ដើរ​លឿន​ណាស់។​ ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​ឱប​ក្រសោប​គ្រប់​នាទី​ដែល​ខ្ញុំ​មាន​ជាមួយ​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់»។

ជាមួយ​តម្លៃ​ចាប់​ពី ២ ៥០០ ដល់ ៤ ៥០០ ​ដុល្លារ​ កញ្ញា​ អាដាណា បាន​ឱ្យ​ដឹង​ថា តម្លៃ​នេះ​មិន​មែន​កញ្ញា​ចេះ​តែ​ដាក់​នោះ​ទេ តែ​វា​ជា​នីតិវិធី​នៃ​ពាណិជ្ជកម្ម​គំនូរ​។

ដោយសារ​តែ​នៅក្រុង​ញូវយ៉ក និង​ការ​តាំង​ពិព័រណ៍​តាម​បណ្ដា​ទីក្រុង​ដទៃ​​ទៀត​ កញ្ញា​បាន​លក់​គំនូរ​មួយ​ចំនួន​ ទើប​តម្លៃ​ត្រូវ​តែ​​កើន​ឡើង​ជា​និច្ច​ ​បើ​មិន​ចង់​ឱ្យ​ខូច​​តម្លៃ​។

ពិព័រណ៍ «Complementarity​» នៅ​វិចិត្រសាល Rosewood បើក​ទ្វារ​រៀង​រាល់​ថ្ងៃ​ ​ហើយ​ភ្ញៀវ​អាច​ចូល​ទស្សនា​ដោយ​សេរី​។

ចំពោះ​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេសប៊ុក​របស់​កញ្ញា អាដាណា @adana.titi និង​ @RosewoodPhnomPenh៕