ភ្នំពេញៈ ពិព័រណ៍ស្នាដៃគំនូរសិល្បៈគូរប្លង់នៃតំបន់អាស៊ី បែបផ្សព្វផ្សាយ និងបណ្តុះគំនិតសិល្បៈគូរភូមិសាស្ត្រនៃភពផែនដី អវកាស និងចក្កវាឡ ដែលបានដាក់តាំងស្នាដៃសិល្បៈគំនូរនានារបស់កុមារ និងនិស្សិត នៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ចំនួន ៣ ថ្ងៃ ក្រោមគម្រោងឈ្មោះថា Social Compass នោះបានបញ្ចប់កាលពីចុងសប្តាហ៍កន្លងមកនេះថានឹងមានគោលដៅទៅធ្វើបន្តនៅតាមបណ្តាខេត្តផ្សេងៗរបស់ប្រទេសកម្ពុជា។
លោក ហ៊ីដេតាកា ណាកាម៉ូរ៉ា (HIDETAKA NAKAMURA) ជាប្រធានគម្រោង Social Compass បានបង្ហើបប្រាប់គោលបំណងនៃការដាក់តាំងពិព័រណ៍ស្នាដៃគំនូរនេះថា៖ «យើងបង្កើតគម្រោងនេះឡើងក្នុងគោលដៅចង់បណ្តុះជំនាញសិល្បៈគំនូរប្លង់ដល់កុមារ ខណៈការតាំងពិព័រណ៍នៅ CJCC នេះយើងមានស្នាដៃគំនូរជាច្រើនស្តីពីបរិស្ថាន។ យើងបានដាក់ជាប្រធានធំថា «EcoCIty Projects» ដែលមានក្រុមនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ចូលរួមទៀតផង។ យើងក៏មានស្នាដៃគំនូរដែលប្រើផ្ទាំងតង់រាងពងក្រពើ (Dome) បញ្ចាំងរូបភាពស្តីពីភពផែនដី ភពអវកាស និងចក្កវាឡផងដែរ។
ដោយឡែកស្នាដៃសិល្បៈប្រភេទជាគំនូរជីវចល និងបង្ហាញពីភពអវកាស យើងបានប្រមូលពីស្នាដៃកុមារចំនួន ៣ ប្រទេសដែរគឺមានប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។
បុរសជាប្រធានគម្រោង Social Compass ជនជាតិជប៉ុនរូបនេះបន្តថា៖ «ជំនាញសិល្បៈគូរប្លង់ភូមិសាស្ត្រនេះពិតជាសំខាន់ណាស់សម្រាប់កុមារកម្ពុជា ជាពិសេសការបណ្តុះគំនិតផ្នែកបច្ចេកវិទ្យាឲ្យមានលក្ខណៈល្អអាចប្រកួតប្រជែងលើពិភពលោក។ ជាពិសេសនោះ ការប្រើបច្ចេកទេសប្រើផ្ទាំងតង់រាងពងក្រពើ (Dome) បញ្ចាំងរូបភាពស្នាដៃនានារបស់ខ្លួនតាមបច្ចេកទេសគំនូរជីវចល និងគំនូរភូមិសាស្ត្រភពអវកាស។ យើងក៏មានគម្រោងធ្វើពិព័រណ៍នេះនៅតាមខេត្តនានាដែរ ដូចជាខេត្តកណ្តាល ខេត្ត ពោធិ៍សាត់ និងព្រៃវែង»។
ចំពោះគម្រោង Social Compass មានគោលដៅសំខាន់បណ្តុះគំនិតសិល្បៈគូរភូមិសាស្ត្រនៃភពផែនដី គូរភពអវកាស និងចក្កវាឡ នេះ បានបង្កើតនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ២០១៤ មក ហើយនាពេលបច្ចុប្បន្ន គម្រោងនេះ កំពុងតែត្រូវបានប្រើប្រាស់ជាបណ្តាញមួយ ដើម្បីជួយដោះស្រាយបញ្ហានានាកើតមានក្នុងសង្គមដូចជា បញ្ហាបរិស្ថាន ការអប់រំ និងត្រូវប្រើប្រាស់ក្នុងគោលដៅផ្សេងៗទៀតផង៕