ភ្នំពេញ៖​ វិចិត្រករ​​បារាំង​លោក ហ្គីយ៉ូម រ៉េណារដ៍​ បាន​ប្រមូល​ផ្តុំ​​គំនិត​ និង​ទិដ្ឋភាព​ប្លែកៗ​ស្តីពី​សកម្មភាព​​នៃ​ជីវភាព​របស់​ប្រជាជន​ខ្មែរ​​ដែល​កំពុង​​រស់​​តាម​ដង​ទន្លេ​មេគង្គ និង​ទន្លេសាប ​បង្កើត​ស្នា​ដៃ​​​គំនូរ​​ចំនួន ២១ ផ្ទាំង​ និង​រូបថត​ ៣៣ ផ្ទាំង​ បើក​ពិព័រណ៍​​​នៅ​ក្នុង​វិចិត្រ​សាល​​នៃ​​​វិទ្យាស្ថាន​​បារាំង​ ក្រោម​ចំណង​ថា «​នៅ​​លើ​ទូក​ខ្មែរ​» ដែល​កើត​ចេញ​ពី​ដំណើរ​​កម្សាន្ត​របស់​លោក​​។​

លោក ឆុន ប៊ុនឈឿន ដែល​ជា​​បុគ្គលិក​ផ្នែក​ទំនាក់ទំនង​សារព័ត៌មាន​នៃ​វិទ្យាស្ថាន​បារាំង​​នៅ​កម្ពុជា​​បាន​ឲ្យ​ដឹង​ថា​៖ «​វិចិត្រករ​ជាតិ​បារាំង​ លោក ហ្គីយ៉ូម រ៉េណារដ៍​ ​កំពុង​បង្ហាញ​​ពិព័រណ៍​ថ្មី​មួយ​​ ក្នុង​​ភាព​ជា​​​​​ដៃគូ​ជាមួយ​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា។ ការ​អញ្ជើញ​មក​ប្រទេស​ ​កម្ពុជា ​របស់​លោក គឺ​ដើម្បី​គូរ​​រូប​គំនូរ​​​​ស្តីពី​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​កម្ពុជា​ នៅ​​​តាម​ដង​ទន្លេ​មេគង្គ​ និង​ទន្លេ​សាប​ គឺ​បាន​កើត​ចេញ​ពី​ដំណើរ​​​កម្សាន្ត​​​​​​របស់​លោក​នៅ​​ប្រទេស​ខ្មែរ​ និង​ត្រូវ​​បង្ហាញ​​​ក្នុង​​​ការ​បើក​សម្ពោធ​នា​ល្ងាច​ថ្ងៃទី ​១៩ ខែ​កញ្ញា ហើយ​​ដាក់​តាំង​​បន្ត​​ដល់​ថ្ងៃទី ​១២ ខែ ​តុលា ឆ្នាំ ​២០១៩ នៅ​វិចិត្រសាល​នៃ​វិទ្យាស្ថាន​បារាំង»។

លោក ឆុន ប៊ុនឈឿន បន្ត​ថា៖ «តាមរយៈ​គំនូរ​ព្រាង​តូចៗ​រហូត​​ដល់​ជា​គំនូរ​ផ្ទាំង​ធំៗ​ដែល​រំលេច​ការ​​ពណ៌នា​​ពី​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​កម្ពុជា​ កំពុង​​រស់នៅ​ តាម​បណ្តោយ​នៃ​តំបន់​​មាត់​ទឹក​ ​តាម​បណ្តា​​ខេត្ត​​នានា​ដូចជា​ខេត្ត​កណ្តាល​ ក្រចេះ ឬ​សៀមរាប​ ជាដើម។ លោក​នឹង​បង្ហាញ​ជូន​នូវ​គំនូរ​ចំនួន ​២១ ផ្ទាំង និង​រូបថត​ចំនួន​ ៣៣ ​ផ្ទាំង​»។​

លោក ហ្គីយ៉ូម រ៉េណារដ៍​ គូរ​រូប​គំនូរ​ពណ៌នាពី​ជីវ​ភាព​ប្រជាជន​ខ្មែរ​តាម​ទូកដរ​។សហការី

ដោយ​​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ផ្នែក​ឌីហ្សាញ ​និង​មាន​​សញ្ញាបត្រ​ពី​សាលា​ជាតិ​​ជាន់​ខ្ពស់ ​ENSCI​ លោក ​ហ្គីយ៉ូម​ រ៉េណារដ៍​ គឺ​ជា​វិចិត្រករ​បម្រើការ​ឲ្យ​សារព័ត៌មាន​ និង​គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​នៅ​​​បារាំង​។​ ការងារ​របស់​លោក ​គឺ​ចូល​​​​​ចិត្ត​ចាប់​យក​ភាព​លន្លង់​លន្លោច​​នៃ​ទីតាំង​ ដែល​បាន​ឃើញ ​និង​បាន​ជួប​ធ្វើ​ជា​សាក្សី​នៃ​ជីវិត​មនុស្ស​លោក​​។

លោក​តែង​​​គូ​ររូប​គ្រប់​ទីកន្លែង ដូច​ជា​នៅ​​​​ទីក្រុង​​ប៉ារីស ​លោក​បាន​គូរ​​រោង​ជាង​ និង​ការ​​​ធ្វើ​ដំណើរ​កម្សាន្ត​​​​ផ្សេងៗ ​ពោល​​គឺ​លោក​គូរ​​​នៅ​ទីកន្លែង​នោះ​​តែ​ម្ដង។​

លោក ​ហ្គីយ៉ូម ​រ៉េណារ​ ក៏​ត្រូវ​បាន​​អញ្ជើញ​មក​កម្ពុជា​តាម​​គំនិត​​ផ្តួចផ្តើម​របស់​វិទ្យាស្ថាន​បារាំង ​ដើម្បី​បង្កើត​​ការ​តាំង​ពិព័រណ៍​ថ្មី​មួយ​​ ស្នើ​ឲ្យ​​គូរ​អំពី​សកម្មភាព​ជីវភាព​រស់នៅ​ មាត់​ទន្លេ បឹង​ និង​ស្ទឹង​ ក៏​ដូចជា​ទូក​តូចៗ ដែល​គាត់​បាន​​ឃើញ​​ នៅ​តាម​ផ្លូវ​នា​អំឡុង​ពេល​ធ្វើ​ដំណើរ​ចំនួន​ ១០ ថ្ងៃ ​​​រហូត​មក​ដល់​គម្រោង​​​ពិព័រណ៍​នេះ។

លោក​បាន​ស្រមៃ​គូររូប​​ប្រទេស​​​ កម្ពុជា ​ដែល​សម្បូរ​ទៅ​ដោយ​​ផ្លូវទឹក ភូមិឋាន​ ​​​និង​ផ្ទះ​មាន​សសរ​ខ្ពស់​ៗ ​ព្រម​ទាំង​ផ្សារ​អណ្ដែត​នៅ​លើ​ទឹក​ ហើយ​​​​រំពឹង​ថា​​នៅ​តាម​ផ្លូវ​ទឹក​ទាំង​នេះ​មាន​កំពង់​ដ​ជា​ច្រើន​បែប​ សម្រាប់​ការ​​​ប្រើប្រាស់​ និង​ទស្សនទាន​ខុសគ្នា នា​ពេល​ធ្វើ​​ដំណើរ​ពី​​ភ្នំពេញ​ទៅ​កាន់​កោះដាច់ ខេត្ត​ក្រចេះ ​តំបន់​អង្គរ និង​តាម​ទន្លេ​សាប គឺ​លោក​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​​ដោយ​បាន​ឃើញ​កំពង់ដ​ (ទូកចម្លង) ​រាប់​ពាន់​​៕​