ភ្នំពេញ៖ ប្រសិន​​បើ​គ្មាន​​បញ្ហា​​រំខាន​​ដោយ​ជំងឺ​កូវីដ ​១៩ ទេ​​នោះ បណ្តុំ​​​​គំនូរ​​ ១០ ផ្ទាំង​ របស់​​វិចិត្រករ​​ស្រី គឿម កូឡាប នឹង​​ត្រូវ​រៀបចំ​​ដាក់​តាំង​ពិព័រណ៍​ទោល​​នៅ​​វិចិត្រសាល​​ស-ស​ ចាប់​ពី​​ថ្ងៃទី​ ​៣ ខែ​ ​ធ្នូ ឆ្នាំ ​២០២០ បន្ត​​​​​ដល់​ថ្ងៃទី ​៣០ ខែ​ ​មករា ឆ្នាំ ​២០២១។

តែ​​​ពិព័រណ៍​ទោល​ក្រោម​ប្រធានបទ​​ «កេរ​គ្មាន​​ឈ្មោះ​» បង្ហាញ​ជូន​​នូវ​កម្រង​ស្នាដៃ​​គំនូរ​ថ្មីៗ​ ដោយ​វិចិត្រករ​ស្រី​​ គឿម កូឡាប ស្តី​អំពី​សេចក្តី​​​​ខ្វាយខ្វល់​លើ​តថភាព​សង្គម និង​​បរិស្ថាន​ ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ ក៏​​​សម្រេច​​​​ធ្វើ​​ពិព័រណ៍​តាម​អនឡាញ​​​​ផង​ដែរ ដោយ​​​ចាប់​ផ្តើម​​​​ពី​ថ្ងៃ​ទី ​១៨ ខែ​ធ្នូ បន្ត​​ដល់​ថ្ងៃទី​ ​៣០​ ខែ ​មករា ឆ្នាំ ​២០២១ ដដែល នៅ​វិចិត្រសាល​ ស-ស ក្នុង​រាជធានី​ភ្នំពេញ​​។ ​​​

វិចិត្រករ​ស្រី​ដែល​មាន​ស្រុក​​កំណើត​​​នៅ​​ខេត្ត​បាត់ដំបង វ័យ​ ៣៣ ឆ្នាំ គឿម កូឡាប បាន​បង្ហើប​​ពី​ការ​តាំង​ពិព័រណ៍​ទោល​​តាម​អនឡាញ ជា​​លើក​ដំបូង​​នេះ​​ថា៖ «ខ្ញុំ​​បាន​បង្កើត​រូប​គំនូរ​ចំនួន ​១០ ផ្ទាំង​ បង្ហាញ​ពី​កង្វល់​​​នៃ​ការ​ផ្លាស់​ប្តូរ​​​ប្រជាសាស្រ្ត​​ ការប្រែប្រួល​​អាកាសធាតុ​ជាពិសេស​ ទម្លាប់​នៃ​ការ​ប្រើប្រាស់​ប្លាស្ទិក​ និង​ការ​បំពុល​ ក៏​ដូច​ជា​ផល​ប៉ះពាល់​របស់​វា​មក​លើ​​សុខុមាលភាព​នៃ​ជីវចម្រុះ​រួម​ទាំង​មនុស្ស សត្វ ​និង​ធម្មជាតិ​​ទូទាំង​​សកល​លោក»។

វិចិត្រ​​ករស្រី គឿម កូឡាប កាល​​ពី​ទទួល​រង្វាន់​ធំក្នុងការ​ប្រកួត​ White Canvas Competition ឆ្នាំ​២០២០​។ រូបថត សហការី

វិចិត្រករ​ គឿម កូឡាប បាន​បញ្ចប់​ការ​សិក្សា​នៅ​សាលា​​ហ្វារពន្លឺសិល្បៈ​​ ផ្នែក​សិល្បៈ​សូន​រូប នៅ​​ខេត្ត​បាត់ដំបង​​ក្នុង​ឆ្នាំ ​២០០៧ និង​​​បញ្ចប់​ការ​សិក្សា​​​ពី​សាលា​រចនា និង​រចនា​សិល្បៈ ​Gerard Pivat នៅ​​ប្រទេស​បារាំង​ ​​ឆ្នាំ ​២០១៤។ ​សព្វថ្ងៃ​អ្នកស្រី គឺ​ជា​គ្រូ​បង្រៀន​គំនូរ​ជីវចល​នៅ​ហ្វារពន្លឺសិល្បៈ ហើយ​ការងារ​​សិល្បៈ​ចម្បង​​​​​ស្វែង​​​យល់ពី​​មនុស្ស​ជាតិ ​​ការ​ផ្លាស់​​ប្តូរ​សង្គម​ និង​ការ​ផ្លាស់ប្តូរ​​បរិស្ថាន។​

នា​ពេល​​ថ្មីៗ​នេះ វិចិត្រករ​ គឿម កូឡាប ក៏​បាន​ឈ្នះ​ពាន​ Gold Prize​ ​ពី​កម្មវិធី​ White Canvas Competition Cambodia ២០២០ ​រៀបចំ​ដោយ Social Compass​ Cambodia ​ឈ្នះ​រង្វាន់​​ទទួល​​បាន​លិខិត​វិញ្ញាបនបត្រ ​១ ទឹក​ប្រាក់​រង្វាន់ ​១ ពាន់ដុល្លារ និង​កុំព្យូទ័រ​យួរដៃ​ផលិត​ដោយ​កូន​ខ្មែរ​​​ម៉ាក​ Koompi ១ ​គ្រឿង។​ ​

អ្នកស្រី គឿម​កូឡាប ក៏​បាន​បក​​​ស្រាយ​​អត្ថន័យ​​គំនូរ​​​ឈ្នះ​ពាន​​ដែរ​​ថា៖ «​ហេតុផល​​ដែល​​ខ្ញុំ​សម្រេច​​​​​រើស​យក​​​ប្រធានបទ​​​​ស្តីពី​ជំងឺ​កូវីដ ​១៩​ គឺ​ដោយសារ​​​តែ​វា​ជា​បញ្ហា​សង្គម​មួយ​​​កំពុង​​​​វាយ​ប្រហារ​​​​មនុស្ស​នៅ​​លើ​​សកល​​លោក​តែ​ម្តង​ មិនមែន​តែ​​​កម្ពុជា​នោះ​ទេ ហើយ​មក​ទល់​ពេល​នេះ​ វា​នៅ​​​តែ​បន្ត​គំរាម​កំហែង​មនុស្ស​​​លើ​សកល​​លោក​ដដែល និង​​មិន​ទាន់​ដឹង​ថា​ ​នឹង​ត្រូវ​បញ្ចប់​ពេល​​ណា​​នោះ​ទេ​។ ​គំនូរ​នេះ ខ្ញុំ​​បាន​​​ប្រើ​ពេល​គូរ​វា ខណៈ​ពេល​​ជំងឺ​នេះ​ចាប់​ផ្តើម​កើត​មាន​ឡើង​​រហូត​ពេល​ដាក់​ប្រកួត​។ អត្ថន័យ​​ផ្ទាំង​គំនូរ​​​ តាមរយៈ​តួអង្គ​​​​ស្រ្តី​ម្នាក់​អង្គុយ​នៅ​លើ​កៅអី​​ពាក់ម៉ាស់​ក្នុង​ទឹក​មុខ​សោកសៅ​ ភ្នែក​​​សម្លឹង​មើល​រូបថត​គ្រួសារ​ វ៉ាលិស និង​​មើល​តាម​បង្អួច​​កញ្ចក់​ ដែល​បាន​​កើត​ឡើង​ពេល​ស្ថានភាព​ប្រទេស​​នានា​​នៅ​​លើ​សកល​​លោក ​ជួប​វិបត្តិ​ជំងឺ​​កូវីដ ១៩ ​គឺ​បន្ទប់​ធ្វើ​ចត្តាឡីស័ក»៕​