ភ្នំពេញ៖ បណ្តុំ​ស្នាដៃ​គំនូរ​សហសម័យ ១៥ ផ្ទាំង ដែល​មាន​អត្ថន័យ​ឆ្លុះ​បញ្ចាំង​ពី​បញ្ហា​បរិស្ថាន​ក្នុង​ប្រទេស​កម្ពុជា វិចិត្រករ​វ័យ ៣១ ឆ្នាំ លោក ម៉ិល ចាន់ក្រឹម នឹង​បើក​សម្ពោធ​តាំង​ពិព័រណ៍​នៅ​ថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២១ នៅ​ឯ​វិចិត្រសាល Pi-Pet-Pi Gallery ក្នុង​រាជធានី​ភ្នំពេញ។ ខណៈ​ពិព័រណ៍​ស្នាដៃ​គំនូរ​ទោល​របស់​វិចិត្រករ ម៉ិល ចាន់ក្រឹម លើក​នេះ ជា​របត់​គំនិត​ថ្មី​របស់​លោក​ផង​ដែរ ដោយ​មាន​ចំណង​ជើង​ថា «ឈុត​ឆាក និង​ទេសភាព Scenes & Sceneries»។

លោក ម៉ិល ចាន់ក្រឹម វ័យ ៣១ ឆ្នាំ ជា​វិចិត្រករ​សហសម័យ ១ រូប មាន​ប្រវត្តិ​ពី​កុមារា​ធ្លាប់​ចាកចេញ​ទៅ​ធ្វើ​ការ​ជា​ពលករ​នៅ​ប្រទេស​ថៃ ដោយ​ខ្លួន​មាន​ស្រុក​កំណើត​នៅ​ឃុំ​ភ្នំដី ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ និង​មាន​អតីតកាល​ក្នុង​សង្គម​គ្រួសារ ដែល​ពោរពេញ​ដោយ​ភាព​សោកសៅ និង​ដិតដាម​ក្នុង​អារម្មណ៍។

លោក ចាន់ក្រឹម មិន​ត្រឹមតែ​ធ្លាប់​ជា​ក្មេង​ត្រូវ​ឪពុក​ម្តាយ​ទុក​ចោល មិន​រវល់​ថែ​កាល​ពី​ក្មេង ខ្សែ​ជីវិត​រស់នៅ ប្រៀប​ដូចជា​សេវាលជាតិ (ចក) រសាត់​កណ្តាល​ផ្ទៃ​ជលសា​តែ​ប៉ុណ្ណោះ ថែម​ទាំង​ក្លាយ​ជា​កូន​កំព្រា​នៅ​វ័យ ១៣ ឆ្នាំ និង​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ថៃ​ក្នុង​វ័យ​នេះ​ទៀត។

លុះ​ដល់​វ័យ ១៤ ឆ្នាំ ទទួល​បាន​ការ​បណ្តុះបណ្តាល​ជំនាញ​គំនូរ​ពី​មជ្ឈមណ្ឌល​​កុមារ​កំព្រា​កុមារ​រីករាយ ឬ KMR និង​ចូល​រៀន​នៅ​សាលា​ហ្វារពន្លឺ​សិល្បៈ​នៅ​ឆ្នាំ ២០០៦ និង​បញ្ចប់​ជំនាញ​សិល្បៈ​សូន​រូប​ឆ្នាំ ២០១៣ ហើយ​ក៏​ចាប់​អាជីព​ពី​ពេល​នោះ​មក។

សា្នដៃថ្មី​​វិចិត្រ​ករ​ ម៉ិល ចាន់ក្រឹម ក្រោម​ប្រធានបទ«ឈុតឆាក និងទេសភាព»។ សហ​ការី

កាល​ពី​ដើម​ឆ្នាំ ២០២០ លោក​បាន​រៀបចំ​តាំងពិព័រណ៍​នៅ​ឯ​វិចិត្រសាល​ជនបទ (Romcheik 5 Studio) នៅ​ខេត្ត​បាត់ដំបង ដោយ​បណ្តុំ​ស្នាដៃ​គំនូរ​បែប​សហសម័យ ដែល​អត្ថន័យ​ឆ្លុះប​ញ្ចាំង​ពី​បញ្ហា​សង្គម​ជាច្រើន​ដូចជា​ស្នាដៃ​មាន​ចំណង​ជើង​ថា «Caring 3 eras» ស្នាដៃ​ឈ្មោះ​ថា «The Market» ស្នាដៃ​ឈ្មោះ «Heart & Brain» ស្នាដៃ​ឈ្មោះ «Drought» ស្នាដៃ​ឈ្មោះ «Couple & Family» ជាដើម ដែល​សុទ្ធតែ​ជា​ស្នាដៃ​របស់​វិចិត្រករ ម៉ិល ចាន់ក្រឹម បង្កើត​ជា​គោលដៅ​បរិយាយ​ពី​បញ្ហា​សង្គម។

តែ​សម្រាប់​ដើម​ឆ្នាំ ២០២១ នេះ​វិញ វិចិត្រករ​លោក ម៉ិល ចាន់ក្រឹម ហាក់​មាន​របត់​គំនិត​ថ្មី​ក្នុង​ការ​បង្កើត​ស្នាដៃ​គំនូរ​បែប​ឆ្លុះបញ្ចាំង​ពី​បញ្ហា​បរិស្ថាន​ដែល​មាន​ដូចជា​ការ​បំផ្លាញ​ព្រៃឈើ បញ្ហា​អាកាសធាតុ​ប្រែប្រួល និង​ការ​កើន​ឡើង​កម្ដៅ​នៃ​ភពផែនដី​ជា​ដើម ខណៈ​វិចិត្រករ​ចង់​ប្រើ​ស្នាដៃ​ថ្មី​នេះ​ធ្វើ​ជា​សារ​មួយ​ក្រើន​រំឭក​ដល់​សាធារណជន​ខ្មែរ​ឱ្យ​ងាក​មក​ស្រឡាញ់​បរិស្ថាន​វិញ ដោយ​បញ្ឈប់​ការ​បំផ្លាញ​ព្រៃឈើ និង​ចូលរួម​ទាំង​អស់គ្នា​ដាំ​ដើម​ឈើ ដើម្បី​ធ្វើ​ឱ្យ​បរិស្ថាន​ល្អ​ស្អាត។

វិចិត្រ​ករ​លោក ម៉ិល ចាន់ក្រឹម ក្នុង​ការ​តាំង​​ពិព័រណ៍ស្នាដៃ​កន្លងមក។ រូបថត សហ​ការី

វិចិត្រករ ម៉ិល ចាន់ក្រឹម បញ្ជាក់​ពី​ស្នាដៃ​ជា​របត់​គំនិត​ថ្មី​នេះ​ថា៖ «ពេល​ខ្ញុំ​គូរ​រូប​ពី​ទេសភាព​ធម្មជាតិ ដែល​មាន​ព្រៃឈើ​លាយ​ឡំ​គ្នា​នឹង​ការ​រស់នៅ​របស់​មនុស្ស ខ្ញុំ​ចង់​ភ្ជាប់​ពី​បញ្ហា​រវាង​មនុស្ស និង​ធម្មជាតិ ជាពិសេស​បញ្ហា​បរិស្ថាន​តែ​ម្តង។ ជា​ចម្បង​នោះ ​គឺ​ការ​កាប់​បំផ្លាញ​ព្រៃឈើ វា​បណ្តាល​ឱ្យ​មាន​គ្រោះ​មហន្តរាយ​ច្រើន​សម្រាប់​ជីវិត​មនុស្ស និង​សត្វ ហើយ​ក៏​ជា​ចំណែក​មួយ​បង្កើត​ឱ្យ​មាន​ការ​កើន​ឡើង​កម្តៅ​នៃ​ផែនដី​ផង​ដែរ ប្រសិនបើ​នៅ​តែ​បន្ត​កាប់​បំផ្លាញ​ព្រៃ​ឈើ។ ដូច្នេះ​តាមរយៈ​គំនូរ​របស់​ខ្ញុំ​នេះ ក៏​ចង់​ផ្ញើ​សារ​សម្រាប់​បងប្អូន​ខ្មែរ​ទាំង​អស់ មេត្តា​បញ្ឈប់​ការ​បំផ្លាញ​ព្រៃឈើ ហើយ​នាំ​គ្នា​ដាំ​ដើម​ឈើ​វិញ ដើម្បី​ទទួល​បាន​នូវ​ភាព​ល្អ​ប្រសើរ​សម្រាប់​ជីវិត»។

ពិព័រណ៍​ស្នាដៃ​គំនូរ​ស្តីពី «ឈុត​ឆាក និង​ទេសភាព» ទាំង ១៥ ផ្ទាំង របស់​វិចិត្រករ ម៉ិល ចាន់ក្រឹម ចាប់​ផ្តើម​សម្ពោធ​នៅ​ថ្ងៃ​សុក្រ ទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២១ និង​ដាក់​តាំង​បន្ត​រហូត​ដល់​ថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២១។

ចំពោះ​ស្នាដៃ​គំនូរ​ទាំង ១៥ ផ្ទាំង នោះ​មាន​ទំហំ​ទាំង​តូច និង​ទាំង​ធំ ខណៈ​ទំហំ​តូចៗ ១ ផ្ទាំង មាន​តម្លៃ​ចន្លោះ ៤០០ ដុល្លារ ទៅ ៥០០ ដុល្លារ និង​ទំហំធំៗ ១ ផ្ទាំង​មាន​តម្លៃ​ចន្លោះ​ពី ១ ០០០ ដុល្លារ រហូត​ដល់ ១ ២០០ ដុល្លារ៕