ភ្នំពេញ: វា​មិនមែន​ជា​ការសម្ដែង​ក្នុង​ភាពយន្ដ​កំប្លែង​អ៊ីតាលី​ក្នុង​ឆ្នាំ​ ១៩៦៤​។ «​តោះ​ជជែក​អំពី​ស្ដ្រី​» ឬ (Let’s talk about women) គឺជា​ប្រធានបទ​ដំបូង​បំផុត​នៃ​ការអបអរ​ទិវា​សិទ្ធិនារី ដែល​រៀបចំឡើង​ដោយ Cambodia’s Ultimate Lifestyle Trend (CULT) ដើម្បី​លើកស្ទួយ​តម្លៃ​សហគ្រិន និង​អ្នក​ឌីហ្សាញ​ស្ដ្រី​ឆ្នើម​របស់​កម្ពុជា​។

អ្នកនាង Carola Krainz ទីប្រឹក្សា​ផ្នែក​ទីផ្សារ CULT បាន​និយាយថា​៖ «​ព្រឹត្ដិការណ៍​ប្រារឰ​នៅ​ថ្ងៃទី​ ១៤ ខែ​មីនា គឺ​ដំបូង​ក្នុង​ឆ្នាំ​ ២០២០ ដើម្បី​អបអរ​ទិវា​សិទ្ធិនារី ជា​ទិវា​ចំណេះដឹង​អន្ដរជាតិ​ដែល​ផ្ដោតលើ​ចលនា​សិទ្ធិនារី​ទូទាំង​ពិភពលោក​»​។

CULT ជា​វេទិកា​សម្រាប់​អ្នកឌីហ្សាញ​មាន​វិជ្ជាជីវៈ​ប្រកបដោយ​សីលធម៌​បង្ហាញ​ស្នាដៃ​ចុងក្រោយ​របស់​ពួកគេ​ឯ​ផ្សារណាត់​នៅ​ចំពោះមុខ​អតិថិជន​។ បង្កើតឡើង​ក្នុង​ឆ្នាំ​ ២០១៦ CULT បាន​នាំយក​យីហោ​ផលិតផល​មកពី​ទូទាំងប្រទេស​កម្ពុជា​ដាក់លក់​ក្រោម​ដំបូល​តែមួយ​។

អ្នកនាង Carola បាន​ឲ្យ​ដឹងថា​៖ «​យើង​មានបំណង​ចង់​ជំរុញ​យីហោ​ផលិតផល​ណា​ដែល​គោរព​តាម​គោលការណ៍​ចម្បង ៣ ​ចំណុច​ស្ដីពី​និរន្ដរភាព​បរិស្ថាន និង​ចូលរួមចំណែក​លើ​ការទ្រទ្រង់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ក៏ដូចជា​កិច្ចការពារបរិស្ថាន​»​។

អ្នកនាង​បាន​បន្ដថា​៖ «​ជា​វេទិកា​សម្រាប់​អាជីវករ​ក្នុង​ស្រុក សកម្មភាព​ចម្បង​របស់ CULT គឺជា​ផ្សារ​មួយ​ដែល​ពលរដ្ឋ​អាច​ស្វែងរក និង​ទិញ​ផលិតផល​យីហោ​និរន្ដរភាព​បំផុត​របស់​ប្រទេស​។ ប៉ុន្ដែ CULT លើសពី​ផ្សារណាត់​ដោយ​វា​ត្រូវបាន​បង្កើតឡើង​ដើម្បី​កៀរគរ​អ្នកមាន​មនសិការ​ស្រឡាញ់​បរិស្ថាន​ដោយ​ការបើក​សិក្ខាសាលា តំណាល​រឿងរ៉ាវ ការសម្ដែង និង​សកម្មភាព​វប្បធម៌​ផ្សេងៗ​អម​ដោយ​តន្ដ្រី​ពិរោះ​រណ្ដំ ព្រមទាំង​ភ្លក្ស​រសជាតិ​អាហារ និង​ភេសជ្ជៈ​ឈ្ងុយឆ្ងាញ់​»​។

ទីប្រឹក្សា​រូបនេះ​បាន​និយាយថា អ្នកចូលរួម​ទាំងអស់​គឺជា​ផ្នែក​មួយ​នៃ​បេសកកម្ម​របស់ CULT ដោយ​ការផ្សព្វផ្សាយ​របៀបរបប​រស់នៅ​ប្រកបដោយ​សីលធម៌ និង​ស្ទួយ​បរិស្ថាន​ជាមួយ​ការប្រើប្រាស់​ផលិតផល​ដែល​ឌីហ្សាញ និង​ផលិត​នៅ​កម្ពុជា​សុទ្ធសាធ​។

Carola បន្ថែមថា​៖ «​យើង​អនុញ្ញាត​ឲ្យ​តែ​យីហោ​ណា​ដែល​ផលិត​នូវ​ផលិតផល​របស់ខ្លួន​នៅ​កម្ពុជា ក្រោម​លក្ខខណ្ឌ​នៃ​សីលធម៌ ជួល​អ្នកជំនាញ​ក្នុងស្រុក ស្ថានភាព​ការងារ​ល្អ និង​ប្រាក់កម្រៃ​ឈ្នួល​សមរម្យ​»​។

មិន​ចម្លែក​ទេ ដែល CULT ជ្រើសរើស​ទិវា​សិទ្ធិនារី​ជា​ឱកាស​កៀរគរ​ស្ដ្រី​ខ្មែរ​ដែលមាន​ទេពកោសល្យ​ផ្នែក​ជំនួញ និង​ផលិតផល​របស់ខ្លួន​ឌីហ្សាញ​។

ជាង ៧៥ ​ភាគរយ អាជីវករ​ទាំងអស់​នៅ​ព្រឹត្តិការណ៍ CULT នឹងដាក់​តាំង​បង្ហាញ​ផលិតផល​របស់​ស្ត្រី​។ រូបថត សហការី

Carola បាន​លើកឡើង​ថា​៖ «​ព្រឹត្ដិការណ៍​របស់ CULT រមែង​ត្រូវបាន​រៀបចំឡើង​នៅ​ជុំវិញ​ទិវា​ចំណេះដឹង​អន្ដរជាតិ​ផ្សេងៗ រួមទាំង​ពិធីបុណ្យ​គ្រឺស្ដស្មាស់​ជាដើម​»​។

ព្រឹត្ដិការណ៍​ដំបូង​នេះ​ដែល​ហៅថា «CULT តោះ​ជជែក​អំពី​ស្ដ្រី​» បានបង្ហាញ​ពី​ស្នាដៃ​ផលិត​នូវ​ផលិតផល​ប្រចាំថ្ងៃ សម្ផស្ស ហ្វេសសិន គ្រឿង​លម្អ ផលិតផល​ម្ហូបអាហារ ព្រមទាំង​សិក្ខាសាលា​សម្រាប់​កុមារ និង​យុវជន​ជាដើម ក៏ដូចជា​មាន​កន្លែង​ក្មេង​លេង ស្ទូឌីយោ​ថតរូប ការនិទាន​រឿង ការសម្ដែង​ក្បាច់​រាំ និង​ទស្សនា​ការបង្ហាញ​សាលារៀន​នានា​។

Carola Krainz បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ទិវា​សិទ្ធិនារី​​គឺជា​ចលនា​សកល ជាមួយ​គោលបំណង​សម្រេច​ទិសដៅ​សមភាព​យេនឌ័រ​ដែល​ផ្ដល់​តម្លៃ​ឲ្យ​ស្ដ្រី​។ តោះ​ជជែក​ពី​ស្ដ្រី​ត្រូវ​បាន​បង្កើតឡើង​ដើម្បី​លើកស្ទួយ​សមត្ថភាព​ស្ដ្រី​ក៏ដូចជា​បុរស​ផងដែរ​»​។

ក្រោយ​ការបង្កើត​រយៈពេល ៣ ​ឆ្នាំ CULT បាន​ក្លាយជា​វេទិកា​ផ្សព្វផ្សាយ​ពី​ផលិតផល​ហ្វេសសិន សម្ផស្ស និង​របៀបរបប​រស់នៅ​និរន្ដរភាព​ដែល​ឌីហ្សាញ​ឡើង និង​ផលិត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

យោងតាម​ការផ្សព្វផ្សាយ​កម្មវិធី​របស់ CULT លើ​បណ្ដាញ​សង្គម​បាន​បង្ហាញថា​៖ «​នេះ​គឺជា​ឱកាស​របស់​លោកអ្នក​ក្នុងការ​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​សហគ្រិន​ក្នុងស្រុក ស្វែងរក​ជម្រើស​បៃតង និង​ជជែក​ជាមួយ​អ្នក​ផលិត និង​អ្នក​ឌីហ្សាញ​ចំណូល​ចិត្ដ​»​។

ទីប្រឹក្សា​ផ្នែក​ទីផ្សារ​បាន​និយាយថា​៖ «​ជាមួយ​អាជីវករ ៥០ ​នាក់​ចូលរួម​ព្រឹត្ដិការណ៍​ខាងមុខ​នេះ​ជាង ៧៥ ​ភាគរយ​គឺជា​ស្នាដៃ និង​ផលិតផល​របស់​ស្ដ្រី​។ យើង​មាន​មោទនភាព​ដែលមាន​សហគ្រិន​មកពី​គ្រប់ផ្នែក រួមមាន​ផលិតផល​ថែ​សម្ផស្ស​បែប​ធម្មជាតិ ហ្វេសសិន និង​គ្រឿង​លម្អ​មិន​ប៉ះពាល់​បរិស្ថាន ក៏ដូចជា​ស្បែកជើង គ្រឿង​បរិក្ខារ​តុបតែង​ផ្ទះ និង​តុក្កតា​ក្មេង​លេង​ជាដើម​»​។

ជាមួយ​បំណង​ផ្ដល់​ជា​វេទិកា​សម្រាប់​អាជីវករ​ងាយស្រួល​ចូលរួម CULT - តោះ​ជជែក​អំពី​ស្ដ្រី បាន​លក់​សំបុត្រ​តម្លៃ ១ ​ដុល្លារ​សម្រាប់​ភ្ញៀវ​ខ្មែរ និង ២ ​ដុល្លារ​សម្រាប់​ភ្ញៀវ​បរទេស​ដើម្បី​រ៉ាប់រង​លើ​ការរៀបចំ​ទីតាំង គ្រប់គ្រង​កម្មវិធី និង​ការចំណាយ​ផ្សេងៗ​។

កម្មវិធី​រៀបចំ​ឡើង​នៅ​សាលា Bambujaya Bilingual School ដែលមាន​ទីតាំង​នៅផ្ទះ​លេខ ១៥ ផ្លូវ​កែវនូ រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ១៤ ខែមីនា ចាប់ពី​ម៉ោង ១ ​រសៀល​ដល់​ម៉ោង ៨ ​យប់​។

សម្រាប់​ព័ត៌មាន​លម្អិត និង​ចាប់អារម្មណ៍​ចំពោះ​យីហោ​ផលិតផល​ក្នុងស្រុក​ផ្សេងៗ​សូម​ចូលទៅ​កាន់​វេបសាយ www.jointhecult.asia ឬ​ អ៊ីមែល​តាមរយៈ hello@jointhecult.asia៕