ភ្នំពេញៈ ពិព័រណ៍​ផ្សារ​បារាំង​ដំបូង​ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី​ ៣០ ខែ​មីនា​នៅ​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​បាន​បើក​ឲ្យ​មហាជន​ចូល​ទស្សនា​សេរី​ចាប់ពី​ម៉ោង ៩ ព្រឹក​រហូត​ដល់​ម៉ោង ៦ ល្ងាច​ដោយ​ទទួល​បាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ប្រមាណ ៧ ពាន់​នាក់​ជា​ចំនួន​លើស​ពី​ការរំពឹងទុក​ត្រឹមតែ ៣ ពាន់​នាក់​។

អ្នករៀបចំ​កម្មវិធី​តាំងពិព័រណ៍​ផ្សារ​បារាំង​កញ្ញា Maimoun Soukeina វ័យ ២៣ ឆ្នាំ​បាន​ប្រាប់​ឲ្យ​ភ្នំពេញ ប៉ុស្តិ៍ ដឹង​ថា​៖ «​នេះ​ជា​កម្មវិធី​មួយ​ដែល​ធ្វើ​ឡើង​ដើម្បី​លើក​កម្ពស់​វប្បធម៌​បារាំង និង​អ្វី​គ្រប់​យ៉ាង​ដែល​បារាំង​ផលិត​នៅ​កម្ពុជា​។ យើង​បាន​សហការ​ជាមួយ​ស្ថានទូត​បារាំង និង​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា ដើម្បី​រៀបចំ​កម្មវិធី​នេះ​។ ខ្ញុំ​អរគុណ​អ្នក​គ្រប់​គ្នា​ដែល​បាន​ចូលរួម​នៅ​ទី​នេះ​ទាំង​ប្រជាជន​កម្ពុជា និង​ជនបរទេស​ទាំងអស់​»​។

ព្រឹត្តិការណ៍​តាំងពិព័រណ៍​ផ្សារ​បារាំង​នេះ​មាន​ស្តង់​តាំង​បង្ហាញ​ផលិតផល​បារាំង​សរុប​ចំនួន ៥៤ មាន​ស្តង់​គំនូរ​សម្លៀកបំពាក់​ វត្ថុ​អនុស្សាវរីយ៍ សៀវភៅ របស់​ក្មេង​លេង រថយន្ត​ផលិតផល​បច្ចេកវិទ្យា និង​អាហារ ស្រា ម៉ាស៊ីន​ទំនើប​។

ក្រៅពី​ស្ដង់​ផលិតផល​នៅ​មាន​សកម្មភាព​កម្សាន្ត​ដទៃ​ទៀត​ដូចជា​ការលេង​ល្បែង​កម្សាន្ត​វាយ​ប៉េងប៉ុង បាញ់​ស៊ីប និង​មាន​ការប្រគំ​តន្ត្រី​សម្រាប់​អ្នក​ចូលរួម​រាំលេង​កម្សាន្ត​ផង​ដែរ​។ ទន្ទឹម​នឹង​នេះ​អ្នក​ចូលរួម​ការតាំងពិព័រណ៍​ក៏​អាច​ទស្សនា​នូវ​ទេសភាព​ប្លែក​ភ្នែក​ពោរពេញ​ដោយ​ស្មៅ​ និង​រុក្ខជាតិ​ធំៗ​ពណ៌​បៃតង​គួរ​ជា​ទីមនោរម្យ​ក្នុង​បរិវេន​ស្ថានទូត​បារាំង និង​ថតរូប​ទុក​ជា​អនុស្សាវរីយ៍​។

ភ្ញៀវ​ញ៉ាំ​អាហារ និង​ស្ដាប់​តន្ត្រី​ក្នុង​បរិវេណ​ស្ថានទូត​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ម្ចាស់​ហាង Enginou លក់​វត្ថុ​ក្មេង​លេង​ដែល​នាំ​ចូល​មកពី​បារាំង​កញ្ញា គង់ លក្ខិណា បាន​ឲ្យ​ដឹង​ថា​៖ « ខ្ញុំ​ពិតជា​សប្បាយចិត្ត​មែនទែន​ដែល​គាត់​បើក​ឲ្យ​ប្រជាជន​ខ្មែរ​ចូលរួម​ដោយសារ​តែ ហ្វ្រិន (France) ហ្នឹង​គាត់​អត់​ដែល​បើក​ឲ្យ​ទូលំទូលាយ​ឲ្យ​មនុស្ស​ចូលមក​ទស្សនា​អ៊ីចឹង​ទេ​។ ថ្ងៃនេះ​ឃើញ​ថា​មាន​មនុស្ស​មក​ចូលរួម​ច្រើន​មែនទែន ឃើញ​ថា​មាន​អ្នក​គាត់​ចាប់អារម្មណ៍​ច្រើន​លក់ដាច់​»​។

ទន្ទឹម​នឹង​នេះ​កញ្ញា ហាន ស្រីមុំ អាយុ​ ២៦ ​ឆ្នាំ​ដែល​មក​ចូលរួម​កម្មវិធី​នេះ​ជាមួយ​មិត្តភក្តិ​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​មក​នេះ​គោលបំណង​ទី​ ១ ​មក​មើល​ផលិតផល​ដែល​គេ​ដាក់តាំង​មាន​ដូចជា​ទឹកអប់ រូបគំនូរ សម្លៀកបំពាក់​អី​ផ្សេងៗ​មាន​ចំណីអាហារ​អី​ផ្សេងៗ ខ្ញុំ​បាន​ចូល​ញាំ​អាហារ​បែប​ស្នេក (snack អាហារសម្រន់​) តិចតួច និង​ដើរ​លម្ហែ​កម្សាន្ត​ព្រោះ​គេ​រៀបចំ​បាន​ស្អាត​ខ្ញុំ​សប្បាយ​រីករាយ​ហើយ​ក៏​ទទួល​បាន​បទពិសោធ​ថ្មីៗ​ច្រើន​»​។

ដោយឡែក​យុវជន កៅ ស៊ិនឆុង អាយុ ២២ ​ឆ្នាំ​ដែល​ធ្លាប់​បាន​ចូល​ស្ថានទូត​បារាំង​ចំនួន​ ២ ​ដង​រួច​មក​ហើយ​បាន​ប្រាប់​ថា លោក​មាន​អារម្មណ៍​ប្លែក​ព្រោះ​កន្លង​ទៅ​ស្ថានទូត​បារាំង​បើក​ឲ្យ​ប្រជាជន​ចូល​ទស្សនា​ទិដ្ឋភាព​បរិវេណ​ស្ថានទូត​ប៉ុណ្ណោះ​មិន​មាន​ការតាំងពិព័រណ៍​លក់​ផលិតផល​អ្វី​ឡើយ​។ ម្យ៉ាងទៀត​នៅពេល​នេះ​មាន​អ្នកចូលរួម​ច្រើនជាង​បណ្តា​ឆ្នាំ​មុន​។

យុវជន​អាយុ ២២ ​ឆ្នាំ​រូប​នេះ​បាន​សំណូមពរ​ទៀត​ថា​៖ «​ចំពោះ​ខ្ញុំ​ផ្ទាល់​ចង់​ឲ្យ​មាន​តាំងពិព័រណ៍​បែប​នេះ​ទៀត ព្រោះ​ការធ្វើ​បែប​នេះ​ជា​ការបង្កើត​ទំនាក់ទំនង​បារាំង និង​កម្ពុជា​ហើយ​ធ្វើឲ្យ​ប្រជាជន​ខ្មែរ​ងាក​មក​ចាប់​អារម្មណ៍​លើ​ភាសា​បារាំង និង​ប្រទេស​បារាំង​កាន់តែ​ច្រើន​»៕

វីដេអូ៖