ភ្នំពេញ៖ បណ្តុំ​​នៃ​គំនូរ​បែប​សហសម័យ​ដែល​ន័យ​ស្តីពី ​«កាយវិការ និង​​ចលនា​» នៃ​នាដកា​​របស់​ខ្មែរ​​ ដែល​​​មាន​ខ្នាត​ខុស​គ្នា​​ចំនួន ៤០ ផ្ទាំង នឹង​​ត្រូវ​ដាក់​តាំង​បង្ហាញ​នៅ​ឯ​​វិចិត្រសាល​​សិល្បៈ​នៃ​វិទ្យាស្ថាន​បារាំង​រយៈពេល​ ១ ខែ ចាប់​ផ្តើម​បើក​សម្ពោធ​នា​​​​ល្ងាច​​​ថ្ងៃទី ​២៨ ខែ​កុម្ភៈ នេះ​បន្ត​ទៅ​ដល់​​ថ្ងៃទី ​២៨ ខែ ​មីនា ឆ្នាំ ​២០២០​។

ស្នាដៃ​គំនូរ​សហសម័យ​ជា​ការ​ផ្តោត​សំខាន់​​ទៅ​លើ​កាយវិការ និង​ចលនា​របស់​អ្នក​របាំ​បុរាណ​ទាំង​នេះ ​គឺ​សា្នដៃ​របស់​វិចិត្រ​ករជើង​ចាស់​លោក សួស្តិ៍ សុដាវី​។ លោក​គឺ​ជា​​​វិចិត្រករ​​ឆ្នើម​ម្នាក់​ ធ្លាប់​ជាប់​ជា​​​តំណាង​​ឲ្យ​វិចិត្រករ​កម្ពុជា​​ ​៣ ​រូប ​​​ដែល​​ទទួល​​បាន​ពាន​រង្វាន់​ពី​កម្មវិធី​ The CMLTV Contemporary Art-​Awards 2016 រៀបចំ​លើក​​ដំបូង​​នៅ​​ថៃ​ ​មាន​​សមាជិក​​អាស៊ាន ​៥ ប្រទេស​ចូលរួម​​ ​គឺ​​​កម្ពុជា មីយ៉ាន់ម៉ា ឡាវ ថៃ និង​​វៀតណាម និង​ក្រុម​​វិចិត្រករ​ជា​តំណាង​​ឲ្យ​ប្រទេស​​ចំនួន ១៥ ទៀត ដោយ​​​លោក សួស្តិ៍ សុដាវី ​បាន​​​​ពាន​រង្វាន់​ Venerable Artist Award ​ចំណែក​ឯ​​លោក ឈឺម សុធី បាន​ពាន​រង្វាន់​ Honored Artist Award ខណៈ​​កញ្ញា ឆន ឌីណា ទទួល​បាន​ពាន​រង្វាន់​ Young Artist Award។​ ​

គំនូរ​​កាយ​វិការ និង​ចលនា ដែល​ជាស្នាដ​ៃ​របស់​វិចិត្រ​ករ​ជើង​ចាស់ សួស្តិ៍ សុដាវី​ តាំង​ពិព័រណ៍​នៅ​ល្ងាចនេះ​។ រូបថត វិទ្យាស្ថាន​បារាំង​

ពាក់ព័ន្ធ​នឹង​​ការ​បង្កើត​​ស្នាដៃ​គំនូរ​សហសម័យ​ ជា​រឿយៗ​អ្នក​ទស្សនា​​បាន​​សង្កេត​ឃើញ​ថា វិចិត្រករ​វ័យ​​​ជាង​ ៦០ ឆ្នាំ លោក សួស្តិ៍ សុដាវី ​ចូល​​​ចិត្ត​ផ្តោត​ខ្លាំង​ទៅ​លើ​​ការ​គូរ​​រូប​ជា ​​កាយវិការ និង​ចលនា​​​របស់​​អ្នក​​​​របាំ​បុរាណ​​​នានា​ ជាពិសេស​​​នោះ​​គឺ​របាំ​ព្រះ​រាជ​ទ្រព្យ​តែ​ម្តង​​។

លោក សួស្តិ៍ សុដាវី បក​​ស្រាយ​បញ្ជាក់​ថា​៖ «ដោយសារ​តែ​រូប​ខ្ញុំ​ចូលចិត្ត​​ទៅ​លើ​​ចំណុច​ពិសេស​នៃ​របាំ​បុរាណ​​មួយ​តាំង​ពី​ដើម​មក ​គឺ​របាំ​ព្រះ​រាជ្យទ្រព្យ​របស់​ខ្មែរ​យើង​ ដែល​បាន​​​​ប្រើ​កាយ​វិការ​ដៃ ជា​ពិសេស​​ម្រាម​​ដៃ​ និង​​ដង​ខ្លួន​បត់​បែន​របស់​អ្នក​រាំ​តែ​ម្តង។ នៅ​ក្នុង​កាយ​វិការ​ទាំង​នោះ​ គឺ​សុទ្ធ​​តែ​​មាន​អត្ថន័យ​​ឆ្លុះ​បញ្ចាំង​ពី​​ការ​រៀប​​រាប់​ទៅ​លើ​អ្វី​មួយ​ ជា​ពិសេស​នោះ ​ស្តី​​ពី​ដំណាក់​​កាល​នានា​នៃ​​ផ្កា​។ ស្រប​នឹង​​ខ្ញុំ​មាន​ចំណូល​ចិត្ត​​លើ​របាំ​ប្រភេទ​នេះ​​ផង​នោះ ​ទើប​នាំ​ឲ្យ​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ចំណុច​ពិសេស​តែ​ម្តង​ សម្រាប់​​សមាសភាព​ពិសេស​នៃ​ការ​បង្កើត​ស្នាដៃ​គំនូរ​នេះ​​​»។

គំនូរ​​កាយ​វិការ និង​ចលនា ដែល​ជាស្នាដ​ៃ​របស់​វិចិត្រ​ករ​ជើង​ចាស់ សួស្តិ៍ សុដាវី​ តាំង​ពិព័រណ៍​នៅ​ល្ងាចនេះ​។ រូបថត វិទ្យាស្ថាន​បារាំង​

ចំពោះ​​​ស្នាដៃ​​គំនូរ​របាំ​សហសម័យ​​​ចំនួន​ ​៤០ ផ្ទាំង ដែល​នឹង​ត្រូវ​ដាក់​តាំង​​បង្ហាញ​​ចាប់​ពី​ល្ងាច​នេះ​ នឹង​​បន្ត​ទៅ​ដល់​​ថ្ងៃទី ​២៨ ខែ ​មីនា ឆ្នាំ ​២០២០ នៅ​វិចិត្រសាល​សិល្បៈ​របស់​វិទ្យាស្ថាន​បារាំង​នោះ ក៏​បាន​តម្រូវ​​ឲ្យ​វិចិត្រករ​ សួស្តិ៍ សុដាវី ប្រើប្រាស់​ពេលវេលា​​ប្រមាណ​​ជិត ​៤ ខែ​​ ទើប​រួចរាល់​អាច​យក​​ទៅ​ដាក់​តាំង​​ចែក​ជូន​មហាជន​ចូល​​ទស្សនា ខណៈ​​មាន​តម្លៃ​ខុសៗ​គ្នា​ទៅ​​តាម​ខ្នាត​នៃ​គំនូរ​។​

លោក សួស្តិ៍ សុដាវី វិចិត្រករ​ជើង​ចាស់​មាន​បទពិសោធ​ច្រើន​ឆ្នាំ និង​ធ្លាប់​បាន​បង្កើត​ស្នាដៃ​ដាក់​តាំង​ទាំង​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​រាប់​ដង​​មិន​ឈ្នះ​រូប​នេះ​ បញ្ជាក់​ថា៖ «គំនូរ​ទាំង​ ៤០ ផ្ទាំង នេះ​ ខ្ញុំ​បាន​​ប្រើ​ពេល​ជិត ៤ ខែ ទើប​គូរ​រួច​រាល់​ ដែល​មាន​ច្រើន​​ខ្នាត​ ឬ​ទំហំ​ដូចជា​ទំហំ​ខ្នាត​តូច​​ ៦០ សង់ទីម៉ែត្រ ឬ ៧០ សង់​ទី​ម៉ែត្រ​​ ខណៈ​​ខ្នាត​ធំ​វិញ​មាន​ ១ ម៉ែត្រ ឬ ២​ ម៉ែត្រ​។ ចំពោះ​តម្លៃ​​គំនូរ​វិញ​ មាន​​តម្លៃ ​១​​ ផ្ទាំង ទាប​​​បំផុត ១ ៥០០ ដុល្លារ រហូត​ដល់​ខ្ពស់​បំផុត ១ ផ្ទាំង ៩ ៥០០​ ដុល្លារ»៕​