ភ្នំពេញៈ បណ្តំ​ស្នាដៃ​រូបថត​ទាំងអស់​ដែល​មាន​ចំនួន​ ៩៦ សន្លឹក​របស់​ក្រុមនិស្សិត​មកពី​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ (DMC) ផ្នែក​ថតរូប​នឹង​រៀបចំ​ដាក់តាំង​ពិព័រណ៍​ស្នាដៃ​របស់​ខ្លួន​រយៈ ១ ខែ​ពេញ ដើម្បី​ចែករំលែក​នូវ​ការឆ្លុះបញ្ចាំង​បញ្ហា​សង្គម​តាមរយៈ​រូបថត​គឺ​ចាប់ពី​ថ្ងៃ​ទី​ ១៥ ខែ​មិថុនា​រហូត​ដល់​ថ្ងៃទី​ ១៥ ខែ​កក្កដា ឆ្នាំ​ ២០១៩ ខាង​មុខ​នៅ​ក្រោម​ប្រធានបទ​រួម​មួយ​ចំណងជើង​ថា «​ពីក្រោយ​ការពិត ឬ Behind the Reality» នៅក្នុង​បរិវេណ​នៃ​វិទ្យាស្ថាន​ភាសាបរទេស​ (IFL)​។

ដោយសារ​ការតាំងពិព័រណ៍​នេះ​គឺជា​ការលើក​ទឹកចិត្ត​ទៅ​ដល់​ក្រុមនិស្សិត​ផ្នែក​ថតរូប​ផង និង​ចង់​ជំរុញ​ឲ្យ​មាន​ការរៀបចំ​ឡើងវិញ​ផង ក្រោយពី​បាន​ខកខាន​ធ្វើ​យូរ​មក​នោះ ទើប​ខាង​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ ខិតខំ​ខ្នះខ្នែង​ឲ្យ​មាន​ការរៀបចំ​ជាថ្មី​ម្តង​ទៀត​នៅក្នុង​ឆ្នាំ​ ២០១៩ ​នេះ​។

រូបថត​គម្រោង​ទី​២ តថភាព​នៃ​ក្រុម​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​។ រូបថត សហការី

ប៉ុន្តែ​បើ​ទោះបី​ជា​នៅ​ពុំទាន់​មាន​ដៃគូ​សហការ​ដែល​ជា​ម្ចាស់​ស្ពនស័រ​នៅ​ឡើយ​ក្តី ការបើក​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការរៀបចំ​ពិធី​ពិព័រណ៍​រូបថត​នេះ​នឹង​ធ្វើ​នៅ​ព្រឹក​ថ្ងៃទី ២៣ ខែ​ឧសភា ឆ្នាំ​ ២០១៩ នេះ​ផង​ដែរ​មុន​នឹង​បើក​ពិព័រណ៍​។

លោក ផន ភារិទ្ធ ហៅ​លោក Miller ដែល​ជា​សាស្ត្រាចារ្យ​ផ្នែក​ថតរូប​នៃ​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ និង​ជា​អ្នកដឹកនាំ​ឲ្យ​មាន​ការរៀបចំ​ការតាំងពិព័រណ៍​ស្នាដៃ​រូបថត​របស់​និស្សិត​នេះ​បាន​ឲ្យ​ដឹងថា​៖ «​ដោយសារ​ចង់​ឲ្យ​មហាជន​បាន​ឃើញ​ពី​ស្នាដៃ​របស់​ពួកគាត់​ទើប​យើង​រៀបចំ​ជា​គម្រោង​ចំនួន ៣ សម្រាប់​ក្រុមនិស្សិត​ទាំងអស់​ដែល​មាន​ចំនួន​​ ២៥ ​នាក់​ក្រោម​ប្រធានបទ​រួម​ថា «​ពី​ក្រោយ​ការពិត ឬ Behind the Reality» សម្រាប់​ការតាំងពិព័រណ៍​ស្នាដៃ​រូបថត​របស់​និស្សិត​ឆ្នាំ​ទី​ ២ នៃ​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ (DMC) នេះ​ឡើង​។ យើង​បាន​បែង​ចែក​ជា​ ៣ ​គម្រោង​ធំៗ​សម្រាប់​ការតាំងពិព័រណ៍​របស់​ពួកគាត់​ដោយ​គម្រោង​ទី ១ មាន​ឈ្មោះថា «​តំណក់ញើស ឬ Drop Sweat» គឺ​មាន​ស្នាដៃ​រូបថត ៣៥ សន្លឹក​ដែល​ពួកគាត់​ចង់​បង្ហាញ​ពី​របៀប ឬ​បែបបទ​នៃ​ការរៀនសូត្រ​ទម្រង់​របាំ​បុរាណ​របស់​ខ្មែរ​។

គម្រោង​ទី ២ មាន​ឈ្មោះថា «The Rule of Affection» ដោយ​មាន​ស្នាដៃ​រូបថត​ចំនួន ៣១ ​សន្លឹក​ដែល​ក្រុម​អ្នក​ថត​ផ្នែក​នេះ​ចង់​បង្ហាញ​អំពី​តថភាព​មួយ​មាន​នៅក្នុង​សង្គម​ខ្មែរ​គឺ​ក្រុមមនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា ហើយ​ពួកគេ​ក៏​ចង់​ផ្ញើសារ​មួយ​ទៀត​ដែរ​ថា សូម​កុំបី​មាន​ការរើសអើង​ពួកគេ​ធ្វើ​អ្វី បើ​ទោះបី​ជា​ក្រុមមនុស្ស​នេះ​មិន​ត្រូវបាន​ច្បាប់​ទទួលស្គាល់​ក៏ដោយ​។ ចំណែកឯ​គម្រោង​​ទី​ ៣ មាន​ឈ្មោះ​ថា «​ផែនដី​គ្មាន​ទី​ ២ ឬ There is no second Earth» ដែល​មាន​ចំនួន ២៧ ​សន្លឹក​ដែល​បាន​ផ្តោត​លើ​បញ្ហា​បរិស្ថាន ជាពិសេស​នោះ​កាកសំណល់​សំរាម​ប្លាស្ទិក ឬ​កំប៉ុង​ដែល​ត្រូវ​បាន​បោះចោល​ក្នុង​ទឹក ឬ​នៅ​ទី​គោក​នានា​ដែល​គ្មាន​សណ្តាប់ធ្នាប់​ជាដើម​ចមនាំ​​ឲ្យ​មាន​ការខូច​ដល់​បរិស្ថាន​ពោល​គឺ​ភពផែនដី និង​ចង់​បង្កប់​សារ​មួយ​ចង់​រំឭក ឬ សំណូមពរ​ទៅដល់​ពលរដ្ឋ​ទាំងអស់​ឲ្យ​មាន​ការយកចិត្ត​ទុកដាក់​លើ​បរិស្ថាន​ព្រោះ​ថា ប្រជាពលរដ្ឋ គឺជា​កម្លាំង​ចលករ​មួយ​ដ៏សំខាន់​ក្នុង​ការចូលរួម​»​។

រូបថត​គម្រោង​ទី​ ៣ ស្តីពី​បញ្ហា​បរិស្ថាន ។ រូបថត សហការី

ដោយឡែក​សម្រាប់​ការតាំង​ពិព័រណ៍​ស្នាដៃ​រូបថត​ដែល​មាន​គោលបំណង​ចង់​ប្រើ​ជា​សារ​មួយ​ដើម្បី​ឆ្លុះបញ្ចាំង​ពី​បញ្ហា​សង្គម​នានា​តាមរយៈ​រូបថត​នោះ​គឺ​ពិតជា​ត្រូវការ​ដៃគូ​សហការ​ស្ពនស័រ​យ៉ាង​ចាំបាច់​ណាស់ ទើប​អាច​ជួយ​ជំរុញ​ឲ្យ​ដំណើរការ​ទៅ​ដោយ​រលូន​បាន​។ ប្រសិន​បើ​ចង់​សហការ​ជា​ដៃគូ​ផ្នែក​ស្ពនស័រ​នានា​នៃ​ការរៀបចំ​តាំង​ពិព័រណ៍​ស្នាដៃ​និស្សិត​ឆ្នាំ​ទី​ ២ ​ផ្នែក​ថតរូប​អាច​ទំនាក់ទំនង​តាមរយៈ​លេខ​ទូរស័ព្ទ ០៨៥ ៨២ ៣២ ៤១ ឬ ០៩៦ ៤៣ ១៤ ៣២៤ និង​សម្រាប់​ផ្នែក​ដៃគូ​ព័ត៌មាន​អាច​ទំនាក់ទំនង​បាន​តាមរយៈ ០៩៨ ៥០០០ ០៣២ ឬ ០៨៦ ៦៨ ៣៣ ៦៨ ៕