សៀមរាប: ពិព័រណ៍រូបថតសារព័ត៌មានពិភពលោក ឆ្នាំ ២០១៨ (World Press Photo Exhibition 2018) ដែលវិលមកវិញជាលើកទី ២ បានតាំងបង្ហាញរូបភាពជាង ១០០ សន្លឹក និងរូបថតរបស់អ្នកថតរូបសារព័ត៌មានជាប់ពានរង្វាន់ប្រចាំឆ្នាំ ជាការសម្រិតសម្រាំងរូបថតល្អបំផុតស្ដីពីអាជីពជាអ្នកសារព័ត៌មាន។
ការប្រកួតឆ្នាំនេះ ទទួលបានបេក្ខភាពចូលរួម ៤ ៥៤៨ នាក់ មកពី ១២៥ ប្រទេស ដោយមានរូបថត ៧៣ ០៤៤ សន្លឹក។ គណៈកម្មការ ដែលសមាជិកត្រូវបានផ្លាស់ប្ដូររៀងរាល់ឆ្នាំ បានសម្រាំងផ្ដល់ពិន្ទុក្នុង ៨ ប្រភេទ ដល់ជាងថតរូប ៤២ នាក់ មកពី ២២ ប្រទេសជុំវិញពិភពលោក។ នេះបើយោងតាមរបាយការណ៍ពីសមាគមរូបថតអង្គរ។
ទោះស្នាដៃពីអ្នកថតរូបសារព័ត៌មាន កម្ពុជាមិនត្រូវបានជ្រើសរើសក្នុងចំណោមបេក្ខភាពមកពី អូស្ដ្រាលី បង់ក្លាដែស បែលហ្ស៊ិក កាណាដា ចិន កូឡុំប៊ី ដាណឺម៉ាក អេហ្ស៊ីប បារាំង អាល្លឺម៉ង់ អៀរឡង់ អ៊ីតាលី ន័រវែស រុស្ស៊ី ស៊ែប៊ី អាហ្រ្វិកខាងត្បូង ហូឡង់ អេស្ប៉ាញ ស៊ុយអែត អង់គ្លេស អាមេរិក និងវ៉េណេស៊ុយអេឡា ព្រឹត្ដិការណ៍ដ៏សំខាន់ត្រូវបានអះអាងថាបានផ្ដល់អត្ថប្រយោជន៍ជាច្រើនជាងថតរូបនៅកម្ពុជា និងរក្សាទំនាក់ទំនងជាមួយសហគមន៍អន្ដរជាតិ។
អ្នកស្រី ជេស៊ីកា លីម ជានាយិកាមហោស្រព បានឲ្យដឹងថា៖ «យើងសង្ឃឹមថា ស្នាដៃប្លែកៗទាំងអស់នោះនឹងអាចអន្ទងចិត្ដអ្នកចូលរួម និងផ្សារភ្ជាប់ទំនាក់ទំនងអ្នកថតរូប និងអ្នកសរសេរព័ត៌មាននៅកម្ពុជា»។
ជុំវិញការដែលអ្នកថតរូបកម្ពុជាមិនបានដាក់ពាក្យប្រកួត អ្នកស្រី Yi Wen Hsia ជានាយិកា និងបណ្ណារក្សពិព័រណ៍ បានពន្យល់ថា៖ «ឆ្នាំនេះ ជាអកុសលយើងមិនបានទទួលការចុះឈ្មោះពីបេក្ខភាពកម្ពុជាឡើយ។ តម្លៃនៃវិជ្ជាជីវៈសារព័ត៌មាន និងទស្សនវិស័យរបស់ពួកគេពិតជាសំខាន់ និងមិនអាចមើលស្រាលបាន។ នោះជាហេតុផលដែលយើងរីករាយដោយបានវិលត្រឡប់មករៀបចំពិព័រណ៍នៅសៀមរាបជាថ្មី ដែលជាផ្នែកមួយនៃមហោស្រពរូបថតអង្គរ»។
ថតរូបល្អបំផុតមួយសន្លឹក ដែលថតកាលពីថ្ងៃទី ៣ ខែមីនា ឆ្នាំ២០១៧ អំឡុងពេលប្រវត្ដិច្របូកច្របល់នៅវ៉េណេស៊ុយអេឡា ដោយជាងថតរូបក្នុងស្រុក រ៉ូណាល់ដូ ស្គេមីដត៍ ត្រូវបានគណៈកម្មការប្រកួតលើកទី ៦១ ជ្រើសរើសជារូបថតល្អបំផុតប្រចាំឆ្នាំ។ រូបថតនេះបានបង្ហាញពីយុវជនម្នាក់ត្រូវភ្លើងឆេះសន្ធោសន្ធៅអំឡុងពេលប៉ះទង្គិចជាមួយប៉ូលិសក្រោយពីធុងហ្គាសក្បែរម៉ូតូមួយគ្រឿងផ្ទុះឡើង។ ថ្វីដ្បិតតែបានរួចជីវិត តែយុវជននោះក៏រងរបួសធ្ងន់ដែរ។
រូបថតល្អបំផុតមួយសន្លឹកទៀត ថតដោយអ្នកកាសែតអាមេរិក អានណា បូយីអាហ្ស៊ីស ដែលមាន ចំណង ជើង «ស្វែងរកសេរីភាពក្នុងទឹក» ត្រូវបានជ្រើសរើសក្នុងប្រទេសមនុស្ស និងដំណើររឿង។ វាឆ្លុះបញ្ចាំងពីជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋរស់នៅប្រជុំកោះ ហ្សានហ្ស៊ីបារ ដោយស្ដ្រីប្រជុំកោះភាគច្រើនគ្មានឱកាសបានហែលទឹកដោយសារតែប្រពៃណីអ៊ិស្លាមដ៏អភិរក្ស។ ដូច្នេះអង្គការមួយបានបង្រៀនស្ដ្រី និងកុមារីឲ្យចេះហែលទឹករំដោះខ្លួនពីគ្រោះលង់ទឹក។
របាយការណ៍ បានបន្ដថា ពិព័រណ៍នេះ បានធ្វើដំណើរជាង ១០០ ទីក្រុង និង ៤៥ ប្រទេសក្នុងមួយឆ្នាំ។ ឆ្នាំ នេះ រូបថតសរុប ១៦១ ផ្ទាំងនឹងត្រូវបានដាក់តាំងបង្ហាញសម្រាប់ពិព័រណ៍រូបថតសារព័ត៌មានពិភពលោក។
លោក សេរី ស៊ីវ នាយកវិចិត្រសាលសហសម័យ MIRAGE ជាទីកន្លែងរៀបចំពិព័រណ៍រូបថតនេះ បានថ្លែងថា៖ «វិជ្ជាថតរូបនៅតែថ្មីសម្រាប់កម្ពុជា។ ដូច្នេះ ខ្ញុំរំពឹងថា ពិព័រណ៍នេះនឹងជួយជំរុញទឹកចិត្ដអ្នកថតរូបកម្ពុជាជំនាន់ថ្មី។ ខ្ញុំមានក្ដីរីករាយ ជាពិសេស ក្នុងនាមជាពលរដ្ឋកម្ពុជាម្នាក់ ដែលរៀបចំព្រឹត្ដិការណ៍នៅកម្ពុជា ពីព្រោះខ្ញុំជឿថា វានឹងបង្កើតនូវវេទិកាជជែកអំពីជំនាញថតរូបនេះជាសកល»។
សម្រាប់នៅប្រទេសកម្ពុជា ពិព័រណ៍ដ៏ធំនេះបានចាប់ផ្ដើមពីកណ្ដាលខែធ្នូនឹងបន្តរហូតដល់ថ្ងៃទី ៧ ខែមករា ឆ្នាំ ២០១៩ ខាងមុខ នៅវិចិត្រសាល MIRAGE ទីក្រុងសៀមរាប៕