សៀមរាប៖ ព្រឹត្តិការណ៍​រូបថត​អន្តរជាតិ​ដែល​មាន​អាយុ​កាល​ដ៏​វែង​បំផុត​មួយ «កម្មវិធី​សិក្ខាសាលា និង​ពិព័រណ៍​រូបថត​អង្គរ»​ នឹង​ប្រារព្ធ​ធ្វើ​ឡើង​លើក​ទី១៦ នៅ​ទឹកដី​សៀមរាប​​អង្គរ ចាប់​ពី​ថ្ងៃ​ទី ២១ ដល់​ថ្ងៃទី ២៩ ខែ​វិច្ឆិកា ដោយ​ផ្ដោត​សំខាន់​លើ​​ការ​បណ្ដុះបណ្ដាល​ធនធាន​អ្នក​ថតរូប​ និង​វីដេអូ​ក្នុង​ស្រុក ហើយ​បន្ត​​ផ្សព្វផ្សាយ​​ស្នាដៃ និង​សំឡេង​​របស់​អ្នក​ថតរូប​អន្តរជាតិ​នៅ​ទ្វីប​អាស៊ី។​

ដោយសារ​តែ​វិបត្តិ​កូវីដ ឆ្នាំ​នេះ​អ្នក​រៀបចំ​កម្មវិធី​មាន​ការ​ខក​ចិត្ត​ជា​ខ្លាំង​ក្នុង​ការ​ប្រកាស​នូវ​សេចក្ដី​សម្រេច​លុប​ចោល​សិក្ខាសាលា​រូបថត​អង្គរ ដោយសារ​តែ​កត្តា​សុវត្ថិភាព​សុខភាព និង​ឧបសគ្គ​ក្នុង​ការ​នាំ​យក​អ្នក​​​ថត​រូប ៣៥៩ នាក់ ​​ពី​បណ្ដា​ប្រទេស​នានា​​ទូទាំង​ទ្វីប​អាស៊ី មក​កាន់​​​កម្ពុជា។​

ស្នាដៃ​​ពីឥណ្ឌា​ Fragile Fragments។ រូបថត Vinita Barretto

ស្នាដៃ​ឈ្មោះ Times Like This​​ ពីឥណ្ឌូនេស៊ី​។ រូបថត Atikah Zata

នាយក​កម្មវិធី​​សិក្ខាសាលា និង​ ពិព័រណ៍​រូបថត​អង្គរ អ្នកនាង ជេស៊ីកា លីម បាន​ឱ្យ​ដឹង​ថា​៖ «មិន​ខុស​ពី​ព្រឹត្តិការណ៍​សិល្បៈ និង​វប្បធម៌​ទូទាំង​ពិភព​លោក​នោះ​ទេ គឺ​យើង​បាន​​សម្រប​តាម​​​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ និង​​គិត​គូរ​ពី​បញ្ហា​សុខភាព សុវត្ថិភាព​អ្នក​ចូលរួម និង​សហគមន៍​ដែល​យើង​រស់នៅ​ជា​​ចម្បង​បំផុត»។

អ្នកនាង​បាន​បន្ត​ទៀត​ថា៖ «វា​ពិត​ជា​កត្តា​ប្រឈម​ដ៏ធំ​មួយ​សម្រាប់​ឆ្នាំ​នេះ ប៉ុន្តែ​វា​ក៏​បាន​នាំ​ផ្លូវ​ឱ្យ​យើង​ទៅ​កាន់​ឱកាស​​ថ្មី​ក្នុង​ការ​ផ្ដួច​ផ្ដើម​​អ្វី​ដែល​ថ្មី​ខុស​ពី​ឆ្នាំ​មុនៗ ហើយ​យើង​សង្ឃឹម​ថា ​ការ​ផ្ដួច​ផ្ដើម​ថ្មី​នេះ​នឹង​បន្ត​អចិន្រៃ្ទយ៍​នៅ​ឆ្នាំ​ក្រោយៗ​ទៀត»។

យ៉ាងណា​មិញ វគ្គ​សិក្ខាសាលា​រូបថត​និទានកថា និង​វីដេអូ​ឯកសារ​សម្រាប់​អ្នក​ជំនាញ​នឹង​ត្រូវ​ធ្វើ​ឡើង​​ជា​លើក​ដំបូង​សម្រាប់​តែ​​ជនជាតិ​ខ្មែរ​​ជាមួយ​កាល​បរិច្ឆេទ​ចាប់​ពី​ថ្ងៃទី ២១ ដល់​ថ្ងៃទី ២៧ ខែ​វិច្ឆិកា។

គ្រប់​កម្មវិធី​ទាំង​អស់​របស់​សិក្ខាសាលា​​​នឹង​ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល។

សិក្ខាកាម​ក្នុង​ស្រុក​​ចំនួន ១៥ នាក់ ​ត្រូវ​​បាន​ជ្រើសរើស​​ផ្ដល់​ការ​បង្វឹក​ជាមួយ​គ្រូ​​ ៦ នាក់ នៅ​ខេត្ត​សៀមរាប ដើម្បី​​អភិវឌ្ឍ​ជំនាញ​និទាន​រឿង​តាមរយៈ​ការ​ថតរូប និង​វីដេអូ។

គ្រូ​បង្រៀនទាំង ៦ រូបជាជនជាតិ​ខ្មែរ ដែល​សុទ្ធសឹង​តែ​មាន​បទពិសោធ​ជោកជាំ​លើវិស័យ​ខ្សែភាពយន្ត និង​រូបថត​​​។ រូបថត សហ​ការី

គ្រូ​បង្រៀន​ទាំង​ ៦ ​រូប រួម​មាន៖ លោក ណារិន សៅបូរិន គម្រោង​ខ្សែ​ភាពយន្ត​ខ្នាត​ខ្លី និង​វែង ឱ្យ​អង្គការ​ក្នុង ​និង​ក្រៅ​ស្រុក អ្នកនាង​ គឹម សោភា មាន​បទពិសោធ​ក្នុង​ខ្សែ​ភាពយន្ត​​អន្តរជាតិ និង​ហូលីវូដ រួម​ទាំង​​វណ្ណកម្ម​​របស់ អេនជេលីណា ជោលី ថត​នៅ​កម្ពុជា​ អ្នកនាង នាក់ សុផល អ្នក​ជំនាញ​ថត​រូប​ធ្លាប់​ចូលរួម​មហោស្រព​រូបថត​អន្តរជាតិ​​នៅ​អាស៊ី និង​អឺរ៉ុប​ លោក ច័ន្ទ វិត្ថារិន្ទ សាស្រ្ដាចារ្យ​​ផ្នែក​ថតរូប និង​​​គំនូរ​ លោក រួន រី ជា​អ្នក​ថតរូប​​ឯកសារ​ខ្មែរ​​លើ​បញ្ហា​សង្គម និង​បរិស្ថាន និង​លោក មាន លុជ្យ អតីត​សិក្ខាកាម​ពិព័រណ៍​រូបថត​អង្គរ​ឆ្នាំ ​២០១៨ ដែល​បាន​និង​កំពុង​ចងក្រង​ស្នាដៃ​​ក្នុង​ការ​បោះពុម្ព​សៀវភៅ​។

សម្រាប់​ពិព័រណ៍​រូបថត​អង្គរ​​​ដែល​នឹង​បើកទ្វារ​សាធារណជន​​ចាប់​ពី​ថ្ងៃទី ២៦ ដល់​ថ្ងៃទី ២៩ ខែ​វិច្ឆិកា ដោយ​​តាំង​បង្ហាញ​​នូវ​ស្នាដៃ​រូបថត​មក​ពី​ទូទាំង​ពិភព​លោក​របស់​អ្នក​ថត​រូប​សិល្បៈ​ចំនួន ៦៥ ​នាក់៕