ភ្នំពេញ៖ ការ​ប្រកួត​រូបថត ជា​ការ​​អបអរ​សាទរ​​ចំពោះ​ការ​បង្កើត​ទំនាក់ទំនង​ការ​ទូត​រវាង​កម្ពុជា និង​ថៃ ​រយៈពេល ៧០ ​ឆ្នាំ​តាំង​ពី​ឆ្នាំ ​១៩៥០ ត្រូវ​​បាន​ប្រកាស​រៀបចំ​ដោយ​ស្ថានទូត​ថៃ​ប្រចាំ​ប្រទេស​កម្ពុជា​។

ការ​ប្រកួត «៧០ ​ឆ្នាំ​ នៃ​ចំណង​មិត្តភាព​ក្នុង​កែវ​ភ្នែក​ខ្ញុំ​» ចាប់​ផ្ដើម​ទទួល​បេក្ខជន​​​តាំង​ពី​ខែ​កុម្ភៈ​ និង​ប្រគល់​រង្វាន់​ម្ចាស់​ជយលាភី​ក្នុង​ខែ​ឧសភា​ កន្លង​ទៅ​។ ជា​លទ្ធផល​រូបថត​​ ២០ ​សន្លឹក​ត្រូវ​បាន​ជ្រើស​រើស​ពី​បេក្ខជន​​​ទាំង​កម្ពុជា និង​ថៃ ជា​ច្រើន​រូប ដែល​បាន​ដាក់​ប្រកួត​ប្រជែង​តាម​អនឡាញ​ ហើយ​រូបភាព​ទាំង​នេះ​កំពុង​ត្រូវ​បាន​ដាក់​​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​ ​«៧០ ​ឆ្នាំ​ នៃ​ចំណង​មិត្ត​ភាព​ក្នុង​កែវ​ភ្នែក​ខ្ញុំ​» ​ក្នុង​រាជធានី​ភ្នំពេញ​ជា​សាធារណៈ​​។

លោក ផានីយ៉ារ៉ាក់ ផូលធុប ឯកអគ្គ​រាជទូត​ព្រះរាជាណាចក្រ​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​កត់​សម្គាល់​ពី​​ទំនាក់ទំនង​ទ្វេ​ភាគី​ថា​៖ «កម្ពុជា​ ​គឺ​ជា​ប្រទេស​ភូមិ​ផង​ដ៏​ល្អ​មួយ​របស់​ថៃ និង​បាន​ដោះ​ដូរ​ពាណិជ្ជកម្ម​រួម​គ្នា។ ចំណង​មិត្ដភាព​រវាង​ប្រទេស​ទាំង ២ នៅ​តែ​មាន​ទំនាក់ទំនង​ល្អ​ប្រសើរ​។ ព្រំដែន​នៃ​ប្រទេស​ទាំង ២ ​ដែល​​​លាតសន្ធឹង​ជាង ៨០០ ​គីឡូម៉ែត្រ​ មាន​សន្ដិភាព និង​សុខុដុមរមនា ​ហើយ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​បន្ដ​កើន​ឡើង​ ទោះបី​ជា​មាន​ការ​រឹត​បន្ដឹង​ដោយសារ​វិបត្ដិ​កូវីដ​ក្តី»​។

ពលរដ្ឋ​កម្ពុជា និង​ថៃ​ត្រូវ​បាន​ស្វាគមន៍​ឱ្យ​ដាក់​ប្រកួត​រូប​ថត​ស្នាដៃ​របស់​ខ្លួន​។ រូបភាព​ត្រូវ​បង្ហាញ​ពី​ទំនាក់ទំនង​ស្និទ្ធស្នាល​រវាង​ប្រទេស​ទាំង ២ ចាប់​ពី​​ភាព​​ជា​​អ្នក​ជិត​ខាង​ល្អ​សហប្រតិបត្ដិការ ភាព​ស្រដៀង​គ្នា​នៃ​វប្បធម៌ និង​ការ​ចែក​រំលែក​ចំណេះដឹង​រវាង​គ្នា​​។

លោក ផានីយ៉ារ៉ាក់ បាន​​បន្ថែម​ថា ​ការ​អបអរ​ខួប ​៧០ ​ឆ្នាំ​នឹង​មាន​ព្រឹត្ដិការណ៍​ជា​ច្រើន​ទៀត​ទាំង​នៅ​ក្នុង​ខែ​តុលា និង​ខែ​​ធ្នូ ​ខាង​មុខ​។ កម្មវិធី​ដែល​ខកខាន​អំឡុង​ពេល​កូវីដ​នេះ គឺ​មាន​តែ​មហោស្រព​ភាពយន្ដ​ថៃ​ប៉ុណ្ណោះ។

លោក​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ ថា​៖ «​យើង​ត្រូវ​លុប​ចោល​នូវ​មហោស្រព​ភាពយន្ដ​ថៃ​ ពី​ព្រោះ​យើង​មិន​អាច​នាំ​​តារា​ចម្រៀង និង​​តារា​សម្ដែង​ថៃ​មក​កាន់​កម្ពុជា​នា​ពេល​នេះ​បាន​ឡើយ»​។

លោក ផានីយ៉ារ៉ាក់ (ស្ដាំ) ឯក​អគ្គរាជទូតព្រះរាជាណាចក្រថៃ។ ហុង មិនា

កញ្ញា​ វុទ្ធ ចន្ទ្រា អាយុ ២៧ ​ឆ្នាំ ​ដែល​ចំណាយ​ពេល​ ៤ ​ឆ្នាំ​កន្លះ​សិក្សា​​អាហារូបករណ៍ ផ្នែក​គ្រប់គ្រង​សណ្ឋាគារ​នៅ​ខេត្ដ​ ណាខនរ៉ាត់ឆាសីម៉ា បាន​និយាយ​ថា​៖ «យើង​ពិត​ជា​មាន​លក្ខណៈ​ស្រដៀង​គ្នា​ខ្លាំង​ រួម​ទាំង​ការ​រស់នៅ ​​វប្បធម៌ និង​ជំនឿ​សាសនា​​ ក៏​ដូចជា​សម្ព័ន្ធភាព​ល្អ​នឹង​គ្នា។ ជាក់​ស្ដែង​ប្រទេស​ថៃ ​ក៏​បាន​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ជាង ១០០ ​កន្លែង​​រៀង​រាល់​ឆ្នាំ​»។

កញ្ញា​បាន​ឱ្យ​ដឹង​ថា​៖​ «​ពេល​ខ្ញុំ​ទៅ​រៀន​ខ្ញុំ​បាន​រៀន​ភាសា​ថៃ​រយៈពេល​ ៣ ​ខែ ​និង​ចំណាយ​ពេល​កន្លះ​ឆ្នាំ​ក្រោយ​មក​ទើប​អាច​ចាប់​ផ្ដើម​និយាយ​ ​និង​សរសេរ ក៏​ដូចជា​ឆ្លើយ​សំណួរ​ពេល​ប្រឡង​​បាន​ ពីព្រោះ​អក្សរ​ស្រដៀង​គ្នា​»។

លោក មីហ្គែល ជេរ៉ូនីម៉ូ ជា​ជាង​ថតរូប​ព័រទុយហ្គាល់​ ដែល​តែងតែ​តាំង​បង្ហាញ​ស្នាដៃ​រូប​ថត​ថ្លែង​ពី​កង្វល់​ចំពោះ​បញ្ហា​បរិស្ថាន​ ក៏​ជា​បុគ្គល​ម្នាក់​​ជួយ​រៀបចំ​ពិព័រណ៍​ដែល​រៀបចំ​ឡើង​ដោយ​ស្ថានទូត​ថៃ​នេះ​ផង​ដែរ​។

ជាង​ថតរូប​នៅ​ភ្នំពេញ​រូប​នេះ​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ ថា​៖ «​​ខ្ញុំ​កំពុង​ជួយ​​រៀបចំ​កម្មវិធី​ពិព័រណ៍​ ​៧០ ​ឆ្នាំ​ នៃ​ចំណង​មិត្ត​ភាព​រវាង​កម្ពុជា និង​ថៃ ជាមួយ​រូបថត​ដែល​ថត​ដោយ​យុវជន​មក​ពី​ប្រទេស​ទាំង ២ ដើម្បី​អបអរ​ភាព​ស្រដៀង​គ្នា​នៃ​វប្បធម៌​»។

ស្ថានទូត​បាន​ឱ្យ​ដឹង​ថា រូបថត​ចូលរួម​ប្រកួត​ត្រូវ​បាន​វិនិច្ឆ័យ​លើ​អត្ថន័យ ភាព​វិសេស និង​ការ​ច្នៃប្រឌិត​ ក៏​ដូចជា​គំនិត​សិល្បៈ ដោយ​គណកម្មការ​តំណាង​មក​ពី​ស្ថាន​ទូត​ថៃ​ប្រចាំ​កម្ពុជា ក៏​ដូចជា​​ក្រុម​អ្នក​ជំនាញ​សិល្បៈ​មក​ពី​វិទ្យាស្ថាន​សិល្បៈ​នៃ​ប្រទេស​​ថៃ និង​កម្ពុជា​។

អ្នកថតរូប​ភ្នំពេញ​ប៉ុស្ដិ៍ លោក ហុង មិនា ដែល​បានទទួលពាន​រង្វាន់កិត្តិយស​ និង​ឯកអគ្គរាជទូត​ថៃ​។ រូប សហ​ការី

ឯកអគ្គ​រាជទូត​ លោក ផានីយ៉ារ៉ាក់ ផូលធុប បាន​ថ្លែង​ថា​៖ «​ការ​ប្រកួត​ប្រជែង​ថត​រូប​នេះ​បាន​ពង្រឹង​ និង​ពង្រីក​​​ទំនាក់​ទំនង​ដ៏​ល្អ​​រវាង​ប្រទេស​ទាំង ២ ដោយ​ផ្ដើម​ពី​ពលរដ្ឋ​នៃ​ប្រទេស​​ទាំង​សង​ខាង​។ ស្នាដៃ​របស់​បេក្ខជន​ទាំង ២ ​ប្រទេស​បាន​បង្កើត​នូវ​ចំណង​មិត្ដភាព​រវាង​ថៃ និង​កម្ពុជា​ ក្លាយ​ជា​ដៃគូ​សហប្រតិបត្ដិការ​ទៅ​វិញ​ទៅ​មក​ភាព​ស្រដៀង​គ្នា​ នៃ​វប្បធម៌ និង​ការ​ផ្លាស់​ប្ដូរ​ទំនិញ និង​មនុស្ស​»។

លទ្ធផល​កម្មវិធី​ប្រកួត​រូបថត ក្នុង​ឱកាស​ពិធី​អបអរ​ខួប​លើក​ទី៧០ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការ​ទូត​រវាង​កម្ពុជា​​ថៃ​ក្រោម​ប្រធាន​បទ «៧០ ឆ្នាំ នៃ​ចំណង​មិត្តភាព​ក្នុង​កែវ​ភ្នែក​ខ្ញុំ»​ នេះ​បាន​រក​ឃើញ​ ជយលាភី ៣ ​​រូប គឺ​លេខ ១ ឈ្នះ​ទឹក​ប្រាក់ ១ ០០០ ដុល្លារ​ លេខ ២ ទទួល​បាន​រង្វាន់ ៥០០ ដុល្លារ និង​លេខ ៣ ឈ្នះ​ប្រាក់ ២៥០ ​ដុល្លារ ​ហើយ​ក៏​មាន​រង្វាន់​ប្រជាប្រិយ​ ២ ​រូប​។

ឯកអគ្គ​រាជទូត​ថៃ​ប្រចាំ​កម្ពុជា​បាន​បញ្ជាក់​ថា​៖ «​ស្ថានទូត​កម្ពុជា​ប្រចាំ​ក្រុង​បាងកក​ក៏​បាន​រៀបចំ​កម្មវិធី​ជា​ច្រើន​ក្នុង​ក្រុង​បាងកក​ចំពោះ​ការ​អបអរ​មិត្ដភាព ​៧០ ​ឆ្នាំ​នេះ​ផង​ដែរ​។ ដូច្នេះ​យើង​កំពុង​តែ​រៀបចំ​ប្រារឰ​ទាំង​សង​ខាង​»។

ពិព័រណ៍​ ​«៧០ ​ឆ្នាំ​ នៃ​ចំណង​មិត្ត​ភាព​ក្នុង​កែវ​ភ្នែក​ខ្ញុំ​» ចាប់​បើក​ដំណើរ​ការ​នៅ​ថ្ងៃ​ពុធ ទី ២៣ រហូត​ដល់​ថ្ងៃ​អាទិត្យ ទី ២៧ ខែ​កញ្ញា​ ចាប់​ពី​ម៉ោង​ ១០ ព្រឹក ​ដល់​ម៉ោង ៥ ​ល្ងាច​ នៅ​សាលវិចិត្រ Art Space នៃ​អគារ Factory Phnom Penh។ ​ការ​ចូល​ទស្សនា​មិន​តម្រូវ​ឱ្យ​បង់​ប្រាក់​ទេ។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​​ពិព័រណ៍​​ «៧០ ​ឆ្នាំ​ នៃ​ចំណង​មិត្ត​ភាព​ក្នុង​កែវ​ភ្នែក​​ខ្ញុំ​»​ សុំ​ចូល​ទៅ​កាន់​ទំព័រ​ហ្វេសប៊ុក​​របស់​ស្ថានទូត​ថៃ​ប្រចាំ​រាជធានី​ភ្នំពេញ @thaiembassy.pnh ឬ @FTGalleryPhnomPenh៕