ភ្នំពេញៈ រូបថត​ប៉ុន្មាន​សន្លឹក​របស់​ជាង​ថតរូប​ឆ្នើម​ជើងចាស់​លោក ម៉ក់ រ៉េមី​ស្សា ដែល​ដាក់​ចំណង​ជើង «ពី​ការ​ប្រមាញ់​ទៅ​ជា​ការ​ថត​រូប» នឹង​ត្រូវ​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​វិចិត្រសាល​ស្លឹក​រឹត​នៃ​បរិវេណ​របស់​វិទ្យាស្ថាន​ជាតិ​អប់រំ ថ្ងៃ​បើក​សម្ពោធ​មហោ​ស្រព​រូប​ថត​ភ្នំពេញ​លើក​ទី ៩ នា​ថ្ងៃ​ទី ៥ ខែ​តុលា ឆ្នាំ ២០១៨ ខាង​មុខ​នេះ។

បណ្តុំ​រូប​ទាំងនោះ ត្រូវ​អ្នក​ថត​ឆ្នើម​របស់​ទីភ្នាក់ងារ​ព័ត៌មាន EPA រយៈពេល ១២ ឆ្នាំ និង​អតីត​នៅ​សារ​ព័ត៌មាន​បារាំង Cambodge Soir ចំនួន ១០ ឆ្នាំ លោក ម៉ក់ រ៉េមីស្សា បញ្ជាក់​ពី​ចំណាប់​អារម្មណ៍​ផ្ទាល់​តាំង​ពី​ក្មេង​ថា៖ «កាល​ពី​នៅ​ក្មេង​ខ្ញុំ​ចូលចិត្ត​បាញ់​សត្វ​ខ្លាំង​ណាស់​ដោយ​ប្រើ​ចម្ពាម​កៅស៊ូ​ជាមួយ​គ្រាប់​លញ់​ធ្វើ​ពី​ដីឥដ្ឋ ដោយ​មិន​ចាប់​អារម្មណ៍​ពី​ការ​បំផ្លិច​បំផ្លាញ​ជីវិត​សត្វ​ព្រៃ​ទាំង​ឡាយ​នោះ​ទេ​ហើយ​គ្រាន់​តែ​មាន​មោទនភាព​នឹង​ការ​បាញ់​សត្វ​ដៃ​ត្រង់​របស់​ខ្ញុំ​តែ​ប៉ុណ្ណោះ។

ក្រោយពី​ខ្ញុំ​បាន​ស្វែងយល់​ពី​សារៈសំខាន់​នែ​សត្វព្រៃ​គ្រប់​ប្រភេទ​ឃើញថា ពួកវា​ក៏មាន​មនោ​សញ្ចេតនា​ស្រឡាញ់​ក្រុម​គ្រួសារ​កូន​ចៅ​និង​សហគមន៍​របស់​ពួកវា គឺ​ដូចជា​មនុស្ស​យើង​ដែរ ដូច្នេះ​យើង​គួរ​តែ​នាំ​គ្នា​ថែរក្សា​អភិរក្ស​សត្វ​ព្រៃ​ទាំង​នោះ​កុំ​ឲ្យ​បាត់បង់»។

លោក​ក៏បាន​បកស្រាយ​ពី​ការដាក់​ប្រធានបទ​នៃ​ពិព័រណ៍​រូបថត​ដែរ​ថា៖ «ហេតុ​ដូចនេះហើយ ស្នាដៃ​រូប​ថត​សិល្បៈ​ពី​ការ​ប្រមាញ់​ទៅ​ជា​ការ​ថត​រូប (From Hunting to Shooting) បង្កើត​ឡើង​ដើម្បី​ចូលរួម​ចំណែក​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ទម្លាប់​មួយ​នៅ​ក្នុង​ប្រទេស​យើង​ក្នុង​ការ​ឈប់​សម្លាប់​សត្វ​ព្រៃ​ធ្វើជា​ម្ហូប​អាហារ​ឬក៏​ជួញ​ដូរ​និង​នាំគ្នា​បញ្ឈប់​បរិភោគ​សត្វ​ព្រៃ​គ្រប់​ប្រភេទ​ផ្ដើម​ចេញ​ពី​យើង​ម្នាក់។ យើង​ត្រូវ​ថែរក្សា​ការពារ​ធនធាន​ធម្មជាតិ​ដែល​មាន​នៅ​សេស​សល់​ក្នុង​ប្រទេស​ទាំង​ប៉ុន្មាន​សម្រាប់​ទុក​ឲ្យ​អ្នក​ជំនាន់​ក្រោយ​របស់​យើង​ទាំង​អស់​គ្នា​ពីព្រោះ​វា​មិន​ទាន់​យឺត​ពេល​នៅ​ឡើយ​នោះ​ទេ»។

រូប​ថត​ ១ ​សន្លឹក​នៃ​បណ្តុំ​រូប​ពិព័រណ៍​រូប​ស្ដី ​​​​«ពី​ការប្រមាញ់​ទៅ​ជាការថតរូប» នៅ​ឯ​វិចិត្រ​សាល​ស្លឹក​រឹត​។ ម៉ក់ រ៉េមីស្សា

អ្នក​ថតរូប​ជើងចាស់​រូបនេះ (លោក ម៉ក់ រ៉េមី​ស្សា) កើត​នៅ​ថ្ងៃទី ៥ ខែ​កញ្ញា ឆ្នាំ ១៩៧០ បន្ទាប់​ពី​ទទួល​បាន​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ក៏​ចាប់​អាជីព​ជា​អ្នក​ថត​ផង និង​សិល្បករ​រូប​ភាព​ផង។ កាល​រៀន​លោក​សិក្សា​ពី​ជំនាញ​វិចិត្រកម្ម និង​ការ​ថត​រូប​លោក​បាន​ក្លាយ​ជា​អ្នក​ថតរូប​ឯករាជ្យ​ម្នាក់។

លោក ម៉ក់ រ៉េមី​ស្សា បានធ្វើការ​ជា​អ្នក​ថតរូប​ឲ្យ​កាសែត​បារាំង Cambodge Soir នៅ​ឆ្នាំ ១៩៩៧ ហើយ​បន្ទាប់​មក គឺ​នៅ​ឆ្នាំ ២០០៦ លោក​បាន​មក​ធ្វើការ​ជា​អ្នក​ថត​រូប​ឲ្យ សារ​ព័ត៌មាន​ផ្សេង​គឺ​ជាទី​ភ្នាក់ងារ (EPA) រហូត​មក​ដល់​សព្វ​ថ្ងែ។ ក្រៅ​ពី​ការងារ​របស់​លោក​ក្នុង​នាម​ជា​អ្នក​កាសែត និង​ជា​សិល្បករ​ផង​នោះ​បាន​បង្កើត​ស្នាដៃ​ផ្ទាល់​ខ្លួន​ជា​បន្ត​បន្ទាប់​មួយ​ចំនួន​ជា​ប្រភេទ​ខ្សែ​រឿង​និទាន​ទស្សន​វិស័យ​តូចៗ​នៅ​ក្នុង​រូបភាព​ដែល​ប្រកប​ទៅ​ដោយ​គុណភាព​ជាមួយ​នឹង​ការ​លាយ​ពណ៌​ផ្សេងៗ​គឺមាន​លក្ខណៈ​ដ៏​ល្អ​ប្រណីត​ពី​ស្នាដៃ​របស់​លោក​តែ​ម្តង៕