សៀមរាបៈ​ នៅ​​ថ្ងៃទី ​១៨ ខែ ​មករា ឆ្នាំ ​២០២០ ខាង​មុខ​នេះ ក្រៅ​​ពី​ចូល​​​ស្តាប់​ការ​អធិប្បាយ​​ជាមួយ​សិល្បករ រួន រី ជា​ភាសា​ខ្មែរ និង​​​អម​​​​ភាសា​អង់គ្លេស​​នោះ អ្នក​និយម​ចូល​ចិត្ត​វិស័យ​សិល្បៈ​​​​​រូបថត​​ស្តីពី​​សកម្មភាព​នោះ​ ក៏​អាច​ទស្សនា​​កម្រង​រូបថត​​​​ភ្ជាប់​​​​​ការ​ដាក់​តាំង​បង្ហាញ​​​ពិព័រណ៍​​​ក្រោម​​ចំណង​ជើង​​ថា «ភូមិ​របស់​យើង»​ ផង​ដែរ​ នៅ​ឯ​​វិចិត្រសាល​ MIRAGE Contemporary Art Space ក្នុង​​ក្រុង​សៀមរាប នៃ​ខេត្ត​សៀមរាប ដោយ​ឥត​គិត​ថ្លៃ​។​

ចំពោះ​​​​​ពិព័រណ៍​​​ក្រោម​ចំណង​ជើង​ថា «ភូមិ​របស់​យើង»​ នោះ​បាន​ចាប់​ផ្តើម​ពី​ថ្ងៃទី ​៣០ ខែ ​វិច្ឆិកា ឆ្នាំ ​២០១៩ បន្ត​​ដល់​ថ្ងៃ​​ទី ​២៤ ខែ ​កុម្ភៈ ឆ្នាំ ២០២០​​ ​ដោយ​​​ទស្សនិកជន​អាច​ចូលរួម​ជួប និង​​ស្តាប់​រឿង​រ៉ាវ និង​អាច​សួរ​​នាំ​ទាក់ទង​ពី​ជីវិត​​របស់​គាត់​ក្នុង​នាម​អ្នក​ថត​រូប​ និង​​សិល្បករ​​ម្នាក់​​ក្នុង​ខេត្ត​សៀមរាប។

បើ​តាម​សេចក្តី​ប្រកាស​​​នៃ​គេហទំព័រ​របស់​វិចិត្រសាល​​ MIRAGE Contemporary Art Space បាន​ដក​ស្រង់​នូវ​​សម្តី​​ពី​សិល្បករ​ផ្ទាល់​លោក​ ​ រួន រី ឲ្យ​ដឹង​ថ្លែង​ថា៖ «​ឈុត​កម្រង​​រូបថត ដែល​មាន​ឈ្មោះ​​ថា​ «​ភូមិ​របស់​យើង» នេះ​​​គឺ​ជា​ផ្នែក​​មួយ​ ដែល​ត្រូវ​បាន​បំផុស​គំនិត​​ដោយ​ការ​ធ្វើ​អន្តរកម្ម​រវាង​រូប​ខ្ញុំ​ផ្ទាល់​ និង​អ្នក​ភូមិ​​​ក្នុង​សហគមន៍​​នេសាទ​ ​នៅ​ភ្នំ​ក្រោម ​ភូមិ​ចុង​ក្នៀស​ និង​ភូមិ​កំពង់​ភ្លុក​។

ខ្ញុំ​ចង់​ស្វែង​យល់​អំពី​ជីវិត​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ក្នុង​ភូមិ​ទាំង​នេះ​ ហើយ​នឹង​ចង់​ចង​ក្រង​ទុក​​ជា​ឯកសារ​ ដែល​ជា​​បញ្ហា​​ប្រឈម ​ខណៈ​បង​ប្អូន​​អ្នក​​នេសាទ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​បាន​ប្រឈម​មុខ​ក្នុង​​ការ​រស់នៅ​​លើ​បឹង​ទន្លេ​សាប​ ដែល​ជា​បឹង​ទឹក​សាប​ធំ​​ជាង​​គេ​នៅ​អាស៊ីអាគ្នេយ៍​។

លោក រួន រី ពេល​បកស្រាយ​ស្នាដៃរូប​ថត​ខ្លួន​។ រូប​ថត ហ្វេសប៊ុក​

មួយ​វិញ​​ទៀត​នោះ​ ជាមួយ​គម្រោង​នៃ​ការ​សាងសង់​ទំនប់​​វារី​អគ្គិសនី​​ និង​ការ​នេសាទ​​​ហួស​​កម្រិត​នឺង​​​អាច​ក្លាយ​​ទៅ​ជា​​​ការ​គំរាម​កំហែង​​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​បឹង​នេះ ហើយ​ខ្ញុំ​សង្ឃឹម​ថា​ ទស្សនិកជន​ទាំង​អស់​​អាច​យល់​ដូចជា​រូប​ខ្ញុំ​ដែរ​ អំពី​សារៈសំខាន់​នៃ​ទំនាក់​ទំនង​រវាង​មនុស្ស និង​ធម្មជាតិ​ថា វា​ពិត​ជា​មាន​​សារៈសំខាន់​កម្រិត​យ៉ាង​​ណា​ហើយ​សម្រាប់​​យើង​ប្រជាជន​ខ្មែរ​ ​ជា​ពិសេស​នោះ ​គឺ​សម្រាប់​ប្រជាជន​ដែល​លោក​​រស់នៅ​​​ក្នុង​សហគមន៍​នេសាទ​នៅ​តំបន់​ទន្លេសាប​តែ​ម្តង​»។​

គួរ​​បញ្ជាក់​ផង​ដែរ​ថា សិល្បករ​​ថត​រូប​លោក​ រួន រី​​ គឺ​ជា​អ្នក​ថត​​រូប​ម្នាក់​ ដែល​បាន​រៀន​​ចេះ​ជំនាញ​​ថតរូប​ដោយ​ខ្លួន​ឯង​ ​ហើយ​លោក​ក៏​​​ជា​អ្នក​បកប្រែ​​ភាសា​អង់គ្លេស​​​ម្នាក់​​​ មាន​មូលដ្ឋាន​នៅ​​ខេត្ត​សៀមរាប។

ចំពោះ​ចំណាប់​​អារម្មណ៍ ​​​ដែល​​គាត់​បាន​​ចាប់​ផ្តើម​ដំបូង​ ពេល​​គាត់​បាន​ចូលរួម​សិក្ខាសាលា​​ថតរូប​ក្នុង​ឆ្នាំ ​២០១០ ​ដែល​​​​​​រៀបចំ​​​ដោយ​ក្រុមហ៊ុន​ក្រៅ​រដ្ឋាភិបាល​ ដែល​មិន​គិត​ពី​ចំណូល​មួយ​មាន​ឈ្មោះថា​ ​អង្គរ​ហ្វូតូ​ហ្វែសស្ទីវ៉ល ​និង​វឹកហ្សព​ (Angkor Photo Festival & Workshops)​។

នៅ​ក្នុង​ឆ្នាំ ២០១៦​ លោក រួន រីក៏​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូលរួម​​ថ្នាក់​បណ្តុះបណ្តាល​ថតរូប​ពិសេស​មួយ ​ជាមួយ​នឹង​គ្រូ​ថតរូប​អាជីព​ជំនាញៗ មាន​ដូច​ជា លោក អង់ធ្វន់​ ឌីហ្កាតា ​ជា​ជនជាតិ​បារាំង ​និងលោក សូរ៉ាប់​ហ៊ូរ៉ា ​ជា​ជនជាតិ​ឥណ្ឌា ក្នុង​​​អំឡុង​ពេល​​បើក​វគ្គ​សិក្ខាសាលា​អង្គរ​ហ្វូតូ​ហ្វែស​ស្ទីវ៉ល​នោះ ហើយ​លោក​ក៏​ចាប់​ផ្តើម​មាន​ការ​ជក់​ចិត្ត​ខ្លាំង​ជាមួយ​នឹង​ការងារ​ថត​រូប​នេះ បន្ត​រហូត​មក​ដល់​សព្វ​ថ្ងៃ​​៕​