ភ្នំពេញៈ ធ្លាប់​ត្រូវ​បាន​គេ​ច្រឡំ​ថា​ជា​ជនអនាថា​គ្មាន​ផ្ទះសម្បែង​ព្រោះ​តែ​ការតាក់តែង​កាយ​បែប​រយីករយាក សិល្បករ​វ័យក្មេង​ ៣ ​រូប​ជ្រក​ក្រោម​នាម​ថា Homeless បាន​និង​កំពុង​រំលេច​ស្នាដៃ​សិល្បៈ​របស់​ខ្លួន​ជា​ប្រភេទ​គំនូរ​ក្រាហ្វីធី (Graffiti) តាម​ដង​ផ្លូវ​ចំនួន ៦ ផ្ទាំង រូបភាព​ចំនួន ១៥ ផ្ទាំង វីដេអូ​ខ្លី​ចំនួន ២ រួម​ជាមួយ​ស្នាដៃ​សិល្បៈ​ពត់​ដែក​សហសម័យ​នៅ​វិចិត្រសាល Bong the Gallery តាម​បណ្តោយ​វិថី​សុធារស​ក្បែរ​វាល​ព្រះមេរុ​។

ជា​សមាជិក​ ១ ​រូប​របស់ Homeless លោក សូ សុទ្ធសុវណ្ណគង់ ហៅ ក្វាន់ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ឲ្យ​ដឹង​ថា​៖ «​ការតាំងពិព័រណ៍​នេះ​គឺជា​លើក​ទី​ ១ សម្រាប់​ក្រុម Homeless ព្រោះ​កាល​ដើម​ឡើយ​សមាជិក​នីមួយៗ​គឺ​មាន​ជំនាញ​ផ្សេង​គ្នា ហើយ​ក៏​បាន​ស្គាល់​គ្នា​តាមរយៈ​ការចូលរួម​ទស្សនា​សិល្បៈ​នានា ពួកយើង​មាន​ចំណង់​ចំណូលចិត្ត​ដូច​គ្នា​រួច​ក៏​ពួកយើង​បង្កើត​ជា​ក្រុម​នេះ​ឡើង​ហើយ​ពេល​នេះ​ពួកយើង​ក៏​មាន​ឱកាស​យក​ស្នាដៃ​របស់​យើង​មក​តាំង​បង្ហាញ​»​។

វិចិត្រករ​សម្បុរ​ស្រអែម​លេង​ស្ទីល​បែប​បស្ចិមប្រទេស​រូប​នេះ​បន្ត​ថា​ស្នាដៃ​របស់​លោក​មាន​ចំនួន ៦ ផ្ទាំង​គឺជា​គំនូរ​តាម​ដង​វិថី​ដែល​ជា​សិល្បៈ​គំនូរ​មួយ​បែប​រំលេច​នូវ​ទិដ្ឋភាព​ប្លែក ឬ​រូបភាព​ដែល​កើត​មាន​ឡើង​នៅ​ជុំវិញ​ខ្លួន តែ​អ្នកដទៃ​មើល​មិន​ឃើញ​។

សមាជិក​ ១ ​រូប​ទៀត​លោក ចាង សៀងហៃ បាន​រៀបរាប់​ថា​ស្នាដៃ​របស់លោក គឺ​មាន​រូបថត​ចំនួន ១៥ ផ្ទាំង និង​វីដេអូ​ខ្លី​ចំនួន​ ២​។ លក្ខណ​ពិសេស​របស់​ស្នាដៃ​លោក​គឺ​កើត​ចេញ​ពី​វីដេអូ​ដែល​លោក​បាន​ថត​ដោយ​មាន​ការ​លាយ​ជាមួយ​ភ្លើងពណ៌ ទើប​បង្កើត​បាន​ជា​រូបភាព​។

សិល្បៈ​ពត់​លោហៈ និង​គំនូរ​បែប​សហសម័យ​ដែល​ទទួល​បាន​ការពេញនិយម​នៅ​បស្ចិមប្រទេស​ច្រើន​ជាង​នៅ​ប្រទេស​កម្ពុជា​។ រូបថត សហការី

អតីត​និស្សិត​ជំនាញ​ច្នៃ​ម៉ូដ​រូប​នេះ​បន្ថែម​ថា​នេះ​គឺជា​លើក​ទី​ ១ ​របស់​លោក ដែល​បាន​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​ជាមួយ​មិត្តភក្តិ​ក្នុង​ពិព័រណ៍​ដែល​ធ្វើ​ឡើង​ក្នុង​បំណង​គាំទ្រ​សិល្បករ​ជំនាន់​ថ្មី ខណៈ​កន្លង​មក​ការតាំងពិព័រណ៍​នានា​ច្រើន​ធ្វើ​នៅក្នុង​ទីកន្លែង​ធំៗ ហើយ​សុទ្ធ​តែ​ជា​ស្នាដៃ​សិល្បករ​ដែល​មាន​ឈ្មោះ​ល្បី​ស្រាប់​។

ចំណែក​ទម្រង់​សិល្បៈ​ដ៏ប្លែក​មួយទៀត​របស់​លោក ម៉ានី គឺ​ការពត់​ដែក​ឲ្យ​ចេញ​ជា​រូបរាង​ដែល​ភាគច្រើន​ធ្វើ​ឡើង​ពី​ដែក​ឆ្អឹង​បង្អួច​។ ដំបូង​ឡើយ​សិល្បករ​គឺ​ត្រូវ​គូរ​រូប​តាម​ការ​នឹកឃើញ ហើយ​ប្រើប្រាស់​ទេពកោសល្យ​ពត់​ដែក​នោះ​ឲ្យ​ចេញ​ជា​រូបរាង​តាម​គំនូរ​របស់​ខ្លួន​។

លោក Alexandre Barthelemy អ្នកគ្រប់គ្រង​វិចិត្រសាល Bong The Gallery បាន​រៀបរាប់​ថា​៖ «​ការបង្កើត​ពិព័រណ៍​នេះ​ឡើង​ដោយសារ​ខ្ញុំ​គិតថា​កម្ពុជា​មាន​សិល្បករ​វ័យក្មេង​ដែល​មាន​ទេពកោសល្យ និង​មាន​សមត្ថភាព​ល្អ​។ ម្យ៉ាងទៀត​យើង​ចង់​ការពារ​ថែរក្សា​ស្នាដៃ​របស់​ពួកគេ និង​មិន​ចង់​ឲ្យ​ពួកគេ​បោះបង់​នូវ​សិល្បៈ​នេះ​ទើប​យើង​ផ្តល់​ឱកាស​ឲ្យ​ពួកគេ​សាមគ្គី​គ្នា​យក​ស្នាដៃ​របស់​ខ្លួន​មក​តាំង​បង្ហាញ​នាពេល​នេះ​។

បើក​សម្ពោធ​ពី​ថ្ងៃ​ទី​ ១៩ ខែ​មករា ពិព័រណ៍ Homeless នឹង​បន្ត​រហូត​ដល់​ថ្ងៃទី​ ១៩ ខែ​កុម្ភៈ​ដោយ​ស្វាគមន៍​អ្នក​ចូលរួម​ទស្សនា​ឥត​គិតថ្លៃ​៕