ភ្នំពេញ៖ ពិព័រណ៍ស្នាដៃថ្មីៗរបស់សិល្បករ ១១ រូប ដែលបញ្ចប់ការសិក្សាសិល្បៈសហសម័យនៃគម្រោងសិល្បៈស-ស នាឆ្នាំ ២០១៩ គាំទ្រដោយមូលនិធិ Rei Foundation បានបើកពិព័រណ៍រួមគ្នាមួយក្រោមចំណងជើងថា «ដង្ហើម» នឹងចាប់ផ្តើមពីថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២០ បន្តដល់ថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០២០។
ពិព័រណ៍នេះ គឺជាលទ្ធផលពីកម្មវិធីសិក្សារយៈពេល ៦ ខែ ដែលសិស្សទាំងអស់បានសិក្សា និងពិភាក្សាក្នុងថ្នាក់ធ្វើទស្សនកិច្ច និងជួបសិល្បករនៅស្ទូឌីយោ មួយចំនួន និងបង្កើតស្នាដៃសិល្បៈថ្មីៗផងដែរ។
កញ្ញា គួន ឌីណា ជាអ្នកសម្របសម្រួលគម្រោងកម្មវិធីនៃវិចិត្រសាល ស-ស បានឲ្យដឹងថា៖ «សិស្សទាំង ១១ រូបនេះ គឺសុទ្ធសឹងមានប្រវត្តិសិក្សា និងជំនាញចម្រុះ ហើយពួកគេបានបង្កើតស្នាដៃសិល្បៈថ្មីៗ មានទម្រង់ផ្សេងៗពីគ្នា មានគំនូររូបថត ចម្លាក់ស្នាដៃដំឡើង និងវីដេអូ។ ពួកគេពិនិត្យ និងសំណួរលើប្រធានបទជាច្រើនដូចជា បរិស្ថាន (បម្រែបម្រួលអាកាសធាតុ) រចនាសម្ព័ន្ធអំណាច មនុស្សជាតិ សាសនា ការចងចាំប្រវត្តិសាស្រ្ត អយុត្តិធម៌សង្គម និងទម្រង់នៃការគ្រប់គ្រងនៅក្នុងសង្គមបច្ចុប្បន្ន»។
កញ្ញា គួន ឌីណា បន្តថា៖ «ថ្នាក់សិល្បៈសហសម័យ គឺជាផ្នែកមួយនៃកម្មវិធីអប់រំរបស់គម្រោងសិល្បៈស-ស ក្នុងគោលបំណង គាំទ្រដល់សិល្បករវ័យក្មេង ដើម្បីអភិវឌ្ឍការងារសិល្បៈដែលកំពុងចាប់ផ្តើម និងការកសាងចំណេះដឹងសំខាន់ៗផងដែរ។
ថ្នាក់នេះរួមមានជំនួបពិភាក្សាប្រចាំសប្តាហ៍រយៈពេល ៣ ខែ បន្ទាប់មកអ្នកចូលរួមទាំងអស់ចំណាយ ៣ ខែទៀត បង្កើតស្នាដៃសិល្បៈថ្មីៗ។ ថ្នាក់នេះ សិស្សៗបានពិភាក្សាលើប្រធានបទជាច្រើនដូចជា ប្រវត្តិសាស្រ្ត សិល្បៈ និងវប្បធម៌នយោបាយ ទស្សនវិជ្ជា និងភូមិសាស្រ្តជាដើម ដែលសម្របសម្រួលដោយសហស្ថាបនិកគម្រោងសិល្បៈស-ស លោក ខ្វៃ សំណាង ព្រមទាំងគ្រូបង្រៀន និងវាគ្មិនកិត្តិយសជាច្រើនទៀត។ ការពិភាក្សានេះមានសារៈសំខាន់ជួយផ្តល់ជាទុនដល់ការងារសិល្បៈ និងការស្រាវជ្រាវបង្កើតស្នាដៃថ្មីរបស់សិស្ស»។
ការសិក្សាសិល្បៈសហសម័យនៃគម្រោងសិល្បៈស-ស នេះគឺមានគ្រូបង្រៀន និងវាគ្មិនកិត្តិយសដូចជាបណ្ឌិត តូនី សាភារ៉ូ ភីម លោក សួង សុខរ៉ូ លោក អ៊ុច ឈួង លោក លាង ស៊ីកន លោក សាន ផល្លា លោក ពេជ្រ សុភាព លោក យាន រស្មី និងលោក វុធ លីណូ។
ចំណែកសិស្សទាំង ១១ រូបនោះ មាន ចាប វិចិត្រ និស្សិតឆ្នាំទី ៤ កញ្ញា ជា ដាលីន និស្សិតឆ្នាំទី ៣ ជីន ចំរើន និស្សិតឆ្នាំទី ៤ ផ្នែកគំនូរ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ កុល គីរីវ៉ាត់ ជាអ្នកផលិតមាតិកាកម្មវិធីនៅ BBC Media Action។ លោក គួច ហ៊ុយ ជំនាញស្ថាបត្យកម្ម និងនគរូបនីយកម្ម ឡេង គឹមស្រៀង និស្សិតឆ្នាំទី ៤ ផ្នែកតុបតែងលម្អ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ លោក ច ឆុងម៉េង ជាអ្នកឌីហ្សាញ 3D នៅក្រុមហ៊ុន DWK។
និស្សិត សួ គឹមសាន ជាគ្រូគំនូរនៅឯសាលាសិល្បៈយ៉ាម៉ាដា និងអ្នករចនា 2D ក្រុមហ៊ុន Sompom Digital Agency និស្សិត វ៉ា ស៊ីនួន បុគ្គលិកផ្នែករដ្ឋបាល និង គ្រូគំនូរក្មេងតូចៗនៅ Global Art Cambodia ពីឆ្នាំ ២០១២ ដល់ ២០១៧។ និស្សិត យ៉េង សុវណ្ណារិទ្ធិ ជានិស្សិតឆ្នាំទី ៣ ផ្នែករចនា និង រតនា រាសី និស្សិតឆ្នាំទី ៣ ផ្នែកតុបតែងលម្អនៅវិទ្យាស្ថានស៊ីតិក៕