ភ្នំពេញ: ពិព័រណ៍ STYLE Bangkok ដែល​ជា​ឱកាស​ជំនួប​យ៉ាងពិសេស​រវាង​អ្នកលក់ អ្នកទិញ អ្នក​ឌីហ្សាញ អ្នក​រចនា​ម៉ូដ​ផ្ទៃក្នុង អ្នកជំនួញ​ផ្នែក​អចលនទ្រព្យ ជាពិសេស​អ្នក​និយម​ផលិតផល​ហ្វាសសិន​គ្រប់ប្រភេទ​ស្ដីពី​ម៉ូដ​ម៉ាក​ច្នៃប្រឌិត​ថ្មីៗ​ចុងក្រោយ​បំផុត​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​ក្រុង​បាងកក​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​ពាណិជ្ជកម្ម​អន្ដរជាតិ (Bitec) នៅ​ពាក់កណ្ដាល​ខែ​មេសា​។

ក្រោម​ប្រធានបទ​ឆ្នាំ​នេះ «Crenovative Origin» ជំនួប​រវាង​ភាព​ច្នៃប្រឌិត នវានុវត្ដភាព និង​ភាព​វិសេស​ STYLE Bangkok ដែល​ច្របាច់​ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ចំនួន ៣ បញ្ចូល​គ្នា​នឹង​បង្ហាញ​ពី​ផលិតផល​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​គ្រប់​ប្រភេទ​ចាប់ពី​ហ្វាសសិន និង​សម្លៀកបំពាក់ កាដូ គ្រឿងសង្ហារិម​ និង​សម្ភារ​តុបតែង​ជាដើម​។

អ្នកស្រី វ៉ាន់ណាផន កេទូដាត អគ្គនាយករង​នៃ​នាយកដ្ឋាន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អន្ដរជាតិ (DITP) របស់​ក្រសួងពាណិជ្ជកម្ម​ថៃ​ដែល​បាន​រៀបចំ​ព្រឹត្ដិការណ៍​ពិព័រណ៍​នេះ​បាន​ថ្លែង​​ថា​៖ «STYLE Bangkok បាន​បញ្ចូល​កម្មវិធី​ទាំង ៣ រួម​គ្នា​តែ​មួយ​ដូចជា ពិព័រណ៍​ហ្វាសសិន​អន្ដរជាតិ​បាងកក និង​ពិព័រណ៍​ស្បែក​អន្ដរជាតិ​បាងកក ឬ BIFF&BIL ពិព័រណ៍​កាដូ​អន្ដរជាតិ​បាងកក និង​ពិព័រណ៍​សម្ភារ​ផ្ទះសំបែង​អន្ដរជាតិ​បាងកក ឬ​ក៏ BIG+BIH និង ពិព័រណ៍​គ្រឿងសង្ហារិម​អន្ដរជាតិ​ថៃ ឬ TIFF​។ កម្មវិធី​ទាំងនេះ​ត្រូវ​បាន​បង្កើតឡើង និង​មាន​ការទទួលស្គាល់​ទាំង​ថ្នាក់ជាតិ និង​អន្ដរជាតិ​»​។

តារា​ថៃ និង​ថ្នាក់ដឹកនាំ​ក្នុង​វិស័យ​ឧស្សាហកម្ម​ច្នៃ​ម៉ូដ​។ រូបថត សហការី

អ្នកស្រី​បន្ដ​ថា​៖ «​វា​ជា​ការផ្ដល់​ភាពងាយស្រួល​ដល់​ទាំង​អ្នកលក់ និង​អ្នកទិញ​នូវ​គ្រប់​ផលិតផល​ទាំងអស់​នៅ​ក្រោម​ដំបូល​តែមួយ មិន​ថា​ពួកគេ​ជា​អ្នក​លក់រាយ ភ្នាក់ងារ​ទិញ​លក់ អ្នកឌីហ្សាញ អ្នក​រចនា​ម៉ូដ​ផ្ទៃក្នុង អ្នក​ជំនួញ​ផ្នែក​អចលនទ្រព្យ ឬក៏​អ្នក​តំណាង​ផ្សារ​ទំនើប​នានា​ទាំង​នៅក្នុង​ប្រទេស និង​ពិភពលោក​។ ពិព័រណ៍​នេះ​ក៏​បាន​ផ្ដល់​ឱកាស​ឲ្យ​អ្នក​តាំង​ផលិតផល​ជួប​អ្នកទិញ និង​អ្នកជំនួញ​ផ្សេងៗ​ទៀត​»​។

ដោយ​ត្រូវ​បាន​ចាត់ទុក​ជា​ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ហ្វាសសិន​ប្រចាំ​តំបន់​ធំ​បំផុត​មួយ​ក្នុង​ទ្វីបអាស៊ី​ដែល​ត្រូវ​បាន​រៀបចំ​ឡើង ៥ ថ្ងៃ STYLE Bangkok ទំនង​ជា​នឹង​ស្វាគមន៍​ភ្ញៀវ​ប្រមាណ ៥ ម៉ឺន​នាក់​មកពី​ជុំវិញ​ពិភពលោក​។

អ្នកស្រី វ៉ាន់ណាផន បាន​ឲ្យ​ដឹង​ថា​៖ «​ក្នុង​ឱកាស​នោះ​នឹង​មាន​អ្នក​តាំងបង្ហាញ​ផលិតផល ៨៧៦ ក្រុមហ៊ុន និង​ស្ដង់ ១៦៨៧ ដោយ​មាន​អ្នកចូលរួម​ប្រមាណ ៥ ម៉ឺន​នាក់​មកពី ៧០ ប្រទេស រួមទាំង តៃវ៉ាន់ កូរ៉េ ជប៉ុន និង​បណ្ដា​ប្រទេស​ជាប់​ព្រំដែន​ដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង​វៀតណាម​»​។

អ្នកស្រី វ៉ាន់ណាផន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​តាម​អ៊ីមែល​ថា​៖ «​កម្ពុជា​ដែល​នឹង​បង្ហាញ​ផលិតផល​សិប្បកម្ម វត្ថុ​កាដូ វាយនភណ្ឌ និង​សម្លៀកបំពាក់​នឹង​ធ្វើ​ការដាក់​តាំងពិព័រណ៍​ក្នុង​កម្មវិធី CLMV Pavilion ជាមួយ​នឹង​ឡាវ មីយ៉ាន់ម៉ា និង​វៀតណាម ដោយ​មាន​ក្រុមហ៊ុន​ចំនួន ១០»​។

ពិព័រណ៍ STYLE Bangkok នឹង​ត្រូវ​បាន​រៀបចំ​ឡើង​ចាប់ពី​ថ្ងៃទី ១៧ ដល់​ទី​ ២១ ខែ​មេសា ឆ្នាំ​ ២០១៩ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​ពាណិជ្ជកម្ម​អន្ដរជាតិ (Bitec)​។

កម្មវិធី​ដោះដូរ​ពាណិជ្ជកម្ម​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី​ ១៧ ដល់​ទី​ ១៩ ចាប់ពី​ម៉ោង ១០ ព្រឹក​ដល់​ម៉ោង ៦ ​ល្ងាច ខណៈ​កម្មវិធី​សម្រាប់​មហាជន​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​ទី ២០ និង​ទី ២១ ខែ​មេសា ពី​ម៉ោង ១០ ​ព្រឹក​ដល់​ម៉ោង ៩ ​យប់​។

ព័ត៌មាន​លម្អិត​សូម​ចូល​ទៅ​កាន់​វេបសាយ www.stylebangkorfair.com៕