ភ្នំពេញ៖ យក​ដៃ​ច្បិចម្រាម​ដៃ​មេ​ និង​ម្រាម​ចង្អុល​​ ដែល​ហាក់​បី​ដូចជា​កាយវិការ​ម្រាម​ដៃ​ផ្កា​ជ្រុះ​ក្នុង​ន័យ​នៃ​របាំ​អប្សរា​ ស្ដ្រី​កម្មករ​រោងចក្រ​ធ្វើ​នូវ​កាយវិការ​កាន់​ម្ជុរ​ដេរ ឬកាន់​ក្រណាត់​កាត់​​ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ​ ក្នុង​ការ​ផលិត​សម្លៀក​បំពាក់​លក់​ទៅ​ក្រៅ​ប្រទេស​ជា​ថ្នូរ​នឹង​ប្រាក់​​ចំណូល​ចិញ្ចឹម​សារ។​

ពួក​គេ​ត្រូវ​បាន​ចាត់​ទុក​ជា​​ ​ «អប្សរា​ថ្មី» នៅ​ក្នុង​ពិព័រណ៍​សិល្បៈ​​​ ដែល​នឹង​ត្រូវ​បាន​ប្រារឰ​ឡើង​​​ ​ក្រោម​​គំនិត​ផ្ដួច​ផ្ដើម​រវាង​​ជាង​ថត​រូប​​អាជីព និង​ក្រុម​​អ្នក​ឌីហ្សាញ​ ស្ដីពី​ឥទ្ធិ​បរិស្ថាន​ និង​សង្គម​នៃ​​ឧស្សាហកម្ម​វាយនភណ្ឌ​។

ព្រឹត្ដិការណ៍ ​២ ប្រារឰ​​ក្នុង​ពេល​​តែ​មួយ «​អប្សរា​ថ្មី​» ​‘The New Apsaras’ ចាប់​ផ្ដើម​ពី​ម៉ោង ៥ ល្ងាច ​​រយៈ​ពេល ​១ ​ខែ​ នៅ​ Plantation រហូត​ដល់​ថ្ងៃទី ២២ ខែ​មីនា និង​ពិព័រណ៍​ហ្វេសសិន​ «លើស​ពី​មនុស្ស​» ‘More Than Humans’ ប្រារឰ​ឡើង​នៅ​ថ្ងៃ​បើក​សម្ពោធ​ដូច​គ្នា​ នៅ​ម៉ោង ៧ យប់​។

«​អប្សរា​ថ្មី» ផ្ដោត​លើ​ការ​ជជែក​វែក​ញែក​នូវ​​ទស្សនៈ​រិះគន់ និង​ច្នៃ​ប្រឌិត​ស្ដីពី​ហ្វេសសិន​​ដោយ​ប្រើ​វិធីសាស្ដ្រ​ប្លែកៗ​ដើម្បី​សិក្សា​ពី​កិច្ចការ​ឧស្សាហកម្ម​។ ពិព័រណ៍ «​លើស​ពី​មនុស្ស» ​ផ្ដោត​លើ​បញ្ហា​​បរិស្ថាន​ ប្រព័ន្ធ​អេកូឡូស៊ី និង​ការ​ប្រើប្រាស់​ច្រើន​ហួស​ប្រមាណ​ដោយសារ​តែ​​ឧស្សាហកម្ម​ហ្វេសសិន​អភិវឌ្ឍ​ឆាប់​រហ័ស​។

លោក មីហ្គែល ជេរូនីម៉ូ ជាង​ថត​រូប​អាជីព​សញ្ជាតិ​ព័រទុយហ្គាល់ ដែល​មាន​មូលដ្ឋាន​នៅ​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​យើង​មាន​បំណង​ផ្សព្វផ្សាយ​​​ចំណេះ​ដឹង លើក​ទឹក​ចិត្ដ និង​អប់រំ​អំពី​ការងារ​ទទួល​កម្រៃ​​​ឈ្នួល​ថោក​ ក៏​ដូចជា ការ​ចូលរួម​ចំណែក​លើក​កម្ពស់​ស្ថានភាព​។ គោល​បំណង​របស់​យើង​ ​គឺ​ការ​លើក​ស្ទួយ​ឲ្យ​មាន​ការ​កែច្នៃ​ ​ការ​ប្រើប្រាស់​ជា​ថ្មី និង​ប្រែ​ក្លាយ​សម្ភារ​ចាស់​ៗទៅ​ជា​ស្នាដៃ​សិល្បៈ​ថ្មី​»។

លោក ជេរូនីម៉ូ ដែល​សហការ​ជាមួយ​អ្នក​ឌីហ្សាញ និង​និស្សិត​​កម្ពុជា​​ផ្នែក​ឌីហ្សាញ​បាន​​និយាយ​​ថា ការ​នាំចេញ​ធំ​បំផុត​របស់​កម្ពុជា ​គឺ​ឧស្សាហកម្ម​វាយនភណ្ឌ​ ដែល​ភាគ​ច្រើន​លក់​ទៅ​កាន់​អឺរ៉ុប និង​អាមេរិក​ ខណៈ​នៅ​ទី​នេះ​ ប្រតិបត្ដិការ​ទាំង​មូល​ត្រូវ​បាន​ធ្វើ​​ឡើង​ដោយ​​កម្លាំង​ពលកម្ម​ប្រមាណ ៧០ ម៉ឺន​នាក់ ដោយ ៩០ ភាគរយ​ជា​ស្ដ្រី​។

ស្ត្រី​កម្មការិនី​រោង​ចក្រ​ ក្នុងកាយវិការ​កាន់ម្ជុល​​ ក្រណាត់កាត់ ស្រដៀង​ទៅ​នឹង​ម្រាមដៃ​ផ្កា​ជ្រុះ​ក្នុង​ន័យ​នៃ​របាំ​អប្សរា​​។ រូបថត Miguel Jeronimo

ជាង​ថតរូប​ព័រទុយហ្គាល់​រូប​នេះ បាន​និយាយ​ថា​៖ «​យ៉ាង​ណា​មិញ កម្មករ​ទាំង​នេះ​គ្មាន​ថ្ងៃ​មាន​លទ្ធភាព​ទិញ​សម្លៀក​បំពាក់​ដែល​ខ្លួន​បាន​ផលិត​ផ្ទាល់​​ដៃ​នោះ​ទេ ពី​ព្រោះ​ពួក​គេ​រក​ចំណូល​មធ្យម​បាន​តែ ១៨៣ ដុល្លារ​ក្នុង ​១ ខែ។ ​ប្រាក់​ដែល​ប្រើ​ម្រាម​ដៃ និង​ចុង​ម្ជុល គឺ​​សម្រាប់​ចិញ្ចឹម​ឆ្នាំង​បាយ​គ្រួសារ​»។

លោក​បន្ដ​ថា​៖ «​ម្យ៉ាង​វិញ​ទៀត តួអង្គ​អប្សរា ​គឺ​ជា​និម្មិត​រូប​តំណាង​​ជាង​ខ្មែរ​ ជាមួយ​ងារ​ជា​ទេពធិតា​តំណាង​ភាព​ចម្រុង​ចម្រើន និង​ភាព​អស្ចារ្យ​នៃ​របាំ​ប្រពៃណី​»។

លោក ជេរូនីម៉ូ បា​និយាយ​ថា កាយវិការ​និម្មិតរូប​មួយ​គឺ​បង្ហាញ​​ពី​ការ​ជួប​មេ​ដៃ​ជាមួយ​ម្រាម​ចង្អុល​ និង​ធ្វើ​ចលនា​យ៉ាង​ទន់ភ្លន់​។ កាយវិការ​នេះ​ស្រដៀង​នឹង​ម្រាម​​ដៃ​ចាប់​កាន់​ម្ជុលជា​ចលនា​ដែល​មាន​ឥទ្ធិពល​លើ​មនុស្ស​រាប់​លាន​​នាក់​។ ពិព័រណ៍​នេះ​បាន​ផ្ដល់​តម្លៃ​​ដល់​កម្មករ​រោង​ចក្រ​​ចាត់​ទុក​ជា​អប្សរា​ថ្មី។

លោក មីហ្គែល ជេរូនីម៉ូ បាន​បង្ហាញ​រូបថត​ផ្ដោត​លើ​កាយវិការ​ដៃ​របស់​កម្មការិនី​រំលេច​ទម្រង់​ស្រដៀង​នឹង​ក្បាច់​របាំ​​អប្សរា​ប្រពៃណី​។ ពិព័រណ៍​នេះ​នឹង​បង្ហាញ​ពី​ស្នាដៃ​សិល្បៈ​របស់​អ្នក​សិល្បៈ​ចម្រុះ ទាំង​ជាតិ និង​អន្ដរជាតិ​ ជាមួយ​គំនិត​ច្នៃ​ប្រឌិត​សម្បូរ​បែប​។

លោក នីកូឡាស ​ហ្រ្គេ នឹង​បង្ហាញ​ស្ទីល​គំនូរ​សៀវភៅ​ជាមួយ​អត្ថន័យ​​ចំអក​ដល់​វប្បធម៌​សម័យ​ទំនើប​ ដែល​ទំនោរ​ហ្វេសសិន​បច្ចុប្បន្ន​ជះ​ឥទ្ធិពល​លើ​ចំណូល​ចិត្ដ​មនុស្ស និង​តម្រូវ​ការ​​នៃ​ការ​ទទួល​យក​ក្នុង​សង្គម​។ សម្លៀក​បំពាក់​ដ៏​សមសួន​យីហោ Tonle Design នឹង​ដាក់​តាំង​រំយោល​លើ​ជញ្ជាំង​ដោយ​ប្រើ​ក្រណាត់​រហែក​សេសសល់​ពី​រោងចក្រ​ ដែល​ចង់​បង្ហាញ​​គោល​​នយោបាយ​គ្មាន​សំរាម​ពី​រោងចក្រ​។

លោក​បាន​បន្ដ​ថា​៖ «​អ្នក​ឌីហ្សាញ​ខ្មែរ ស៊ាងហៃ ឆាង បាន​ច្នៃ​សម្លៀក​បំពាក់ ​២ ឈុត​ពី​សម្ភារ​ចាស់ៗ ខណៈ​ដៃ​គូ​ម្នាក់​​ទៀត​ KWN23 ពី​ក្រុម Homeless Artists Collective នឹង​បង្ហាញ​គំនូរ​ហ្គ្រាហ្វីទី​លើ​ក្រមា ឆ្លុះ​បញ្ចាំង​ពី​ភាព​ស្រស់​ស្អាត​នៃ​​ការ​ប្រឌិត​ចេញ​ពី​សម្ភារ​ក្នុង​ស្រុក​ ជា​ជាង​ការ​ទិញ​ផលិតផល​ពី​បរទេស​»។

លោក នីកូឡាស ហ្គ្រា នឹង​បង្ហាញ​​​សៀវភៅ​​គំនូរ​សន្ទនា​ចំអក​វប្បធម៌ហ្វេសសិន​សម័យ​ថ្មី។ រូបថត សហ​ការី

លោក​និយាយ​ថា ចំពោះ​ស្នាដៃ​ទាំង​អស់​មាន​ការ​ចូលរួម​ពី​អ្នក​សិល្បៈ និង​អង្គការ​ជាង ១០ ​​នឹង​បង្ហាញ​នៅ​ពិព័រណ៍​រួម ដែល​រៀបចំ​នៅ​ Plantation។

ដូចគ្នា​ដែរ​ពិព័រណ៍ «លើស​ពី​មនុស្ស» គឺ​ជា​ការ​បង្ហាញ​ម៉ូដ​សម្លៀក​បំពាក់​ដែល​បង្ហាញ​ពី​ក្ដី​កង្វល់​ចំពោះ​បរិស្ថាន​ និង​ការ​ប្រើប្រាស់​សម្លៀក​បំពាក់​ច្រើន​លើស​លប់​ចំពោះ​ទំនោរ​តាម​ឲ្យ​ទាន់​ហ្វេសសិន​ថ្មីៗ​។

លោក ជេរូនីម៉ូ បាន​និយាយ​ថា មនុស្ស​ត្រូវ​ការ​ហ្វេសសិន​ថ្មីៗ ដោយ​ទទួល​យក​នូវ​សម្ពាធ​​គ្រប់​ទិស ​ដើម្បី​តាម​ឲ្យ​ទាន់​នូវ​ទំនោរ​បច្ចុប្បន្ន​ ដែល​នាំ​ឲ្យ​ក្រុមហ៊ុន​នានា​ខិតខំ​ផលិត​សម្លៀក​បំពាក់​ថ្មីៗ​ លើស​ពី​តម្រូវ​ការ​មនុស្ស​។ ​

លោក​បន្ដ​ថា​៖ «​ការ​បង្ហាញ​ម៉ូដ​ដ៏​ទាក់ទាញ និង​ន័យ​អប់រំ​បង្ហាញ​ពី​ការ​ប្រើប្រាស់​សម្លៀក​បំពាក់​ឡើង​វិញ​តាមរយៈ​ការ​កែច្នៃ​ម៉ូដ។ សម្លៀក​បំពាក់​ប្លែកៗ​បាន​ផលិត​ឡើង​ពី​សម្ភារ​គេ​បោះ​ចោល​ និង​គ្រឿង​តុបតែង​បែប​សម័យ​មុន​»។

ពិព័រណ៍​នេះ លោក​ ជេរូនីម៉ូ បាន​​បង្ហាញ​ស្នាដៃ​រូបថត​ និង​ជា​អ្នក​រៀបចំ​ពិព័រណ៍​ម្នាក់ ខណៈ Elliss Jaie ជា​អ្នក​ជំនាញ​ឌីហ្សាញ​សម្លៀក​បំពាក់​ កែច្នៃ​បែប​ថ្មី​ និង​បាន​បង្រៀន​នៅ​សាលា Raffles International College។

ពិព័រណ៍​ទាំង ២ ​នឹង​ចាប់​ផ្ដើម​បើក​ដំណើរការ​ចាប់​ពី​ថ្ងៃ​ទី ២២ ខែ​កុម្ភៈ នៅ​ម៉ោង ៥ ល្ងាច​ ខណៈ​ពិព័រណ៍​ «​អប្សរា​ថ្មី» ប្រារឰ​ឡើង​នៅ​សណ្ឋាគារ Plantation៕