The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ពិព័រណ៍​អេតចាយ ផ្ដល់​​តម្លៃ​ដល់​អ្នក​ដើរ​រើស​សំរាម​ស្ទួយ​បរិស្ថាន​

ពិព័រណ៍​អេតចាយ ផ្ដល់​​តម្លៃ​ដល់​អ្នក​ដើរ​រើស​សំរាម​ស្ទួយ​បរិស្ថាន​

Content image - Phnom Penh Post
អ្នក​រើសអេតចាយ​ប្រឈម​នឹង​ការ​ឆ្លង​រោគ​ដោយការ​ប៉ះពាល់​នឹង​សំរាម​គ្រោះ​ថ្នាក់​​។ រូបថត សហ​ការី

ពិព័រណ៍​អេតចាយ ផ្ដល់​​តម្លៃ​ដល់​អ្នក​ដើរ​រើស​សំរាម​ស្ទួយ​បរិស្ថាន​

ភ្នំពេញ៖ ក្នុង​ប្រទេស​ដែល​មិន​មាន​ប្រព័ន្ធ​កែច្នៃ​ផ្លូវ​ការ​ អ្នក​រើស​អេត​ចាយ មាន​តួនាទី​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​កាក​សំណល់​ប្លាស្ទិក​ដែល​ត្រូវ​បាន​បោះ​ចោល​ពាស​ពេញ​ដង​ផ្លូវ​ ដែល​គ្រាន់​តែ​ភ្នំពេញ​មួយ​មាន​សំរាម​សរុប​រហូត​ដល់​ ៣ ០០០ តោន ​ក្នុង ​១ ​ថ្ងៃ​។

ជា​ការ​ផ្ដល់​តម្លៃ​ និង​កិត្ដិយស​ដល់​ពួក​គេ ជាង​ថតរូប​សញ្ជាតិ​ព័រទុយហ្គាល់​ លោក មីហ្គែល ជេរ៉ូនីម៉ូ បាន​បើក​ពិព័រណ៍​រូបថត​​រយៈពេល ​១ ​ខែ​ចាប់​ថ្ងៃ​ទី ៨ ខែ​មករា​នេះ​ នៅ​មជ្ឈមណ្ឌល​បុប្ផាណា ដែល​បង្ហាញ​ពី​ដំណើរការ​​នៃ​ការ​កែច្នៃ​សំរាម​នៅ​កម្ពុជា​​ក្រោម​ការ​មើល​រំលង​ពី​ក្រសែ​ភ្នែក​មនុស្ស​ជា​ច្រើន​។

លោក ជេរ៉ូនីម៉ូ បាន​ឲ្យ​ដឹង​ថា​៖​ «​ពិព័រណ៍​នេះ​ស្ដីពី​ដំណើរ​កែច្នៃ​សំរាម​ក្រៅ​ផ្លូវ​ការ​នៅ​កម្ពុជា ចាប់​​ពី​ប្លាស្ទិក​ត្រូវ​បាន​រើស​តាម​ដង​ផ្លូវ​ដោយ​ក្រុម​អេតចាយ រហូត​ដល់​ការ​កែច្នៃ​លក់​ទៅ​កាន់​ប្រទេស ​វៀតណាម ឬ​ថៃ​»។

លោក​និយាយ​ថា ពិព័រណ៍​នេះ​ចង់​បង្ហាញ​ពី​អ្វី​ដែល​មនុស្ស​ជា​ច្រើន​មើល​មិន​ឃើញ​កង​ទាហាន​គ្មាន​ឯកសណ្ឋាន​។ លោក​សម្គាល់​ឃើញ​ពី​ការ​រើស​អើង និង​ភាព​អាណិត​អាសូរ​ពី​សាធារណៈ​ចំពោះ​ក្រុម​អ្នក​រើស​អេត​ចាយ​ ដែល​ពួក​គេ​ខិតខំ​សម្អាត និង​កែច្នៃ​សំរាម​ប្លាស្ទិក​។

Content image - Phnom Penh Post
ស៊ីប្លេដៃ ដែល​អ្នក​អូសរទេះអេតចាយ ច្របាច់​​តាមផ្លូវ​។ រូបថត សហ​ការី

ជាង​ថតរូប​ដែល​មក​សំចត​នៅ​​​ភ្នំពេញ​ ៣ ឆ្នាំ​ចុង​ក្រោយ​នេះ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​វា​ជា​ការ​ផ្ដល់​តម្លៃ​ដល់​អ្នក​រើស​អេតចាយ​ដែល​ពួក​គេ​រង​នូវ​ការ​មាក់​ងាយ​ ព្រម​ទាំង​ឲ្យ​មហាជន​បាន​ឃើញ​ពី​វីរភាព​ក្នុង​ការ​សម្អាត​ទីក្រុង និង​សង្គ្រោះ​ប្លាស្ទិក​ជា​ច្រើន​ពី​គំនរ​សំរាម​រៀង​រាល់​ថ្ងៃ​។ ខ្ញុំ​គិត​ថា នោះ​ហើយ​ជា​តួនាទី​ចម្បង​របស់​អ្នក​រើស​អេតចាយ​»​។

ដើម​កំណើត​ជា​ជនជាតិ​វៀតណាម និង​បាន​រស់នៅ​កម្ពុជា​ ៣ ទសវត្សរ៍ ដែល​ប្រើ​ឈ្មោះ​បិទ​បាំង​អត្ដសញ្ញាណ អ្នកស្រី​​ គីម ភូក បាន​និយាយ​ថា អ្នកស្រី​​​បាន​ទិញ​សំរាម​ប្លាស្ទិក​ ដូចជា ដប​​ទឹក កែវ​កាហ្វេ និង​ប្លាស្ទិក​ផ្សេងៗ​ទៀត​ក្នុង​តម្លៃ ៥០០ រៀល ​១ ​គីឡូក្រាម​។ ប្លាស្ទិក​​មិន​ទាន់​បែង​ចែក អ្នកស្រី​ទិញ​ក្នុង​​តម្លៃ ៣០០ រៀល ​ក្នុង ​១ ​គីឡូក្រាម​​។​

លោក ជេរ៉ូនីម៉ូ បាន​បន្ដ​ថា​៖ «​អ្នកស្រី គីម ភូក តែងតែ​លាង​សម្អាត​ប្លាស្ទិក​ទាំង​នេះ​ដោយ​ដៃ​​ទទេ​ រួច​គាប​​ឲ្យ​តូច​លក់​ទៅ​កាន់​រោងចក្រ​ ដែល​ផលិត​កៅអី​ជ័រ កញ្ច្រែង​ និង​វត្ថុ​ជ័រ​ផ្សេងៗ​ទៀត​»​។

អ្នកស្រី គង់​​ វណ្ណៈ​ ស្ដ្រី​មេម៉ាយ​​កូន ៣ នាក់​ អត់​ផ្ទះ​សំបែង ដែល​រស់នៅ​ ជា​អ្នក​រើស​អេតចាយ​បាន​ច្របាច់​ស៊ីប្លេ​ដៃ​ពេល​អូស​រទេះ​ដើរ​តាម​ដង​ផ្លូវ។ ពលរដ្ឋ​ដែល​មាន​សម្ភារ​លក់​បាន​​ចេញ​មក​ក្រៅ​ដោយ​ភ្ជាប់​ជាមួយ​សម្បក​ដប និង​កំប៉ុង​ស្រាបៀរ​។

Content image - Phnom Penh Post
លោក ជេរ៉ូនីម៉ូ អ្នក​ថត​រូបសញ្ជាតិព័រទុយហ្គាល់ នា​ថ្ងៃ​បើក​ពិព័រណ៍ នៅ​មជ្ឈមណ្ឌលបុប្ផាណា​​​​។ រូបថត សហ​ការី

លោក​បាន​​កត់​សម្គាល់​ថា​៖ «​អ្នក​រើស​អេតចាយ​អាច​រក​ចំណូល​បាន​ពី ១ ម៉ឺន ​ទៅ ៣ ម៉ឺន​រៀល ​ក្នុង ​១ ​ថ្ងៃ​អាស្រ័យ​​លើ​ថ្ងៃ​ខ្លះ​សំណាង​ អាកាសធាតុ​ល្អ ឬ​ស្ថានភាព​សុខភាព​អំណោយ​​ផល​។ ការ​ខកខាន​ការងារ ​១ ​ថ្ងៃ មាន​ន័យ​ថា អត់​លុយ​ទិញ​បាយ​ហូប​ផង​ដែរ​។ ទោះ​ស្ថានភាព​រស់​នៅ​ក្រីក្រ ពួក​គេ​ជា​អ្នក​ប្រែ​ក្លាយ​សំរាម​ប្លាស្ទិក ១១ ភាគរយ ​ទៅ​ជា​វត្ថុ​ប្រើប្រាស់​ឡើង​វិញ​»​។

ក្រោយ​ពី​គាប​សង្កត់​ឲ្យ​តូចៗ ប្លាស្ទិក​ដែល​បែងចែក​រួច​ត្រូវ​បាន​នាំចេញ​ទៅ​លក់​ឲ្យ​ប្រទេស​ជិត​ខាង​។ លោក ជេរ៉ូនីម៉ូ បាន​ឲ្យ​ដឹង​ថា កម្ពុជា​មិន​ទាន់​មាន​កន្លែង​កែច្នៃ​សំរាម​ផ្លូវ​ការ​ដើម្បី​គ្រប់គ្រង​កាក​សំណល់​នៅ​ឡើយ​ទេ​។

ប្រទេស ​ថៃ ​គ្រោង​ហាម​ឃាត់​ដល់​ការ​នាំចូល​សំរាម​ទាំង​អស់​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ​ក្រោយ ហើយ​វៀតណាម​ក៏​អនុវត្ដ​នៅ​ឆ្នាំ ​២០២៥ ឯ​កម្ពុជា​ក៏​កំពុង​ត្រៀម​ស្វែងរក​ដំណោះ​ស្រាយ​ផង​ដែរ​។

ជាង​ថត​រូប​ព័រទុយហ្គាល់​រូប​នេះ បាន​បន្ថែម​ថា​៖ «​អង្គការ​មួយ​ចំនួន​កំពុង​ចាប់​ផ្ដើម​ដោះ​ស្រាយ​បញ្ហា​នេះ​។ ជាក់​ស្ដែង ក្រុមហ៊ុន​កែច្នៃ​សំរាម​មួយ​នៅ​បាត់ដំបង បាន​ធ្វើ​ការ​កែច្នៃ​ថង់​ប្លាស្ទិក​ស្ដើង និង​ក្រាស់​ដោយ​ការ​បែង​ចែក សម្អាត កាត់​ និង​រំលាយ​ទៅ​តាម​ទំហំ​ផ្សេងៗ​។ លើស​ពី​នេះ ក្រុមហ៊ុន​ជប៉ុន Gomi Recycle 110 កំពុង​សាងសង់​​រោងចក្រ​ ២ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​ខេត្ដ​ស្វាយរៀង​។ រោងចក្រ​​ទាំង ២ អាច​កែច្នៃ​សំរាម​ពី ២ ទៅ ៣ តោន ​ក្នុង ​១ ​ថ្ងៃ និង​បង្កើត​ជា​អេកូ​ឥដ្ឋ​​សម្រាប់​កិច្ចការ​សំណង់​»។

ចំពោះ​ក្ដី​កង្វល់​ផ្សេង​ទៀត លោក​បាន​​​ឲ្យ​ដឹង​ថា គឺ​ជា​ការ​គ្រប់គ្រង​សំណល់​សើម ដូចជា​អាហារ​សល់ បន្លែ​រលួយ និង​កាក​សំណល់​ពី​មន្ទីរ​ពេទ្យ​ ដែល​​ត្រូវ​បាន​ទុក​ដាក់​ដោយ​គ្មាន​ការ​យក​ចិត្ដ​ទុក​ដាក់​ស្ថិត​ក្នុង​ចំណោម​សំរាម​ដទៃ​ទៀត​។

Content image - Phnom Penh Post
សម្បក​កំប៉ុង​ត្រូវបាន​គាប​សង្កត់​ រួច​នាំ​ចេញទៅ​លក់នៅប្រទេស​ជិត​ខាង​។ រូបថត សហ​ការី

លោក ជេរ៉ូនីម៉ូ បាន​និយាយ​ថា​៖ «សំណល់​គ្រោះ​ថ្នាក់ ដូចជា​សំរាម​ពី​មន្ទីរពេទ្យ​ត្រូវ​បាន​ដាក់​ក្នុង​ធុង​ ឬ​ដាក់​ចោល​តាម​ដង​ផ្លូវ​ ដូច​បណ្ដា​សំរាម​គ្មាន​គ្រោះថ្នាក់​ដទៃ​ទៀត​ដែរ​។ អ្នក​រើស​អេតចាយ​មក​កាន់​ប៉ះ​ដោយ​អត់​ដឹង​ជា​មុន​។ វា​អាច​មាន​ជាតិ​ពុល ឬ​នាំ​ឲ្យ​ឆ្លង​រោគ​ថែម​ទៀត​»។

លោក​អះអាង​ថា បើ​គ្មាន​អ្នក​រើស​អេតចាយ​គ្មាន​សំរាម​ត្រូវ​បាន​កែច្នៃ​ឡើយ​។ ដូច្នេះ សាធារណជន​គួរ​តែ​ចាប់​ផ្ដើម​ផ្ដល់​ការ​គោរព​ និង​ដឹង​គុណ​ចំពោះ​កិច្ចការ​របស់​ពួក​គេ​។

វា​ជា​ជីវិត​ដ៏​លំបាក ដែល​ពួក​គេ​កំពុង​​ជួប​ប្រទះ​ ដូច្នេះ យើង​ត្រូវ​តែ​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​ពួកគេ​ ដោយសារ​ពួក​គេ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​បម្រែ​បម្រួល​អាកាស​ធាតុ និង​វិបតិ្ដ​កាក​សំណល់​។

ឧបត្ថម្ភ​ដោយ​ Ali Al-Nasani មកពី​ Heinrich Boell Foundation ពិព័រណ៍​អេតចាយ នឹង​បន្ដ​បើក​ទ្វារ​ដល់​​ថ្ងៃទី ៨ ខែ​កុម្ភៈ នៅ​មជ្ឈមណ្ឌល​បុប្ផាណា លើ​វិថី​លេខ ២០០ ក្រុង​ភ្នំពេញ​។

សម្រាប់​ព័ត៌មាន​លម្អិត សូមចូល​ទៅ​កាន់​ទំព័រ​អ៊ីនស្ដាក្រាម​លោក​ មីហ្គែល ជេរ៉ូនីម៉ូ migueljeronimophotography ឬ​ទាក់ទង​លេខ​ទូរស័ព្ទ ០១០ ២៩៨ ០៩១៕

អត្ថបទគួរចាប់អារម្មណ៍