ភ្នំពេញ៖ ដោយ​មិន​ធ្លាប់​ឃើញ​អ្វី​ទៅជា​ទេសភាព​ជួរ​ភ្នំ​រលករលេញ​អំឡុង​ពេល​នៅ​កុមារភាព យុវជន ហ៊ាន រង្សី ស្គាល់​ទស្សនីយភាព​ដ៏​ស្រស់​ត្រកាល​នោះ​ តាមរយៈ​ការ​ស្រមើស្រមៃ​ពី​ការ​អាន​សៀវភៅ​ប៉ុណ្ណោះ។

នៅ​ពេល​អ្នក​ថតរូប​មក​ពី​ស្រុក​ព្រែកប្រសព្វ ខេត្ដ​ក្រចេះ ​រូប​នេះ បាន​ឃើញ​ទិដ្ឋភាព​ជាក់​នឹង​ភ្នែក​ពេល​ធ្វើ​ដំណើរ​ទៅ​បណ្ដា​ខេត្ដ​ដទៃ រូប​គេ​ពិត​ជា​ភ្ញាក់​ផ្អើល​ខ្លាំង​មែនទែន។

ប៉ុន្ដែ​ទស្សនីយភាព​ខ្លះ​នៃ​សម្រស់​ធម្មជាតិ​កំពុង​តែ​រសាយ​បាត់​បន្ដិចម្ដងៗ​យ៉ាង​ស្ងៀមស្ងាត់។

នា​សប្ដាហ៍​នេះ លោក ហ៊ាន រង្សី ដែល​បាន​ប្រើ​ជំនាញ​ផ្នែក​ថតរូប​របស់​ខ្លួន គួប​នឹង​ការ​បណ្ដុះបណ្ដាល​ការ​ថតរូប​បែប​សិល្បៈ បាន​ដាក់​បង្ហាញ​រូបថត​ភ្នំ​ថ្ម ២ ផ្ទាំង ដែល​កំពុង​ត្រូវ​បាន​ជីក​កកាយ​បន្ដិច​ម្ដងៗ ក្រោម​ប្រធានបទ «រាប​សល់​តែ​ឈ្មោះ» សម្រាប់​ការ​ចូលរួម​ពិព័រណ៍ «បន្សាំ» ដែល​មាន​រយៈពេល ២ សប្ដាហ៍។

ម្ចាស់​ស្នាដៃ «រាប​សល់​តែ​ឈ្មោះ» ដែល​ជា​ការ​ស្វែងរក​ទំនាក់ទំនង​រវាង​មនុស្សជាតិ និង​ធម្មជាតិ ហ៊ាន រង្សី ឱ្យ​ដឹង​ថា៖ «ការ​ជំរុញ​ចិត្ដ​ឱ្យ​បង្កើត​ប្រធានបទ​នេះ​កើត​ឡើង​តាំង​ពី​នៅ​កុមារភាព​ពេល​អាន​សៀវភៅ​រៀបរាប់​ទាំង​ទំហំ កម្ពស់ ភាព​រឹងមាំ និង​សម្រស់​ពី​សំណាក់​អ្នក​និពន្ធ ដែល​ធ្វើ​ឱ្យ​ខ្ញុំ​នឹក​ស្រមៃ​ឃើញ​ទិដ្ឋភាព​ជួរ​ភ្នំ​ស្រស់​ត្រកាល ដិត​ជាប់​ក្នុង​ខួរ​ក្បាល»។

សហការី ​ភ្នំពេញ ​ប៉ុស្ដិ៍ ​រូប​នេះ​និយាយ​ថា៖ «ពេល​ខ្ញុំ​បាន​ធ្វើ​ដំណើរ​កាត់​ខេត្ត​នានា​ក្នុង​តំបន់​ខ្ពង់​រាប ខ្ញុំ​ជួប​ទិដ្ឋភាព​ទាំង​នោះ​ពិត​មែន។ ប៉ុន្ដែ​ភ្នំ​មួយ​ចំនួន​ដែល​ស្ថិត​នៅ​អម​តាម​ដង​ផ្លូវ​ត្រូវ​បាន​ចោះ ដាប់ កាប់ និង​ជីក​កាយ​យ៉ាង​ស្ងៀមស្ងាត់​ដោយ​សល់​តែ​ឈ្មោះ»។

មហាជន​នឹង​បាន​ឃើញ​រូបថត និង​ការ​បរិយាយ​ត្រួសៗ​របស់​អ្នក​ថតរូប ហ៊ាន រង្សី និង​សិល្បករ​ដទៃ​ទៀត នៅ​វិចិត្រសាល Sa Sa Art Projects ក្រោម​ការ​សម្របសម្រួល​របស់​លោកគ្រូ លីម សុខចាន់លីណា។

«បន្សាំ» គឺ​ជា​ឈ្មោះ​ពិព័រណ៍​បញ្ចប់​ការ​សិក្សា​ថ្នាក់​ថតរូប​សហសម័យ និង​ឯកសារ ដែល​រៀបចំ​សម្រាប់​បណ្ដុះបណ្ដាល​អ្នក​ថតរូប​សិល្បៈ​រយៈពេល ៣ ខែ ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​ពួក​គេ​ក្លាយជា​សិល្បករ​ជំនាន់​ថ្មី និង​បង្ហាញ​ស្នា​ដៃ​ដល់​មហាជន​ទូទៅ ក៏​ដូចជា​ការ​ចែករំលែក​ចំណេះដឹង​បន្ដ​ផង​ដែរ។

ពិព័រណ៍ «បន្សាំ» បាន​បើក​សម្ពោធ​ថ្ងៃទី ៤ វេលា​ម៉ោង ៦ ល្ងាច និង​បន្ត​រហូតដល់​ថ្ងៃទី ២០ ខែកុម្ភៈ ដោយ​មាន​ស្នាដៃ​ទាំង​អស់ ៦៨ ផ្ទាំង របស់​សិស្ស​ចំនួន ៩ នាក់ ដែល​ម្នាក់ៗ​មាន​រូបថត​ចន្លោះ​ពី ៦ ទៅ ១២ ផ្ទាំង។

លោក លីម សុខចាន់លីណា គ្រូបង្រៀន​ជំនាញថតរូប​បែប​សិល្បៈ​សហសម័យ​ កំពុងរៀបចំ​រូបថតពិព័រណ៍​ «​បន្សាំ»។ហ៊ាន រង្សី

លោក ​លីណា វ័យ ៣៤ ឆ្នាំ ប្រាប់​ថា៖ «សិស្ស​ខ្លះ​ធ្វើ​ពី​ការ​ស្វែងយល់​ផ្ទាល់​ខ្លួន​របស់​គាត់។ ជាក់ស្ដែង ខ្លះ​បង្ហាញ​ជា​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ខ្លះ​ពី​ម៉ែ​ដោះ​ដែល​មើល​ក្មេងៗ ខ្លះ​និយាយ​ពី​របៀប​របប​សង្គម​ក្នុង​ការ​រស់នៅ ខ្លះ​ពី​ការ​អភិវឌ្ឍ​នៃ​ទីក្រុង ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​សំណង់​បុរាណ និង​ខ្លះ​ទៀត​ធ្វើ​អំពី​កន្លែង​ទឹក​ស្អុយ»។

លោក​បន្ដថា៖ «ដូច្នេះ​ពេល​និយាយ​ពី​បញ្ហា​ទាំង​អស់​នេះ គឺ​វា​ដូច​និយាយ​ពី​សង្គម និយាយ​ពី​កូវីដ ១៩ ការ​ពាក់​ម៉ាស់ និង​និយាយ​ពី​ទឹក​ស្អុយ​ផ្សេងៗ យើង​ក៏​មាន​គំនិត​ថា ប្រជាជន​នឹង​បន្ត​រស់នៅ​ជាមួយ​វា​យ៉ាង​ដូចម្ដេច? អ៊ីចឹង​ហើយ​ទើប​យើង​ចេញ​ពាក្យ​ថា បន្សាំ សម្រាប់​ពិព័រណ៍​ជំនាន់ទី៣ នេះ»។

ស្ថិត​ក្នុង​ចំណោម​សិក្ខាកាម​ទាំង ៩ នាក់ លោក ខេង សុខណេត និយាយ​ពី​កម្លាំង​ជំរុញ​ចិត្ត​លោក​ក្នុង​ការ​យក​រូប ១ ក្នុង​ចំណោម​រូប​ទាំង ៨ របស់​ខ្លួន​ដែល​លោក​ពេញចិត្ត​ជាង​គេ​មក​បក​ស្រាយ។

លោក​បង្ហើប​ថា៖ «រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ និង​ជិត​បឹង ខ្ញុំ​ឧស្សាហ៍​មើល​ទៅ​កាន់​ទឹក​បឹង​ទន្លេ និង​ឃើញ​រស្មី​ភ្លឺ​ផ្លេកៗ លើ​ផ្ទៃ​ទឹក​ចាំង​ប៉ះ​ជាមួយ​ព្រះអាទិត្យ ប្រៀប​បាន​ដូចជា​ខ្ញុំ​បាន​ឃើញ​ហ្វូង​ដួងតារា​នៅ​លើ​មេឃ។

ម្ចាស់​ស្នាដៃ​ពន្លឺ​ចម្រុះ​ពណ៌​បែប​សហសម័យ​រូប​នេះ បាន​បន្ដ​ថា៖ «ទិដ្ឋភាព​ទាំង​នោះ​ពិត​ជា​ស្រស់​ស្អាត​ណាស់។ ខ្ញុំ​ធ្លាប់​គិត​ថា វា​មិន​កើត​អ្វី​ទេ​ដោយ​ខ្ញុំ​គ្រាន់តែ​ចោល​សំរាម និង​បង្ហូរ​កាក​សំណល់​ខ្លះៗ​ចូល​ក្នុង​ទឹក។ ផ្ទុយ​ទៅ​វិញ ទង្វើ​នេះ​អាច​បង្ក​ឱ្យ​មាន​ការ​បំពុល​ទឹក​ដូច​សព្វថ្ងៃ»។

លោក​បញ្ជាក់​ថា៖ «ហេតុ​នេះ ខ្ញុំ​សម្រេច​ចិត្ត​យក Galaxy Pollution ជា​ប្រធានបទ​ក្នុង​ការ​បញ្ចប់​វគ្គ​សិក្សា​របស់ខ្ញុំ ដោយ​ខ្ញុំ​យក​ការ​បំពុល​ទឹក​ជាមួយ​សំរាម​ឱ្យ​ក្លាយជា Galaxy។ វា​មាន​ភាព​ស្រស់​ស្អាត​ទាក់​ភ្នែក​ដូច​បាន​ទៅ​លេង​ភព​មួយ​ផ្សេង​ទៀត​ដែល​ជា​ល្បាយ​ពពុះ​ទឹក​ស្អុយ និង​សំរាម»។

លោក​បង្ហាញ​សារ​ថា៖ «ខ្ញុំ​សង្ឃឹម​ថា ការងារ​នេះ​នឹង​អាច​រំឭក​ឱ្យ​មនុស្ស​យើង​គិត​ឡើង​វិញ​ពី​បញ្ហា​សំរាម និង​កាក​សំណល់ ដែល​មនុស្ស​បង្ក​ឡើង ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់ ជាពិសេស សម្ភារ​ប្លាស្ទិក​ឱ្យ​សល់​តិច​បំផុត​ដែល​យើង​អាច​ធ្វើ​ទៅ​បាន»។

លោក លីណា ជា​អ្នក​គ្រប់គ្រង ១ នៅ​សាលា​គម្រោង​សិល្បៈ​ស-ស បាន​ឱ្យ​ដឹង​ថា ពួក​គេ​មាន​ទេពកោសល្យ និង​ភាពខ្លាំង​រៀងៗខ្លួន។ រូប​ខ្លះ​ងាយ​មើល​យល់​សម្រាប់​មនុស្ស​ទូទៅ តែ​រូប​ខ្លះទៀត​តម្រូវ​ឱ្យ​មាន​ការ​វិភាគ និង​ស្វែងយល់​ច្រើន។

​លោក ខេង សុខណេត និង​រូបថត​ពន្លឺកាឡាក់ស៊ី ​រវាងពន្លឺ ពពុះទឹកស្អុយ និងសំរាម។ ហ៊ាន រង្សី

ដោយ​មិន​បាន​ពន្យល់​ពី​ហេតុផល​ច្រើន លោក ហ៊ាន រង្សី ស្នើ​មហាជន​អ្នក​ទស្សនា​ត្រិះរិះ​ពិចារណា​អំពី​អត្ថន័យ​នៃ​រូបថត​របស់លោក​ជាជាង​ការ​បកស្រាយ​របស់​ម្ចាស់​ស្នាដៃ។

នៅ​ក្នុង​ការ​តាំង​ពិព័រណ៍​នេះ លោក លីណា បាន​ប្រាប់​ថា វា​ជា​ការ​បង្ហាញ​ស្នាដៃ​ធម្មតា តែបើ​សិន​មាន​ទស្សនិកជន​គាត់​ចាប់​អារម្មណ៍​ក៏​ដូចជា​ការ​លើក​ទឹក​ចិត្ត​ដល់​សិល្បករ ពួក​គេ​អាច​ជាវ​រូបថត ដែល​មាន​តម្លៃ​មធ្យម​ពី ២៥០ ដុល្លារ ​ក្នុង ១ ផ្ទាំង។

លោក​ថា៖ «ដើម្បី​ក្លាយ​ជាជាង​ថតរូប​អាជីព សិស្ស​មិនមែន​ចេះ​ត្រឹមតែ​ការ​ថតរូប​ទេ។ ពួក​គេ​ត្រូវ​មាន​ចំណេះដឹង​ទូទៅ​ឱ្យ​បាន​ច្រើន​ទាំង​ជីវិត​រស់នៅ ទាំង​សង្គម ទាំង​នយោបាយ ​ដើម្បី​ឱ្យ​គាត់​កាន់​តែ​យល់​ស៊ីជម្រៅ និង​អភិវឌ្ឍ​ខ្លួន​ឯង​បន្ត​ទៀត»។

លោក​សុំ​មហាជន​ចូលរួម​ទស្សនា​ពិព័រណ៍​នេះ និង​គាំទ្រ​ការផលិត​ស្នាដៃ ដើម្បី​ឱ្យ​ពួក​គេ​បន្ត​ផលិត​ទៀត។

សម្រាប់​ព័ត៌មាន​បន្ថែម សុំចូល​ទៅកាន់​ទំព័រ​ហ្វេសប៊ុក​គម្រោង​សិល្បៈ​ស-ស @sasaartprojects៕