សៀមរាប៖ ពួក​គេ​ប្រសូត​មក​​​ជើង​មិន​ជាន់​ដី ឬ​ក៏​ស្ថិត​ក្នុង​បន្ទប់​អគារ​បេតុង​ទេ តែ​ពួក​គេ​ចាប់​កំណើត​​​លើ​ក្បូន​ ឬ​ទូក​។ ពួក​គេ​មើល​ឃើញ​តែ​ផ្ទៃ​ទឹក​ធំ​ល្វឹងល្វើយ និង​មេឃា​ល្ហល្ហេវ​។

ពួក​គេ​នឹង​ក្លាយ​ជា​អ្នក​នេសាទ​ ដោយសារ​តែ​ពួក​គេ​រស់នៅ​ក្នុង​សហគមន៍​នៃ​ភូមិ​បណ្ដែត​ទឹក​​។

ឥឡូវ​នេះ ពួក​គេ​ពន្លត់​ម៉ាស៊ីន​​ទូក​មួយ​ភ្លែត និង​ឆ្លៀត​ក្រឡេក​មើល​រូបភាព​ខ្លួន​ឯង​ដែល​ត្រូវ​បាន​ចងក្រង​ជា​ពិព័រណ៍​មួយ​។

«​រវាង​ផ្ទៃ​ទឹក​ និង​ហ្វូង​​តារា​» គឺ​ជា​ពិព័រណ៍​រូបថត​បណ្ដែត​ទឹក​ដ៏​​វិសេស​បំផុត​មួយ​ដែល​រៀបចំ​​​ដោយ​ជាង​ថតរូប​អាជីព​អាហ្វហ្គាន​ ស្វ៊ីស​​ លោក ហ្សាល់ម៉ៃ។

ជាង​ថតរូប​អាជីព​អាយុ ៥៥ ​ឆ្នាំ ដែល​​​ឈ្នះ​ពាន​រង្វាន់​ជាច្រើន​​ទូទាំង​តំបន់​អឺរ៉ុប បាន​ផ្ដិត​យក​ទិដ្ឋភាព​ការ​រស់នៅ​របស់​ពលរដ្ឋ​​នៅ​លើ​សហគមន៍​បណ្ដែត​ទឹក​។

លោក ហ្សាល់ម៉ៃ ​​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍ ​ថា​៖ «​ពួក​គេ​ប្រសូត​មក​នៅ​​ចន្លោះ​រវាង​ផ្ទៃ​ទឹក​បឹង និង​ហ្វូង​តារា​។ ​ពួក​គេ​ធំ​ធាត់​​មក​នៅ​​ចន្លោះ​រវាង​ហ្វូង​តារា និង​ផ្ទៃ​ទឹក​បឹង​។ ខ្ញុំ​ចង់​សំដៅ​ថា ជីវិត​ពួក​គេ​មិន​ត្រឹមតែ​ស្ថិត​​លើ​ដី​នោះ​ទេ​ ប៉ុន្ដែ​អ្វី​ដែល​ពួក​គេ​ឃើញ ​គឺ​មាន​​តែ​ទឹក និង​មេឃា​ប៉ុណ្ណោះ​»។

ពិព័រណ៍​នេះ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​គ្លីនិក​បណ្ដែត​ទឹក​នៃ​អង្គការ​​​គ្លីនិក​បណ្ដែត​ទឹក TLC ក្នុង​ភូមិ​មាត់​ខ្លា​នៃ​បឹង​ទន្លេ​ភូមិ​អន្លង់​សំណ ស្រុក​ជីក្រែង ខេត្ដ​សៀមរាប​។

ពលរដ្ឋ​វ័យចំណាស់​ផ្ចង់​មើល​រូបថត​យ៉ាង​យកចិត្ដទុកដាក់​។ រូបថត សហ​ការី

លោក ហ្សាល់ម៉ៃ ដែល​​ផ្ដើម​គម្រោង​លើ​បឹង​ទន្លេ​សាប ​១ ឆ្នាំ​មុន ​​បាន​ប្រាប់​ថា​៖ «​តាម​ពិត​សារៈសំខាន់​នៃ​ពិព័រណ៍​នេះ​មិន​សំដៅ​លើ​រូប​ខ្ញុំ​នោះ​ទេ តែ​ជា​ដំណើរ​ជីវិត​របស់​ពលរដ្ឋ​ ខណៈ​ខ្ញុំ​ធ្វើ​បទសម្ភាស​ជាមួយ​ពួក​គេ​ ក្រោយ​ទស្សនា​រូបភាព​ ហើយ​អ្វី​ដែល​ពួក​គេ​បង្ហាញ​ចំណាប់​អារម្មណ៍ នោះ​ជា​សារ​ទៅ​កាន់​​ពិភព​លោក​»។

ជាមួយ​គម្រោង​វិសេស​នេះ លោក​ចង់​ផ្ដល់​នូវ​ទស្សន​វិស័យ និង​ចក្ខុវិស័យដ៏​ទូលំទូលាយ​ចំពោះ​​អ្នក​ដែល​កម្រ​បាន​ឃើញ​ និង​យល់​ដឹង​នូវ​អ្វី​ដែល​កំពុង​កើត​ឡើង​លើ​ផ្ទៃ​ទឹក​ជនបទ​ និង​ជីវិត​​ពលរដ្ឋ​សហគមន៍។

លោក​​​និយាយ​ថា​៖ «​​ចំពោះ​ភូមិ​បណ្ដែត​ទឹក​​នេះ គម្រោង​​​ផ្ដោត​លើ​ការ​លំបាក ក្ដី​កង្វល់​ និង​ការ​តស៊ូ​របស់​អ្នក​ភូមិ​»។

វា​ក៏​​​ផ្ដោត​លើ​ផល​ប៉ះពាល់​ចំពោះ​ការ​ប្រែប្រួល​អាកាសធាតុ​ និង​​​ឱ្យ​ប្រជាជន​​​រីករាយ​​នឹង​ពិព័រណ៍​រូបភាព​ទាំង​នេះ​។

ហ្សាល់ម៉ៃ ដែល​ចំណាយ​ពេល​​ភាគ​ច្រើន​ត្រាច់ចរ​រវាង​អាហ្វហ្គានីស្ថាន អឺរ៉ុប សហរដ្ឋ​អាមេរិក និង​អាស៊ី បាន​​បន្ដ​ថា៖ «អំឡុង​ពេល​ស្នាក់នៅ​លើ​ភូមិ​បណ្ដែត​ទឹក ខ្ញុំ​បាន​ជួប​មនុស្ស​ជា​ច្រើន​ ដែល​មាន​សន្ដាន​ចិត្ដ​ល្អ បើក​បេះដូង ​បើក​ទ្វារ​ផ្ទះ​ ចេះ​បង្ហាញ​កា​រឈឺ និង​រីករាយ​ ដែល​អនុញ្ញាត​ឱ្យ​ខ្ញុំ​ផ្ដិត​យក​រូបភាព​ដ៏​រស់​រវើក​»។

ហ្សាល់ម៉ៃ ដែល​ប្រសូត​នៅ​អាហ្វហ្គានីស្ថាន និង​​រស់​នៅ​ស្វ៊ីស​ បាន​សម្រេច​ចិត្ដ​ធ្វើ​ការ​តាំង​បង្ហាញ​រូបថត​របស់​ប្រជាសហគមន៍​សម្រាប់​ទស្សនិកជន​ជា​អ្នក​រស់នៅ​លើ​ភូមិ​បណ្ដែត​ទឹក​របស់​ពួក​គេ​វិញ​ផ្ទាល់​។

លោក​ថា​៖ «​អ្នក​ខ្លះ​ដែល​បាន​​​សួរ​ខ្ញុំ​ពី​មូលហេតុ​ដែល​ខ្ញុំ​ថត​រូប​ពួក​គេ​ ខ្ញុំ​ព្យាយាម​ពន្យល់​ និង​សន្យា​ឱ្យ​​ពួក​គេ​បាន​ឃើញ​នូវ​រូបភាព​ទាំង​នោះ​។ ខ្ញុំ​ចង់​ដឹង​ថា តើ​ពួក​គេ​គិត​ដូចម្ដេច​​ចំពោះ​រូបភាព​របស់​ពួក​គេ ជា​ពិសេស​សារ​ដែល​​ទទួល​បាន​មក​វិញ​»។

ពលរដ្ឋ​ក្នុងភូមិបណ្ដែត​ទឹក​មាត់ខ្លា ស្រុកជីក្រែង ក្រឡេកមើល​រូបភាព​ពិព័រណ៍​ «​រវាង​ផ្ទៃទឹក និង​ហ្វូង​តារា​» នៅគ្លីនិក TLC។ រូបថត សហ​ការី

លោក​បាន​សហការ​ជាមួយ​គ្លីនិក​បណ្ដែត​ទឹក TLC ​​ច្រើន​ខែ​នៅ​តាម​តំបន់​ដាច់​ស្រយាល​បំផុត​នៃ​បឹង​ទន្លេ​សាប។ លោក​បាន​ឱ្យ​ដឹង​ថា វា​​ជា​ការ​តាំង​បង្ហាញ​រូបថត​នៅ​គ្លីនិក​ TLC ហើយ​ក៏​នឹង​ធ្វើ​ការ​ចល័ត​​​​តាម​ភូមិ​ឋាន​​តូចៗ​ផង​ដែរ​។

លោក​បន្ដ​ថា៖ «​ពិព័រណ៍​​នេះ​ផ្ដល់​ការ​លើក​ទឹក​ចិត្ដ និង​​ភាព​ងាយ​ស្រួល​សម្រាប់​​សហគមន៍ ​ខណៈ​វា​ជួយ​រួម​ចំណែក​សេដ្ឋកិច្ច​ចីរភាព និង​ភាព​រឹងមាំ​របស់​ពលរដ្ឋ​ជនបទ​។ វា​ក៏​​​បង្កើត​នូវ​ទំនាក់ទំនង​សម្រាប់​ពិភព​ខាង​​ក្រៅ ស្វែងយល់់​កាន់​តែ​ប្រសើរ​នូវ​តម្រូវ​ការ​ និង​ក្ដី​កង្វល់​របស់​សហគមន៍​លើ​បឹង​ទន្លេ​សាប​​»។

លោក ហ្សាល់ម៉ៃ បាន​កោត​សរសើរ​ចំពោះ​បេសកកម្ម​របស់​ ​TLC ដែល​ពលរដ្ឋ​លើ​បឹង​ទន្លេ​សាប​អាច​ទទួល​បាន​សេវាកម្ម​ថែទាំ​សុខភាព​ដ៏​មាន​តម្លៃ​ និង​សំខាន់​សម្រាប់​ពួក​គេ​។

លោក​និយាយ​ថា​៖ «​បើ​អត់​មាន​ TLC វា​ច្បាស់​ណាស់​ថា ពលរដ្ឋ​ប្រាកដ​ជា​ជួប​ការ​លំបាក​​ក្នុង​ការ​ទទួល​បាន​នូវ​ការ​ថែទាំ​សុខភាព​ ដោយសារ​ពួក​គេ​ត្រូវ​ធ្វើ​ដំណើរ​ឆ្ងាយ​ និង​ចំណាយ​ខ្ពស់​ទៅ​កាន់​គ្លីនិក​​​ដី​គោក»។

ពិព័រណ៍​​​ក៏​បាន​ឧទ្ទិស​ដល់​សព​ ចូស័រ អង្គារ ម៉ាទីន​ ជា​កូន​ចិញ្ចឹម​អ្នក​ឧបត្ថម្ភ​អង្គការ TLC សំខាន់​ម្នាក់​នៅ​​​អាមេរិក​។

ពិព័រណ៍ «​រវាង​ផ្ទៃ​ទឹក និង​ហ្វូង​តារា​» ដំណើរការ​ចាប់​ពី​ថ្ងៃទី ១៥ ដល់​ថ្ងៃទី ​២០ ខែ​ធ្នូ និង​​អាច​នៅ​បន្ដ​ក្នុង​ករណី​មាន​ចំណាប់​អារម្មណ៍​ពី​មហាជន​។

ព័ត៌មាន​លម្អិត​សុំ​ចូល​ទៅ​កាន់​​វេបសាយ​ zalmai.com និង​គណនី​អ៊ីស្ដាក្រាម​ Instagram@Zalmai៕