សៀមរាប : ផ្ទះសំបែង និងរូបមនុស្សតូចៗផលិតឡើងពីក្រមួនទៀនដែលបង្ហាញពីភូមិឋានធ្លាប់តែពោរពេញដោយសំណើចក្អាកក្អាយ និងអនុស្សាវរីយ៍រាប់មិនអស់ត្រូវបានដោតភ្ជាប់នឹងសរសៃអំបោះ និងអុជបញ្ឆេះឲ្យឆេះរលាយបន្ដិចម្ដងៗ។
ផ្ទះទៀនដែលត្រូវបានដុតភ្លើងឲ្យឆេះរលាយតាមអំណាចភ្លើង ប្រៀបប្រដូចទៅនឹងផ្ទះសំបែងត្រូវបានលិចបាត់ក្នុងផ្ទៃទឹក និងបោះបង់ចោល ខណៈប្រជាពលរដ្ឋមួយចំនួនធ្វើចំណាកស្រុកទៅកាន់បណ្ដាខេត្ដដទៃ និងប្រទេសជិតខាង។
ពិព័រណ៍ឯកត្តជនរបស់អ្នកសិល្បៈខ្មែរ សៅ ស្រីម៉ៅ ក្រោមចំណងជើងថា «ក្រោមទឹក» រៀបរាប់ពីភូមិឋានមួយ និងផ្ទះសំបែងប្រជាពលរដ្ឋត្រូវលិចបាត់ក្រោមទឹក។ ភូមិស្រែគរ ឃុំស្រែគរ ស្រុកសេសាន ខេត្ដស្ទឹងត្រែងនៅសល់តែសំណង់ទីតាំងចាស់ ហើយតំបន់ទាំងមូលត្រូវបានទឹកជន់លិចរួមទាំងផ្ទះសំបែង ដីស្រែ អារាម ទីឋាននេសាទ សួនមាត់ទន្លេ និងសូម្បីតែផ្នូរដូនតា ប៉ុន្តែត្រូវបាននាំប្តូរទីតាំងថ្មីមកវិញ។ តំបន់ជាច្រើនជួបបញ្ហាខ្វះទិន្នផលត្រីទាំងនៅខ្សែទឹកខាងលើ និងខាងក្រោមរវាងដងទន្លេសេសាន និងមេគង្គក្រោយការសង់វារីអគ្គិសនីសេសានក្រោម ២។
វាការចងចាំពីទីធ្លាប់ស្នាក់អាស្រ័យមនុស្សធ្លាប់ផ្ដល់ស្នាមញញឹម និងយកអាសាប្រែជាតំបន់លិចទឹក ហើយពលរដ្ឋខ្លះធ្វើចំណាកស្រុក។
ក្នុងឆ្នាំ ២០០៧-០៨ មួយឆ្នាំក្រោយបញ្ចប់ការសិក្សាពីសាលាជំនាញសិល្បៈសូនរូបនៃអង្គការហ្វារពន្លឺសិល្បៈ ខេត្ដបាត់ដំបងក្នុងឆ្នាំ ២០០៦ ស្រីម៉ៅ បានធ្វើការលើវិស័យអប់រំផ្នែកបរិស្ថានជាមួយសហគមន៍ជាច្រើននៅដែនកោះរងាវ ខេត្ដក្រចេះ។
អ្នកសិល្បៈជាអតីតជនភៀសខ្លួនជំរំសាយធូរូបនេះបាននិយាយថា៖ «ខ្ញុំបានត្រឡប់ទៅកាន់សហគមន៍ទាំងនោះជាច្រើនលើកច្រើនសាក្នុងឆ្នាំ ២០១៧ និងឆ្នាំ ២០១៨ ហើយខ្ញុំមានការស្រឡាំងកាំងនឹងការប្រែប្រួលរបស់សហគមន៍។ ភូមិឋាននានាធ្លាប់តែពោរពេញដោយភាពស្រស់បំព្រងប្រែជារហោឋាននៅសល់តែកុមារ និងមនុស្សចាស់ ខណៈមនុស្សពេញកម្លាំងត្រូវចាកចេញដើម្បីស្វែងរកការងារតាមបណ្ដាខេត្ដដទៃ និងប្រទេសជិតខាង»។
សៅ ស្រីម៉ៅ បានរៀបចំពិព័រណ៍ស៊េរីស្ដីពីគំនូរឌីជីថលលើរូបថត និងសិល្បៈដំឡើងស្ថិតលើកម្រាលកញ្ចក់កណ្ដាលបន្ទប់ពិព័រណ៍តំណាងដោយភូមិឋានមានផ្ទះតូចៗ និងចម្លាក់មនុស្សផលិតឡើងក្រមួនទៀនដែលនឹងត្រូវដុតឲ្យរលាយបន្ដិចម្ដងៗនៅពេលបើកសម្ពោធ។
ស្នាដៃរបស់ ស្រីម៉ៅ «ក្រោមទឹក» ហាក់បង្ហាញពីទិដ្ឋភាពពិបាកយល់។ រូបភាពទាំងនោះទំនងជាកើតឡើងពីការចងចាំ ឬក្ដីស្រមៃអ្នកសិល្បៈ។
ពិព័រណ៍ «ក្រោមទឹក» ដែលគាំទ្រដោយមូលនិធិដាំដុះមកពីអង្គការសិល្បៈខ្មែរអមតៈ និងរៀបចំដោយកិច្ចសហការជាមួយ Sa Sa Art Projects នៅ MIRAGE Contemporary Art Space ក្រុងសៀមរាបចាប់ពីថ្ងៃទី ១១ ខែមករា ដល់ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៩៕