ភ្នំពេញ: «ភ្នែកនៃក្ដីមេត្ដា» ចាប់ផ្ដើមពីអ្នកសិល្បៈវ័យក្មេងម្នាក់ដែលបានប្រទះឃើញសត្វឆ្មាមានកូន ១ ក្បាល ស្វែងរកទ្រនំសុខនៃឆាកជីវិតជាមួយកូន ហើយចំណងមិត្ដភាពរវាងពួកគេចាប់ផ្ដើមស្អិតល្មួត។
កញ្ញា កឹម កែវសុជាតិ មកពីដែនដីកំពតដែលជាសមាជិកថ្មីរបស់វិចិត្រសាលក្បាច់បាននិយាយថា៖ «ដំបូង ខ្ញុំក៏មិននឹកឃើញថា ចង់គូររូបឆ្មាឡើងមកដែរ តែដោយសារថ្ងៃមួយមានឆ្មា ១ ក្បាលបានចូលមកសុំខ្ញុំនៅជាមួយទាំងដែលពោះកំពុងតែជិតសម្រាលកូន។ ខ្ញុំចាប់ផ្ដើមអាណិតស្រឡាញ់វាយ៉ាងខ្លាំង ហើយវាជាចំណងមិត្ដភក្ដិដ៏ល្អដែលខ្ញុំគិតថា វាជារឿងវិជ្ជមានកើតឡើងចំពោះខ្ញុំ»។
ពិព័រណ៍ «ភ្នែកនៃក្ដីមេត្ដា» ជាផ្នែកមួយនៃគម្រោងពិព័រណ៍ធំ «ស្រីខ្លាំង» ដែលត្រូវបានរៀបចំឡើងនៅទិវាសិទ្ធិនារីអន្ដរជាតិ ឯវិចិត្រសាលក្បាច់។
មហោស្រពភ្នំស្រី (PFF) ជាក្រុមស្ដ្រីខ្មែរ និងបរទេសនឹងរៀបចំពិព័រណ៍សិល្បៈឈ្មោះថា «ស្រីខ្លាំង» ដែលផ្ដល់ឱកាសឲ្យអ្នកសិល្បៈទាំងអស់ដាក់បង្ហាញស្នាដៃរបស់ខ្លួនជុំវិញប្រធានបទ «ស្ដ្រីខ្លាំង»។
ពិព័រណ៍សិល្បៈចំនួន ៣ នឹងត្រូវបានរៀបចំក្នុងឱកាសតែមួយនៅវិចិត្រសាលក្បាច់ បំណងអបអរ និងផ្ដល់តម្លៃដល់ស្ដ្រី និងលើកស្ទួយជាវិជ្ជមានចំពោះសិទ្ធិនារី និងសមភាពយេនឌ័រនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
កញ្ញា សូណា អូ ម៉ាហូនី ស្ថាបនិកមហោស្រពភ្នំស្រីបាននិយាយថា៖ «ស្រីខ្លាំង គឺជាក្រុមពិព័រណ៍សាធារណៈបើកទ្វារសម្រាប់អ្នកសិល្បៈទាំងអស់ចូលរួមមិនថា ជាបុរស ឬស្ដ្រីដោយផ្ដោតលើលក្ខណវិនិច្ឆយថា ពួកគេត្រូវផលិតស្នាដៃសិល្បៈក្រោមប្រធានបទ «ស្រីខ្លាំង»។ ស្នាដៃសិល្បៈអាចចាប់ផ្ដើមគំនូរ ផាត់ពណ៌ ការដំឡើង និងថតរូប»។
ព្រឹត្ដិការណ៍ពិព័រណ៍សិល្បៈដែលចាប់ផ្ដើមនៅថ្ងៃអាទិត្យនេះមានបំណងលើកទឹកចិត្ដស្ដ្រីវ័យក្មេងចូលរួម និងជួបនារីៗអស្ចារ្យធ្វើកិច្ចការអស្ចារ្យ។
វាផ្ដោតសំខាន់ទៅលើសិល្បៈដែលជាស្នាដៃរបស់អ្នកសិល្បៈចក្ខុវិញ្ញាណ អ្នកថតរូប និងអ្នករាំ។
កញ្ញា អូ ម៉ាហូនី បានប្រាប់ ភ្នំពេញ-ប៉ុស្ដិ៍ ថា៖ «កញ្ញា កឹម កែវសុជាតិ គឺជាអ្នកសិល្បៈស្ដ្រីដំបូងរបស់យើង ដែលធ្វើការតាំងបង្ហាញស្នាដៃតែម្នាក់ឯងនៅវិចិត្រសាលក្បាច់។ ដូច្នេះយើងគិតថា វាជាឱកាសដ៏ល្អសម្រាប់ការបង្ហាញស្នាដៃរបស់គាត់នៅទិវាសិទ្ធិនារីនេះ»។
កញ្ញា កឹម កែវសុជាតិ អាយុ ២៦ ឆ្នាំបានឲ្យដឹងថា៖ «ខ្ញុំគិតថា វាជាសត្វស្លូតបូត និងទន់ខ្សោយដែលកំពុងត្រូវការជំនួយសង្គ្រោះពីខ្ញុំ ហើយខ្ញុំមើលឃើញពីបញ្ហាមួយចំនួនដែលមនុស្សដាក់សម្ពាធទៅលើជីវិតសត្វទន់ខ្សោយមួយនេះ។ ទាំងនេះគឺជាមេរៀនជីវិតសម្រាប់ខ្ញុំ និងជាសារទៅកាន់អ្នកទាំងអស់គ្នាថា មានសន្ដិភាពគឺអាស្រ័យលើការចេះមេត្ដាជីវិតសត្វ។ រឿងរ៉ាវដែលកើតឡើងគឺជារឿងខ្ញុំជួបប្រទះផ្ទាល់»។
ពិព័រណ៍ «ទ្រាំ» ក្រោមគម្រោងកម្មវិធីនៃសេចក្ដីថ្លៃថ្នូរកម្ពុជាសម្រាប់យុទ្ធនាការសិល្បៈដើម្បីសមភាពយេនឌ័រឆ្នាំ ២០១៩ របស់គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រីភេទ (NGO-CEDAW) នឹងបង្ហាញស្នាដៃអ្នកសិល្បៈវ័យក្មេងកម្ពុជា ដូចជា ថា លីដា ខួន វីសេដ្ឋ និង ថូ ម៉ាលីនដា។ ពួកគេបានលើកទឹកចិត្ដទស្សនិកជនគិតគូរអំពីមូលហេតុដែលស្ដ្រីសម្រេចចិត្ដអត់ធ្មត់ជាមួយដៃគូដ៏បំពាន។
កញ្ញា អូ ម៉ាហូនី បានឲ្យដឹងថា មេល នូតធ័រ ជាអ្នករាំលើខ្សែក្រណាត់ និងបង្គោលនៅក្រុងភ្នំពេញនឹងធ្វើការសម្ដែងសមត្ថភាពរបាំលើខ្សែនៅម៉ោង ៣ រសៀល។
កញ្ញាបានបន្ដថា៖ «អំឡុងកម្មវិធីនេះនឹងមានទម្រង់សិល្បៈចម្រុះ រួមទាំង ការបង្ហាញសមត្ថភាពគូររូប ផាត់ពណ៌ពេញ ១ ថ្ងៃក្រោមស្នាដៃវិចិត្រករក្នុងស្រុក និងអន្ដរជាតិ»។
ជាអង្គការក្រៅរដ្ឋាភិបាលមួយមហោស្រពភ្នំស្រីបង្កើតវេទិកាសិល្បៈសម្រាប់ស្ដ្រីវ័យក្មេងកម្ពុជា ដើម្បីគាស់កកាយទេពកោសល្យរបស់ខ្លួន និងព្យាយាមទៅតាមក្ដីសុបិន។
កញ្ញា អូ ម៉ាហូនី បានលើកឡើងថា៖ «យើងជឿថា ស្ដ្រីកម្ពុជាជាច្រើនមានឱកាសស្មើភាពចំពោះបុរស។ ទោះជាយ៉ាងណា ពួកគេនៅខ្វះជំនឿចិត្ដបន្ដក្ដីសុបិន ជាពិសេសក្នុងឧស្សាហកម្មថ្មីៗដែលមិនធ្លាប់មាននៅកម្ពុជា។ មហោស្រពភ្នំស្រីមានបំណងជួយស្ដ្រីទាំងនោះសម្រេចក្ដីសុបិនរបស់ខ្លួន»។
កញ្ញាបានបន្ថែមថា៖ «យើងជឿថា ភាពខ្វះខាតមួយនៅកម្ពុជាគឺបណ្ដាញគាំទ្រស្ដ្រីដើម្បីជួយ និងយឹតយោងគ្នាទៅវិញទៅមក។ មហោស្រពភ្នំស្រីគឺជាវេទិកាសម្រាប់ស្ដ្រីជួបជុំគ្នា និងជួយគ្នាទៅវិញទៅមក»។
កញ្ញាបានបញ្ជាក់ថា ក្នុងឱកាសនោះនឹងមានអ្នកសិល្បៈជាតិ និងអន្ដរជាតិចូលរួមប្រមាណ ២០ នាក់ហើយភ្ញៀវពិសេសដែលមកទស្សនា រួមមាន អគ្គរាជទូតអង់គ្លេស អគ្គរាជទូតអូស្ដ្រាលី និងអគ្គរាជទូតស៊ុយអែត។ អ្នកសិល្បៈអាចដាក់បង្ហាញស្នាដៃក្នុងពិព័រណ៍ «ស្រីខ្លាំង» ដើម្បីរៃអង្គាសប្រាក់សម្រាប់គម្រោងសិល្បៈ NGO CEDAW។
កញ្ញា អូ ម៉ាហូនី បាននិយាយទៀតថា៖ «ស្នាដៃសិល្បៈនឹងតាំងបង្ហាញរយៈពេល ១ ខែនៅវិចិត្រសាលក្បាច់។ ចំណូលពីការលក់ស្នាដៃសិល្បៈ ៥០ ភាគរយនឹងបញ្ចូលក្នុងកម្មវិធីរបស់ NGO CEDAW»។
ជាមួយការចូលរួមដោយសេរី ពិព័រណ៍ «ស្រីខ្លាំង» ចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី ៨ ខែមីនា នៅវិចិត្រសាលក្បាច់ក្នុង Phnom Penh Factory ហើយវានឹងបន្ដរហូតដល់រយៈពេល ១ ខែ៕