សៀមរាប: ក្រោយ​ពិព័រណ៍​លើកដំបូង «I DON’T BELONG HERE» ក្នុង​ក្រុង​ភ្នំពេញ អ្នកសិល្បៈ​វ័យក្មេង ៣ នាក់​ដែល​ផ្ដួចផ្ដើម​ឡើង​ពី​ចំណូល​ចិត្ដ​សិល្បៈ​សហសម័យ ស្ដ្រី និង​ហ្វាសសិន​ដូច​គ្នា​បាន​កំពុង​ធ្វើ​កិច្ចការ​រួមគ្នា​ជា​លើក​ទី​ ២ ហើយ​នឹង​បង្ហាញ​ស្នាដៃ​ពិព័រណ៍​ថ្មី​ឈ្មោះ «១៨០°» ក្នុង​ក្រុង​សៀមរាប​។

ចំពោះ​គម្រោង​លើក​ទី​ ២ ​នេះ​ក្រុម​សិល្បៈ​និយម​លេង​ខ្លួន​ច្រឡំ​ក្មេង​អនាថា HOMELESS Artists Collective ចង់​បង្ហាញ​នូវ​អ្វី​ដែល​ជា​ចំណង​មិត្ដភក្ដិ​ថ្មោងថ្មី និង​ចែករំលែក​បទពិសោធ​ជា​អ្នកតំណាង​អ្នកសិល្បៈ​ជំនាន់​ថ្មី តាមរយៈ​ការពុះពារ​ជម្នះ​ទស្សនៈ​យល់​ច្រឡំ​លើ​ពួកគេ​។

«១៨០°» ជា​ចំណងជើង​ពិព័រណ៍​ដែល​ត្រូវ​បាន​តាំង​បង្ហាញ​នៅ​វិចិត្រសាល MIRAGE Contemporary Art Space សំដៅ​លើ​គោលដៅ​ផ្ទុយ​គ្នា​នូវ​ចំណេះដឹង​សិល្បៈ​របស់​ពួកគេ​ដែល​ជ្រើសរើស​វិធី​ផលិត​ស្នាដៃ​សិល្បៈ​បែប​ថ្មី​ខុស​ពី​អ្នកសិល្បៈ​ជំនាន់​មុន​។

ចម្លាក់​កាច់​ដែក និង​បោះពុម្ព​របស់​លោក ស៊ីន ម៉ានី អាយុ ២៩ ឆ្នាំ​។ សហការី

លោក ស៊ីវ សេរី ជា​នាយក​វិចិត្រសាល​ដែល​បាន​រៀបចំ​ពិព័រណ៍​នេះ​បាន​ឲ្យ​ដឹងថា​៖ «១៨០° គឺជា​ពិព័រណ៍​ដ៏សំខាន់​មួយ​សម្រាប់​វិចិត្រសាល MIRAGE​។ យើង​ក៏​បាន​ជួប​នូវ​អ្នក​សិល្បៈ​ជាច្រើន​រូប​ផងដែរ​។ យើង​ដឹង​ពី​គុណ​តម្លៃ​នៃ​ការបំពេញ​កិច្ចការ​រួម​គ្នា​ព្រម​ទាំង​ចែករំលែក​ទស្សនៈ​រួមគ្នា​។ ពួកគេ​ចេះ​គាំទ្រ​គ្នា ហើយ​នេះ​ជា​អ្វី​ដែល​យើង​ចង់​ធ្វើ ចង់​គាំទ្រ​និង​ធ្វើការ​ជាមួយ​អ្នកសិល្បៈ​ផ្សេងៗ​»​។

ពិព័រណ៍​ដ៏ប្លែក​ភ្នែក​នេះ​បាន​បង្ហាញ​ពី​ស្នាដៃ​ច្នៃ​ម៉ូដ​សម្លៀក​បំពាក់​ដោយ​យក​លំនាំ​តាម​ការ​ឌីហ្សាញ​បស្ចិមប្រទេស​សតវត្សរ៍​ទី ១៧ របស់​លោក ឆាង ស៊ាងហៃ អាយុ ២៣ ឆ្នាំ​។

ក្នុង​បណ្ដុំ​ស្នាដៃ​តាំង​រួម​គ្នា​នេះ​ក៏​មាន​គំនូរ​របស់​លោក សូ សុទ្ធសុវណ្ណគង់ ហៅ ក្វាន់ អាយុ ២១ ឆ្នាំ ជា​វិចិត្រករ​ស្វ័យ​សិក្សា​ពី​គំនូរ​លើ​ជញ្ជាំង​រំលេច​នូវ​សំណេរ​សំស្ក្រឹត​ជាមួយ​គំនូរ​លើ​ជញ្ជាំង​រួម​នឹង​ចំណូលចិត្ដ​លើ​ប្រអប់​ម្សៅ​ផាត់មុខ​។

ស្នាដៃ​ដ៏ប្លែក​ភ្នែក​មួយ​បែប​ទៀត​ជា​ចម្លាក់​កាច់​ដែក និង​បោះពុម្ព​របស់​លោក ស៊ីន ម៉ានី អាយុ ២៩ ឆ្នាំ​ជា​វិចិត្រករ​ស្វ័យសិក្សា​លើ​សិល្បៈ​សហសម័យ​ដែល​បង្ហាញ​ពី​អន្ដរ​ទំនាក់ទំនង​ដ៏ស្មុគស្មាញ​រវាង​ខ្លួន​យើង និង​បរិស្ថាន​ជុំវិញ​រវាង​អ្នកដទៃ​ និង​ខ្លួនឯង​ក៏​ដូចជា​រវាង​សហគមន៍ និង​បុគ្គល​ម្នាក់ៗ​។

អំឡុងពេល​បើក​សម្ពោធ​ពិព័រណ៍​នេះ​ក្រុម​អ្នករៀបចំ​ចង់​កោតសរសើរ​ចំពោះ​គំនិត​បង្ហាញ​ពី​វាល​វដ្ត​សង្សារ​នៃ​ជីវិត​បច្ចុប្បន្ន​របស់​លោក ក្វាន់​។

Kasia Sumislawska ​នាយក​ផ្នែក​ទំនាក់ទំនង​នៅ​វិចិត្រសាល MIRAGE បាន​និយាយថា​៖ «​យើង​លើក​ទឹកចិត្ដ​ដល់​មហាជន​ចូលរួម​ក្នុង​ការពិសោធ​នេះ​។ សម្រាប់​រាត្រី​បើកសម្ពោធ យើង​បាន​ស្នើសុំ​ឲ្យ​ភ្ញៀវ​យក​សម្លៀកបំពាក់ ដូចជា អាវយឺត​។ ពួកគេ​នឹង​មាន​ឱកាស​ទទួល​បាន​នូវ​ការបោះពុម្ព​លើ​អាវ​ស្វែងយល់​ពី​​ទិចនិក​បោះពុម្ព និង​បរិច្ចាគ​អាវ​ចាស់ៗ​ដល់​អ្នកក្រីក្រ​»​។

ពិព័រណ៍ ១៨០° របស់ HOMELESS Artists Collective បើក​ដំណើរការ​នៅ​វិចិត្រសាល MIRAGE Contemporary Art Space លើ​វិថី​ឧកញ៉ា​អ៊ុំឆាយ ក្រុង​សៀមរាប​ចាប់ពី​ថ្ងៃទី ១៥ ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី​ ១៥ ខែ​មេសា​៕

ស្នាដៃ​គំនូរ​លើ​ជញ្ចាំង​របស់​សិល្បករ​លោក ក្វាន់​។ សហការី

ស្នាដៃ​ច្នៃ​ម៉ូដ​របស់​លោក ឆាង ស៊ាងហៃ​។សហការី