The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ពិព័រណ៍ TTM+ ក្រុង​ឈៀងម៉ៃ ​ជំរុញ​ទេសចរណ៍​ក្នុង​អនុតំបន់




ពិព័រណ៍ TTM+ ក្រុង​ឈៀងម៉ៃ ​ជំរុញ​ទេសចរណ៍​ក្នុង​អនុតំបន់

Content image - Phnom Penh Post
លោក​ស្រី Kobkarn Wattanavrangkul រដ្ឋមន្ដ្រី​ទេសចរណ៍​ថៃ និង​លោក សូ ម៉ារ៉ា រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​។ ហុង រស្មី

ពិព័រណ៍ TTM+ ក្រុង​ឈៀងម៉ៃ ​ជំរុញ​ទេសចរណ៍​ក្នុង​អនុតំបន់

ឈៀងម៉ៃ: ព្រឹត្ដិការណ៍​ពាណិជ្ជកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ប្រារឰ​ឡើង​នៅ​ក្រុង​ឈៀងម៉ៃ​ភាគ​ខាងជើង​ប្រទេស​ថៃ កាល​ពីថ្ងៃ​ទី ១៤ ដល់​ទី ១៦ ខែ​មិថុនា ក្រោម​ប្រធានបទ «ស្វែងរក​បទពិសោធ​អ្នក​ស្រុក​ភូមិ​ប្លែក» ដែល​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​ក្នុង​ស្រុក ក៏មាន​គោល​បំណង​ផ្សព្វផ្សាយ​ពីសក្ដានុពល​ទេសចរណ៍​ក្នុង​អនុតំបន់​នៃ​ប្រទេស (CLMVT) រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និង​ថៃ។

ក្រោយ​ពីមាន​បទពិសោធ​រៀបចំ​ព្រឹត្ដិការណ៍​ដ៏ធំ​បំផុត​នេះ ១៥ ឆ្នាំ​ជាប់គ្នា​មក អាជ្ញាធរ​ទេសចរណ៍​ថៃ (TAT) បាន​បន្ដ​រៀបចំ​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​របស់​ខ្លួន​លើកទី ១៦ ដោយ​ប្រកាស​ពិព័រណ៍ Thailand Travel Mart Plus Amazing Gateway to the Greater Mekong Subregion (TTM+) ដែល​ទទួល​បាន​កេរ្ដិ៍​ឈ្មោះ​ល្បីល្បាញ​ក្នុង​ចំណោម​ឧស្សាហកម្ម​ទេសចរណ៍​ថៃ និង​អន្ដរជាតិ​ថាជា​ព្រឹត្ដិការណ៍ «ត្រូវតែ​ចូលរួម​ខាន​មិន​បាន»។

យោងតាម​អាជ្ញាធរ​ទេសចរណ៍​ថៃ (TAT)ថា​ខ្លួន​ទទួល​បាន​ក្រុមហ៊ុន​ជា​អ្នកទិញ ៣៥០ ពី​ជាង ៦០ ប្រទេស​ជុំវិញ​ពិភពលោក និង​ក្រុមហ៊ុន​ជា​អ្នកទិញ​ប្រមាណ ៤០០ មកពី​គ្រប់​តំបន់​ក្នុង​ប្រទេស​ថៃ និង​បណ្ដា​ប្រទេស​អនុតំបន់​ទន្លេមេគង្គ រួម​នឹង សណ្ឋាគារ រីសត ប្រតិបត្ដិករ​ទេសចរណ៍ ទីភ្នាក់ងារ​ទេសចរណ៍ កន្លែង​កម្សាន្ដ ក្រុមហ៊ុន​សេវាកម្ម​ដឹកជញ្ជូន ភ្នាក់ងារ​នៅ​គោលដៅ​ទេសចរណ៍​នានា និង​សហគមន៍​ទេសចរណ៍​ជាដើម។

លោក Yuthasak Supasorn ជា​ប្រធាន​អាជ្ញាធរ​ទេសចរណ៍​ថៃ ថ្លែង​ថា៖ «ការតភ្ជាប់​សេវាកម្ម​ដឹកជញ្ជូន​ប្រសើរ​ក្នុង​អនុតំបន់​ទន្លេមេគង្គ​ជួយ​បង្កើន​ផលិតភាព​ទេសចរណ៍»។

ក្រៅ​ពីនោះ នៅក្នុង​ជំនួប​ជជែក​ពី​ប្រធានបទ «CLMVT: Moving towards Shared Prosperity» មានការ​ចូលរួម​ពីអ្នក​សារព័ត៌មាន​មកពី​ទូទាំង​ពិភពលោក វាគ្មិន​តំណាង​មកពី​ប្រទេស​កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និង​ថៃ បាន​ថ្លែង​ពីសក្ដានុភព​ទេសចរណ៍​ក្នុង​តំបន់​រៀងៗ​ខ្លួន។

ក្នុងឱកាស​ផ្ដល់​បទ​សម្ភាស លោកស្រី Walailak Noypayak ជា​នាយិកា​ប្រតិបត្ដិ (TAT) ប្រចាំ​នៅ​តំបន់​អាស៊ាន និង​ប៉ាស៊ីហ្វិក​ខាងត្បូង បាន​ថ្លែង​អំពី​សុទិដ្ឋិនិយម​ចំពោះ​កំណើន​ភ្ញៀវទេសចរ​កម្ពុជា​ទៅ​លេង​តំបន់​ភាគ​ខាងជើង​ប្រទេស​ថៃ ដោយ​លើក​ឡើង​ពីសម្ទុះ​ភ្ញៀវ​កម្ពុជា​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​នានា។

លោកស្រី​បញ្ជាក់​ថា៖ «ប្រជាជន​កម្ពុជា​បាន​ស្គាល់​ឈៀងម៉ៃ​តាមរយៈ​បទ​ចម្រៀង [សំដៅ​លើ​បទ​ចម្រៀង​របស់​លោក ស៊ីន ស៊ីសាមុត «បុប្ផា​ឈៀង​ម៉ៃ»]។ ដូច្នេះ ពួកគេ​ចង់ឃើញ​ទិដ្ឋភាព​ឈៀង​ម៉ៃ​ផ្ទាល់​ភ្នែក»។

លោកស្រី Walailak ថា នៅ​ប៉ុន្មាន​ខែ​ខាងមុខ TAT នឹង​បង្កើត​ការិយាល័យ​ផ្ដល់​ព័ត៌មាន​ស្ដីពី​ទេសចរណ៍​ថៃ​មួយ​ក្នុង​ក្រុង​ភ្នំពេញ៕

Content image - Phnom Penh Post
ស្ដង់កម្ពុជា​ក្នុង​ព្រឹត្ដិការណ៍​ពិព័រណ៍ទេសចរណ៍ TTM+ ក្រុង​ឈៀងម៉ៃ​។ ហុង រស្មី

អត្ថបទគួរចាប់អារម្មណ៍