ភ្នំពេញ៖​ ទើប​តែ​​ទទួល​បាន​ពាន​​​រង្វាន់​ពិសេស​​នៅ​​ប្រទេស ​​ថៃ ​​ជាមួយ​នឹង​​​តារា​ប្រុស​​​ស្រី​ខ្មែរ​​ផ្សេងៗ​ទៀត​ក្នុង​​កម្មវិធី​​ប្រចាំ​ឆ្នាំ ​២០២០​ នា​​ពេល​​កន្លង​​មក​នេះ តារា​​​ស្រីស្រស់​រាង​​ស្រលូន​​សាច់​​ខ្ចី​​​កញ្ញា ពីយ៉ា វេកា ក៏​ត្រូវ​បាន​​​​​អ្នក​​រៀបចំ​​កម្មវិធី​​​​មហោស្រព​​ភាពយន្ត​ខ្លី​ចតុមុខ​​នៅ​ឆ្នាំ ​២០២០ (CSFF)​ ជ្រើស​ជា​តារា​​​​​​កិត្តិយស​ខាង​​លើក​ទឹក​ចិត្ត​​​​​សមិទ្ធករ​ភាពយន្ត​​​​។​

កាល​ពី​ថ្ងៃទី ២៦ ខែ ​មករា ឆ្នាំ ​២០២០ កញ្ញា ពីយ៉ា វេកា ព្រម​ទាំង​​ក្រុម​តារា​ប្រុស​ស្រី​ខ្មែរ​មួយ​ចំនួន​​​មាន កញ្ញា ដួង ម៉ានិច ​កញ្ញា ម៉េង ជីមមី លោក ខាត់​ វ៉ៃ​ហាំង​ បាន​​ចូលរួម​ក្នុង​កម្មវិធី​ប្រគល់​​រង្វាន់​នៅ​ទីក្រុង​បាងកក ហើយ​នេះ​ក៏​​​​​ជា​​មោទនភាព​មួយ​​​សម្រាប់​កម្ពុជា​ដែរ​​ ចំពោះ​​​ឱកាស​ពិសេស ​ក្នុង​ការ​​​ទទួល​បាន​​​​នូវ​ពាន​រង្វាន់ Thailand Digital Award 2020 ​នេះ។

តារាសម្តែង និង​ម៉ូដែល​​ស្រី​ស្រស់ ពីយ៉ា វេកា ពេល​ទទួ​ល​​ពាន​​នៅក្នុង​​ប្រទេស​ថៃ​​​។ ហ្វេសប៊ុក​​

តារា​​ម៉ូដែល​ ​និង​សម្តែង​​ដែល​ជា​ទី​ចាប់​អារម្មណ៍​របស់​មហាជន​កម្ពុជា​​ចូលចិត្ត​លេង​​ស្ទីល​បង្ហាញ​​ភាព​​សិចស៊ី​នៅ​តាម​​បណ្តាញ​​សង្គម​​​កញ្ញា ពីយ៉ា វេកា​​ ក៏​បាន​​បង្ហើប​រឿង​ក្លាយ​ជា​​តារា​កិត្តិយស​នៃ​កម្មវិធី​​​មហោស្រព​ភាពយន្ត​ខ្លី​ចតុ​មុខ​នៅ​​​​​ឆ្នាំ​​ ​២០២០ ​(CSFF)​ ដែល​​​គ្រោង​នឹង​ប្រព្រឹត្ត​ធ្វើ​​នៅ​ដើម​ខែ​កញ្ញា ឆ្នាំ ​២០២០​​ ដែល​ការ​ទទួល​​​ស្នាដៃ​រឿង​ខ្លី ដើម្បី​​​ប្រកួតប្រជែង​​របស់​​​សមិទ្ធករ​បន្ត​​រហូត​ដល់​ចុង​ខែ​ឧសភា ខាង​មុខ​​​​​​ដែរ​​ថា៖ «​នាង​ខ្ញុំ​​ធ្លាប់​បាន​​ចូលរួម​​កម្មវិធី​ជំរំ​ភាពយន្ត​របស់​​មហោស្រព​ភាពយន្ត​ឆ្នាំ ​២០១៦​​ ក្នុង​នាម​ជា​​​​​តួ​សម្តែង​ សម្រាប់​សាច់​រឿង​ទាក់ទង​នឹង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​។ ដោយ​ឡែក​នៅ​​​​ឆ្នាំ ​២០២០ ​នេះ​ នាង​ខ្ញុំ​​ត្រឡប់​​​មក​គាំទ្រ​​កម្មវិធី​មហោស្រព​ទាំង​មូល​​ ក្នុង​នាម​ជា​អ្នក​ផ្តល់​កម្លាំង​​ចិត្ត​ដល់​ក្រុម​​ការងារ​​នៃ​យុវសមិទ្ធករ ​​​​​ភាពយន្ត​​ខ្លី​យើង​​ក៏​ដូច​​​​ជា​​​ទស្សនិកជន​​ឲ្យ​ចូលរួម​លើក​​​​ស្ទួយ​​វិស័យ​​ភាពយន្ត​​ទាំង​​អស់​គ្នា​ព្រោះ​ថា​ អនាគត​​របស់​យុវសមិទ្ធករ​យើង​គឺ​ចាប់​ផ្តើម​​ពី​ភាពយន្ត​​ខ្លី​នេះ»​។

នា​មួយ​​រយៈ​ចុង​​​ក្រោយ​​​​​នេះ ឧស្សាហ៍​ឃើញ​តារា​ស្រី​ម៉ូដែល និង​​​ថត​ស្ប៉ត​​​ផ្សាយ​ផលិតផល​ ស្រីស្រស់​រាង​ស្រលូន​​សាច់​ខ្ចី ជា​​បុប្ផា​រូប​ស្រស់​​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ចាម​ ដែល​​ហ៊ាន​បង្ហាញ​​ភាព​សិចស៊ី​មិន​​សូវ​ជា​ចាញ់​តារា​សម្តែង​សិចស៊ី​​រៀម​​ច្បង​នានា ​​កញ្ញា ពីយ៉ា វេកា តែង​​​ឆ្លៀត​ចេញ​ទៅ​ហាត់​ប្រាណ​​ ​ដើម្បី​​​រក្សា​​សម្រស់​ឲ្យ​​កាន់​តែ​ផូរផង់​ខុស​ប្លែក​ជាង​​មុន ក៏​​​បង្ក​មន្ទិល​សង្ស័យ​​ពី​មហាជន​​ថា​ ​បាន​កែ​សម្ផស្ស​​។

តារា​ម៉ូដែល​ស្រីស្រស់ រូបរាង​​ស្រលូន​​​វ័យ ២៥ ឆ្នាំ​​ ដែល​ជា​កូន​ស្រី​ពៅ​ក្នុង​គ្រួសារ កញ្ញា ​ពីយ៉ា វេកា ក៏​ធ្លាប់​បង្ហើប​​ប្រាប់​​​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖​ «​អត់​ទេ​បង​! ​​តើ​ខ្ញុំ​មាន​​ពេល​ពី​ណា​ទៅ​កែ​​សម្ផស្ស​នោះ​ បើ​ម៉្ងៃៗ ​គឺ​នាង​ខ្ញុំ​មមាញឹក​​ខ្លាំង​នឹង​ការងារ​​ថត​ស្ប៉ត​ផ្សព្វផ្សាយ និង​ ការងារ​ខាង​​ដើរ​ម៉ូដែល​​យ៉ាង​ហ្នឹង​នោះ​!​»​៕​