ភ្នំពេញៈ បើ​ទោះបី​ជា​រវល់​នឹង​ការងារ​សិល្បៈ​ម៉ូដែល និង​ថត​ស្ប៉ត​ផ្សាយ​ផលិតផល​យ៉ាងណា​ក្តី ក៏​ស្រីស្រស់ រាង​ស្រលូន​សាច់​ខ្ចី​កញ្ញា ពីយ៉ា វេកា នៅតែ​អាច​ឆ្លៀត​ទៅ​ហាត់ប្រាណ​ ដើម្បី​រក្សា​សម្រស់​ឲ្យ​កាន់តែ​ផូរផង់​ខុសប្លែក​ជាង​មុន ដែល​បង្ក​មន្ទិលសង្ស័យ​ពី​មហាជន​ថា​នាង​ពិតជា​បាន​កែ​សម្ផស្ស​មិន​ខាន​ទេ​។

បើ​មើល​ទៅ​តាម​ភិនភាគ និង​រូប​សម្ផស្ស​តារា​ម៉ូដែល​ស្រី​ចូលចិត្ត​លេង​ស្ទីល បង្ហាញ​ភាព​សិចស៊ី​តាម​បណ្តាញ​សង្គម​គឺ​ថា​កញ្ញា ពីយ៉ា វេកា ពិតជា​ស្រស់ស្អាត​ខុសប្លែក​ជាង​មុន លើ​មុខមាត់ និង​ភ្នែក​ដែល​មាន​ភាពសមសួន​ស្អាត​ជាង​មុន​មែន​។

ហេតុ​ដូច្នេះ​ហើយ​ទើប​បាន​កើត​ជា​ចម្ងល់​ពី​មហាជន​លើក​ឡើង​ថា​៖ «​អីយ៉ា​! ពីយ៉ា ឥឡូវ​នេះ​មិន​ត្រឹម​តែ​មាន​រាង​ស្រស់ស្អាត ហើយ​សិចស៊ី​ប៉ុណ្ណោះ​ទេ​គឺ​នាង​ថែម​ទាំង​មាន​សភាព​ប្រែប្រួល​នៅ​លើ​ផ្ទៃមុខ​ទៀត​ផង ជាពិសេស​នោះ​នៅ​ត្រង់​ភ្នែក និង​ចង្កា​តែម្តង​។ ឆ្ងល់​ណាស់ តើ​ភាពប្រែប្រួល​នេះ​កញ្ញា​បាន​ទៅ​កែ​សម្ផស្ស​ដែរ​ឬ​ទេ​ហ្ន​?»​។

តារាសម្តែង និង​ម៉ូដែល​រាង​ស្រឡូន កញ្ញា ពីយ៉ា វេកា​។ រូបថត ហ្វេសប៊ុក

តារា​ម៉ូដែល​ស្រីស្រស់ រាង​ស្រឡូន​វ័យ ២៥ ឆ្នាំ​ដែល​ជា​កូនពៅ​ក្នុង​គ្រួសារ​បាន​ប្រឡូក​សិល្បៈ​ត្រឹមតែ​ជំនាន់​ខ្លួន គ្មាន​សាច់​ឈាមជ័រ​ជា​អ្នកសិល្បៈ​សោះ​កញ្ញា ពីយ៉ា វេកា បង្ហើប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​អត់​ទេ​បង​!​តើ​ខ្ញុំ​មាន​ពេល​ពី​ណា​ទៅ​កែ​សម្ផស្ស​នោះ បើ​ម្ង៉ៃៗ​គឺ​ខ្ញុំ​មាន​ការមមាញឹក​ខ្លាំង​នឹង​ការងារ​ថត​ស្ប៉ត​ផ្សព្វផ្សាយ និង​ការងារ​ម៉ូដែល​យ៉ាងហ្នឹង​នោះ​!»​។

បុប្ផា​រូបស្រស់​មាន​ស្រុកកំណើត​មកពី​ខេត្ត​កំពង់ចាម​ដែល​ហ៊ាន​បង្ហាញ​ភាពសិចស៊ី​មិន​សូវ​ជា​ចាញ់​តារាសម្តែង​សិចស៊ី​ជា​រៀមច្បង​នានា​កញ្ញា ពីយ៉ា វេកា ថា​៖ «​នាង​ខ្ញុំ​មិន​បាន​កែ​សម្ផស្ស​អ្វី​នោះ​ទេ​តាំងពី​ដើម​មក​។ ចំពោះ​ភាពប្រែប្រួល​នានា​នៅ​លើ​មុខមាត់​ខ្ញុំ​នោះ​អាច​មកពី​មួយ​រយៈ​ចុងក្រោយ​នេះ នាង​ខ្ញុំ​បាន​ពត់​ធ្មេញ និង​ឧស្សាហ៍​បាន​ហាត់ប្រាណ​ជាប្រចាំ ហើយ​មើល​ទៅ​បាន​ជា​បងប្អូន​កត់សម្គាល់​ថា ខ្ញុំ​មាន​ភាពប្រែប្រួល​ផ្ទៃមុខ​នោះ​»​។

កាល​មុន​នេះ​បន្តិច​តារាស្រី និង​ម៉ូដែល​ចូល​សិល្បៈ​ស្របាល​គ្នា​នឹង​កញ្ញា ស៊ីស៊ី និង​កញ្ញា សុផា លីនដា ដែរ​នោះ​ហាក់​ដូចជា​មាន​ការរអ៊ូ​ថា នាង​គ្មាន​ផលិតកម្ម​ណា​ហៅ​ទៅ​ថត​កុន​ឡើយ​ថែម​ទាំង​មិន​ដឹង​មូលហេតុ​មកពី​អ្វី​។

តែ​លើក​នេះ​ហាក់​ផ្ទុយ​ពី​លើក​មុន​ដោយ​ស្រី​ស្អាត ពីយ៉ា វេកា បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​៖ «​សម្រាប់​ការថតកុន នាង​ខ្ញុំ​ក៏​ធ្លាប់​បាន​ថតកុន​ចំនួន ២ រឿង​មក​ហើយ​ដែរ​។ ពេល​នេះ​មិន​ហ៊ាន​ទទួល​ថត​ទៀត​ឡើយ​ចំពោះ​កុនភាគ ខណៈ​កុន​ដុំ​អាច​ទទួល​បាន​ខ្លះ ដោយសារ​នាង​ខ្ញុំ​បារម្ភ​ខ្លាច​មិន​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ថត​ឲ្យ​គេ​គឺ​ថតកុន​ភាគ​នោះ​ឯង​។ ម្យ៉ាង​វិញ​ទៀត​ខ្ញុំ​ក៏​ត្រូវការ​ពេល​សិក្សា​បន្ថែម​ផង និង​រវល់​ការងារ​ម៉ូដែល និង​ថត​ស្ប៉ត​ផ្សព្វផ្សាយ​ក៏​ច្រើន​ផង​ដែរ​»៕