ភ្នំពេញ : ដោយភាពទីទាល់ក្រី គ្មានប្រាក់ទិញអង្ករបបរឲ្យចៅ ក៏ដឹកដៃចៅកំព្រាទាំងតត្រុកមកធ្វើការកម្មករសំណងនៅក្រុងភ្នំពេញ។ តែវាសនា មិនអនុគ្រោះឲ្យជីវិតតាចៅស្គាល់ភាពធូរធាឡើយ ដោយគ្មានប្រាក់បង់ថ្លៃបន្ទប់ជួលក៏ត្រូវម្ចាស់ផ្ទះដេញចេញ ហើយត្រូវរត់មកសុំព្រះសង្ឃស្នាក់អាស្រ័យ ក៏ជួបគ្រោះធំទៀត ផ្ទុះកំប៉ុងហ្គាសបណ្តាល ធ្វើឲ្យជីវិតតាចៅកំព្រារឹតតែវេទនាកើនទ្វេរដង។
បរិយាយពីភាពកម្សត់វេទនា ពីរនាក់តាចៅ លើគ្រោះជីវិតចុងក្រោយ លោក លី ហូសាន់ ដែលកំពុងអំពាវនាវក្នុងបណ្តាញសង្គមសូមសប្បុរជន ជួយបរិច្ចាគទានដ៏សប្បុរស ដើម្បីជួយសង្គ្រោះជីវិតតាចៅនោះ លោកបានប្រាប់ ថា៖ «បើនិយាយពីជីវិតតាចៅ ដែលរងរបួស ដោយផ្ទុះកំប៉ុងហ្គាសនោះ ពិតជាមហាវេទនានោះ ហួសនឹងនិយាយហើយ។ ជីវិតតាចៅកំព្រាឪពុកម្តាយនោះ ហាក់រស់គ្មានកោះគ្មានត្រើយទេ ហើយពេលនេះក៏មកជួបគ្រោះរងរបួសទាំងពិការភ្នែកទៀត»។
នៅក្នុងគណនីហ្វេសប៊ុក លោក លី ហូសាន់ ដែលគេស្កាល់ថា បុរសអ៊ិស្លាម សកម្មការងារមនុស្សធម៌ លោកបានភ្ជាប់នូវរូបតាដៃជាប់សេរ៉ូ ហើយរូបចៅស្រីគេងលើគ្រែពេទ្យមានគ្រប់ក្រម៉ាលើដងខ្លួន បង្ហាញពីស្បែកឆេះខ្លោចអស់ប្រាណ និងផ្ទៃមុខនោះ លោកបានរៀបរាប់ថា៖ «លោកតាព្រះជន្ម ៧៦ ឆ្នាំ កំពុងតែទីទ័លក្រហើយ និងចៅស្រីកំព្រាទៀត ភ្លាត់មកអកុសលផ្ទុះកំប៉ុងហ្គាសឆេះទៀត»។
លោកបានបញ្ជាក់ថា៖ «នៅស្រុកបាភ្នំ ខេត្តព្រៃវែង តែបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅទីរួមខេត្តព្រៃវែង។ សូមបងប្អូនមេត្តា ជួយជារបស់ញ៉ាំខ្លះ និងយកទៅជូនគាត់ពីព្រោះគាត់ទីទ័លក្រដូចគ្នាអ៊ីចឹង បានត្រឹមជួយមើលថែតែគ្មានថវិកាទេ»។
លោក លី ហូសាន់ ក៏បានបញ្ជាក់ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ដែរថា៖ «ពេលនេះលោកតាត្រូវបានបញ្ជូនគេសម្រាក់ព្យាបាលនៅមន្ទីពេទ្យខេត្តព្រៃវែង នៅភ្នំពេញលោកតា មិនមានលុយឲ្យពេទ្យ អ៊ីចឹងហើយបានជាខ្ញុំអាណិតក៏ផ្សព្វផ្សាយអំពាវនាវរកសប្បុរជន ក្រែបានប្រាក់ខ្លះជួយគាត់នឹងបានទិញអង្ករទិញថ្នាំចិញ្ចឹមចៅ»។
ជាមួយសំដីសូមទោសសប្បុរជនថា មិនបានសុំឈ្មោះលោកតារងគ្រោះ នោះ លោក លី ហូសាន់ ក៏បានរៀបរាប់ឲ្យដឹងបន្តថា៖ «ខ្ញុំបានទៅជួបលោកតា នៅមន្ទីពេទ្យខេត្តព្រៃវែង ពេលនោះលោកតា បានរៀបរាប់ថា គាត់មានស្រុកកំណើតនៅខេត្តព្រៃវែង ស្រុកបានភ្នំ ហើយមិនមានដីធ្លីទេ ក៏ចៅមកភ្នំពេញដើររើសអេដចាយ ធ្វើសំណង តែដល់ពេលលោកតាកាន់តែចាស់ធ្វើការរកលុយមិនបាន ក៏ត្រូវម្ចាស់បន្ទប់ជួបឈប់ជួលបន្ទប់នៅ លោកតា ក៏ដឹកដៃចៅមកសុំលោកវត្តថាន់ ស្នាក់នៅ តែក៏ជួបរឿងចៃដន្យអាក្រក់ទៀត ផ្ទុះកំប៉ុងហ្គាស បណ្តាលឲ្យរងរបួសទាំងតាទាំងចៅ»។
លោកក៏បានបញ្ជាក់ថា៖ «ពេលនេះលោកតា ក៏គ្មានប្រាក់ព្យាបាលរបស់ ទាំងពិការភ្នែកផងដែរ មានតែសង្ឃឹមសប្បុរជនទេ ដែលបានជួយព្យាបាលរបស់ពួកគាត់បាន និងបានចៅធំអាចមើលថែលោកតាវិញ»៕