ក្រុងបាត់ដំបង៖ ស្រ្តីខ្មែរមូស្លីម អ្នកស្រី ម៉ាន់ ហៃយ៉ាត់ មានវ័យ ៣១ ឆ្នាំ គឺជាគ្រួសារកសិករក្រីក្រ ដែលរស់នៅភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង បានប្រែក្លាយជីវភាពគ្រួសារខ្លួនពីក្រីក្រទៅជាអ្នកមានជំនាញផលិតម្សៅត្រីល្អិត លក់លើកស្ទួយជីវភាពគ្រួសារប្រសើរជាងមុន ខណៈបច្ចុប្បន្នជាគ្រួសារគំរូក្នុងការផលិតម្សៅត្រីល្អិតដែលជាអាហារបំប៉នសុខភាពកុមារ និងស្រ្តីមានគភ៌ យ៉ាងមានប្រសិទ្ធភាព ក្រោយពីខ្លួនទទួលបានការបណ្តុះបណ្តាលពីគម្រោង NOURISH របស់ទីភ្នាក់ងារជំនួយអាមេរិក (USAID) រយៈពេល ២ ឆ្នាំ ដែលនឹងត្រូវផុតកំណត់គម្រោង នៅខែ មីនា ឆ្នាំ ២០២០ ខាងមុខនេះ។
ការចេះផលិតម្សៅត្រីល្អិត ដែលបានយកត្រីល្អិតតូចៗ ដូចជាត្រីចង្វា ត្រីបណ្តូលល្ពៅជាដើមនោះ ទៅលីងឲ្យស្ងួត ហើយបុកជាម្សៅ ធ្វើជាអាហារបំប៉នសុខភាពដ៏ចម្បងសម្រាប់កុមារ និងស្រ្តីមានគភ៌ ដោយសារវាជាអាហារសម្បូរដោយសារជាតិប្រូតេអ៊ីន ជាតិកាល់ស្យូម និងវីតាមីនផ្សេងៗទៀត ខណៈចង្វាក់នៃការផលិតកម្មផលិតម្សៅត្រីល្អិតលក្ខណៈគ្រួសារ ទើបតែបានដំណើរការផលិតជាម្សៅត្រីល្អិតបានរយៈពេល ១ ឆ្នាំចុងក្រោយនេះតែប៉ុណ្ណោះ។
អ្នកស្រី ម៉ាន់ ហៃយ៉ាត់ បានឲ្យដឹងថា៖ «ការបង្កើតឲ្យមានការលក់ដូរម្សៅត្រីល្អិតនៅតាមទីផ្សារ នាងខ្ញុំទើបតែបានចរាចរណ៍ លក់បានរយៈពេល ១ ឆ្នាំ គត់ក្រោយពីចូលរួមរៀនវគ្គបណ្តុះបណ្តាលអំពីគម្រោង NOURISH របស់ទីភ្នាក់ងារជំនួយអាមេរិក (USAID) រយៈពេល ២ ឆ្នាំ ដែលនឹងត្រូវផុតគម្រោងនៅត្រឹមខែមីនា ឆ្នាំ ២០២០ ខាងមុខនេះ។
របៀបនៃការធ្វើម្សៅត្រីល្អិតនេះ គឺយើងគ្រាន់តែជ្រើសរើសយកត្រីល្អិតដូចជាត្រីចង្វា ឬជាត្រីបណ្តូលល្ពៅជាដើមនោះមកលីងឲ្យស្ងួត ហើយច្រកកំប៉ុង។ ដោយសារតែការផលិតបែបលក្ខណៈគ្រួសារ ហើយយើងនៅប្រើវិធីបុកឲ្យក្លាយជាម្សៅត្រីល្អិតដោយដៃ គឺគ្រួសារនាងខ្ញុំ បានផលិតចំនួនប្រមាណ ៣០-៤០ កំប៉ុង តែប៉ុណ្ណោះក្នុងមួយថ្ងៃ។
ចំពោះតម្លៃម្សៅត្រីល្អិតនោះ ១ កំប៉ុង មានទម្ងន់ ១ ខាំ ហើយតម្លៃលក់វិញ សម្រាប់តម្លៃលក់រាយ ១ កំប៉ុង ១ម៉ឺន រៀល ខណៈតម្លៃលក់ដុំ គឺ ៩ ០០០ រៀល ក្នុង ១ កំប៉ុង»។
ស្រ្តីខ្មែរកាន់សាសនាអ៊ិស្លាមរូបនេះបន្តពីអត្ថប្រយោជន៍ម្សៅត្រីល្អិតនេះថា៖ «ម្សៅត្រីនេះ សម្បូរដោយជាតិប្រូតេអ៊ីន ជាតិកាល់ស្យូម និងវីតាមីនផ្សេងៗទៀត ដែលមានប្រសិទ្ធភាពល្អបំផុត សម្រាប់បំប៉នសុខភាពកុមារចាប់តាំងកកើតរហូតដល់មានវ័យ ២៤ ខែ និងសុខភាពស្រ្តីពេលមានគភ៌ គឺវាជួយធ្វើមានសុខភាពមាំមួនល្អ និងមានសាច់ឈាមស្រស់ថ្លា»។
ស្រ្តីមូស្លីម ដែលមានកូន ២ នាក់ និងស្វាមីជាកសិកររស់នៅស្រុកសង្កែ និងបច្ចុប្បន្ន គឺជាប្រធានក្រុមនៃសហគមន៍គ្រួសារផលិតម្សៅត្រីល្អិតក្នុងតំបន់ខេត្តបាត់ដំបង ខណៈ អ្នកស្រី ក៏មានបណ្តាញក្រុមគ្រួសារនៅខេត្តចំនួន ៣ គឺខេត្តបាត់ដំបង សៀមរាប និងខេត្តពោធិ៍សាត់ សម្រាប់ដំណើរការផលិតម្សៅត្រីល្អិតនេះដែរ។
ដោយសារតែមានទំនុកចិត្ត និងកំពុងតែសិក្សាពីរបៀបអភិវឌ្ឍបច្ចេកទេសផលិតម្សៅត្រីល្អិតនេះ ឲ្យមានការកើនចង្វាក់ផលិតជាមួយម៉ាស៊ីនច្នៃបុកម្សៅត្រីនោះ ក៏ត្រៀមបង្កើតជាសហគមន៍មួយមានឈ្មោះថា «ហៃយ៉ាត់ម្សៅត្រីល្អិត»។
អ្នកស្រី ហៃយ៉ាត់ ក៏បង្ហើបពីគម្រោងទៅថ្ងៃអនាគតបង្កើតជាសហគមន៍ផលិតម្សៅត្រីល្អិតនេះថា៖ «នាងខ្ញុំ កំពុងតែសិក្សាពីរបៀប និងស្វែងរកដៃគូដើម្បីជួយបង្កើតជាសហគមន៍ឡើង ដោយមានគោលដៅលើបីខេត្តបាត់ដំបង សៀមរាប និងពោធិ៍សាត់»។
ដើមចមនៃការប្រែក្លាយខ្លួនពីស្រ្តីធម្មតាម្នាក់ក្នុងគ្រួសារកសិករ រៀនចប់ត្រឹមថ្នាក់ទី ៩ មកក្លាយជាប្រធានក្រុមនៃសហគមន៍ផលិតម្សៅត្រីល្អិត ដែលបានចរាចរណ៍លក់នៅតាមទីផ្សារអស់រយៈពេល ១ ឆ្នាំមកនេះ គឺកើតចេញពីការចូលរួមទទួលយកការណែនាំ និងសិក្សាស្វែងយល់ពីគម្រោងរបស់អង្គការ USAID កាលពីគ្រួសារខ្លួនមានជីវភាពក្រីក្រខ្លាំង ដោយមានបណ្ណបញ្ជាក់ពីភាពក្រីក្រទៀតផងកាលពី ២ ឆ្នាំមុន។
អ្នកស្រី ម៉ាន់ ហៃយ៉ាត់ បានរំឭកឲ្យដឹងពីប្រវត្តិគ្រួសារខ្លួនថា៖ «កាលពី ២ ឆ្នាំមុន នាងខ្ញុំគ្រាន់តែជាស្រ្តីមេផ្ទះធម្មតានៅក្នុងគ្រួសារក្រីក្រ ដែលមានបណ្ណក្រីក្របញ្ជាក់ពីខាងភូមិឃុំ សម្រាប់ប្រើពេលមានការឧបត្ថម្ភនានា ជាពិសេសសម្រាប់ការឧបត្ថម្ភ និងថែទាំសុខភាពកូនតូចៗ។
នាងខ្ញុំមានកូន ២ នាក់ (ស្រី ១ និងប្រុស ១) ហើយកាលកូនប្រុសវ័យ ៧ ខែ នាងខ្ញុំបានទទួលការឧបត្ថម្ភពីអង្គការ USAID សម្រាប់ការចូលរួមទទួលយកការណែនាំ និងស្វែងយល់ពីរបស់ថែទាំសុខភាពកូន ជាពិសេសរបៀបផ្តល់អាហារបំប៉នដល់កូនតូចៗ និងស្វែងយល់ពីការថែទាំសុខភាពស្រ្តីមានផ្ទៃពោះ។
ដោយសារខ្ញុំតែងតែចូលរួមគ្រប់សកម្មភាពនៃការបណ្តុះបណ្តាលនោះលុះក្រោយមកខាងអង្គការក៏សួរនាំពីគម្រោងរៀបចំអាជីវកម្ម សម្រាប់ជីវភាពគ្រួសារ ដោយមានពាកព័ន្ធនឹងវិធីផលិតម្សៅត្រីល្អិតនេះតែម្តង។ នាងខ្ញុំក៏ស្នើចង់រៀនពីរបៀបធ្វើវា និងយល់ដឹងពីអត្ថប្រយោជន៍របស់វាទៀតផងគឺវាសម្បូរទៅដោយសារជាតិប្រូតេអ៊ីន កាល់ស្យូម និងវីតាមីន ដែលមានគុណប្រយោជន៍សម្រាប់កុមារតាំងពីចាប់កំណើតទៅដល់វ័យ ២៤ ខែ និងស្រ្តីមានផ្ទៃពោះទទួលទាននាអំឡុងពពោះ»៕