ភ្នំពេញ: ក្រវិល​ម៉ូដ​ផ្កាឈូក ដើមឈើ​ជីវិត ក្បាច់​ភ្ញីភ្លើង ស្លឹក សត្វ​ព្រាប​តំណាង​ឲ្យ​សន្ដិភាព កងដៃ និង​ចិញ្ចៀន​រំលេច​ពណ៌​លឿង​ភ្លឺ​រលោង ជា​គ្រឿង​លម្អ​កាយ។ ប៉ុន្ដែ អ្វី​ដែល​ភ្ញៀវ​ទេសចរ​បរទេស និង​អតិថិជន​ក្នុង​ស្រុក​មួយ​ចំនួន​រអា​នោះ​គឺ​វត្ថុ​ធាតុ​ដើម​សម្រាប់​ផលិត​គ្រឿង​អលង្ការ​ដ៏​ស្រស់​ស្អាត​ទាំង​នេះ​ពី​សម្បក​គ្រាប់​កាំភ្លើង​តូចធំ។

ព្រោះតែ​ភ្នក់ភ្លើងសង្គ្រាម លោក ធៀន ចន្ថា បាន​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់ ដែល​ធ្លាប់​ថ្នាក់​ថ្នម អប់រំ ថែទាំ​បញ្ចុក​ចំណី​ដោយ​លោក​ត្រូវ​រៀន​រស់​ពឹង​អាស្រ័យ​លើ​បាត​ដៃ​ខ្លួន​ឯង​តាំង​ពី​ក្មេង​វ័យ។

អតីត​កុមារា ដែល​អ្នក​ម្ដាយ​បាន​លាចាក​លោក​តាំងពី​អាយុ ៤ ឆ្នាំ ហើយ​ចម្រើន​វ័យ ៨ ឆ្នាំ ក៏​កំព្រា​ឪពុក​ជា​នាយ​ទាហាន​រដ្ឋាភិបាល​បាន​ពលី​ក្នុង​សមរភូមិ លើ​ទឹកដី​ខេត្ដ​ពោធិ៍សាត់ ក្នុង​ទសវត្សរ៍​ឆ្នាំ ៨០ បាន​នឹក​ឃើញ​យក​គ្រាប់​អាវុធ​យុទ្ធភណ្ឌ​ធ្លាប់​បំផ្លាញ​សុភមង្គល​គ្រួសារ​ខ្លួន ច្នៃ​ជា​គ្រឿង​លម្អ​កាយ​ដ៏​បង្កប់​អត្ថន័យ​ជ្រាល​ជ្រៅ។

លោក ធឿន ចន្ថា បច្ចុប្បន្ន​អាយុ ៣៨ ឆ្នាំ ស្ថាបនិក អង្គរ​ប៊ូ​លែ​ត ហាង​ជាងទង​កែច្នៃ​សម្បក​គ្រាប់​កាំភ្លើង​តូច​ធំ​ផលិត​ជា​គ្រឿង​អលង្ការ​គ្រប់​ប្រភេទ​បាន​និយាយ​ថា៖ «កាំភ្លើង​មិន​មែន​តែ​សម្លាប់​ជីវិត​មនុស្ស​ម្នាក់​នោះ​ទេ តែ​វា​បាន​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​នាក់​ទៀត​រង​គ្រោះ ដូចជា ប្រពន្ធ កូន និង​មនុស្ស​ក្នុង​គ្រួសារ​ទាំង​មូល​បាត់បង់​ការ​សិក្សា និង​ការ​រក​ទទួល​ទាន​រាល់​ថ្ងៃ»។

មេជាង​ទង​ដែលមាន​កូនជាង​ជា​សិស្ស និស្សិត និង​ស្ដ្រី​មេផ្ទះ​រូបនេះ​បាន​បញ្ជាក់​ថា៖ «មិន​មែន​មានន័យ​ថា ខ្ញុំ​ចង់​ឲ្យ​គេ​បាញ់​គ្នា​ច្រើន​ដើម្បី​យក​សម្បក​គ្រាប់​មក​ធ្វើ​គ្រឿង​អលង្ការ​នោះ​ទេ។ គោល​បំណង​ពិត ខ្ញុំ​គិត​ថា កាំភ្លើង​បាន​សម្លាប់​ជីវិត​ឪពុក​ខ្ញុំ គ្រួសារ​របស់​ខ្ញុំ​ធ្វើ​ឲ្យ​ខ្ញុំ​បែក​បាក់»។

នៅ​ដើម​ទសវត្សរ៍​ឆ្នាំ ២០០០ ក្រោយពី​មើលឃើញ​ពី​តម្លៃ​ប្រាក់​ចេះតែ​បន្ដ​កើនឡើង​រហូតដល់​ជាង ១ ពាន់​ដុល្លារ ក្នុង​មួយ​គីឡូក្រាម លោក​ស្រាប់​តែ​នឹក​ឃើញ​វត្ថុ​ធាតុ​ផ្សេង​ដែល​សម្បូរ ជោរ​ជន់ ខណៈ​លោក​បាន​ឃើញ​អ្នក​ស្ម័គ្រ​ចិត្ដ​របស់​អង្គការ​ម្នាក់​យក​សម្បក​គ្រាប់​កាំភ្លើង​ធំៗ​ឲ្យ​លោក​តាំង​លម្អ​ផ្កា។

គ្រឿងលម្អ​ច្នៃ​ពី​អាវុធ ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​ជនបរទេស​។ ហេង ជីវ័ន

លោក ចន្ថា បាន​បន្ដថា៖ «ពេលនោះ ខ្ញុំ​សាកល្បង​រំលាយ​សម្បក​គ្រឿងផ្ទុះ​ទាំងនោះ និង​បាន​បង្ហាញ​ប្រាប់​ថ្នាក់​ដឹកនាំ​បាន​ឃើញ។ លទ្ធផល ចេញ​មក ពិត​ជា​អាច​ប្រើ​ជំនួស​ប្រាក់​បាន»។

បុរស​កូន ២ រូបនេះ បាន​និយាយប្រាប់​មូល​ហេតុថា៖ «ខ្ញុំ​ប្រើ​សម្បក​គ្រាប់កាំភ្លើង និង​សម្បក​គ្រាប់​បែក​ធំៗ ដើម្បី​បង្ហាញ​ដល់​ភ្ញៀវ​បរទេស​ពី​ស្ថានភាព​ដ៏​លំបាក​របស់​ប្រជាជន​ខ្មែរ ដែល​ពួកគេ​ហែល​ឆ្លង​កន្លង​មក។ ខ្ញុំ​ជឿថា ផលិតផល​ទាំង​នេះ​ជា​ភ័ស្ដុតាង​បញ្ជាក់​ពី​បទ​ពិសោធ​ប្រទេស​ជាតិ​ខ្ញុំ និង​ពលរដ្ឋ​ខ្ញុំ ហើយ​អ្វី​ដែល​យើង​អាច​សម្រេច​បាន​នា​ពេល​នេះ។ ខ្ញុំ​កំពុង​ប្រែក្លាយ​យុទ្ធភណ្ឌ​ប្រល័យ​ជីវិត ដែល​ធ្លាប់​ប្រើ​សម្លាប់​ប្រជាជន​ខ្មែរ​រាប់​លាន​នាក់​ទៅ​ជា​សម្រស់ ក្ដី​សង្ឃឹម ថាមពល និង​រឹងមាំ»។

ដំណើរការ​រំលាយ​លោហៈ​ធ្វើអាវុធ យក​មក​ធ្វើ​អលង្ការ​លម្អ​កាយ។ ហេង ជីវ័ន

ក្រោយពី​មាន​ដើមទុន​ផ្តា​ល់​ខ្លួន​តិចតួច ក្នុង​ឆ្នាំ ២០១១ លោក​សម្រេច​ចិ​ត្ដ​ចេញពី​អង្គការ និង​បាន​បង្កើត​មុខរបរ​ខ្លួន​ឯង​ដោយ​ផ្ដើម​ពី​លទ្ធភាព​កវែក​កឆ្នាំង។ ដោយ​មាន​លទ្ធភាព​ទិញ​គ្រឿង​ខ្លះ​និង​មាន​មិត្ដភក្ដិ​បរទេស​ជួយ​ទិញ​ឧបករណ៍​សំខាន់ៗ​មួយ​ចំនួន បច្ចុប្បន្ន ១ ថ្ងៃ ក្រុម​ជាង​របស់​លោក​អាច​ផលិត​ពី​ជាង ១០០ ដល់ ៣០០ គ្រឿង។ យ៉ាងណា​មិញ ពេល​ភ្លើង​សង្គ្រាម​ទើប​តែ​រលត់ លោក​ងាយ​ស្រួល​រក​វត្ថុ​ធាតុ​ដើម គឺ​សម្បក​គ្រាប់​ដែល​មាន​ទាំង​នៅ​ក្នុង​ដី និង​ក្នុង​ទន្លេ។ ប៉ុន្ដែ​បច្ចុប្បន្ន​ដោយសារ​សម្បក​គ្រាប់​កាន់​តែ​ខ្សត់​ទៅៗ លោក​ត្រូវ​ប្រមូល​ទិញ​ពី​ទីលាន​ហ្វឹក​ហាត់​ទាហាន កន្លែង​ភ្ញៀវទេសចរ​បាញ់​កម្សាន្ដ និង​ពី​ស៊ីម៉ាក់ ដែល​បាន​ដោះ និង​កមម្ទេច​គ្រាប់​ធំ។

ចំពោះ​អតិថិជន​ប្រភេទ​ណា​ដែល​ចាប់អារម្មណ៍​គ្រឿងអលង្ការ​គ្រាប់​ផ្ទុះ​ទាំងនេះ លោក​បាន​សារភាព​ថា៖ «ដំបូង​ឡើយ សូម្បី​តែ​ភ្ញៀវ​បរទេស​ជា​ជនជាតិ​ជប៉ុន​ក៏​មាន​ការ​រអា​ពេល​យើង​បង្ហាញ​គ្រឿង​អលង្ការ​អម​ដោយ​គ្រាប់​កាំភ្លើង​ដែរ ពី​ព្រោះ​ជប៉ុន​ក៏​ធ្លាប់​ឆ្លង​កាត់​សង្គ្រាម​ច្រើន។ ប៉ុន្ដែ​ពេល​យើង​ពន្យល់​ពី​មូលហេតុ​ខាង​លើ ពួកគាត់​ងាក​មក​គាំទ្រ និង​ជួយ​ទិញ​គ្រឿង​អលង្ការ​ខ្លះៗ​ត្រឡប់​ទៅ​ស្រុក​វិញ»៕

រោង​ជាង​ទង មាន​បុគ្គលិក​ជា​សិស្ស និស្សិត និង​ស្ត្រីមេផ្ទះ​។ ហេង ជីវ័ន