កំពង់ធំ: ធ្លាប់តែ​ចិញ្ចឹម​មាន់​យក​ស៊ុត​ទៅតាម​បែប​ប្រពៃណី​ដោយ​ការលែង​ហ្វូង​មាន់​ពង​ពាសវាល​ពាសកាល​ច្របូកច្របល់​គ្នា ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​គុណភាព​ស៊ុត និង​កូនមាន់​ចាប់កំណើត​តិច យុវជន​មកពី​ខេត្ដ​កំពង់ធំ​ម្នាក់​ខិតខំ​សិក្សា​បច្ចេកទេស និង​អភិវឌ្ឍ​ខ្លួន​ជា​អ្នក​ផលិត​ទូភ្ញាស់​ស៊ុត​។

ទូ​ប្រអប់​ ២ ​ប្រភេទ​ផលិត​ពី​ដែក និង​ស្នោ​មាន​មុខងារ​សម្រាប់​ទុកដាក់​គ្រាប់​ស៊ុត​ដល់ ១ ​ម៉ឺន​គ្រាប់​ទៅតាម​ទំហំ ព្រម​ទាំង​មាន​សមត្ថភាព​ភ្ញាស់​កូន​មាន់ និង​ទា​ជាដើម​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ ហើយ​កំពុង​ជួយ​សម្រួល​ដល់​អាជីវកម្ម​ចិញ្ចឹម​មាន់​យក​ស៊ុត​របស់​ប្រជាកសិករ​ទូទាំងប្រទេស​។

លោក លន សុភា បាន​រំឭក​ពី​ការចាប់ផ្តើម​អាជីវកម្ម​ជា​អ្នកលក់​ទូភ្ញាស់​ថា​៖ «​មុន​ចាប់​ផ្តើមធ្វើ​ទូភ្ញាស់​លក់ ខ្ញុំ​ចិញ្ចឹម​មាន់​យក​ស៊ុត លុះ​ចិញ្ចឹម​យូរ​ទៅ​មាន​មេមាន់​ច្រើន​ពង​ចូល​គ្នា ធ្វើឲ្យ​ពិបាក​ក្នុង​ការថែទាំ​។ ជាក់ស្ដែង ពួកវា​ដណ្តើម​គ្នា​ក្រាប ចឹក​ពង​គ្នា បែក​ខូច​ច្រើន ហើយ​កូន​មាន់​ដែល​ញាស់​មក ខ្ញុំ​ពិបាក​ថែទាំ ដោយសារ​វា​មាន​ចំនួន​តិច មិន​សមស្រប​តាម​តម្រូវការ​ចង់បាន​។ ឆ្លងកាត់​បទពិសោធ​ទាំងនោះ ខ្ញុំ​សម្រេច​ចិត្ត​ស្រាវជ្រាវ​រក​វិធីសាស្ត្រ​ថ្មីៗ​ក្នុង​ការចិញ្ចឹម និង​ភ្ញាស់​ស៊ុតមាន់​»​។

កសិករ​រូបនេះ​ប្រទះ​ឃើញ​មាន​ការផ្សព្វផ្សាយ​លក់​ទូភ្ញាស់​នៅតាម​យូធូប ហើយ​លោក សុភា ក៏​សម្រេចចិត្ត​ទិញ​ទូភ្ញាស់​ខ្នាត ៥២៨ ​ស៊ុត ១ ​គ្រឿង​មក​ប្រើ​។ មិនយូរ​ប៉ុន្មាន​យុវជន​រូបនេះ ក៏​បែកគំនិត​រៀន​ផលិត​ឧបករណ៍​ភ្ញាស់​ស៊ុត​ដោយ​ខ្លួនឯង​តែម្ដង​។

លោក​លើកឡើង​ថា​៖ «​ខ្ញុំ​ប្រើ​ទូភ្ញាស់​ទិញ​គេ​បាន​ប្រហែល ៥ ទៅ ៦ ​ខែ ហើយ​ខ្ញុំ​ក៏មាន​ចិត្ត​ចង់​រៀន​ធ្វើ​ទូភ្ញាស់​លក់​ដូច​គេ​។ ខ្ញុំ​គិត​ថា ការប្រើ​ទូភ្ញាស់​ផលិត​ខ្លួនឯង បើ​មាន​បញ្ហា វា​ងាយ​នឹង​ជួសជុល​ជាង​។ ដូច្នេះ​ខ្ញុំ​ក៏​សម្រេចចិត្ត​ឡើង​ទៅ​រៀន​នៅ​ភ្នំពេញ​ពី​របៀប​ធ្វើ​ទូ​ចំនួន ២ លើក​។ ពេល​រៀន​ចប់ ខ្ញុំ​ក៏​ទិញ​គ្រឿង​សម្ភារ​សម្រាប់​ផលិត​មក​អនុវត្ត​ដំឡើង​»​។

លោក លន សុភា បាន​បង្ហាញ​ពី​វិធី​ដំឡើង និង​ការប្រើប្រាស់​ទូភ្ញាស់​កូន​មាន់ និង​ទា​។ រូបថត សហការី

ក្រោយពី​អនុវត្ត និង​អាច​ដំឡើង​ទូភ្ញាស់​បាន​ជោគជ័យ លោក សុភា ចាប់ផ្តើម​ធ្វើការ​បង្ហោះ​រូប​លក់​តាម​អនឡាញ​។ តែមួយ​រយៈពេល​ខ្លី មាន​អតិថិជន​ទាក់ទង​តាម​ទូរស័ព្ទ និង​ឆាត​មក​សួរនាំ​ជា​ហូរហែ​។

ដោយសារ​ការព្យាយាម មិន​ខ្លាច​លំបាក​ទៅ​តាម​ទម្លាប់​ជា​កសិករ​ស្រុក​ស្រែចម្ការ​ម្នាក់​ក្នុង​រយៈពេល​តែ ៤ ទៅ ៥ ​ខែ​ការផលិត​ទូភ្ញាស់​របស់​លោក ត្រូវ​បាន​មនុស្ស​ជាច្រើន​ទទួលស្គាល់ ហើយ​លោក​ចាប់ផ្តើម​ទទួល​ការកុម្ម៉ង់​ទិញ​ជាច្រើន​ពី​អតិថិជន​យក​ទៅ​ប្រើប្រាស់​នៅ​រាជធានី និង​បណ្តា​ខេត្ត​នានា​។

ពេល​ថ្មី​នេះៗ​លោក​ក៏​ទទួល​បាន​ការកុម្ម៉ង់​ជាច្រើន ដើម្បី​យក​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ក្រោម​ជំនួយ​ឧបត្ថម្ភ​នៃ​គម្រោង​អភិវឌ្ឍ​កសិកម្ម​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

អ្នក​ផលិត​ទូភ្ញាស់ វ័យ ៣៥ រូបនេះ ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ខ្ញុំ​គិតថា ការផលិត​ទូ​ភ្ញាស់​ជា​ការរកឃើញ​ថ្មី​មួយ​ដែល​ជា​បច្ចេកទេស​ថ្មី​ជំនួយ​សម្រាប់​អ្នក​កំពុង​ចិញ្ចឹមសត្វ​ភ្ញាស់ស៊ុត​នៅ​កម្ពុជា​។ ប៉ុន្ដែ​មិនទាន់​ត្រូវបាន​បង្ហាញ​ឲ្យ​ទូលំទូលាយ​ដល់​ប្រជាជន​យើង ដោយសារ​ប្រជាពលរដ្ឋ​មួយចំនួន​មិន​ទាន់​យល់​ពី​ទូភ្ញាស់ និង​ការប្រើប្រាស់​របស់​វា​នៅ​ឡើយ​។ ក្នុងនោះ​មាន​អ្នកខ្លះ​ប្រើ​ទៅបាន​ជោគជ័យ ហើយ​មួយ​ចំនួន​ទៀត​ក៏​មិន​ជោគជ័យ​ដែរ​»​។

ទោះបី​ជា​យ៉ាងណា សិប្បកម្ម​ផលិត​ទូភ្ញាស់​របស់លោក​មាន​លក្ខណៈ​តូច ទើប​ធ្វើឲ្យ​លោក​ត្រូវ​ចំណាយពេល​យូរ​ក្នុង​ការផលិត​ទូភ្ញាស់​។ តាមរយៈ​ការរៀបរាប់​របស់​លោក​ជាទូទៅ​ក្នុង​ការផលិត​ទូភ្ញាស់​ ១ គឺ​ត្រូវ​ចំណាយពេល​អាស្រ័យ​ទៅ​តាម​ទំហំ និង​ខ្នាត​របស់​ទូ​។ បើ​លោក​ធ្វើ​ទូ​តែម្នាក់ឯង​ក្នុង​ ១ ​ថ្ងៃ​អាច​ផលិត​ទូ​ខ្នាត​តូច​បាន​តែ​ ១ ​គ្រឿង​ប៉ុណ្ណោះ​។ ចំពោះ​ទូខ្នាត​ធំ​ត្រូវ​ចំណាយពេល ២ ឬ ៣ ​ថ្ងៃ ទើប​រួចរាល់​ ១ ​គ្រឿង​។ តែបើ​មាន​គ្នា​ជួយ ឬ​ធ្វើ​គ្នា​ ២ ​នាក់ ពេលវេលា នឹង​កាត់បន្ថយ​ផងដែរ​។

ធុងស្នោ​សម្រាប់​ភ្ញាស់​ពង​ងាយស្រួល​ដំឡើង និង​ប្រើប្រាស់​ថាមពល​អគ្គិសនី​តិច​។ រូបថត សហការី

ទូភ្ញាស់​នេះ​ផលិត​ចេញ​ពី​ដែក​ជ្រុង ដែក​ស័ង្កសី ដែក​អាលុយមីញ៉ូម និង​ស្នោ ដែល​អាច​ប្រើ​សម្រាប់​ភ្ញាស់​ស៊ុតទា មាន់ ក្រួច លលក ក្ងាន ព្រាប និង​សារិកា​ជាដើម​។ រីឯ​ការប្រើប្រាស់ លោក សុភា បាន​ឲ្យ​ដឹងថា វា​មិន​ពិបាក​នោះទេ ដោយសារ​តែ​ទូ​មាន​ប្រព័ន្ធ​ស្វ័យប្រវត្តិ ទាំង​សំណើម និង​កម្ដៅ​។

ក្រៅពី​ទូភ្ញាស់​ផលិត​ពី​ដែក​នេះ​លោក​ក៏មាន​ផលិត​ទូភ្ញាស់​ធុងស្នោ​ផងដែរ​។

លោក​លើកឡើង​ថា​៖ «​ខ្ញុំ​ក៏​អាច​ផលិត​ទូភ្ញាស់​ធ្វើ​ពី​ធុងស្នោ​បានដែរ តែ​ទូភ្ញាស់​ធុងស្នោ​នេះ ខ្ញុំ​គិត​ថា​វា​មិនមែន​ជា​ការច្នៃប្រឌិត​ថ្មី​នោះទេ វា​ជា​ប្រភេទ​ឧបករណ៍​ភ្ញាស់​ងាយ​ដំឡើង មិនមាន​លក្ខណៈ​សាំញ៉ាំ ភាគច្រើន​និយម​ប្រើ​ដោយ​ដៃ (​យក​ទៅ​ដាក់​ប្រែ​ស៊ុត​) និង​ចំណាយ​ថ្លៃដើម​តិច​។ ប្រជាជន​ទូទៅ​អាច​ដំឡើង​ទូភ្ញាស់​ប្រភេទ​នេះ​ដោយ​ខ្លួនឯង​បាន​»​។

ចំពោះ​ប្រភេទ​ទូស្នោ​ភ្ញាស់​ដោយ​អ្នក​ចិញ្ចឹម​ត្រូវ​ប្រើ​ដៃ​វីស៊ុត ១ ​ថ្ងៃ ២ ឬ ៣ ​ដង ដែល​ចំណាយ​ថ្លៃ​ភ្លើង​តិច អាច​ប្រើ​បាន​យូរ ហើយ​អត្រា​ញាស់​បាន​ល្អ ងាយស្រួល​ប្រើ តម្លៃ​ត្រឹមតែ ២០ ​ម៉ឺន​រៀល​ក្នុង​មួយគ្រឿង​។ ចំណែក​ទូភ្ញាស់​ស្វ័យប្រវត្តិ​មាន​ខ្នាត​ចាប់ពី ៨០ ​ស៊ុត​រហូត​ដល់ ១ ​ម៉ឺន​ស៊ុត​។

កសិករ​រូបនេះ​ក៏​សំណូមពរ​ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ដី​ទំនេរ​ច្រើន និង​ឆ្លៀតពេល​ពី​ការងារ​ស្នូល​មក​ចិញ្ចឹមសត្វ ដើម្បី​បង្កើន​ប្រាក់ចំណូល​បន្ថែម​។ លោក​អះអាង​ថា បើ​អាច​រូប​លោក​ផ្ទាល់​នឹង​ចែករំលែក​ទៅកាន់​ប្រជាកសិករ​គ្រប់គ្នា​នូវ​វិធីសាស្ត្រ​ក្នុង​ការថែទាំ និង​ចិញ្ចឹម​មាន់​រួម​ជាមួយ​របៀប​ភ្ញាស់​ពង​ផងដែរ​។

ចំពោះ​ព័ត៌មាន​លម្អិត​សូម​ចូលទៅ​កាន់​ហេ្វសប៊ុកផេច @ពិភព​ទូភ្ញាស់​ស្នាដៃ​កូន​ខ្មែរ ឬ​ទំនាក់ទំនង​ទៅកាន់​លេខ ទូរស័ព្ទ ០១២ ៤០០ ៥៨៩/០៧០ ៥៧៧ ៧០៩/ ០៩៧ ៥០៧ ៧៧០៩៕