ក្រុងសែនមនោរម្យ: នាព្រឹកព្រហាម លោក មិន ធឿន ធ្លាប់វេចអង្ករ ទឹក អង្រឹង កៅស៊ូភ្លៀង ចាន ឆ្នាំងដាក់ក្នុងអាញស្ពាយលើខ្នង ជាមួយកាំភ្លើងមួយដើម ដើរត្រាច់ចរសំដៅចូលព្រៃជាច្រើនថ្ងៃ បំណងបរបាញ់សត្វព្រៃធំៗយកស្នែង ភ្លុក និងស្បែកលក់ឱ្យឈ្មួញជាថ្នូរនឹងប្រាក់ចិញ្ចឹមជីវិត។
លោក ធឿន សព្វថ្ងៃអាយុ ៤១ ឆ្នាំបានរំឭកប្រាប់ថា៖ «ធម្មតា ខ្ញុំអាចស្ពាយស្នែងខ្ទីង ឬទន្សោងពី ១ ទៅ ២ ក្បាលក្នុងដំណើរលុកព្រៃម្ដង។ វាមានតម្លៃប្រមាណ ៣ ទៅ ៤ ម៉ឺនរៀលក្នុង ១ ក្បាល»។
ម្ភៃឆ្នាំក្រោយមក អតីតកងជីវពលខ្មែរក្រហមដែលមានបទពិសោធប្រើកាំភ្លើងតាំងពីតូចរូបនេះ នៅតែបន្ដរែកពន់សម្ពាយនេះចូលព្រៃដដែល។ ប៉ុន្ដែសកម្មភាពនាពេលនេះលោកគឺជាមន្ដ្រីឧទ្យានុរក្សដែលមានភារកិច្ចការពារធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច។
បង្ហាញរូបទង់ជាតិ និងស្លាកសញ្ញាក្រសួងបរិស្ថាននៅឯកសណ្ឋានយ៉ាងមានមោទនភាព លោក ធឿន បានប្រាប់ភ្នំពេញ- ប៉ុស្ដិ៍ថា៖ «ទោះបីជាមានតម្លៃថ្លៃគ្រាន់បើយ៉ាងណាក៏ដោយ ក៏វាគ្មានបានអ្វីសល់នោះទេ។ ខ្ញុំក៏សម្រេចផ្លាស់ប្ដូរចិត្ដបោះបង់ការប្រមាញ់សត្វព្រៃ និងចាប់យកអាជីពជាមន្ដ្រីឧទ្យានជាមួយប្រាក់ខែតែ ៨ ម៉ឺនរៀល។
លោកបន្ដថា៖ «ដោយសារអ្នកស្រុកធ្លាប់ឃើញខ្ញុំដើរប្រមាញ់លុកព្រៃរហូត ទើបពួកគេណែនាំឱ្យខ្ញុំចូលបម្រើការងារជាអ្នកការពារធនធានធម្មជាតិវិញ»។
ជាអ្នកប្រហារសត្វដោយប្រើកាំភ្លើងសេសសល់ពីសម័យសង្គ្រាម អ្នកស្រុកកំណើតមកពីខេត្ដក្រចេះរូបនេះអះអាងថា ការប្រើប្រាស់កាំភ្លើងមួយមុខមិនអាចធ្វើឱ្យសត្វព្រៃវិនាសបានឡើយ។ អន្ទាក់ និងការឆក់ទើបជាឃាតករផ្ដាច់ពូជសត្វព្រៃពិតៗ។
លោក ធឿន បាននិយាយមុនពេលទទួលបាននូវបណ្ណសរសើរមេត្រីភាពបរិស្ថានពីក្រសួងបរិស្ថាន និងលិខិតសរសើរពីអង្គការ WWF ថា៖ «ក្នុងនាមខ្ញុំជាអ្នកធ្លាប់បរបាញ់ម្នាក់ ខ្ញុំហ៊ានឱ្យអ្នកប្រមាញ់ម្នាក់នូវកាំភ្លើង ៥ ដើមក្នុង ១ ថ្ងៃ ហើយខ្ញុំឱ្យបាញ់ ១ ឆ្នាំ ក៏អត់ពាយសត្វព្រៃដែរ។ ប៉ុន្ដែអ្វីដែលគ្រោះថ្នាក់បំផុត គឺអន្ទាក់ និងក្បាលឆក់»។
លោកបន្តថា៖ «ប្រៀបធៀបពីការមើលឃើញសត្វផ្ទាល់ភ្នែក គឺមានការខុសគ្នាឆ្ងាយណាស់។ ខ្ញុំដើរត្រឹម ២ គីឡូម៉ែត្រ ខ្ញុំឃើញសត្វព្រៃដើរព្រាត ហើយខ្ញុំបរបាញ់តែពេលថ្ងៃផង។ ១ ហ្វូងមានពី ២០ ទៅ ៣០ ក្បាល ហើយឥឡូវច្រើនបំផុត ១ ហ្វូងត្រឹម ៥ ទៅ ៧ ក្បាល និងកម្របានឃើញទៀត»។
ជាមួយបទពិសោធដើរដេកព្រៃត្រុកៗតែឯងទាំងយប់ទាំងថ្ងៃ អតីតអ្នកប្រមាញ់រូបនេះ ក៏បានណែនាំដល់ក្រុមប្រមាញ់ និងអ្នកដាក់អន្ទាក់សត្វ នូវមេរៀនជីវិតដែលលោកធ្លាប់ហែលឆ្លង ដោយមិនបានបន្សល់អ្វីជាដុំកំភួនក្រៅពីការបំផ្លិចបំផ្លាញឡើយ។
លោកនិយាយពន្យល់ថា៖ «ឯងយកសាច់ រួមទាំងឆ្អឹងសត្វព្រៃទៀតទៅយកឱ្យអស់យ៉ាងយូរមួយអាទិត្យ ទៅកន្លះខែ ឯងប្រាកដជាអស់លុយចាយហើយ។ អត់មានសល់អ្វីទេ។ និយាយរួម ដូចត្រូវបណ្ដាសាវាអ៊ីចឹង ពេលយកជីវិតវា»។
មន្ដ្រីឧទ្យានុរក្សរូបនេះរស់នៅក្នុងភូមិទួល ឃុំសុខសាន ស្រុកកោះញែក ខេត្ដមណ្ឌលគិរី និយាយថា៖ «ខ្ញុំតែងតែនិយាយពន្យល់ពួកគេអ៊ីចឹង ខ្លះតាម និងសម្រេចចិត្ដឈប់ដាក់អន្ទាក់ដែរ។ ពួកគាត់និយាយថា គិតដូចបងឯងត្រូវដែរតើ ហើយក៏មានបំណងចង់ចូលធ្វើជាឧទ្យានុរក្សថែមទៀត»។
ទោះបីជាបំណងមន្ដ្រីឧទ្យានុរក្សមានសមត្ថភាព និងបទពិសោធការងារល្បាត បង្ក្រាបបទល្មើស និងការពារអភិរក្សធនធានធម្មជាតិយ៉ាងណាក៏ដោយ ក៏ពួកគេត្រូវពង្រឹងសមត្ថភាពបន្ថែមទៀត។
លោក នេត្រ ភក្ដ្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា៖ «មន្ដ្រីឧទ្យានុរក្សត្រូវតែបន្ដហ្វឹកហាត់ផ្នែកបច្ចេកទេសថ្មីៗទៀត និងទទួលបាននូវមេរៀន និងបទពិសោធថ្មីៗបន្ថែមទៀតក្នុងគោលបំណងបង្កើនប្រសិទ្ធភាពក្នុងតួនាទីរបស់ខ្លួនជាឆ្មាំព្រៃ»។
លោកបានថ្លែងដូច្នេះចំពោះមុខមន្ត្រីឧទ្យានុរក្សបម្រើការនៅក្នុងដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេចក្នុងខេត្តមណ្ឌលគិរីកាលពីថ្ងៃទី ១៧ ខែមករា ក្នុងពិធីប្រគល់បណ្ណសរសើរមេត្រីភាពបរិស្ថានដល់មន្ត្រីឧទ្យានុរក្សឆ្នើមនៃដែនជម្រកសត្វទាំង ២។
អតីតកាល
ព្រៃគ្រាន់តែជាទីកន្លែងរត់លេងសម្រាប់កុមាររស់ក្រោមការគ្រប់គ្រងរបស់កម្មាភិបាលខ្មែរក្រហម ហើយកាំភ្លើងជាចម្ពាមកាន់កំដរដៃសម្រាប់មនុស្សគ្រប់រូប បំណងត្រៀមប្រយុទ្ធគ្រប់ពេលវេលា។
វ័យត្រឹមជាង ១០ ឆ្នាំ ធឿន ត្រូវកេះកៃកាំភ្លើងបាញ់តតាំងខ្មែរគ្នាឯង និងរត់លូនក្រាប យកដីជាពូក ព្រៃជាខ្នើយ និងមេឃជាភួយដណ្ដប់។
លោករំឭកថា៖ «ពេលខ្លះ ខ្ញុំត្រូវរត់គេចគ្រាប់ និងវង្វេងក្នុងព្រៃជាច្រើនថ្ងៃក៏មានដែរ។ ខ្ញុំស៊ាំនឹងជីវិតរស់នៅក្នុងព្រៃ និងបាញ់កាំភ្លើងទៅហើយ»។
ជាមួយវត្ដមានសត្វព្រៃដ៏សម្បូរបែប ដូចជា ខ្ទីង ប្រើស ទន្សោង ដំរី ខ្លា ជាដើម អ្នកប្រមាញ់សត្វរូបនេះភ្ជង់ចុងកាណុងតែទៅលើសត្វធំៗត្រូវប៉ាន់របស់ឈ្មួញប៉ុណ្ណោះ។ ពេលសត្វងាប់ អ្នកប្រមាញ់ចាប់ផ្ដើមកាត់យកស្នែងច្រកអាញស្ពាយបន្ដដំណើរ ឬវិលត្រឡប់មកវិញ។
ការផ្លាស់ប្ដូរ
ដ្បិតលោក មិន ធឿន នៅតែបន្ដដើរព្រៃដូចទម្លាប់ពីជាង ២ ទសវត្សរ៍មុនយ៉ាងណាក៏ដោយ ក៏ឧទ្យានុរក្សរូបនេះបង្ហាញពីអារម្មណ៍ និងសកម្មភាពខុសគ្នាឆ្ងាយរវាងអ្នកបំផ្លាញ និងអ្នកអភិរក្ស។
លោកបាននិយាយថា៖ «ពីការដើរព្រៃបរបាញ់មកជាការល្បាតព្រៃអភិរក្ស វាប្រាកដជាខុសគ្នាឆ្ងាយមែន។ កាលពេលខ្ញុំដើរបាញ់ ខ្ញុំទៅតែម្នាក់ឯង ដេកអង្រឹងលើចុងឈើ ហើយដល់ពេលចុះបង្ក្រាប យើងចុះគ្នាច្រើន និងដេកក្បែរៗគ្នា»។
សកម្មភាពល្បាតព្រៃ ដែលរមែងពើបប្រទះនឹងក្រុមល្មើសច្បាប់ លោក ធឿន បានចាប់អ្នកដាក់អន្ទាក់ជាច្រើន និងឧស្សាហ៍ឃើញមុខដដែលៗប្រព្រឹត្ដបទល្មើសជាថ្មីទៀត។
ក្រុមការងារធ្វើការបង្ក្រាបបទល្មើសដូចជា ការបាញ់ ឆក់ ដាក់អន្ទាក់ បណ្ដើរឆ្កែ កាប់ឈើ និងបេះអ័រគីដេព្រៃ ឱ្យតែចូលក្នុងតំបន់ស្នូលអភិរក្ស។
លោក ធឿន បានឱ្យដឹងទៀតថា៖ «យើងធ្លាប់ពើបប្រទះអាវុធជាមួយក្រុមជនល្មើសម្ដងម្កាលដែរ។ ជាក់ស្ដែងប៉ុន្មានឆ្នាំមុន ឆ្មាំអភិរក្សបានរងរបួសដោយសារគ្រាប់កាំភ្លើង»។
ឧទ្យានុរក្សបានបណ្ណសរសើរចំនួន ២ នាពេលថ្មីៗនេះបាននិយាយថា៖ «ជនល្មើសខ្លះ ជាអ្នកភូមិផងរបងក្បែរគ្នា។ ពេលចេញល្បាត យើងមានគ្នាច្រើន រួមទាំងមន្ដ្រីអង្គការ WWF យើងត្រូវតែអនុវត្ដច្បាប់»៕