សៀមរាប៖ សូត្រ​ខ្មែរ​រមែង​ត្រូវ​បាន​ផលិត​ជា​ផាមួង​ដ៏​ល្បី​ល្បាញ​សម្រាប់​ស្លៀកពាក់​ក្នុង​ឱកាស​បុណ្យ​ទាន​ផ្សេងៗ ខណៈ​កំប្លោក​គ្រាន់​តែ​ជា​រុក្ខជាតិ​មិន​មាន​ប្រយោជន៍​អ្វី​ក្រៅ​ពី​ផ្កា​សម្រាប់​ជា​អន្លក់​ទឹក​គ្រឿង​ដ៏​ឈ្ងុយ​ឆ្ងាញ់​នោះ​ទេ។

ជា​អ្នក​គាំទ្រ​ផលិតផល​ក្នុង​ស្រុក ជា​ពិសស​ការ​កែច្នៃ​កំប្លោក​ជា​សម្ភារ​ប្រើប្រាស់​ផ្សេងៗ អ្នកស្រី ដែង កុសល បាន​រចនា​រវាង​សូត្រ​ផាមួង​ខ្មែរ និង​កំប្លោក​ជា​កាបូប​នារី ក៏ដូចជា​សម្ភារ​សិប្បកម្ម​ជា​ច្រើន​ទៀត ដែល​មាន​ការ​ទទួល​គាំទ្រ​ពី​សំណាក់​ប្រជាពល​រដ្ឋ​ខ្មែរ​ក្នុង និង​ក្រៅ​ប្រទេស។

ម្ចាស់ ផ្ដៅ ម៉ាឃីត អ្នកស្រី កុសល រៀប​រាប់​ពី​គុណប្រយោជន៍ និង​គុណភាព​សម្ភារ​ផលិត​ពី​កំប្លោក​ថា៖ «ជាក់​ស្ដែង ខ្ញុំ​ជា​អ្នក​ប្រើប្រាស់​ផ្ទាល់។ កាបូប​ដែល​ខ្ញុំ​ទិញ​កាល​ពី ៧ ឆ្នាំ​មុន​ពេល​នេះ​វា​នៅ​តែ​អាច​ប្រើប្រាស់​បាន​ដល់​សព្វថ្ងៃ។ លើស​ពី​នេះ វា​ថែម​ទាំង​ជា​ការ​គាំទ្រ​សិប្បកម្ម​ខ្មែរ និង​ការពារ​ដល់​បរិស្ថាន​ផង​ដែរ»។

បើ​ទោះជា​ ផ្ដៅ ម៉ាឃីត លក់​ផលិតផល​កំប្លោក​ក៏​ដោយ ក៏​ផ្ដៅ​គឺ​ជា​សសរស្ដម្ភ​សំខាន់​នៃ​ការ​ទ្រទ្រង់​កំប្លោក​ឱ្យ​មាន​ភាព​រឹងមាំ។ ដូច្នេះ អ្នកស្រី កុសល បាន​ជ្រើសរើស​ផ្ដៅ ជា​ឈ្មោះ​ហាង​របស់​ខ្លួន។

ដោយ​បាន​ច្នៃ​ចេញ​ជា​រាង​មូល ជ្រុង និង​ការេ ជាមួយ​ទំហំ​តូច ធំ កាបូប​កំប្លោក ត្រូវ​បាន​រចនា​យ៉ាង​ស្អាត​ដោយ​ការ​បន្ថែម​ការ​ឌីហ្សាញ​ជា​មួយ​ក្រមា និង​ហូល​ផាមួង​ខ្មែរ​មាន​ចម្រុះ​ពណ៌ ដែល​វេញ​ជុំវិញ​រំលេច​ជា​ខ្សែបូ ផ្កា​ភ្ញី អង្កាំ ខណៈ​គ្រឿង​តុបតែង​ខ្លះ​ត្រូវ​បាន​វេញ​ជា​ឈ្មោះ​អតិថិជន។

អ្នកស្រី កុសល បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ថា៖ «វា​ជា​ការ​លើក​កម្ពស់​ផលិតផល​ខ្មែរ​ដែល​ត្បាញ​ដោយ​ដៃ​ផ្ទាល់។ គោល​បំណង​សំខាន់​មួយ គឺ​យើង​បាន​ផ្ដល់​សិទ្ធិ​អំណាច​ទៅ​ស្ត្រី តាមរយៈ​ការ​បង្កើត​ជំនាញ និង​ការងារ​ផ្សេងៗ​ដល់​ប្រជាជន​ក្រីក្រ​មួយ​ចំនួន​នៅ​តាម​ទី​ដាច់​ស្រយាល​នៃ​តំបន់​សៀមរាប។ ពួក​គាត់​អាច​មាន​ជីវភាព​ធូរធារ​ជាង​មុន​ពេល​ទទួល​បាន​ការ​កុម្ម៉ង់​បន្ដ​ពី ផ្ដៅ ម៉ាឃីត ច្រើន»។

ការ​ឌីហ្សាញ​ស្រស់​ស្អាត និង​ប្លែក​ទាំង​នេះ នាំ​ឱ្យ​ផលិតផល​របស់ ផ្ដៅ ម៉ាឃីត ទទួល​បាន​ចំណាប់​អារម្មណ៍​ពី​សំណាក់​បងប្អូន​ខ្មែរ​នៅ​ក្រៅ​ប្រទេស។

ម្ចាស់ ផ្ដៅ ម៉ាឃីត បាន​ឱ្យ​ដឹង​ថា កាបូប​ដែល​យក​ពី​សិប្បកម្ម​នៅ​សៀមរាប​ខ្លះ​មិន​ទាន់​រួច​រាល់​ទាំង​ស្រុង​ទេ​ដោយ​ហាង​ផ្ដៅ ម៉ាឃីត ជា​អ្នក​កែច្នៃ​បន្ថែម ក៏​ដូចជា​ឌីហ្សាញ​ម៉ូដ​ប្លែកៗ​ទៅ​តាម​ចំណូល​ចិត្ដ​អតិថិជន។

អ្នកស្រី​បន្ដ​ថា៖ «ដំបូង​ឡើយ​យើង​មាន​អតិថិជន​នៅ​បរទេស​ដែល​ពួក​គាត់​ស្រឡាញ់​ប្រទេស​ខ្មែរ និង​ចង់​បាន​ជា​របៀប​ក្រមា។ យើង​យក​វា​មក​សាកល្បង និង​មើល​ឃើញ​ថា ការ​រចនា​បញ្ចូល​គ្នា​ពិត​ជា​ស្រស់​ស្អាត និង​ធ្វើ​ឱ្យ​កាន់​តែ​មាន​សោភណភាព​ពេល​លាយ​ជាមួយ​ផាមួង»។

អ្នកស្រី​បាន​និយាយ​ថា៖ «យើង​ក៏​ចាប់​ផ្ដើម​ផលិត ហើយ​មើល​ឃើញ​ថា មាន​សម្ទុះ​គាំទ្រ​ច្រើន។ យើង​បាន​ផ្ញើ​ទៅ​ក្រៅ​ប្រទេស​ចន្លោះ​ពី ២ ទៅ ៣ ពាន់​កាបូប​រួចហើយ»។

​អ្នកស្រី ដែង កុសល ម្ចាស់​ហាង​ ផ្ដៅ ម៉ាឃីត ដែល​បើ​ក​សម្ពោធ​ចុង​ឆ្នាំ​២០១៩ នៅរាជធានីភ្នំពេញ​​​។ រូបថត សហ​ការី

បើ​សិន​ជា​សំដៅ​ទៅ​លើ​ភ្ញៀវ​បរទេស​តែម្ដង​នៅ​មិន​ទាន់​មាន​ច្រើន​នោះ​ទេ ពីព្រោះ​ស្ដ្រី​ម្ចាស់​ហាង​វ័យ ៤៨ ឆ្នាំ​រូប​នេះ បាន​ឱ្យ​ដឹង​ថា ផ្ដៅ ម៉ាឃីត ទើប​តែ​បើក​នៅ​ក្នុង​អំឡុង​ពេល​ចាប់​ផ្ដើម​ភាព​វឹកវរ​នៃ​ជំងឺ​កូវីដ​កាល​ពី​ចុង​ឆ្នាំ ២០១៩ ដែល​នាំ​ឱ្យ​ធ្លាក់​ចំនួន​ភ្ញៀវ​ទេសចរ។

អ្នកស្រី​អះអាង​ថា អតិថិជន​ដែល​បាន​ប្រើប្រាស់​ពួក​គាត់​តែងតែ​មាន​ការ​ពេញចិត្ត និង​កោត​សរសើរ​ទៅ​ដល់​ការ​ជ្រើសរើស​កំប្លោក​ដែល​ល្អ រឹងមាំ និង​ស្អាត។ កំប្លោក​ប្រើ​ជាប់​រយៈពេល​យូរ និង​មិន​មាន​ធុំក្លិន ​ឬ​សត្វ​ល្អិត​ស៊ី​នោះ​ទេ។ ខាង​សិប្បកម្ម​មាន​វិធីសាស្ត្រ​កម្ចាត់​ផ្សិត និង​សត្វ​ល្អិត​ក្នុង​កំប្លោក​បាន​ល្អ។

យ៉ាងណា​មិញ មិន​សុទ្ធ​តែ​មនុស្ស​ទាំងអស់​បាន​គាំទ្រ​ដល់​ផលិតផល​កំប្លោក​របស់​អ្នកស្រី កុសល នោះ​ទេ។ ម្ចាស់​ហាង​រូបនេះ បាន​លើក​ឡើង​ថា អតិថិជន​ខ្លះ មិន​ស្គាល់ និង​មិន​គាំទ្រ​ផលិតផល​ក្នុងស្រុក។

អ្នកស្រី​បាន​ប្រាប់​ថា៖ «គាត់​បែរជា​និយាយ​ថា កាបូប​ខ្មែរ​សោះ តម្លៃ​ចង់​ស្មើ​នឹង​កាបូប​ស្បែក។ គាត់​មិន​យល់​ពី​គុណ​តម្លៃ និង​ការ​លំបាក​បងប្អូន​សិប្បករ​យើង​ដែល​ធ្វើ​ដំណើរ​តាម​ព្រែក​បឹងបួ ដើម្បី​ស្វែងរក​កំប្លោក​ល្អៗ និង​ចំណាយពេល​ជិត ១ ខែ​ទម្រាំ​ធ្វើ​បាន​មួយ»។

ក្រៅ​ពី​កាបូប​កំប្លោក​ដែល​ពេញនិយម​ខ្លាំង​ជាង​គេ​ផ្ដៅ ម៉ាឃីត មាន​ផលិត​ផល​កំប្លោក​ជាច្រើន​ទៀត​សម្រាប់​តម្រូវការ​អតិថិជន រួមមាន កន្ទេល​ក្រាល​អង្គុយ​លេង កន្ទេល​ក្រាល​ញ៉ាំបាយ កម្រាល​តុ កន្ត្រក ធុង​សំរាម កៅអី និង​មួក​ជាដើម។

សម្ភារ​ប្រើប្រាស់​កំប្លោក​ទាំង​អស់​នោះ មាន​តម្លៃ​ចាប់​ពី ២៥ ទៅ ៥០ ដុល្លារ ដោយ​អាស្រ័យ​ទៅ​តាម​ការ​រចនា​ម៉ូដ និង​ទំហំ​របស់​វា។

ដោយ​បាន​អរគុណ​ចំពោះ​ការ​គាំទ្រ​ផលិតផល​សិប្បកម្ម​ខ្មែរ ពី​ស្នាដៃ​ស្ដ្រី​ខ្មែរ ម្ចាស់​ហាង ផ្ដៅ ម៉ា​ឃី​ត ដែល​មាន​ទីតាំង​នៅ​រាជធានីភ្នំពេញ មាន​បំណង​នាំយក​ផលិតផល​ជាតិ​ទៅ​កាន់​ទីផ្សារ​អន្ដរជាតិ​ថែម​ទៀត។

អ្នកស្រី​ប្រាប់​ថា៖ «ខ្ញុំ​មាន​គំនិត​ពង្រឹង​ការច្នៃ​បន្ថែម​លើ​គ្រឿង​សង្ហារិម​ពី​កំប្លោក​ថែម​ទៀត។ ដូច្នេះ​សូមឱ្យ​បងប្អូន​នៅតែ​ជួយ​គាំទ្រ​ផលិតផល​យើង​ផង»។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ផលិតផល​កំប្លោក សុំចូល​ទៅ​កាន់​ទំព័រ​ហ្វេសប៊ុក @pdaovmarket៕